វិធី​ប្រឈម​មុខ​នឹង​បញ្ហា​តម្លៃ​បន្លែ​ចុះ​ថោក​នា​រដូវ​លំហើយ

បន្លែ​បង្ការ​ជោរ​ជន់ ទីផ្សារ​នៅ​ក្នុង​រដូវ​លំហើយ​ធ្វើ​ឲ្យ​កសិករ​ជួប​ប្រទះ​នឹង​តម្លៃ​ដំណាំ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

0:00 / 0:00

កសិករ​ដែល​ដាំ​បន្លែ​សាលាដ ខាត់ណា លក់​នៅ​មិន​ទាន់​ទទួល​បាន​ជោគជ័យ​នៅ​ឡើយ​ទេ ជាពិសេស​នៅ​រដូវ​លំហើយ ដែល​មាន​ការ​ដាំ​បន្លែ​ច្រើន។

កសិករ​នៅ​មុខ​កំពូល​ខេត្ត​កណ្តាល​ថ្ងូរ​ដូច្នេះ ៖ «ដាំ​ស្ពៃ​ក៏​អ៊ីចឹង​អត់​មាន​នរណា​មក​ម៉ៅ​ទេ កាច់​ចោល​បោះ​ចោល​ទាំង​ចម្ការ។ រាល់​ថ្ងៃ​ឲ្យ​តែ​បាន​ទីផ្សារ​បន្លែ​ដែល​ធ្វើ​ហ្នឹង មិន​បាច់​ឲ្យ​វា​ខ្ពស់​ទេ ឲ្យ​ត្រឹម​លំនឹង​ត្រឹម​មួយ​ពាន់​ជាង​បន្តិច​បន្តួច​ទៅ​បាន​ហើយ។ បើ​វា​ថោក​ថ្លាក់​ចុះ​អ៊ីចឹង​រឹត​តែ​ពិបាក។ ដោះស្រាយ​មិន​ចេញ​សោះ​ខ្ញុំ​ពិបាក​ដល់​ហើយ​សព្វ​ថ្ងៃ។ ជី​ក៏​ឡើង សាំង​ក៏​ឡើង​ដែរ​សព្វថ្ងៃ»

តើ​កត្តា​អ្វី​ដែល​បណ្តាល​ឲ្យ​ផលិតផល​ស្ពៃ សាលាដ ខាត់ណា ធ្លាក់​ចុះ​រហូត​ដល់​អ្នក​ខ្លះ​​ចង់​ឈប់​ប្រកប​មុខ​របរ​ដាំ​បន្លែ​លក់​ព្រោះ​ខាត​បង់​ខ្លាំង​ពេក។

លោក នូវ កាស៊ី ប្រធាន​វិទ្យាស្ថាន​សន្តិភាព​និង​អភិវឌ្ឍន៍​មាន​ប្រសាសន៍​ថា ស្ថានភាព​វិបត្តិ​សេដ្ឋកិច្ច​បច្ចុប្បន្ន​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​កសិករ​ជា​ទូទៅ ដូច្នេះ​ត្រូវ​រក​អ្វី​មក​ជំនួស​បណ្តោះ​អាសន្ន​សិន។

លោក នូវ កាស៊ី បញ្ជាក់​ថា ត្រូវ​ដាំ​អ្វី​ដែល​អ្នក​ដទៃ​គេ​មិន​សូវ​ដាំ ចៀសវាង​កុំ​ឲ្យ​ការ​ផ្គត់ផ្គង់​លើស​តម្រូវ​ការ ៖ «គួរ​គិត​រក​ស្អី​ដែល​គេ​មិន​សូវ​ធ្វើ​វិញ។ រក​នឹក​មើល​តើ​ស្អី​គេ​មិន​សូវ​ធ្វើ គឺ​ថា​បើ​របស់​នោះ​វា​មាន​តិច យើង​អាច​លក់​បាន​ហើយ។ បើ​ម្តុំ​ត្រង់​ហ្នឹង​គេ​ដាំ​សាលាដ យើង​ដាំ​សាលាដ​ដែរ​អាហ្នឹង​សល់​ហើយ​ទទួល​ទាន​មិន​អស់​ទេ»

ដូចគ្នា​នេះ​ដែរ​លោក ប្រាក់ សេរីវ័ឌ្ឍន៍ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សេដាក់ ឬ​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​​កសិកម្ម​​កម្ពុជា មាន​ប្រសាសន៍​ថា កសិករ​គប្បី​រៀប​ចំ​គ្នា​ជា​សហករណ៍ បង្កើត​ជា​ប្រតិទិន​ដាំ​ដុះ​ចៀស​វាង​ការ​ជោរ​ជន់​បន្លែ​អ្វី​តែ​មួយ​មុខ ៖ «ពីព្រោះ​បន្លែ​វា​មិន​មែន​ថោក​រហូត​ទេ វា​ថោក​តែ​ក្នុង​រដូវ​លំហើយ​ហ្នឹង ហើយ​និង​រដូវ​ដែល​សម​ស្រប​ហ្នឹង។ ទីផ្សារ​គេ​និយាយ​ពី​តម្រូវ​ការ​និង​ការ​ផ្គត់ផ្គង់ កាលណា​ការ​ផ្គត់ផ្គង់​ច្រើន​នៅ​លើ​ទីផ្សារ ទំនិញ​ហ្នឹង​វា​ចុះ​ថោក​អត់​មាន​នរណា​អាច​ជួយ​បាន​ទេ។ អ៊ីចឹង​យើង​ត្រូវ​រៀប​ចំ​ជា​ក្រុម ចង​ក្រង​ជា​សហករណ៍​អី​ដើម្បី​យើង​រៀប​ចំ​ប្រតិទិន​ដាំ​ដុះ​ឲ្យ​ត្រឹមត្រូវ នរណា​ដាំ​អី​នៅ​ពេល​ណា​ដើម្បី​កុំ​ឲ្យ​ផលិតផល​បន្លែ​នៃ​មុខ​ណា​មួយ​នោះ​វា​ជន់​ពេក​នៅ​លើ​ទីផ្សារ​ក្នុង​កន្លែង​ណា​មួយ។ ទី​២​ទៀត​យើង​ត្រូវ​រៀប​ចំ​លៃ​យ៉ាង​ណា​ឲ្យ​ផលិតផល​បន្លែ​ហ្នឹង​អាច​ដាំ​បាន​យូរ កុំ​ឲ្យ​ដាំ​តែ​រដូវ​លំហើយ រដូវ​ស្រួល រដូវ​ក្ដៅ រដូវ​ភ្លៀង​អី​ក៏​អាច​ដាំ​បាន​ដែរ»

នៅ​មាន​កត្តា​សំខាន់​មួយ​ទៀត​ក្រៅ​ពី​ការ​មិន​មាន​ប្រតិទិន​ដាំ​ដុះ មិន​ចេះ​ចែក​គ្នា​ដាំ​តាម​ប្រភេទ​ដំណាំ​ គឺ​ការ​ដែល​មាន​ដំណាំ​ប្រភេទ​បន្លែ​ផ្លែ​ឈើ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​យ៉ាង​សេរី​ហួស​ហេតុ​ពេក។

លោក សារិកា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​និង​ដាំ​ស្វាយ​នៅ​កំពង់ហ្លួង ស្រុក​ពញាឭ ខេត្ត​កណ្តាល មាន​ប្រសាសន៍​ថា ចាំ​បាច់​ត្រូវ​រដ្ឋាភិបាល​​ធ្វើ​អន្តរាគមន៍​​ទប់​កុំ​ឲ្យ​បន្លែ​ហូរ​ចូល​ពី​យៀកណាម​ច្រើន​ពេក ៖ «ទាល់​តែ​ស្រែក​ឲ្យ​រដ្ឋាភិបាល​ទប់​បន្លែ​យួន​បាន​ឈ្នះ បើ​អត់​ទប់​បន្លែ​យួន​ទេ​ទៅ​មិន​រួច​ទេ។ រាល់​ថ្ងៃ​ផ្សារ​ដើម​គរ ផ្សារ​ច្បារ​អំពៅ​សុទ្ធ​តែ​បន្លែ​យួន​បុក​មក​ទាំង​អស់​ហ្នឹង រួច​ទៅ​លក់​ម៉េច​ឈ្នះ​ពួក​វា បើ​វា​យក​មក​កាន់​តែ​ច្រើន បន្លែ​ភ្នំពេញ​យើង​ម៉េច​នឹង​ឈ្នះ​វា។ ពិបាក​ណាស់ ពិបាក​ឈ្នះ​ទីផ្សារ​បន្លែ​វា​ហូរ​ចូល​មក​ខ្លាំង​ពេក​យើង​ម៉េច​លក់​កើត ខំដាំៗ ទៅ​ប្រកួត​ប្រជែង​ជាមួយ​គេ​ម៉េច​នឹង​ឈ្នះ​គេ គេ​ប្រើ​សុទ្ធ​តែ​របស់​គីមី សុទ្ធតែ​របស់​ខ្លាំង តម្រូវ​ការ​គេ​ខ្នាត​ធំ​ហើយ​យើង​ខ្នាត​តូច»

តើ​មាន​វិធី​ណា​ទៀត ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​នេះ​បាន? នៅ​មាន​ល្បិច​តិចនិច​ខ្លះ​ទៀត​ដែរ ដូច​ជា​ការ​កាត់​បន្ថយ​សោហ៊ុយ​ដើម​ទុន​ក្នុង​ការ​ដាំ​ដុះ កុំ​ប្រើ​ជី​គីមី​ព្រោះ​នរណា​ក៏​ដឹង​ដែរ​ថា​វា​មាន​តម្លៃ​ថ្លៃ។

លោក នូវ កាស៊ី លើក​យក​ឧទាហរណ៍​មួយ​នៅ​ក្នុង​តំបន់​របស់​លោក​មក​ប្រាប់ ៖ «ខែ​នេះ​តាសក់​ក៏​ខាត ត្រឡាច​ក៏​ខាត​នៅ​តំបន់​ខ្ញុំ ហើយ​មូលហេតុ​គឺ​មិន​មែន​មក​ពី​ធ្លាក់​ថ្លៃ​ទេ មក​ពី​ធាតុអាកាស​ថ្លៃ​ពេក គាត់​ប្រឹង​ប្រើ​ជី​អី​ឲ្យ​ខ្លាំង ដើម្បី​ឲ្យ​បរិមាណ​តាសក់​ហ្នឹង​បាន​ដូច​ធម្មតា អាហ្នឹង​អស់​សោហ៊ុយ​កាន់​តែ​ច្រើន ដល់​ពេល​លក់​ទៅ​ច្រើន​ទាំង​អស់​គ្នា​ទៅ​មិន​ដឹង​នរណា​លក់​ឲ្យ​នរណា សល់​ចោល​ទៅ ម្ល៉ោះ​ហើយ​ខាត​ច្រើន​ដែរ»

វិធីសាស្ត្រ​មួយ​ដែល​កសិករ​ថៃ​បាន​អនុវត្ត​បាន​ដោយ​ជោគជ័យ​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ទឹក​សម្រាប់​ដាំ​បន្លែ គឺ​គេ​ប្រើ​ចំបើង​កាត់​ចិញ្ច្រាំ​លាយ​នឹង​ដី​ខ្សាច់​យក​ទៅ​គ្រប​រង​ដំណាំ ព្រោះ​វិធី​នេះ​អាច​រក្សា​សំណើម​បាន​ល្អ​ណាស់។ ការ​ប្រើ​សារធាតុ​គម្រប​ប្រភេទ​នេះ​អាច​ចំណេញ​ទឹក ​៥០​​ភាគរយ។ក្រៅ​ពី​នេះ​ដើម្បី​លក់​បន្លែ​បាន​តម្លៃ​ល្អ កសិករ​នៅ​ជុំវិញ​ភ្នំពេញ​ក្តី នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប​ក្តី ដែល​ជា​តំបន់​ទេសចរណ៍​មាន​ភ្ញៀវ​បរទេស​ច្រើន មាន​សណ្ឋាគារ ផ្ទះ​សំណាក់​ច្រើន​គប្បី​ឈប់​ប្រើ​ជី​គីមី ងាក​មក​ដាំ​បន្លែ​បង្ការ​ច្បារ​ដំណាំ​តាម​វិធី​ធម្មជាតិ ដែល​គេ​ហៅ​ថា​បន្លែ​សរីរាង្គ ព្រោះ​ជា​ទី​និយម​របស់​អតិថិជន​សម័យ​ថ្មី។

លោក សារិកា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «ឬ​ក៏​ពួក​គាត់​អាច​ចង​ក្រង​គ្នា​ជា​ក្រុម ជា​សហគមន៍ យក​បន្លែ​គាត់​ជា​លក្ខណៈ​ធម្មជាតិ​យក​មក​តាម​ទីផ្សារ​ធម្មជាតិ​បាន។ មាន​ន័យ​ថា​ខាង​សេដាក់ ខាង​អ៊ី.អឹម ហើយ​និង​នៅ​តាម​សាខា​ផ្ទះ​គេ​តែម្ដង។ យើង​ប្រើ​តាម​ផ្ទះ យើង​អូស​រទេះ​តាម​ផ្ទះ ឥឡូវ​គេ​និយម​លក់​បន្លែ​តាម​ផ្ទះ។ លក់​តាម​ផ្សារ​អ្នក​ខ្លះ​គេ​អត់​មាន​ពេល​គេ​ច្រើន​អូស​តាម​ផ្ទះ...»

ម្យ៉ាង​ទៀត​បន្លែ​ដែល​សេស​សល់​លក់​មិន​ដាច់​ក៏​អាច​ច្នៃ​ធ្វើ​អ្វី​ផ្សេង​ទៀត​បាន ៖ «ខ្ញុំ​វិញ ខ្ញុំ​គិត​ថា​បើ​សិន​ជា​គាត់​ថា​របស់​អស់​ហ្នឹង​គាត់​លក់​មិន​ដាច់ ក៏​គាត់​អាច​បើក​ការដ្ឋាន​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​ធម្មជាតិ​ដូច​យើង​អ៊ីចឹង គាត់​អាច​យក​បន្លែ​គាត់​ហ្នឹង​ទៅ​ឲ្យ​ចំណី​មាន់​បាន»

បច្ចុប្បន្ន​នេះ​បាន​ជា​តា​មសណ្ឋាគារ​ទំនើប ដែល​ភ្ញៀវ​គេ​ចូល​ចិត្ត​ទទួល​ទាន​បន្លែ​ស្រស់ តែ​បែរ​ជា​មិន​ទទួល​ទិញ​បន្លែ​ខ្មែរ ទៅ​ទទួល​ទិញ​បន្លែ​ពី​បរទេស​វិញ​នោះ គឺ​ព្រោះតែ​កសិករ​ខ្មែរ​នៅ​មិន​អាច​ផ្គត់ផ្គង់​ឲ្យ​គេ​បាន​យ៉ាង​ទៀង​ទាត់។

លោក សារិកា បាន​ប្រាប់​ដូច្នេះ ៖ «ទី​១​អ្នក​ស្រុក​យើង​ដាំ​តាម​រដូវ ហើយ​តាម​គ្នា ភាគ​ច្រើន​អត់​មាន​ចង​ក្រង​ជា​សហគមន៍ Marketing (រក​ទីផ្សារ) ​​តាម​សណ្ឋាគារ​អត់​មាន​ទេ​ស្រុក​ខ្មែរ បន្លែ។ អ៊ីចឹង​ម្ចាស់​សណ្ឋាគារ​គេ​ហ្នឹង មាន Marketing សណ្ឋាគារ​គេ​ផ្នែក​បន្លែ​ហ្នឹង គេ​ចុះ​មក​រក​ខ្លួន​គេ​តែ​ម្ដង មក​យក​នៅ​ផ្សារ​ដើម​គរ ឬ​ផ្សារ​ច្បារ​អំពៅ​ខ្លួន​គេ​តែម្ដង រាល់​ថ្ងៃ​គឺ​គេ​ធ្វើ​អ៊ីចឹង»

មួយ​វិញ​ទៀត​អ្នក​ផលិត​បន្លែ​របស់​ខ្មែរ​នៅ​មិន​ទាន់​ចេះ​កែច្នៃក្នុង​ការ​វេច​ខ្ចប់​បន្ថែម​សម្រស់​​ឲ្យ​ផលិតផល​របស់​ខ្លួន ដែល​ពុំ​មែន​ជា​រឿង​ពិបាក​អ្វី​សោះ​ឡើយ។

លោក​អតីត​រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ នូវ កាស៊ី អធិប្បាយ​ពី​បញ្ហា​នេះ​ដូច្នេះ ៖ «គេ​មាន Package (កញ្ចប់) របស់​គេ មើល​មក​រាង​ស្រស់​ស្អាត​អ៊ីចឹង​ទៅ ម្ល៉ោះ​ហើយ​គេ​យក​ទីផ្សារ​ធំៗ​អស់​ហើយ យើង​នៅ​តែ​ទីផ្សារ​ក្នុង​ស្រុក​ទេ។ ការ​វេច​ខ្ចប់​ហ្នឹង​ឥឡូវ​យើង​ធ្វើ​បាន គួរ​ធ្វើ រៀប​ចំ​ធ្វើ​ឲ្យ​ល្អ​ដែរ ដើម្បី​ប្រកួត​ប្រជែង។ ក្លាស្សេ​អា​លេខ​១​ហ្នឹង​ទៅ​ផ្សារ​លេខ​១​ទៅ លេខ​២​ទៅ​ថ្នាក់​កម្រិត​ធម្មតា​ទៅ តម្លៃ​ក៏​ធូរ​ទៅ ហើយ​ចុង​ប៉ូច​លេខ​៣ ទៅ​ដល់​ចំណី​សត្វ​ទៅ​ទាល់​តែ​ធ្វើ​អ៊ីចឹង​បាន​ចំណេញ បើ​ថា​យើង​លក់​តែ​មួយ​កន្លែង​អត់​ចំណេញ​ទេ»

បើ​រាជរដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ថែម​ទៀត ផលិតផល​បន្លែ​បង្ការ​ខាត់ណា ប៉េងប៉ោះ ស្ពៃ ត្រប់ ស្រស់ៗ ដែល​ខ្មែរ​ដាំ ច្បាស់​ជា​នឹង​មាន​អនាគត​អាច​ជួយ​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​ខ្មែរ​បាន​មួយ​កម្រិត​ទៀត​ជា​មិន​ខាន៕