ដូចធ្លាប់ជម្រាបហើយថា គ្រាប់ល្ហុងខ្វងគេយកទៅគាបយកប្រេង យកមកប្រើជំនួសប្រេងម៉ាស៊ូត ដែលគេហៅថា បៃអូឌីសិល ឬម៉ាស៊ូតជីវសាស្ត្រ ដែលសព្វថ្ងៃនេះ សហរដ្ឋអាមេរិក គេត្រូវការខ្លាំងណាស់ មានប៉ុន្មាន គេទទួលទិញទាំងអស់។
លោក ឡុង ឈុន្នី និស្សិតមួយរូបដែលឪពុកម្តាយនៅខេត្តកំពត ប្រាថ្នាចង់ដាំល្ហុងខ្វងក្នុងទ្រង់ទ្រាយធំ បានសាកសួរទៅវិទ្យុអាស៊ីសេរី អំពីក្រុមហ៊ុនដែលទទួលទិញគ្រាប់ល្ហុងខ្វង។ ក្រុមហ៊ុនមួយដែលខ្ញុំបាទធ្លាប់ណែនាំគឺ ជីវឥន្ធនៈកម្ពុជា អាចទាក់ទងបានតាមរយៈវ៉ឹបសៃថ៍ www.biodieselcambodia.com។ ក្រុមហ៊ុនមួយទៀតឈ្មោះ Green Acres ដែលមានលោក សាន យូ ជាអ្នកគ្រប់គ្រងទាក់ទងបានតាមរយៈទូរស័ព្ទលេខ 012 851 161។
លោក សាន យូ មានប្រសាសន៍ថា ក្រុមហ៊ុនលោកនៅថ្មី នៅពុំទាន់បានធ្វើកិច្ចសន្យាជាមួយកសិករនៅឡើយ តែក្រុមហ៊ុនគ្រីនអេឃ័រទទួលទិញគ្រាប់ល្ហុងខ្វង ៖ «ក្រុមហ៊ុនខ្ញុំទទួលទិញតើ! ខាងយើងទទួលទិញ ហើយការពិតក្រុមហ៊ុនហ្នឹងខ្ញុំទើបមានទេ ទើបធ្វើក្រោយហ្នឹង ព្រោះវាទើបចាប់ផ្ដើម យើងអត់ទាន់បានធ្វើកិច្ចសន្យាជាមួយអ្នកភូមិ ឲ្យដាំទៅយើងទិញអីអ៊ីចឹងទេ ទាល់តែយើងធ្វើមានកិច្ចសន្យាហ្នឹង បានប្រជាជនគាត់សុខចិត្តដាំ គាត់ខ្លាចគេនិយាយកុហកគាត់ដូចមុនៗមក ដូចរឿង ដំឡូងមី ដូចរឿងពោត សណ្ដែកអីជាដើម»។
ចំពោះតម្លៃទិញគ្រាប់ល្ហុងខ្វង លោក សាន យូ មានប្រសាសន៍ថា នឹងពឹងទៅលើតម្លៃប្រេងម៉ាស៊ូត បើម៉ាស៊ូតថ្លៃ លោកក៏ទទួលទិញគ្រាប់ល្ហុងឲ្យតម្លៃខ្ពស់តាមនោះដែរ ៖ «យើងទិញ យើងគិតយ៉ាងម៉េចថា ៣គីឡូក្រាម យើងកិនទៅបានមួយលីត្រ ហើយមួយលីត្រប្រេងតម្លៃប៉ុន្មាន។ ហើយចំណេញមិនជាច្រើនប៉ុន្មានទេ ប្រហែលជាខ្ទង់ ៣គីឡូក្រាមគ្រាប់ ឬមួយលីត្រប្រេង យើងអាចចំណេញបាន ៥០០-៦០០រៀលលុយខ្មែរ»។
អ្នកទទួលទិញគ្រាប់ល្ហុងខ្វងមួយរូបទៀត គឺលោកវិស្វករ ព្រំ សៅរ៍នរ៉ា នៃផ្នែកថាមពលមិនចេះរីងស្ងួតនៅសហរដ្ឋអាមេរិក ទូរស័ព្ទនៅរដ្ឋម៉ារីឡែនលេខ 301-227-2257 ក៏ប៉ុន្តែលោក ព្រំ សៅរ៍នរ៉ា ដាក់លក្ខខណ្ឌថា ចាំបាច់ត្រូវចុះកិច្ចសន្យាគ្នាជាមុនសិនថា នឹងប្រមូលគ្រាប់ល្ហុងខ្វងលក់ឲ្យលោកឲ្យបានយ៉ាងតិច១ម៉ឺនតោន ក្នុងមួយកិច្ចសន្យា បើមិនបានបរិមាណនេះទេ លោកនឹងមិនមកបណ្តាក់ទុន នាំគ្រឿងចក្រចម្រាញ់ប្រេងល្ហុងខ្វង មកដំណើរការនៅកម្ពុជាឡើយ។
លោកវិស្វករ ព្រំ សោរ៍នរ៉ា មានប្រសាសន៍ដូច្នេះ ៖ «ដូចខ្ញុំជម្រាបលើកមុនអ៊ីចឹងថា ១០ពាន់តោន បានខ្ញុំអាចធ្វើបាន ។ សាន សុវិទ្យ ៖ មានសេចក្ដីថា តាមកុងត្រាហ្នឹង ត្រូវតែមានគ្រាប់ឲ្យ ១ម៉ឺនតោន ? ព្រំ សៅរ៍នរ៉ា ៖ បាទ ។ សាន សុវិទ្យ ៖ មួយម៉ឺនតោនហ្នឹងក្នុងរយៈពេលប៉ុន្មាន ? ព្រំ សៅរ៍នរ៉ា ៖ ប៉ុន្មានក៏បានដែរ បើតាមការពិតទៅ បើថាឲ្យមួយឆ្នាំ ក៏ខ្ញុំទទួលដែរ ប៉ុន្តែបើបានកាន់តែច្រើន កាន់តែល្អទៀត ពីព្រោះខ្ញុំអាចដំឡើងផលិតកម្មហ្នឹងឲ្យបានច្រើន ពីព្រោះថាតិចពេក ដូចថា មនុស្សយើងធ្វើមិនគ្រប់កម្លាំង»។
ដូច្នេះហើយបានជាលោក ព្រំ សៅរ៍នរ៉ា តែងតែលើកទឹកចិត្តឲ្យកសិករផលិតប្រេងល្ហុងខ្វងដោយខ្លួនឯងទុកសម្រាប់ប្រើនឹងម៉ាស៊ីនគោយន្ត និងម៉ាស៊ីនប្រើម៉ាស៊ូតផ្សេងទៀតជាដើម។ លោកប្រាប់ថា ប្រេងពីដំណាំមានប្រេងគ្រប់ប្រភេទអាចយកមកប្រើជាជីវឥន្ធនៈបានទំាងអស់ គ្រាន់តែថា ប្រេងដែលគាបបានពីដូងប្រេង ចាំបាច់ត្រូវយកមកដាំឲ្យលំហួតទឹកជាមុនសិន។
លោក ព្រំ សៅរ៍នរ៉ា មានប្រសាសន៍បន្ថែមដូច្នេះ ៖ «ខុសគ្នាតែបន្តិចទេ ដូចប្រេងយើងកិនហើយ យើងត្រូវដាំវាបានយើងយកមកប្រើបាន បើល្ហុងខ្វងហ្នឹងកិនហើយយកមកប្រើបានតែម្ដង ។ ... ដូងប្រេងកិនហើយវាមានជាតិទឹកច្រើន យកទៅដាំកម្ដៅវាហើយ ឲ្យជាតិទឹកហ្នឹងហើរចេញអស់ទៅ បានយើងយកមកប្រើបាន។ ប្រេងល្ហុងខ្វង គឺថាកិនហើយហ្នឹង អាចយកមកប្រើបានតែម្ដង ពីព្រោះជាតិទឹកវាធ្លាក់ចុះទៅក្រោមហើយ»។
មិត្តអ្នកស្តាប់វិទ្យុអាស៊ីសេរីមួយរូបទៀត គឺលោក ហ៊ុន ហ៊ាង កសិករនៅឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម បានប្រាប់ថាសាកល្បងដាំល្ហុងខ្វង ៤-១០ដើម តែមិនដឹងថា តើគេចម្រាញ់យកប្រេងដោយវិធីណា ៖ «ខ្ញុំដាំនៅផ្ទះ ៤-១០ដើម ចេញផ្លែវាមកចង្កោមៗ ។ ហើយខ្ញុំមិនដឹងថា ស្លហ្នឹងមិនដឹងស្លយ៉ាងម៉េច ខ្ញុំយកសាកដុតមើល ដុតទៅផ្ទុះខ្លាញ់មែន ។ អ៊ីចឹងខ្ញុំចង់ដឹងថា គេស្លហ្នឹង ស្លយ៉ាងម៉េច មានវិធីដាក់ស្អីខ្លះ អីខ្លះ ហើយលាយទឹកដែរ ឬអត់? ហើយគ្រាប់ហ្នឹងគេយកទៅបុក ឬយ៉ាងម៉េច យកទៅស្លកើតជាប្រេងនោះ?»។
លោកវិស្វករ ព្រំ សៅរ៍នរ៉ា អធិប្បាយថា ដើម្បីគាបយកប្រេងពីគ្រាប់ល្ហុងខ្វង គេចាំបាច់ត្រូវមានម៉ាស៊ីនគាប ៖ «... អាហ្នឹងវាមានរបៀបវា ដូចជាធ្មេញវាវិលអ៊ីចឹងទៅ ហើយវាកាន់តែគាបតូចទៅៗ វាសង្កត់គ្រាប់ហ្នឹងបានវាចេញប្រេង ហើយនៅខាងក្រៅៗហ្នឹង វាធ្វើដូចម្រាមដៃយើងអ៊ីចឹង គេធ្វើដែកដូចម្រាមដៃ ឲ្យប្រេងវាហៀរចេញមក។ ពិបាកនិយាយបន្តិច បើមើលឃើញរូបយល់តែម្ដង។ អ្នកនៅស្រុកខ្មែរគេមានដែរតើ! សន្ធឹកសន្ធាប់ឥឡូវ»។
លោក សៅរ៍នរ៉ា មានប្រសាសន៍ថា វិធីបូរាណដែលមិនប្រើម៉ាស៊ីនប្រសិទ្ធភាពវាទាបពេក ម្យ៉ាងទៀតតម្លៃឧបករណ៍ប្រើដៃ និងម៉ាស៊ីនស្វ័យប្រវត្តិមិនខុសគ្នាឆ្ងាយប៉ុន្មានឡើយ ៖ «កាលពីដើមខ្មែរយើងអត់មានម៉ាស៊ីនគាបហ្នឹង គេធ្វើប្រេងសណ្ដែក ប្រេងល្ងប្រេងអីហ្នឹង គឺថា គេយកគេដំគំនាបហ្នឹង វ៉ៃគាបទៅ ហើយដំស្នៀតហ្នឹង វាពិបាកណាស់ៗ ស្នៀតយើងចាស់ហ្នឹងវាពិបាកណាស់។ ហើយម៉ាស៊ីនហ្នឹងបើសិនថ្លៃ ក៏ខ្ញុំមិនថាទេ ប៉ុន្តែម៉ាស៊ីនវាថោក ម៉ាស៊ីនតែ ៣ពាន់ដុល្លារ ហើយម៉ាស៊ីនហ្នឹងអាចកិនដល់ទៅ ១,៨០០គីឡូក្រាម ក្នុងមួយថ្ងៃឯណោះ គឺថាវាថោកណាស់ វាមិនសមរម្យយើងទៅគិតឲ្យឆ្ងាយហូសហេតុពេក»៕
