ជំងឺផ្តាសាយជ្រូកមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះជាមេរោគដែលកើតពីការបង្កាត់ច្រើនអនុប្រភេទ។
អ្នកវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលការពារនិងប្រយុទ្ធនឹងជំងឺឆ្លងរបស់អាមេរិក បានរកឃើញនូវពូជគ្រុនផ្តាសាយ ដែលគេមិនដែលស្គាល់ពីមុន ដែលជាពូជរួមផ្សំវីរុសជ្រូក វីរុសមនុស្ស និងវីរុសបក្សីផង ដែលតាមក្បួនវិទ្យាសាស្ត្រគេហៅថា អនុប្រភេទ AH1N1 ហើយដើម្បីឲ្យងាយហៅ គេបានដាក់ឈ្មោះជំងឺនេះថាផ្តាសាយជ្រូក។ ដែលគួរឲ្យព្រួយបារម្ភ គឺមេរោគអនុប្រភេទ AH1N1នេះ អាចឆ្លងពីសត្វជ្រូកទៅមនុស្ស និងពីមនុស្សទៅមនុស្សបាន ហើយបើយោងតាមស្ថិតិពីក្រុងម៉ិចស៊ិកូ ទីដែលជំងឺនេះផ្ទុះចេញមុនគេ ចាប់ពីខែមីនា-មេសាមកនោះ ជនរងគ្រោះដែលស្លាប់ដោយសារផ្តាសាយនេះ មិនមែនកូនក្មេងនិងមនុស្សចាស់ដូចគ្រុនផ្តាសាយធម្មតានោះឡើយ មនុស្សជាច្រើនសិបនាក់ដែលស្លាប់នៅក្រុងម៉ិចស៊ិកូ គឺជាមនុស្សពេញវ័យ ដែលមានសុខភាពរឹងមាំ។
តើការរាតត្បាតនៃជំងឺផ្តាសាយជ្រូកបច្ចុប្បន្ននេះ មានប៉ះពាល់ដល់អ្នកចិញ្ចឹមជ្រូកក្នុងប្រទេសកម្ពុជា យ៉ាងណាខ្លះ? ប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាលនៃក្រសួងកសិកម្ម លោក កៅ ផល បានបញ្ជាក់ថា រហូតមកទល់នឹងចុងខែមេសា កន្លងទៅថ្មីៗនេះ នៅកម្ពុជា ពុំទាន់មានការផ្ទុះគ្រុនផ្តាសាយជ្រូកនៅឡើយទេ។
ទោះជាយ៉ាងនេះក្តី លោក កៅ ផល ក៏មានប្រសាសន៍ថា ចាំបាច់ត្រូវតាមដានសុខភាពសត្វជ្រូក ទាំងនាំចូលទាំងនៅតាមកសិដ្ឋានចិញ្ចឹមជ្រូកតូចធំ ៖ «ត្រួតពិនិត្យប្រភពចលនាជ្រូកក្នុងស្រុក និងជ្រូកនាំមកពីបរទេសឲ្យបានហ្មត់ចត់។ ពិនិត្យអនាម័យសត្វនិងផលិតផលមានដើមកំណើតពីសត្វ ត្រូវតែមានវិញ្ញាបនបត្រអនាម័យបសុពេទ្យទាំងអស់ ដើម្បីយើងកំណត់សម្គាល់ថា ជ្រូកចេញពីប្រភពកន្លែងណា ហើយយកមកដាក់កន្លែងណា ហើយកន្លែងនោះមានកើតបញ្ហាដែរ ឬទេ? ហើយមួយទៀតយើងពង្រឹងនូវការផ្សព្វផ្សាយ»។
ការហៅជំងឺឆ្លងនេះថាជាផ្តាសាយជ្រូក បានធ្វើឲ្យប៉ះពាល់ដល់ចំណូលរបស់កសិករចិញ្ចឹមជ្រូក ព្រោះមានអតិថិជនជាច្រើនយល់ច្រឡំថា បរិភោគសាច់ជ្រូកហើយអាចឆ្លងជំងឺផ្តាសាយជ្រូក។
តាមពិតទៅអ្នកជំងឺផ្តាសាយដែលកំពុងឈឺ ឬបានស្លាប់ទៅហើយនោះ ពុំមាននរណាបានប៉ះពាល់នឹងសត្វជ្រូកផងទេ គឺឆ្លងពីអ្នកដែលមានជំងឺដូចគ្នា ដោយត្រូវក្អកដាក់ ឬប៉ះពាល់ដៃជើងខ្លួនប្រាណអ្នកជំងឺជាដើម។
ការយល់ច្រឡំនេះបានធ្វើឲ្យរដ្ឋាភិបាលប្រទេសអេហ្ស៊ីប សម្រេចឲ្យយកសត្វជ្រូកទាំងអស់ក្នុងប្រទេសដែលមានចំនួនប្រមាណជា ៣០ម៉ឺនក្បាលនោះ យកទៅកម្ទេចចោល ធ្វើឲ្យកសិករអ្នកចិញ្ចឹមជ្រូកក្តៅក្រហាយយ៉ាងខ្លាំង។ ប្រទេសអេហ្ស៊ីប ជាប្រទេសកាន់សាសនាអ៊ិស្លាម ដែលមិននិយមជ្រូកក៏ពិតមែន តែក៏មានអ្នកកាន់សាសនាគ្រិស្តរស់នៅជាមួយផងដែរ ដែលគេហៅថាពួកកុបត៍ រីឯជ្រូកដែលប្រជាជនអេហ្ស៊ីបចិញ្ចឹម គឺសម្រាប់លក់ឲ្យពួកកុបត៍ នេះឯង។
អង្គការសុខភាពពិភពលោកថ្មីៗនេះ បានកំណត់ឲ្យហៅជំងឺនេះថា ផ្តាសាយ AH1N1 ហើយមានអ្នកខ្លះនាំគ្នាហៅថា ផ្ដាសាយម៉ិចស៊ិក, ផ្តាសាយម៉ិចស៊ិកាំង ឬ ផ្តាសាយម៉ិចស៊ិកូ ជាដើម។
នៅសហរដ្ឋអាមេរិក អ្នកផលិតជ្រូកនានា បានបង្កើនសេចក្តីព្យាយាមក្នុងការបង្ហាញឲ្យឃើញថា កសិដ្ឋានរបស់គេស្អាតស្អំដោយជំរុញឲ្យកសិករលាងសម្អាតដៃកាន់តែញឹកញយដង ហាមមិនឲ្យមានអ្នកក្រៅចូលទៅក្នុងកសិដ្ឋាន ឲ្យពាក់អាវវែងគ្របពីក្រៅសម្លៀកបំពាក់ ពេលចូលទៅជិតសត្វចិញ្ចឹម ដាក់សំណាញ់ការពារមិនឲ្យសត្វចាប និងសត្វស្លាបផ្សេងៗ ចូលទៅលាយឡំក្នុងទ្រុងជ្រូក និងដាក់ជ្រូកដែលមកពីទីដទៃឲ្យនៅដាច់ពីគ្នា។ល។
មានកសិដ្ឋានមួយនៅស្រុកអេថេនស៍ រដ្ឋមេន សហរដ្ឋអាមេរិក ដែលម្ចាស់មិនខ្លាចជំងឺផ្តាសាយជ្រូកឬ ផ្តាសាយ AH1N1 នេះសោះ តើមកពីអ្វី?
អ្នកស្រី Costa និងប្តី ចិញ្ចឹមជ្រូកយកសាច់លក់ ១២ឆ្នាំហើយ មិនដែលមានបញ្ហាអ្វីឡើយ។ អ្នកស្រីបានប្រាប់ថា អ្នកស្រីធុញទ្រាន់នឹងការឃោសនាបំភ័យអំពីជំងឺផ្តាសាយជ្រូកនេះណាស់ ៖ "ជ្រូកមានឈ្មោះអាក្រក់ ថាជាសត្វមានក្លិនស្អុយនិងស្មោកគ្រោក តែមិនមែនជ្រូកទេដែលកខ្វក់នោះ សូមជឿខ្ញុំចុះ គឺកសិករទេដែលកខ្វក់។ នេះគ្រាន់តែជាហេតុផលមួយដែលអនុញ្ញាតឲ្យមនុស្សយើងនាំគ្នានិយាយថា ជ្រូកគឺជាសត្វកខ្វក់នោះ។ តើយើងគួរបារម្ភពីរឿងនេះទេ? ចម្លើយគឺទេ"។
ហើតុអ្វីបានជាមិនបារម្ភ? អ្នកស្រីអធិប្បាយថា កត្តាសំខាន់បំផុតគឺធ្វើយ៉ាងណារក្សាកសិដ្ឋានឲ្យស្អាតជានិច្ច។ នេះគឺជាវិធីសំខាន់សម្រាប់ការពារជ្រូក និងគ្រួសាររបស់អ្នកស្រីពីផ្តាសាយ ឬពីមេរោគណាៗទាំងអស់។
អ្នកស្រី Costa អធិប្បាយដូច្នេះ ៖ "លក្ខខណ្ឌមិនល្អ កសិដ្ឋានមិនអំណោយផល ស្ថានការណ៍តឹងតែងទាំងអស់នេះហើយ ដែលជាកត្តានាំឲ្យកើតជំងឺបាននោះ។ សត្វជ្រូកមានសុខភាពល្អណាស់ បើសិនជាយើងរក្សាភាពស្អាត គឺថាយើងនឹងមិនមានបញ្ហាឡើយ"។
អ្នកស្រី Costa ចិញ្ចឹមជ្រូកដោយបណ្តោយឲ្យវារកស៊ីនៅទីវាលស្មៅតាមធម្មជាតិ ដោយអ្នកស្រីធ្វើជាក្រោលមានទំហំធំទូលំទូលាយទុកឲ្យជ្រូកបណ្តើរកូនបានដោយសេរី។
សួរថាតើអ្នកស្រីខ្លាចឆ្លងជំងឺនេះទេ? អ្នកស្រីថាពុំបារម្ភខ្លាចជ្រូករបស់អ្នកស្រីធ្វើឲ្យអ្នកស្រីឆ្លងជំងឺនោះទាល់តែសោះ ៖ "មែនទែនទៅខ្ញុំបារម្ភខ្លាចឆ្លងជំងឺពីមនុស្សទៅក្រៅកសិដ្ឋានទៅវិញទេ ដូចជាទៅផ្សារ ហើយឆ្លងមេរោគពីមនុស្សដែលឈឺជំងឺផ្ដាសាយ"៕
