វិធី​ចិញ្ចឹម​ឃ្មុំ​ព្រៃ​ដោយ​ដាក់​បង្គង (ភាគ១)

ក្នុង​នាទី​កសិកម្ម​ថ្ងៃ​នេះ លោក សាន សុវិទ្យ សូម​ជម្រាប​អំពី​វិធី​ចិញ្ចឹម​ឃ្មុំ​ព្រៃ​ដោយ​ដាក់​បង្គង តាម​រយៈ​ការ​រៀប​រាប់​របស់​លោក ពាង ឆុញ អ្នក​ចិញ្ចឹម​ឃ្មុំ​នៅ​ភូមិ​ត្បែង​ខាង​លិច ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប។

0:00 / 0:00

លោក ដានីញែល ចាំផ៍ (Daniel Jump) ជន​ជាតិ​អាមេរិកាំង អាយុ ៥៦​ឆ្នាំ អ្នក​ដឹក​នាំ​ក្រុម​អ្នក​ចិញ្ចឹម​និង​អភិរក្ស​ឃ្មុំ នៅ​ខេត្ត​សៀមរាប ធ្លាប់​បាន​ប្រាប់​ថា ដំបូង​បង្អស់​លោក​បាន​ជំរុញ​ឲ្យ​លោក ពាង ឆុញ ដែល​រក​ទទួល​ទាន​ចិញ្ចឹម​ឃ្មុំ​ដោយ​ដាក់​បង្គង​នៅ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី តាំង​ពី​កុមារភាព​រហូត​ដល់​សព្វថ្ងៃ អាយុ ៥០​ប្លាយ​ហើយ​នោះ ងាក​មក​ប្រមូល​ផល​១​សម្បុក ២​ដង​វិញ ដោយ​ឆ្នាំ​ដំបូង​លោក ពាង ឆុញ រួញ​រា​ពុំ​ព្រម​ធ្វើ​តាម​ឡើយ ព្រោះ​ជា​វិធី​ដែល​ប្លែក​ពី​បរមបុរាណ​មក។ តែ​ក្រោយ​មក​លោក ពាង ឆុញ ក៏​បាន​ទទួល​យក​ការ​ណែនាំ​ដ៏​ល្អ​ប្រសើរ​មួយ​នេះ។

លោក ពាង ឆុញ មាន​ប្រសាសន៍​ថា ក្រោយ​ដាក់​បង្គង​និង​ក្រោយ​ឃ្មុំ​មក​ទំ​ធ្វើ​សម្បុក​ហើយ ៖ «វា​នៅ​បាន​ត្រឹម២​ខែ យើង​អាច​យក​ទឹក​បាន​ម្ដង យើង​យក​តែ​ក្បាល​ទេ ទុក​ឲ្យ​កូន​វា​ត​ពូជ​ត​ពង្ស​ទៀត។ ដល់​ចូល​យក​ក្បាល​ទឹក​រួច​បាន​មួយ​ខែ​ទៀត ដល់​ផ្លិត​វា​ចាស់​ទៅ យើង​អាច​យក​បង្ហើយ​តែម្ដង កូន​វា​ដក​ចេញ​អស់​ហើយ។ បើ​យក​អស់​តែ​ម្ដង​វា​ដាច់​ពូជ»

លោក ពាង ឆុញ មាន​ប្រសាសន៍​ស្តីពី​ការ​ប្រមូល​ផល​មួយ​សម្បុក​២​ដង​ដូច្នេះ «ខ្ញុំ​ថា​ឃ្មុំ​មួយ​យក​បាន​ពីរ​ដង​នោះ ខ្ញុំ​មាន​ជន​ជាតិ​អាមេរិកាំង​ម្នាក់​មក​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​យក​បាន​ពីរ​ដង។ ពី​ដូន​ពី​តា​ពី​ដើម​គេ​យក​តែ​ម្ដងៗ​ទេ ប៉ុន្តែ​គេ​យក​ដល់​ទៅ​ចុង​ខែ ខែ​ពេញ​បូណ៍មី ខែ​ចេត្រ។ គាត់​អត់​ឲ្យ​សម្លាប់​មេ​ទេ គេ​ធ្វើ​គប់​បង្ហុយ​ផ្សែង​វា​អត់​ទិច​ទេ យក​បាន ២​ដង។ ក្នុង​មួយ​ខែ​យក​ម្ដងៗ។ យក​បាន​តែ​ពីរ​ដង​វា​ចាស់ កូន​ចាស់​អី​ទៅ វា​ដក​មេ​ហើរ​ចេញ​ពី​សម្បុក។ ក្នុង​ឃ្មុំ​មួយ​វា​ចេញ​ពី​សម្បុក​បាន ៣-​៤​ដង បាន​វា​ហើរ​ចោល​ផ្លិត​វា​ហ្នឹង»

ឥឡូវ​នេះ​សូម​ងាក​មក​សួរ​លោក ពាង ឆុញ ស្តី​ពី​វិធី​ចិញ្ចឹម​ឃ្មុំ​ព្រៃ​ដោយ​ដាក់​បង្គង ថា​តើ​អ្នក​ចិញ្ចឹម​ត្រូវ​មាន​ឧបករណ៍​អ្វី​ខ្លះ?

ពាង ឆុញ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «រឿង​ចិញ្ចឹម​ឃ្មុំ​ព្រៃ​នោះ ឧបករណ៍​គ្មាន​អ្វី​ប្លែក​ទេ មាន​តែ​ខ្វែវ។ ហៅ​ខុស​គ្នា ឃុំ​ត្បែង​ហៅ​ផ្គាក់ ហើយ​ខាង​ខេត្ត​គេ​ផ្សេងៗ​ហៅ​ខ្វែវ។ យក​អាហ្នឹង​ទៅ​កាប់​ធ្វើ​ជា​បង្គង។ បង្គង​ហ្នឹង​ទំហំ​វា​មួយ​តឹក ប្រវែង ២,៥​ម៉ែត្រ។ ទៅ​ដាក់​កន្លែង​ចិញ្ចឹម​នោះ យើង​ចាប់​ផ្ដើម​ដាក់​ពី​ខែ​១០ ខែ​ដែល​ផ្កា​របូត​ជា​ផ្លែ​មក ចាប់​ផ្ដើម​ដាក់​ខែ​នោះ​ឯង»

សាន សុវិទ្យ ៖ គេ​ដាក់​បង្គង​នៅ​ខែ​១០ តើ​ឃ្មុំ​វា​ចុះ​មក​ពី​ព្រៃ​ភ្នំ​ដើម្បី​រក​ទ្រនំ​នៅ​ខែ​ណា? ពាង ឆុញ ៖ ដល់​រដូវ​ខែ​វា​ចុះ​មក ចុះ​មក​ខែ​២ ខែ​៣ នេះ វា​ចុះ​មក​ពីរ​ដង។ ចុះ​មក​មុន​អ៊ីចេះ ចុះ​មក​តិចៗ​ទេ ចុះ​បួន​ដប់​សម្បុក​មក។ រយៈ​កាល​កន្លង​ទៅ​មួយ​ខែ​ទៀត​បាន​ចុះ​មក​សម្រេច​តែម្ដង។ សាន សុវិទ្យ ៖ តើ​ចាំ​បាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​មើល​បង្គង​យ៉ាង​ណា​ខ្លះ? ពាង ឆុញ ៖ បង្គង​នោះ​គេ​ដាក់​អត់​មាន​ដើរ​មើល​រាល់​ថ្ងៃ​ទេ តែ​ដល់​ខែ​ឈើ​វា​ផ្កា​ហើយ បាន​គេ​ដើរ​មើល។

សាន សុវិទ្យ ៖ តើ​បង្គង​មុខ​មាត់​វា​យ៉ាង​ណា​ដែរ? ពាង ឆុញ ៖ ទំហំ​វា​មួយ​តឹក មិន​ធំ​ប៉ុន្មាន​ទេ ប៉ុន​កំភួន​ជើង​មនុស្ស​យើង​នោះ​ឯង ប្រវែង​អស់​វែង​មែន​ទែន ៣​ម៉ែត្រ។ សាន សុវិទ្យ ៖ តើ​កន្លែង​ណា​ដែល​ល្អ​គួរ​យក​បង្គង​ទៅ​ដាក់? ពាង ឆុញ ៖ រក​កន្លែង​ណា​ដែល​ដុះ​កម្ពស់ ៣​ម៉ែត្រ ព្រៃ​កម្ពស់ ៣​ម៉ែត្រ រក​កន្លែង​ដាក់​ឲ្យ​ស្រួល ហើយ​បើ​ថា​ព្រៃ​ស្រោង​និង​ព្រៃ​របោះ អត់​ដាក់​បាន​ទេ ខ្ពស់​ពេក មាន​តែ​ព្រៃ​ឈើ​ដុះ​ប៉ុណ្ណឹង​ឯង ទាបៗ​កម្ពស់ ៣​ម៉ែត្រ បាន​យើង​ដាក់​បង្គង​ចិញ្ចឹម​ឃ្មុំ​អាច​នៅ​បាន។ ម្យ៉ាង​ទៀត​យើង​យក​ម្ដុំ​ណា​ដែល​ស្បាតៗ កុំ​សូវ​ខ្ពស់​ពេក​អត់​បាន​ទេ​អា​នោះ វា​អត់​ទំ​ទេ វា​អត់​មក​ទេ។

សាន សុវិទ្យ ៖ ចុះ​ដើម​ឈើ​ប្រភេទ​ណា​ដែល​ឃ្មុំ​មក​ទំ? ពាង ឆុញ ៖ ប្រភេទ​ដាក់​បង្គង រក​ដើម​ឈើ​រលីងៗ អត់​រក​ដើម​គគ្រើមៗ​ដាក់​ទេ ដើម​ឈើ​គគ្រើម​វា​អត់​ទំ​ទេ អត់​មក​នៅ​ទេ រក​ដើម​រលីងៗ ប្រភេទ​ដើម​ត្រសេក ដើម​កកោះ ដើម​ផ្អុង ដើម​ចំបក់ ដើម​ពពេល លើក​លែង​តែ​ដើម​ក្រាយ វា​អត់​ទំ​ទេ អា​នោះ​ជាតិ​ថ្នាំ​ពុល...។ ក្នុង​បង្គង​មាន​តែ​ដើម​១​ទេ អត់​ទំ​ទេ មាន​ដើម​ត្រាច​ផង ដែល​វា​គ្រើមៗអត់​ទំ​ទេ ផុត​ពី​នោះ​ទំ​ទាំង​អស់។

សាន សុវិទ្យ ៖ ឥឡូវ​សន្មត​ថា​រក​កន្លែង​ដាក់​បង្គង​បាន​ហើយ តើ​យក​បង្គង​ទៅ​ដាក់​វិធីណា? ពាង ឆុញ ៖ ប្រភេទ​ដាក់​បង្គង ចុង​បង្គង​ដាក់​លាក់​នឹង​ចម្ពាម​កុំ​ឲ្យ​វា​របូត​ធ្លាក់ ឃ្មុំ​វា​ទំ​ខ្លាច​របូត​ធ្លាក់។ លាក់​ក្បាល​បង្គង​ទាំង​សង​ខាង លាក់​ទៅ យើង​យក​ទៅ​ដល់​ដាក់​នឹង​ចម្ពាម​ទៅ​ដូច​យើង​ង៉ាំ​បញ្ចូល​កុំ​ឲ្យ​វា​របូត។

សាន សុវិទ្យ ៖ តើ​ត្រូវ​ដាក់​បង្គង​ខ្ពស់​ប៉ុន្មាន​ម៉ែត្រ​ពី​ដី? ពាង ឆុញ ៖ ដាក់​កម្ពស់ ២ ឬ ៣​ម៉ែត្រ កម្ពស់ ប៉ុន្តែ​ភាគ​ច្រើន​ដាក់​តែ ២​ម៉ែត្រ​កន្លះ ២​ម៉ែត្រ​គត់។ ខាង​ក្បាល​បង្គង​ដាក់​កម្ពស់​ពីរ​ម៉ែត្រ​កន្លះ ខាង​កន្ទុយ​គេ​ភ្ជាប់​មួយ​ម៉ែត្រ ឬ ៨​តឹក ខាង​កន្ទុយ។ បង្គង​គេ​ដាក់​អើត​ក្បាល​ទៅ​លើ ដាក់​ឲ្យ​អើត​រាង​ដូច​ងើយ​មើល​កប៉ាល់​ហោះ។ ដាក់​បង្គង​រួច​គេ​កាប់​ស្លឹក​ឈើ​ព្រៃ ដែល​យើង​ដាក់​ហ្នឹង​កាប់​គ្របៗ លើ​បង្គង​វា​កុំ​ឲ្យ​វា​ក្ដៅ​ពី​លើ មាន​ច្រក​បង្អួច​វា​ឲ្យ​ងាយ​ចេញ​ចូល​ពី​ខាង​ក្បាល​បង្គង។ ដាក់​ទៅ​ទំ​ហើយ៕