ប៉ុន្តែកសិករឈ្មោះ ហាក់ សឿង រស់នៅភូមិរមុន ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ បានអះអាងថា គាត់ទើបសាកល្បងចិញ្ចឹមត្រីអណ្ដែង ត្រីប្រា ជាមួយកង្កែប ក្នុងស្រះតែមួយបានទទួលជោគជ័យក្នុងឆ្នាំនេះ។
ជុំវិញផ្ទះកសិករឈ្មោះ ហាក់ សឿង នៅភូមិរមុន ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានស្រះចិញ្ចឹមកង្កែប និងត្រីធំតូច ព្រមទាំងសួនបន្លែគ្រួសារជាច្រើន។
លោក ហាក់ សឿង បង្ហាញភាពរីករាយនៃជោគជ័យក្នុងមុខរបរថា ៖ «តែដោយខ្ញុំបានសាកល្បង ខ្ញុំចិញ្ចឹមកង្កែប និងត្រីអណ្ដែងជាមួយគ្នា ដូចវាអត់ទាន់មានជាបញ្ហា។ ត្រីខ្ញុំក៏ល្មមហូប កង្កែបខ្ញុំក៏ល្មមហូបដែរ គឺក្នុងនោះយើងចិញ្ចឹមវាដំណាលគ្នា ត្បិតតែដាក់ចិញ្ចឹមដំណាលគ្នានោះមិនឲ្យមានធំមានតូចទេ ទាក់ទងទំហំត្រី និងទំហំកង្កែប គឺប៉ុនគ្នា»។
លោក ហាក់ សឿង បន្តថា កាលពីមុនគាត់ចិញ្ចឹមកង្កែបក្នុងស្រះដាច់ដោយឡែកពីត្រីអណ្ដែងដែលចិញ្ចឹមក្នុងថង់កៅស៊ូ ឬហៅថា ថង់ប្លាស្ទិក ប៉ុន្តែឆ្នាំនេះគាត់បានប្តូរបច្ចេកទេស ដោយសាកល្បងចិញ្ចឹមត្រីអណ្ដែង ត្រីប្រា និងកង្កែបក្នុងអាងស៊ីម៉ងត៍រួមតែមួយ។ លោកឲ្យដឹងថា លោកបានសង់អាងស៊ីម៉ងត៍ទទឹង ៥ម៉ែត្រ បណ្តោយ ៨ម៉ែត្រ ជម្រៅ ១,៧ម៉ែត្រ។អាងនោះមិននៅក្រោមម្លប់ឈើទេ។
វិធីរៀបចំអាងសម្រាប់ចិញ្ចឹមវារីសត្វ ឬប្រភេទសត្វដែលរស់នៅក្នុងទឹក លោក ហាក់ សឿង បានរៀបរាប់យ៉ាងដូច្នេះ ៖ «អ៊ីចឹងក្នុងអាងហ្នឹង គឺខ្ញុំរៀបវាមានថ្នាក់ៗពីមាត់ខាងលើអាងមានកម្ពស់ទៅបាតទី១នោះ មានកម្ពស់ ១ម៉ែត្រ រួចហើយខ្ញុំចាក់វាបាតស្មើ ខ្ញុំចេញ ១ម៉ែត្រទៅ បានខ្ញុំកាច់វាចុះទៅក្រោមចំនួនកន្លះម៉ែត្រទៀត។ ខ្ញុំចេញទៅជាបាតស្មើនោះកន្លះម៉ែត្រទៀត បានចុះទៅ ១ជាន់ទៀត ហើយបានចូលដល់បាតអាងតែម្តង។ អ៊ីចឹងគិតចាប់ពីមាត់លើមកវាមាន ៣ថ្នាក់»។
លោកបន្តថា ក្រោយពីរៀបចំអាងរួច ត្រូវបែងចែកអាងសម្រាប់ចិញ្ចឹមសត្វទាំង ៣បែបនោះដូចនេះ ៖ «សម្រាប់ខ្ញុំ ដាក់កង្កែប ខ្ញុំរៀបកន្លែងធ្នើរមួយឲ្យថ្នាក់ខ្ពស់ជាងគេសម្រាប់ផ្ដល់ចំណីឲ្យកង្កែបហ្នឹង។ អ៊ីចឹងពីមាត់អាងទៅដល់កន្លែងធ្នើរសម្រាប់ដាក់ចំណីកង្កែបនោះ វាមានកម្ពស់ ៨តឹក។ អ៊ីចឹងក្រោយពេលដែលយើងរៀបអាងរួច គឺយើងត្រូវបូមទឹកបញ្ចូលវាដាក់ក្នុងអាងនោះត្រាំ ដើម្បីកុំឲ្យវាមានជាតិស៊ីម៉ង់ត៍នេះប្រៃពេក»។
លោកឲ្យដឹងថា ការរៀបចំធ្នើរសម្រាប់ដាក់ចំណីកង្កែប ធ្វើយ៉ាងណាឲ្យខ្ពស់ ដើម្បីកុំឲ្យត្រីលោតឡើងដល់ធ្នើរទៅស៊ីចំណីនោះបាន ព្រោះកង្កែបវានឹងចាប់ត្រីស៊ីនៅលើគោកបានងាយ នៅពេលដែលត្រីលោតឡើងស៊ីចំណីនៅលើធ្នើរដាក់ចំណីនោះ។
លោក ហាក់ សឿង ឲ្យដឹងដូច្នេះ ៖ «ខ្ញុំធ្វើធ្នើរនេះ គឺកុំឲ្យត្រីឡើងមកដល់ធ្នើរហ្នឹងទេ ព្រោះខ្ញុំគិតថា កង្កែបវាមានកម្លាំងចាប់ត្រីបានតែវានៅលើគោក តែបើវាចង់ចាប់ត្រីនៅក្នុងទឹក គឺវាអត់មានកម្លាំងចាប់ទេ។ អ៊ីចឹងត្រី បើវាអត់ឡើងមកដល់លើគោកផង ធ្វើម៉េចកង្កែបចាប់កើត? នេះគឺជាបទពិសោធន៍មួយដែលខ្ញុំអាចគិតថា ចិញ្ចឹមកង្កែបជាមួយត្រីអណ្ដែងបានដោយមិនមានបញ្ហាត្រង់នេះឯង»។
ក្រោយពេលរៀបអាងរួច ត្រូវបូមទឹកចូលអាង ដោយត្រាំអាងនោះរយៈពេលមួយសប្ដាហ៍ ដើម្បីឲ្យជាតិស៊ីម៉ង់ត៍ក្នុងអាងនោះសាបបន្តិច ការពារជំងឺសត្វ។ លោកបន្តថា ក្រោយពីត្រាំអាងបាន១អាទិត្យ ត្រូវបូមទឹកចេញវិញ រួចហើយយកដីមមោក គឺដីស្រទាប់ខាងលើ រាយពីលើបាតអាងឲ្យបានកម្រាស់ដី ១តឹក ឬ ១០សង្ទីម៉ែត្រ។ រួចហើយយកកំបោរសចំនួន ១គីឡូក្រាមមកបាចពីលើដីបាតអាងនោះ ដើម្បីកម្ចាត់មេរោគក្នុងអាង។
ក្រោយបាចកំបោរទុកច្រើនម៉ោង ត្រូវបញ្ចូលទឹកជាថ្មីទៀតលើដីបាតអាងនោះឲ្យបាន១តឹកទៀតនៅពីលើដីមមោកនោះ រួចត្រាំទឹកទុកចោល ១ថ្ងៃទៀត។ ក្រោយមកត្រូវបញ្ចូលទឹកថែមទៀតឲ្យពេញអាង ត្រាំទឹកអាងនោះទុករយៈពេល ៣ថ្ងៃទៀត។ ក្រោយពីត្រាំអាងបាន ៣ថ្ងៃ ត្រូវបូមទឹកទាំងអស់ចេញពីអាង។ លោកថា ការបញ្ចេញបញ្ចូលទឹកច្រើនដងនេះ គឺដើម្បីការពារជំងឺសត្វត្រី និងកង្កែបដែលបម្រុងចិញ្ចឹមនោះ។
លោក ហាក់ សឿង ពន្យល់ ៖ «ព្រោះទាក់ទងរឿងហ្នឹង គឺដើម្បីបន្សាបជាតិស៊ីម៉ង់ត៍ ហើយនិងជាតិកំបោរនោះចេញខ្លះ ព្រោះកាលណាយើងទុកទឹកនៅក្នុងនោះ វាធ្វើឲ្យជាតិស៊ីម៉ងត៍នោះវាអាចធ្វើឲ្យប៉ះពាល់ស្បែកត្រី និងស្បែកកង្កែប»។
ក្រោយពីបញ្ចេញទឹកចាស់អស់ហើយ ត្រូវបញ្ចូលទឹកជាថ្មីទៀត ឲ្យទឹកនោះនៅក្រោមមាត់អាងប្រមាណ ៣តឹក រួចហើយត្រូវបង្កើតប្លង់តុង ឬហៅថា ចំណីធម្មជាតិក្នុងទឹក ទុកសម្រាប់ត្រី និងកង្កែបធ្វើជាអាហារ។
លោកពន្យល់ថា ៖ «ពេលដែលយើងដាក់ទឹកចូលទី៣ គឺយើងដាក់ទឹកក្នុង ១,៧ម៉ែត្រនោះ គឺយើងទុក ៧តឹកឡើងលើ។ លៃយ៉ាងម៉េចទាក់ទងអាធ្នើរកង្កែបនោះ អត់ឲ្យលិចទេ ឲ្យទឹកនៅអញ្ចាបៗ ជិតធ្នើរកង្កែប។ រួចហើយយើងយកទន្ទ្រានខេត្តចំនួន ៥គីឡូ ចងជាបាច់ ហើយចាក់កាកឡឧស្ម័នមួយអម្រែកមក ត្រាំដាក់លើទឹកហ្នឹងទៅ ដើម្បីឲ្យទឹកវាឆាប់មានពណ៌ខៀវ។ អ៊ីចឹងយើងធ្វើអាហ្នឹងរយៈពេលតែ ១អាទិត្យ ទឹកវាឡើងពណ៌ខៀវហើយ បានខ្ញុំយកត្រីមកដាក់»។
លោក ហាក់ សឿង បន្តថា នៅពេលយកកូនត្រីអណ្ដែង និងកូនត្រីប្រាមកលែងក្នុងអាង គាត់រើសយកកូនត្រីក៏នៅតូចៗ ឯកូនកង្កែបវិញ គឺវានៅដុះកន្ទុយនៅឡើយ។ រីឯចំនួនកូនត្រី និងកូនកង្កែបលែងក្នុងអាងរបស់គាត់នោះ មានចំនួនដូចនេះ ៖ «អ៊ីចឹងត្រីនោះ គឺយកមកហ្នឹងទំហំប៉ុនគ្នា។ ខ្ញុំដាក់ត្រីអណ្តែង ៩០០ ហើយកង្កែបហ្នឹងខ្ញុំដាក់ ១០០។ ខ្ញុំដាក់ត្រីប្រានោះ ១០០ទៀត ដាក់បញ្ចូលគ្នា អាត្រីអត់ស្រកាហ្នឹង ហើយកង្កែបដែលដាក់ហ្នឹងមានទំហំប៉ុនត្រីហ្នឹងដែរ គឺខ្នាតវា ៦សង់ទីម៉ែត្រ ហើយកង្កែបនោះ វាអត់ទាន់រួញកន្ទុយទេ វានៅមានកន្ទុយ យកមកដាក់ជាមួយត្រីហ្នឹង។ អ៊ីចឹងបានខ្ញុំគិតថា ទោះបីកង្កែបចាប់ត្រី ក៍៏ចាប់អត់ជាប់ ត្រីចាប់កង្កែបក៏ចាប់អត់ជាប់»។
លោកថា ក្រោយពីដាក់ចិញ្ចឹមចូលគ្នា សត្វទាំង ៣បែបនោះ គាត់តាមឃ្លាំមើលវាជាប្រចាំ ព្រោះខ្លាចវាស៊ីគ្នា ព្រោះមន្ត្រីកសិកម្ម និងអ្នកលក់កូនកង្កែបឲ្យ គឺលោក សោម ហាក់ នៅស្រុកត្រាំកក់ បានហាមមិនឲ្យចិញ្ចឹមកង្កែបលាយជាមួយត្រី ព្រោះកង្កែបវាចាប់ត្រីស៊ីបានងាយនៅក្នុងស្រះ ឬអាងតែមួយ។
លោក ហាក់ សឿង មានប្រសាសន៍ថា ៖ «អ៊ីចឹងកាលនៅតូចៗ វាអត់មានបញ្ហាអីទេ វាអត់ចេះឈ្លោះគ្នាទេ តែដល់ពេលកង្កែបធំ វាចាប់ផ្ដើមចាប់ត្រីដែរ ប៉ុន្តែវាចាប់ត្រីអត់ជាប់។ អ៊ីចឹងក្រោយមកនោះ វាចេះតែចាប់ តែខ្ញុំសង្កេតឃើញវាចាប់អត់ជាប់។ មកដល់ឥឡូវគឺវាធម្មតា លែងចាប់ត្រីតែម្ដង ដោយសារត្រីក៏វាធំ អ៊ីចឹងទោះបីចាប់ក៏វាចាប់អត់ជាប់»។
ចំណែកវិធីផ្ដល់ចំណីដល់ត្រី និងកង្កែបក្នុងអាងតែមួយ លោកប្រាប់ថា ពេលយប់គាត់ចាប់អំពូលភ្លើងឲ្យសត្វរោមប្រហែលកន្លះម៉ោង ទៅ ១ម៉ោង ឲ្យសត្វល្អិតរោមភ្លើងនោះ វាធ្លាក់ចុះនៅលើទឹកជាចំណីត្រី និងកង្កែបចាប់ស៊ី។ ចំណែកការឲ្យចំណីនៅពេលថ្ងៃ គាត់បានផ្ដល់ជន្លេនជាចំណីកង្កែប។ ឯត្រីប្រាគាត់ផ្សំបន្លែស្ងោ មានត្រកួន កន្ទក់ បោះឲ្យវាស៊ី និងចាប់អំពូលភ្លើងទាក់ទាញសត្វល្អិតឲ្យវាស៊ីនៅពេលយប់។
លោក ហាក់ សឿង ឲ្យដឹងដូច្នេះ ៖ «នៅពេលល្ងាចឡើង យប់ឡើង គឺខ្ញុំចាប់អំពូលរយៈពេល ១ម៉ោង ឬក៍កន្លះម៉ោងអី គឺវាស៊ីឆ្អែត ហើយទៅតាមមេ ឬសត្វល្អិត តិច ឬច្រើន។ ពាក់ព័ន្ធកង្កែប គឺខ្ញុំមានកាប់ជន្លេនកាប់អី រួមផ្សំឲ្យវាស៊ីក្នុង១ថ្ងៃ២ដង ព្រឹក និងល្ងាច ហើយខ្ញុំចិញ្ចឹមនោះ គឺគិតមកដល់ថ្ងៃនេះ គឺ១ខែ ១២ថ្ងៃ។ អ៊ីចឹងទំហំកង្កែបរបស់ខ្ញុំប៉ុនកដៃហើយ ហើយត្រីអណ្ដែងក៏វាមានទម្ងន់១ខាំជាងផងដែរ គឺប៉ុនកដៃដែរ គឺវាល្មមហូប»។
លោក ហាក់ សឿង ឲ្យដឹងទៀតថា ពេលដែលមានកសិករចុះទៅទស្សនកិច្ចសិក្សានៅផ្ទះគាត់ គាត់បានទិញចំណីគ្រាប់ ដែលគេផ្សំលក់ពីផ្សារមកដាក់ឲ្យគេបាចឲ្យត្រី និងកង្កែបស៊ី ៖ «កសិករដែលគាត់ចង់ឃើញហ្នឹង គឺខ្ញុំទិញចំណីផ្សំពីទីផ្សារហ្នឹងយកមកបាចឲ្យគាត់ទៅ។ អ៊ីចឹងគ្រាន់តែឲ្យគាត់មើលហ្នឹង ខ្ញុំទិញអស់ចំណីនោះតែ ៥គីឡូគត់ តាំងពីខ្ញុំដាក់ចិញ្ចឹមហ្នឹងមក»។
លោក ហាក់ សឿង ឲ្យដឹងថា ការចិញ្ចឹមទាំងត្រី និងកង្កែបនេះ គេអាចចាប់លក់ក្នុងពេលជាមួយគ្នាបាន គឺក្រោយការចិញ្ចឹមរយៈពេល ៣ខែ។ ក្នុងការចិញ្ចឹម ៣ខែនោះ ត្រូវប្ដូរទឹកពីក្នុងអាង ៣ ទៅ ៤ដង ទើបត្រីឆាប់ធំ។ ឯទំហំ និងទម្ងន់ត្រី ត្រូវចាប់លក់ត្រីអណ្ដែង ៤ ទៅ ៥ក្បាល មានទម្ងន់១គីឡូក្រាម។ កង្កែប ២ ទៅ ៣ក្បាល ទម្ងន់ ១គីឡូ ឯត្រីប្រា ១ក្បាល ខ្លះទម្ងន់ ១គីឡូ ខ្លះ ៨ខាំ៕
