នៅប្រទេសថៃ ជាពិសេសនៅខេត្តសុរិន្ទ ស៊ីសាកេត និងបុរីរ័ម្យ ក្រសួងកសិកម្មថៃ ជំរុញឲ្យកសិករធ្វើស្រែផលិតស្រូវសរីរាង្គ គឺស្រូវដែលមិនប្រើជីគីមីដោយទទួលទិញស្រូវផលិតតាមវិធីធម្មជាតិនេះ ក្នុងតម្លៃខ្ពស់ជាងស្រូវដែលប្រើជីគីមី។ ខ្ញុំបាទបានសាកសួរកសិករនៅស្រុកស័ង្ឃៈ ខេត្តសុរិន្ទ ថា តើគេអាចរកជីធម្មជាតិបានពីណាគ្រប់គ្រាន់យកមកដាក់ស្រែ គាត់ប្រាប់ថាគាត់ប្រើអាចម៍គោនិងអាចម៍មាន់ រួមជាមួយជីកំប៉ុស្ត។
ខ្ញុំបាទនិយាយពីរឿងធ្វើស្រែប្រើជីធម្មជាតិ ព្រោះចង់ជម្រាបកសិករខ្មែរថា បងប្អូនខ្មែរសុរិន្ទគេធ្វើស្រែបានកាក់កបណាស់ ថ្វីបើភាគច្រើនគេធ្វើតែស្រែពង្រោះព្រោះគេរពឹសដៃ ប្រើពេលទំនេរស្វែងរកវត្ថុធាតុដើមយកមកផ្សែផ្សំធ្វើជីកំប៉ុស្ត។ នៅក្នុងកិច្ចសំណេះសំណាលមួយ លោក ឆុង ទីន មុននឹងអញ្ជើញទៅទទួលតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសភូមា បានលើកយកបញ្ហាប្រើជីគីមីរបស់កសិករកម្ពុជា មកពិនិត្យ។
លោកមានប្រសាសន៍ថា ៖ «ខ្ញុំមិនលើកឈ្មោះម៉ាកអីៗទេ ប៉ុន្តែសព្វថ្ងៃបងប្អូនកសិករយើងកំពុងវង្វេងនឹងជីគីមីហ្នឹងហើយ។ ជីគីមីឆ្នាំដំបូងវាឲ្យផលដូចយើងជប់អ៊ីចឹង ប៉ុន្តែមួយឆ្នាំពីរថយបន្តិច ទាល់តែថែមលុយ ឧបមាថាប្រើឆ្នាំហ្នឹងមួយបាវ ឆ្នាំក្រោយទាល់តែ២បាវ ដល់ឆ្នាំទី៣ ប្រើ ៤បាវ។ ឥឡូវដល់ឆ្នាំទីប៉ុន្មានហើយ ត្អូញពីការទិញជីហ្នឹងពីមុនតែមួយបាវតែ ១ម៉ឺនរៀលទេ ឥឡូវ ២០ម៉ឺនរៀលក៏នៅតែតស៊ូ ហើយស្រែកថាអត់លុយទិញជំពាក់លុយ(ថ្លៃ)ជី។ នេះជាចំណុចទ័លច្រកមួយ គំនិតមិនចេះច្នៃប្រឌិត។ សូមទោសទៅចុះ ដូចថានិយាយបង្អាប់បងប្អូនទាំងអស់ បើសិនជាខ្ញុំជាកសិករវិញ ខ្ញុំត្រូវតែរកអ្វីដែលថ្មី អ្វីដែលចម្រើន មិនអាចសម្ងំនៅតាមរបៀបបុរាណយើងរហូតទេ ព្រោះមនុស្សកើតច្រើនដីចង្អៀត។ គេឲ្យធ្វើម៉េចដីតិច ប៉ុន្តែបានផលច្រើនអាហ្នឹងដែលល្អ គេហៅប្រពលវប្បកម្ម» ។
ក្នុងចំណោមវិធីប្រពលវប្បកម្មមានការផលិតជីកំប៉ុស្ត ដែលកសិករខ្មែរទូទៅច្បាស់ជាជ្រាបហើយថា ត្រូវធ្វើដូចម្តេចខ្លះ។ ការស្វះស្វែងរកវត្ថុធាតុដើមមកផលិតជីធម្មជាតិជាកិច្ចការមួយដែលនឿយហត់តែមិនហួសសមត្ថភាពរបស់មនុស្សឡើយ ស្របនឹងភាសិតថា "រពឹសដៃផ្ទៃឆ្អែត"»។
ខ្ញុំបាទនិយាយពីជីកំប៉ុស្ត មានចំណុចមួយអវិជ្ជមានដែលកសិករខ្មែរខ្លះពុំបានជ្រាប។
លោក នូវ កាស៊ី អតីតអ្នកនយោបាយដែលបច្ចុប្បន្នកំពុងបន្តការស្រាវជ្រាវខាងវិស័យកសិកម្ម ដើម្បីឲ្យបានមកនូវបទពិសោធន៍ពាក់ព័ន្ធនឹងបច្ចេកទេសដាំដុះដំណាំ និងចិញ្ចឹមបសុសត្វ លោកមានប្រសាសន៍តឿនដូច្នេះ ៖ «ជាទូទៅកាលណាយើងធ្វើជីកំប៉ុស្ដយកប្រដាប់ប្រដា ស្លឹកពណ៌បៃតង ស្លឹកចាស់ស្លឹកខ្ចី សំរាមយកមកគរដាក់ជាមួយអាចម៍គោហ្នឹង ទុកទៅទម្រាំវាកើត ២-៣ខែ គឺកើតទៅមិនកើតតែជីកំប៉ុស្តទេ វាកើតដង្កូវដួងថែមទៀត។ អាហ្នឹងដែលបងប្អូនយើងមិនបានចាប់អារម្មណ៍ យកជីកំប៉ុស្តហ្នឹងទៅដាក់ក្នុងដំណាំ តាំងពីយកដង្កូវដួងទៅឲ្យស៊ីឫសខ្ចីដំណាំ ហើយអត់សូវបានផល។ ហើយខ្ញុំពិសោធផ្ទាល់ខ្លួនឯង គេបង្រៀនខ្ញុំដាក់ជីកំប៉ុស្តហ្នឹងគឺមួយឆ្នាំ ២ឆ្នាំដំបូង ទៅរៀនដោយមិនបានគិត ពីព្រោះអីវាមិនមែនទៅតែជីកំប៉ុស្តទេ វាទៅទាំងដង្កូវដួង ហើយដង្កូវដួងកាលណាយើងឃើញមួយ ពងវានៅក្នុងជីកំប៉ុស្តមិនដឹងជាប៉ុន្មានរយទេ»។
ហើយដើម្បីដោះស្រាយបញ្ហាដង្កូវដួងក្នុងគំនរជីកំប៉ុស្តនេះ លោកអតីតអនុប្រធាន គ.ជ.ប.ក៏ប្រើមាន់និងទាជាភ្នាក់ងារសម្អាត ៖ «ដល់អ៊ីចឹងទៅខ្ញុំធ្វើការពិសោធអ៊ីចេះ ដើម្បីកម្ចាត់សង្កូវដួង ពីព្រោះកាលណាយើងយកទៅដាក់ក្នុងដំណាំយើងហើយ ជីកំប៉ុស្តលាយជាមួយដីហើយ ដង្កូវដួងវានៅក្នុងដីពេញហ្នឹង យើងទៅកាប់រកដង្កូវដួង យើងកាប់បំផ្លាញឫសដំណាំយើងខូចអស់ ជាពិសេសដំណាំក្រូចឆ្មារ ដំណាំក្រូចពោធិ៍សាត់ ដំណាំល្ហុង ដំណាំទុរេនអី អត់កាប់បានទេជុំវិញគល់។ អ៊ីចឹងទេខ្ញុំពិសោធទី១ គឺថាពេលខ្ញុំកាយជីកំប៉ុស្តហ្នឹង ដោយសារមានមាន់ មានទាច្រើន ខ្ញុំឲ្យគេកៀងមាន់ទាហ្នឹងទៅច្របូកច្របល់ជាមួយអាខ្ញុំកាយហ្នឹង ដើម្បីពឹងវាឲ្យវាជួយសម្អាតឲ្យយើង។ ហើយមាន់វាចឹកអស់អាណាវាមើលឃើញចឹកអស់ ទាចឹកអស់ ហើយយកទៅដាក់លើដំណាំទៅវាគ្រាន់បើជាងមុន ដង្កូវដួងវាមិនសំបូរដូចមុន ប៉ុន្តែនៅតែមានដង្កូវដួងកើតមកទៀត ដោយសារពងវាមិនទាន់ញាស់ហ្នឹងមាន់វាមើលអត់ឃើញទេ»។
តើលោក នូវ កាស៊ី លោកមានល្បិចអ្វីដើម្បីកម្ចាត់ដង្កូវដួងឲ្យអស់ពីជីកំប៉ុស្ត? សូមអញ្ជើញតាមដានស្តាប់លោកអធិប្បាយ ៖ «អ៊ីចឹងទៅខ្ញុំពិសោធមួយបែបទៀត ទី១ខ្ញុំឲ្យទាឲ្យមាន់ទៅជួយស៊ីដង្កូវដួងពេលខ្ញុំកាយជីកំប៉ុស្ត ទី២យកទៅដាក់នៅកន្លែងគល់ដំណាំហើយនោះ ខ្ញុំស្រាវជ្រាវទៅឃើញគីង្គក់ ខ្ញុំប្រើគីង្គក់ ដូច្នេះខ្ញុំអត់ប្រើថ្នាំពុលទេ ខ្ញុំប្រើមាន់ទាជំហានទី១ ហើយដល់ពេលយកទៅដាក់នៅគល់ខ្ញុំប្រើគីង្គក់។ ពេលរដូវភ្លៀងខ្ញុំឲ្យក្មេងចាប់គីង្គក់ឲ្យខ្ញុំ មួយ(ថ្លៃ) ៥០រៀលអ៊ីចឹងទៅ ទិញមួយទ្រុងៗមកយកទៅលែងនៅក្នុងចម្ការទុរេនខ្ញុំហ្នឹង។ គីង្គក់ជាលក្ខណៈធម្មជាតិ តាមខ្ញុំសង្កេតទៅប្រហែលជា... ព្រោះខ្ញុំមិនមែនជាអ្នកវិទ្យាសាស្រ្ដ ប្រហែលជាគាត់មានជំនាញអីរបស់គាត់មួយ គីង្គក់និងដង្កូវដួងហ្នឹងគឺមិនដឹងយ៉ាងណាទេ ដង្កូវដួងចេញមកឲ្យគីង្គក់ស៊ីតែម្ដង ឬមួយក៏ដង្កូវដួងបាត់វិនាសពីកន្លែងតែម្ដង វាអាចជាគីង្គក់ហ្នឹងមានប្រដាប់ស្ទង់ខ្លិន ឬក៏ស្ទង់សំឡេង ហើយហៅដង្កូវដួងឲ្យចេញពីក្នុងដីមកស៊ី ឬអាចគីង្គក់ហ្នឹងវាមានក្លិន ឬក៏ជាទឹកនោមដែលនោមទៅលើដី ហើយដង្កូវដួងទ្រាំមិនបានរត់ចេញ។ ក្រោយពីខ្ញុំដាក់គីង្គក់មួយសា ពីរសាទៅ គឺចម្ការទុរេនខ្ញុំអស់មានដង្កូវដួងរលីង»។
ចំពោះបញ្ហាជីកំប៉ុស្តមានដង្កូវដួងនេះ លោក នូវ កាស៊ី សរុបសេចក្តីដូច្នេះ ៖ «អ្នកចម្ការក្រូចបាត់ដំបង អ្នកចម្ការស្វាយនៅម្ដុំកំពង់ស្ពឺអីៗ ដែលប្រើជីកំប៉ុស្តហ្នឹង សូមប្រយ័ត្ន ព្រោះអីជីកំប៉ុស្តយើងធ្វើ វាបង្កើតដង្កូវដួងខ្លួនឯង ដល់ពេលយកទៅដាក់ដូចយកដង្កូវដួងទៅឲ្យស៊ីដំណាំយើង អ៊ីចឹងខ្ញុំប្រើមាន់ ប្រើទា ឲ្យប្រមូលស៊ីដង្កូវដួង ពេលដែលខ្ញុំកាយជីកំប៉ុស្ត ប៉ុន្តែមិនអស់ទេ ហើយខ្ញុំប្រើគីង្គក់ឲ្យទៅសម្អាតនៅឯគល់ឈើ»។
ខ្ញុំបានសួរលោកកសិករគំរូដែលលោកក៏ជាអ្នកគាំទ្រ អ៊ី.អឹម. ឬអតិសុខុមប្រាណដ៏មានប្រសិទ្ធភាពយ៉ាងស្វិតស្វាញណាស់ដែរនោះ ថាតើលោកមានលាយអ៊ី.អឹម. ក្នុងគំនរជីកំប៉ុស្តរបស់លោកដែរទេ? លោកថាលាយ តែក៏នៅពុំអាចបំបាត់ដង្កូវដួងបាន ប៉ុន្តែវាមានប្រយោជន៍ជាប្រយោលម្យ៉ាងទៀត ៖ «ពងរុយដែលញាស់ពីដង្កូវតូចៗចេញជារុយហ្នឹង ដល់តែលាយអ៊ី.អឹម ដង្កូវហ្នឹងអត់ញាស់ជារុយទេ វាទៅជាដង្កូវធំៗទៅ ទៅជាចំណីមាន់ អាហ្នឹងម្យ៉ាងដែរខ្ញុំធ្លាប់ប្រទះដែរ»៕
