កសិករដាំដំឡូងមីនៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ប្រឈមបញ្ហាដំឡូងត្រូវទឹកខូច និងបញ្ហាទីផ្សារលក់ចេញស្ទើររាល់ឆ្នាំ។ តើកសិករគួរធ្វើយ៉ាងណា ដើម្បីកាត់បន្ថយនូវបញ្ហាប្រឈមទាំងនេះ? អាកាសធាតុប្រែប្រួលញឹកញាប់ ឬភ្លៀងធ្លាក់ខុសរដូវ ធ្វើឲ្យទិន្នផលដំឡូងមីរបស់កសិករដែលគាស់រួចកាប់ហាលត្រូវទឹកភ្លៀងដុះផ្សិតខូច ស្របពេលដែលតម្លៃដំឡូងចុះថោកទាំងក្នុង និងក្រៅប្រទេស។ កសិករនៅឃុំមួយចំនួននៃស្រុកភ្នំក្រវ៉ាញ កំពុងលក់ដំឡូងឲ្យឈ្មួញដែលចុះទិញដល់ផ្ទះបានតម្លៃ ៣០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ដំឡូងស្ងួតល្អ រីឯដំឡូងសើម ឬដុះផ្សិត បាន ១៥០រៀល។
កំពុងឈរដេរមាត់ការុងច្រកដំឡូងស្ងួតនៅមុខផ្ទះ ដើម្បីត្រៀមលើកដាក់ជញ្ជីងថ្លឹងឲ្យឈ្មួញ នៅភូមិអូរព្រាល ឃុំសំរោង លោកស្រី ផាន់ សារី មានប្រសាសន៍ថា ឆ្នាំនេះលោកស្រីប្រមូលផលដំឡូងបានជាង ២០តោន ប៉ុន្តែត្រូវទឹកខូចអស់ស្ទើរពាក់កណ្ដាល។ លោកស្រីខ្ចីលុយធនាគារមកជួលត្រាក់ទ័រភ្ជួរ និងទិញជីគីមីផ្សេងៗអស់ ៦ពាន់ដុល្លារ ប៉ុន្តែលក់ដំឡូងសងគេវិញបានតែ ៣ពាន់ដុល្លារប៉ុណ្ណោះ៖ « លើកមុននោះលក់បាន ៤០០រៀល ហើយសានេះលក់បាន ១៥០រៀល និង ៣០០រៀល។ ឥឡូវនេះអត់មានអីលក់សងគេ មានតែលក់ដីចម្ការសងគេ។ ពីដើមខ្ចីលុយខាងហ្នឹង ( ធនាគារ ) ដើម្បីដាំដំឡូង ដល់ពេលឥឡូវហ្នឹងដាំដំឡូងលក់អត់រួចខ្លួន មានតែលក់ដីចម្ការ »។
ចំណែកកសិករដាំដំឡូងនៅភូមិវាលវង់ ឃុំរកាត លោក វ៉ុន កែវ ឲ្យដឹងថា តម្លៃដំឡូងឆ្នាំនេះធ្លាក់ចុះមកក្រោម ៤០០រៀលក្នុងមួយគីឡូក្រាម ទើបលោកគាស់ដំឡូងកាប់ហាលបន្តិចម្ដងៗលើផ្ទៃដីដែលលោកដាំបានប្រហែល ១ហិកតារ ដើម្បីពន្យារពេលក្រែងដំឡូងឡើងថ្លៃវិញ។ ចំពោះលោក វ៉ុន កែវ មិនជំពាក់បំណុលគេដោយសារដាំដំឡូងឡើយ ព្រោះលោកមានដើមទុនខ្លួនឯង ហើយដាំបន្តិចបន្តួច។
កសិកររូបនេះបន្ថែមថា គ្រួសារលោក និងលោកចាប់ផ្ដើមដាំដំឡូងមីបានពីរឆ្នាំហើយ ដោយឆ្នាំខ្លះខាត និងឆ្នាំខ្លះចំណេញ ប៉ុន្តែលោកនៅតែស៊ូទ្រាំដាំ ជាជាងទំនេរ ឬធ្វើចំណាកស្រុក៖ « ទិញដើមគេ មិនដើមគេមកប្រហែល ៥០ ទៅ ៦០បាច់មកដាក់បន្តទៀត។ សាមុនខ្ញុំលក់បានមួយគីឡូ ៤១០រៀល ឬ ៤០០រៀល ដល់ពេលកំពុងចូលឆ្នាំ គេឲ្យ ៣០០រៀលជាង ២០០រៀល ព្រោះដំឡូងយើងត្រូវទឹក ហើយខ្មៅ »។
ឈ្មួញកណ្ដាលប្រមូលទិញស្រូវ និងដំឡូងនៅស្រុកភ្នំក្រវ៉ាញ លោក ណេត ឧត្ដម ថាដំឡូងដែលលោកដឹកចេញទៅថៃ លក់បានថោក ទើបលោកទិញពីកសិករថោកដែរ។ ទាំងកសិករ និងលោកដែលជាឈ្មួញកណ្ដាល ត្រូវបង្ខំចិត្តលក់ ឬធ្វើអាជីវកម្មក្នុងតម្លៃថោកទៅតាមទីផ្សារសេរី។ រាល់ឆ្នាំ លោកទិញដំឡូងមីពីកសិករទាំងល្អ និងមិនល្អក្នុងតម្លៃសមរម្យ ដើម្បីសម្រាលបន្ទុកកសិករ៖ « ឲ្យតែបានថ្លៃឡាន ក៏ខ្ញុំត្រូវតែជួយទិញគាត់ដែរ សំខាន់គឺគាត់អាចលក់ឲ្យយើងដែរ ប៉ុន្តែឆ្នាំមុនៗ ប្រជាពលរដ្ឋអត់មានថ្ងូរអីដូចឆ្នាំនេះទេ។ ឆ្នាំនេះថ្ងូរច្រើន។ ថ្ងូរត្រង់ថាថោកពេក ដើររកទីផ្សារមិនឃើញសោះ ហើយចង់រដ្ឋាភិបាលជួយដែរឲ្យជួយរកទីផ្សារឲ្យបានច្បាស់លាស់ មិនចង់ឲ្យបានតម្លៃខ្ពស់ដល់ថ្នាក់ណាទេ ឲ្យតែបាន ៥០០រៀលឲ្យបានតម្លៃនឹងដែលថាឲ្យកសិករយើងទូទាត់រួចថ្លៃជី ថ្លៃអាត្រាក់ ថ្លៃកម្មករដាំ អស់ចិត្តហើយ »។
អាជ្ញាធរខេត្តពោធិ៍សាត់ បង្ហាញថា ផ្ទៃដីដាំដំឡូងមីនៅទូទាំងខេត្ត មានជាង ៣ម៉ឺនហិកតារ ក្នុងនោះមានកសិករនៅស្រុកភ្នំក្រវ៉ាញ និងស្រុកបាកាន ដាំដំឡូងលើផ្ទៃដីជាង ១ម៉ឺនហិកតារជារៀងរាល់ឆ្នាំ។
ប៉ុន្តែក្រុមកសិករតែងតែជួបប្រទះនឹងបញ្ហាក្នុងដំណាក់កាលប្រមូលផលដំឡូង និងបញ្ហាទីផ្សារ ធ្វើឲ្យកសិករជំពាក់បំណុលគេកាន់តែច្រើន និងខ្លះត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិដើម្បីដោះបំណុលគេ។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ អ្នកជំនាញកសិកម្ម និងសេដ្ឋកិច្ច បានផ្ដល់ការណែនាំមួយចំនួនដល់កសិករ។ ការណែនាំ បានផ្ដោតលើភាពឆ្លាតវៃ និងការឧស្សាហ៍ព្យាយាមរបស់កសិករម្នាក់ៗ។
នាយកមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ឬហៅកាត់ថា សេដាក (CEDAC) លោក សម វិទូ ផ្ដល់គំនិតថា កសិករគួរតាមដានការព្យាករពីអាកាសធាតុ ដើម្បីងាយស្រួលកំណត់ពេលវេលាគាស់ដំឡូង ឬកាប់ដំឡូងហាល។ ចំណែកទីលានហាលដំឡូងវិញ កសិករត្រូវរកកម្រាលដាក់ក្រាលនៅលើដីដែលស្ងួត និងមិនត្រូវដាក់ហាលនៅកន្លែងធូលីដី ឬកម្ទេចថ្មខ្ទាតចូល។ ក្រៅពីនេះ កសិករត្រូវហាលដំឡូងឲ្យបានស្ងួតល្អ ទើបច្រកទុកដាក់ក្នុងការុង ឬបាវដែលមិនហប់ពេក ទើបធានាថាដំឡូងមិនពុក ឬដុះផ្សិត៖ « ជាទូទៅ ប្រសិនបើគាត់អាចរក្សាទុកបានកាន់តែយូរ ចង់និយាយថា ទុកកន្លែងដែលមានសុវត្ថិភាពល្អនូវផលិតផលរបស់គាត់ គឺវានឹងអាចឡើងថ្លៃវិញ ហើយជាពិសេសបន្ទាប់ប្រមូលផលហើយភ្លាមៗ យើងឃើញហើយផលិតផ្សេងៗដូចជាស្រូវក៏ដោយ ពោតដំឡូងក៏ដោយ តម្លៃវាថោកបំផុត »។
លោក សម វិទូ ដឹងថា កសិករជំពាក់លុយធនាគារ ព្រោះកសិករត្រូវការលុយធ្វើដើមទុន ទើបកសិករភាគច្រើនប្រញាប់ប្រញាល់គាស់ដំឡូងលក់នៅពេលដល់រដូវម្ដងៗ ដើម្បីយកប្រាក់ទៅដោះបំណុលកុំឲ្យការប្រាក់ឡើង។ ប៉ុន្តែលោកថា កសិករអាចគុណគូរអត្រាការប្រាក់ដែលបានខ្ចីធនាគារ ថាតើបើពន្យារពេលគាស់ ឬកាប់ដំឡូងហាលឲ្យស្ងួតទុកលក់ពេលដំឡូងលែងសម្បូរ បានចំណេញប៉ុន្មាន។
ចំពោះស្ថានភាពដាំដុះដំឡូងមីនៅក្នុងប្រទេសវិញ លោក សម វិទូ សង្កេតឃើញថា កសិករនៅនិយមដាំដំឡូង បើទោះបីជាកសិករត្អូញត្អែរពីបញ្ហាទីផ្សារ និងបញ្ហាប្រឈមជាច្រើនទៀត។ លោកថា រដ្ឋាភិបាលគួរបង្កើតរោងចក្រកែច្នៃចំណីសត្វ ឬមនុស្សចេញពីវត្ថុធាតុដើមដែលខ្លួនមានស្រាប់ឲ្យបានច្រើននៅក្នុងប្រទេស ជាជាងពឹងផ្អែកលើទីផ្សារប្រទេសចិន និងប្រទេសជិតខាង៖ « យើងឃើញកម្ពុជា យើងនាំចូលចំណីសត្វពីខាងក្រៅរាប់ម៉ឺនរាប់សែនតោន ដើម្បីយកផ្គត់ផ្គង់ស្រុកយើង ប៉ុន្តែការកែច្នៃរបស់យើងដែលយើងមានផលិតផលដើមដូចជាដំឡូង ពោត សណ្ដែកសៀង យើងអត់បានប្រើប្រាស់ដើម្បីបង្កើនតម្លៃទៅលើផលិតផលទាំងនោះទេ អ៊ីចឹងហើយបានធ្វើឲ្យផលិតផលរបស់យើងតម្លៃអត់ថេរទេ »។
មន្ត្រីជំនាញកសិកម្ម និងអាជ្ញាធរថ្នាក់ក្រោមជាតិ តែងតែអះអាងថា អាជ្ញាធរបានកៀរគររកឈ្មួញដែលហ៊ានឲ្យតម្លៃទំនិញរបស់ពលរដ្ឋថ្លៃ ហើយទប់ស្កាត់ឈ្មួញដែលបង្គាប់តម្លៃទំនិញកសិករ។ ប៉ុន្តែកសិករនៅតែជួបប្រទះបញ្ហាទីផ្សារស្រូវ ដំឡូង និងកសិផលមួយចំនួនទៀត ហើយអាជ្ញាធរឆ្លើយតបថា ការចុះថោក ឬឡើងថ្លៃទំនិញទាំងនេះក៏អាស្រ័យលើទីផ្សារនៅក្នុងស្រុក និងក្រៅស្រុកដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
