ដោយសារស្រុកខ្មែរធ្លាប់មានព្រៃច្រើន សំបូរទៅដោយរុក្ខជាតិដែលមានផ្កា មានទឹកដម ដែលជាចំណីរបស់ឃ្មុំនិងពពួកកន្លង់ផ្សេងៗទៀត ទើបស្រុកខ្មែរធ្លាប់មានប្រវត្តិល្បីល្បាញខាងការផលិតក្រមួន ដែលសបរិសុទ្ធរហូតដល់មានឈ្មួញចិនខ្លះ សម័យបូរាណ ហៅតំបន់អាងទន្លេមេគង្គនៃអាណាចក្រចេនឡា ថាក្រមួនសទៀតផង។
ចូលមកចុងសម័យអង្គរ មន្ត្រីបេសកកម្មទូតចិន ក្នុងរាជសន្តិវង្ស ម៉ុងហ្គោល ជំនាន់ស្តេច ងន់ ចេង គឺលោក ជីវតាក្វាន់ ដែលមកកាន់ចេនឡា ឬ កម្ពុជា នៅឆ្នាំ១២៩៧ បានរៀបរាប់ថា ក្នុងចំណោមផលានុផលរបស់ខ្មែរសម័យនោះ គឺក្រមួនឃ្មុំ ដែលគេរកបានពីដើមឈើធំៗ ចាស់ៗក្នុងភូមិ ដែលសត្វឃ្មុំមួយប្រភេទ ចង្កេះស្តួចឆ្មារដូចសត្វអង្ក្រងវាធ្វើសម្បុក។
អ្នកស្រុកដែលទៅយកឃ្មុំតាមទូកតូចៗ គេអាចដាក់បាន២-៣ពាន់ផ្លិត។ ផ្លិតណាដែលធំជាងគេ មានទម្ងន់ដល់ទៅ ៣០-៤០នាឡិ ឬប្រមាណ ១៨-២៤ គីឡូក្រាម រីឯផ្លិតតូចក៏មិនតិចជាង ១៨-១៩ នាឡិ គឺស្មើនឹងប្រមាណ១០-១១ គីឡូក្រាមដែរ។ នេះបើយោងតាមកំណត់ហេតុរបស់ជីវតាក្វាន់ អំពីប្រពៃណីអ្នកស្រុកចេនឡា ឬ ស្រុកក្រមួនស បកប្រែដោយលោក លី ធាមតេង។
ឃ្មុំនៅកម្ពុជា ជាពិសេសនៅតំបន់អង្គរ ខេត្តសៀមរាប មានច្រើនណាស់ ដូចជីវតាក្វាន់ រៀបរាប់មែន។
លោក ពាង ឆុញ អាយុ ៥៣ឆ្នាំ អ្នកភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ដែលមួយជីវិតលោករកទទួលទានដាក់បង្គងចិញ្ចឹមឃ្មុំ យកទឹកឃ្មុំ និងក្រមួនលក់តាំងតែពីលោកអាយុទើប ១៥ឆ្នាំមក បានមានប្រសាសន៍ថា កាលពីទសវត្សរ៍ឆ្នាំ១៩៨០ អ្នកចិញ្ចឹមឃ្មុំនៅតំបន់ត្បែងយកឃ្មុំមិនអស់ឡើយ ព្រោះមានច្រើនពេក ៖ «ឃ្មុំឃុំត្បែងខ្ញុំនេះសំបូរណាស់ មួយដើមៗទំរាប់រយរាប់ពាន់ ទំអត់ដាក់បង្គង។ អាដើមឈើទាល...»។
ក៏ប៉ុន្តែសព្វថ្ងៃឃ្មុំមាននៅសល់ឲ្យយកទឹកនិងក្រមួនតិចណាស់ ដោយសារតែវិធីយកឃ្មុំម្តងទាំងសម្បុក គឺយកទឹកឃ្មុំនិងក្រមួនលក់ ហើយកូនឃ្មុំគេយកមកបរិភោគជាអាហារថែមទៀត។
លោក ពាង ឆុញ ប្រាប់ថាការកាប់ព្រៃយ៉ាងអនាធិបតេយ្យ រានដីព្រៃធ្វើចម្ការ គឺជាកត្តាមួយដែលធ្វើឲ្យហ្វូងឃ្មុំថយចំនួន ៖ «សព្វថ្ងៃនេះវាអស់ព្រៃផង អត់មានព្រៃឈើច្រើនទេ។ ព្រៃធំៗវាធ្លាប់ទំមួយដើមៗ ៥០-៦០(ផ្លិត) ឥឡូវអនាធិបតេយ្យ វាយកអស់ហើយ។ គេរំលំ គេភ្ជួរចម្ការអស់ ហើយហ្វូងឃ្មុំក៏ចេះតែអន់ថយ វាពាយ។ សព្វថ្ងៃនេះពាយមកពីអ្នកក្រៅៗ ផ្សេងៗ ពីភូមិខ្ញុំគេអុជ ពីបន្ទាយមានជ័យអី គេច្រើនតែបាញ់ថ្នាំអីអុជ។ ខាងព្រះវិហារអីអុជ អ្នកចំណូលថ្មី។ ហើយម្យ៉ាងទៀតសត្វឃ្មុំអត់មានសំបូរមករាល់តែឆ្នាំទេ ឆ្នាំណាសំបូរផ្កាបានវាចុះមកច្រើន»។
តែទោះជាយ៉ាងនេះក្តី នៅក្នុងតំបន់ត្បែង ស្រុកបន្ទាយស្រី ការចិញ្ចឹមឃ្មុំដោយដាក់បង្គង នៅតែជាមុខរបរបន្ទាប់បន្សំដែលផ្តល់ចំណូលគួរសមដល់អ្នកស្រុកច្រើនគ្រួសារ ៖ «ភូមិខ្ញុំនេះដាក់ប្រមាណ៦០គ្រួសារ មួយភូមិត្បែងខាងលិច ៦០គ្រួសារ ក្នុងមួយរដូវៗបានជួយកាត់ភាពក្រីក្របន្តិច ក្នុងមួយខែពីរខែ ម្នាក់ៗគេបាន ៥០លីត្រ អ្នកខ្លះបាន ២០លីត្រ តាមគេដាក់តិចដាក់ច្រើន។ ក្នុងដាក់បង្គង ២០បង្គង ទំបានត្រឹម ៨ ឬ ១០ អត់ដែលចោលទទេទេ»។
ក្រៅពីនេះ ការចិញ្ចឹមឃ្មុំព្រៃដោយបង្គងរបស់លោក ពាង ឆុញ នៅស្រុកបន្ទាយស្រី គឺជាផ្នែកមួយនៃទេសចរណ៍បរិស្ថានធម្មជាតិ ដែលទាក់ទាញអ្នកទេសចរបរទេសចូលមកមើលលោកធ្វើការយកទឹកឃ្មុំរៀងរាល់ឆ្នាំ ៖ «ជនជាតិបរទេស ភ្ញៀវគេមកចុះជាប់ ថតរាល់ថ្ងៃ ឲ្យតែខ្ញុំយក ខ្ញុំប្រាប់គេ គេមកថត ថតរួចពូតដាក់កាន ត្រងម្ដងទៀត បានគាត់ទៅវិញ។ ភ្ញៀវមករាល់តែឆ្នាំ មកថត មកមើល ចុះទស្សនកិច្ចមើលភូមិខ្ញុំរាល់តែឆ្នាំ ជនជាតិអាមេរិកាំងអី...មកថត ជនជាតិឥណ្ឌា ជនជាតិអាល្លឺម៉ង់ គ្រប់សាសន៍»។
វិធីចិញ្ចឹមឃ្មុំព្រៃរបស់លោក ពាង ឆុញ គឺសង្កត់ធ្ងន់លើនិរន្តរភាព គឺមិនយកឃ្មុំតែម្តងដូចវិធីយកឃ្មុំសម័យមុនៗ ដែលច្រើនតែយកបែបបង្ហិនបំផ្លាញ ៖ «ដល់រដូវវាខែចុះមក ខែ២ ខែ៣ រហូតដល់ទៅទំបាន ២ខែ យើងអាចយកទឹកបានម្ដង យើងយកតែក្បាលទេ ទុកឲ្យកូនវាតពូជតពង្សទៀត។ ដល់ចូលយកក្បាលទឹករួចបានមួយខែទៀត ដល់ផ្លិតវាចាស់ទៅ យើងអាចយកបង្ហើយតែម្ដង កូនវាដកចេញអស់ហើយ។ បើយកអស់តែម្ដងវាដាច់ពូជ អត់យកបានទាំងអស់ទេ»។
វិធីយកទឹកឃ្មុំមួយសម្បុកពីរដងនេះ គឺជាគំនិតរបស់លោក Daniel Jump ជនជាតិអាមេរិកាំង ដែលចេញពនេចរពីប្រទេសមួយទៅប្រទេសមួយទៀតក្នុងពិភពលោក តាំងពីឆ្នាំ១៩៩០ មកម៉្លេះ។ លោកបានធ្វើដំណើរចូលមកខេត្តសៀមរាប កាលពីឆ្នាំ២០០៤ ហើយបានឃើញអ្នកភូមិត្បែងប្រមូលផលទឹកឃ្មុំនិងក្រមួនតាមវិធីបូរាណ ដែលគួបផ្សំនឹងការកាប់បំផ្លាញព្រៃឈើ ដែលធ្វើឲ្យឃ្មុំព្រៃ ស្ទើរតែដាច់ពូជទៅនោះ។
លោក ដានីញែល ឬ ដានី សព្វថ្ងៃទទួលទឹកឃ្មុំពីអ្នកស្រុកយកទៅលក់តាមសណ្ឋាគារ និងជួយផ្សព្វផ្សាយវិធីប្រមូលផលទឹកឃ្មុំតាមបែបនិរន្តរភាព រួមជាមួយលោក ពាង ឆុញ អ្នកចិញ្ចឹមឃ្មុំដោយដាក់បង្គង និងលោក សឿន ប៊ុនសំ អ្នកចិញ្ចឹមប្រួត និងឃ្មុំបារាំងក្នុងហិប។
លោក ដានីញែល បានឲ្យដឹងដូច្នេះ ៖ «បីនាក់យើង យើងធ្វើជាមួយគ្នា ជួយគ្នា...។ ពាង ឆុញ គាត់ធ្លាប់ដាក់បង្គងចិញ្ចឹមឃ្មុំ ធ្លាប់យូរហើយ ជាង ៤០ឆ្នាំ គាត់ដាក់បង្គង។ មួយទៀត សឿន ប៊ុនសំ គាត់ក្មេងៗ អាយុតិចជាង ៣០ ខ្ញុំបង្រៀនគាត់ចិញ្ចឹមប្រួត ឥឡូវគាត់បង្រៀនអ្នកស្រុកចិញ្ចឹមប្រួត...»៕
