វិធី​ស្ទូង​ឬ​ព្រោះ​ស្រូវ​នៅ​តំបន់​ដី​ល្បាយ​ខ្សាច់​ឬ​តំបន់​ក្ដៅ​ស្ងួត

0:00 / 0:00

អាកាសធាតុ​ឡើង​កម្ដៅ​ខ្លាំង ដំណាំ​ស្រូវ​នៅ​ក្នុង​តំបន់​ដី​ល្បាយ​ខ្សាច់ ឬ​ហៅ​ថា ដី​ព្រៃ​ខ្មែរ ក្តៅ​ស្ងួត ហើយ​ពេល​ភ្លៀង​ធ្លាក់​មិន​ជោកជាំ​បណ្ដាល​ឲ្យ​សំណាប និង​សន្ទូង​រលួយ​គល់​និង​បណ្ដូល មិន​អាច​ជួយ​សង្គ្រោះ​បាន ក្រៅ​ពី​ភ្ជួរ​សាប​គ្រាប់​ពូជ​ជា​ថ្មី។

បញ្ហា​ដូច​គ្នា​នេះ​ដែរ មន្ត្រី​កសិកម្ម​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ឲ្យ​ដឹង​ថា ដំណាំ​ស្រូវ​វស្សា​គឺ​សំណាប​បាន​រលួយ​គល់​ងាប់​បណ្តើរៗ អស់​ទំហំ​ដី ១៤១​ហិកតារ និង​សន្ទូង​ជាង ៣០០​ហិកតារ​ទៀត ប៉ះពាល់​ធ្ងន់​ពី​គ្រោះ​រាំង​ស្ងួត។

មន្ត្រី​កសិកម្ម​ខេត្ត​តាកែវ ចុះ​ពិនិត្យ​ភ្លាមៗ​នៅ​តំបន់ ធ្វើស្រែ​វស្សា ដែល​មាន​សេចក្ដី​រាយការណ៍​ថា សំណាប​និង​សន្ទូង​បាន​ក្រហម​ស្លឹក ហើយ​រលួយ​គល់​និង​បណ្ដូល ងាប់​បណ្តើរៗ មិន​អាច​ជួយ​សង្គ្រោះ​បាន។

អនុ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​តាកែវ អ្នកស្រី ង៉ែត សុភា ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៤ ថា ដោយសារ​តែ​អាកាសធាតុ​ប្រែប្រួល​ខ្លាំង​រដូវ​វស្សា​នៅ​ក្នុង​ខេត្ត​តាកែវ មិន​អាច​ដាំ​ស្រូវ​បាន​ល្អ ព្រោះ​អាកាសធាតុ​រាំង​ស្ងួត​អូស​បន្លាយ។ ដំណាំ​ស្រូវ​វស្សា​ដែល​ប្រជាពលរដ្ឋ​ខំ​ដាំ​ស្រូវ​នៅ​ដើម​រដូវ​វស្សា​បាន​ឆួល​កម្ដៅ​ដី​ខ្សាច់ បណ្ដាល​ឲ្យ​ដើម​សំណាប​ងាប់​ទាំង​ស្រុង​ព្រោះ​ខ្វះ​ទឹក ហើយ​ទឹក​ភ្លៀង​ធ្លាក់​តិច​ពេក មិន​ជោក​ដី ធ្វើ​ឲ្យ​ដី​កាន់តែ​ឡើង​កម្ដៅ​ខ្លាំង។

អ្នកស្រី ង៉ែត សុភា៖ «ដូចជា​មានតែ​ស្រុក​ត្រាំកក់​ហ្នឹង​ទេ ព្រោះ​ស្រុក​ត្រាំកក់​ហ្នឹង វា​ប្រភេទ​ដីខ្សាច់ ជា​ដី​ព្រៃ​ខ្មែរ ហើយ​ស្រុក​ផ្សេងៗ វា​ល្បាយ​ឥដ្ឋ​ខ្សាច់​អ៊ីចឹង​វា​អត់​សូវ​ជា​បញ្ហា​ខ្លាំង​ទេ។ ដូច​ស្រុក​ទ្រាំង​ស្រុក​អី​ក៏​រាំង​ដែរ សំរោង​អី​ក៏​រាំង​ដែរ វា​គ្រាន់តែ​ស្វិត វា​អត់​រលួយ អ៊ីចឹង​អត់​ឆួល អត់​រលួយ​អ៊ីចឹង អា​នេះ​រលួយ​ទាំង​ឫស រលួយ​ទាំង​ដើម យើង​អត់​អាច​ស្រង់​បាន មានតែ​ឲ្យ​គាត់​ភ្ជួរ​ចោល​ឲ្យ​គាត់​សាប​ព្រោះ​ឡើង​វិញ»

ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ លោក សាក់ វន ឲ្យ​ដឹង​ថា សំណាប​នៅ​ក្នុង​ស្រុក​ត្រាំកក់ បាន​ងាប់​បណ្តើរៗ ប៉ះពាល់ ១៤១​ហិកតារ និង​សន្ទូង ៣៤៨​ហិកតារ ប៉ះពាល់​ធ្ងន់ បើ​សិន​​ជា​ទឹក​ភ្លៀង​មិន​ធ្លាក់​មក​ទៀត​នោះ​ទេ។ កត្តា​នេះ​គឺ​បណ្ដាល​មក​ពី​រាំងស្ងួត​អូស​បន្លាយ​ផែនដី​ឡើង​​កម្ដៅ​ខ្លាំង ធ្វើ​ឲ្យ​ដី​ខ្សាច់ ឬ​ហៅ​ថា ដី​ព្រៃ​ខ្មែរ នៅ​ក្នុង​ស្រុក​ត្រាំកក់ កាន់​តែ​ក្ដៅ គួបផ្សំ​ការ​ប្រើ​ជី​បន្ថែម​លើ​ដី​ដែល​មិនសូវ​មាន​ទឹក បណ្ដាល​ឲ្យ​ដើម​សំណាប​រលួយ​បណ្ដូល និង​ស្ទូង​រលួយ​គល់​ងាប់​បន្ត​បន្ទាប់។

លោក សាក់ វន៖ «នៅ​ក្នុង​ទូទាំង​ស្រុក​ត្រាំកក់​ដែរ ក្រោយ​ពេល​ដែល​វា​ជួបប្រទះ​ការ​រាំង​ស្ងួត​ហ្នឹង​ហើយ ក្រោយ​មក​វា​មាន​ភ្លៀង​ក៏​អត់​គ្រប់គ្រាន់ អ៊ីចឹង​ធ្វើ​ឲ្យ​សំណាប​ងាប់។ ក្នុង​ស្រុក​ត្រាំកក់ ហ្នឹង​ងាប់​ក្នុង​ឃុំ​នីមួយៗ មាន​ដូចគ្នា​អ៊ីចឹង។ អា​ហ្នឹង​មិន​មែន​ជា​ជំងឺ​ទេ នេះ​វា​មក​ពី​ក្ដៅ​ពេក​កាល​ណា​វា​ក្ដៅ​អ៊ីចឹង​នៅ​​តំបន់​ស្រុក​ត្រាំកក់ វា​តំបន់​ដី​ខ្សាច់ អ៊ីចឹង​កាលណា​ក្ដៅ​ពេក វា​ធ្វើ​ឲ្យ​ដីខ្សាច់​នឹង​ក្ដៅ​ហើយ​បណ្ដាល​ឲ្យ​ងាប់​សំណាប​និង​សន្ទូង ហើយ​កត្តា​មួយ​ទៀត គួបផ្សំ​នឹង​ជី​ស្រស់​ដែល​យើង​ប្រើ​ទៅ​វា​អាច​ប្រតិកម្ម​រហ័ស​ដែល​ពាក្យ​ចាស់​ថា​ឆួល​ដី​នោះ»

លោក សាក់ វន ណែនាំ​ឲ្យ​កសិករ​ដែល​នៅ​សល់​ពូជ​ស្រូវ​ត្រូវ​ភ្ជួរ​សំណាប និង​សន្ទូង​នោះ​ចោល​ចាប់​ផ្ដើម​សាប​ជា​ថ្មី ដើម្បី​ដាំ​ស្រូវ​ឲ្យ​ទាន់​មុន​រដូវ​ភ្ជុំបិណ្ឌ​ដែល​សង្ឃឹម​ថា ទឹក​ភ្លៀង​នឹង​ធ្លាក់​មក​ច្រើន៖ «ភ្លៀង​នេះ​មិន​គ្រប់គ្រាន់​ទេ ឃើញ​នៅ​តំបន់​អង្គតាសោម ធ្លាក់​ច្រើន ប៉ុន្តែ​តំបន់​ផ្សេងៗ​គ្រាន់តែ​សើមៗ រលឹម​ហើយ​បាត់​ទៅ​វិញ ដី​ក្ដៅ​ខ្លាំង​ពេក ហើយ​និង​គួបផ្សំ​កាល​ដែល​គាត់​សាប​ពី​មុន​ហ្នឹង គឺ​អត់​មាន​ទឹក​គ្រប់គ្រាន់ ហើយ​ក្រោយ​ពី​សាប​ហើយ វា​រាំង​រហូត​អ៊ីចឹង ហើយ​ក្រោយ​មក​វា​មាន​ភ្លៀង​មិន​គ្រប់គ្រាន់​ទៅ​ទៀត អ៊ីចឹង​វា​ធ្វើ​ឲ្យ​អា​ប្រតិកម្ម​ជី​ដែល​គាត់​ដាក់​ពេល​សាប​ហ្នឹង។ ការិយាល័យ​កសិកម្ម​គឺ​បាន​ផ្សព្វផ្សាយ​ហើយ នៅ​ពេល​ដែល​កើត​សភាព​បែប​ហ្នឹង គឺ​មាន​ភ្ជួរ​ចោល​ហើយ​សាប​ម្ដង​ទៀត។ សាប​ហ្នឹង​យក​អា​ពូជ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ​យក​ទៅ​សាប​វិញ ក្នុង​រយៈពេល​យ៉ាង​យូរ ២០​ថ្ងៃ អ៊ីចឹង​គាត់​យក​ទៅ​ដក​ស្ទូង​បាន​វិញ​ហើយ»

លោក សាក់ វន ឲ្យ​ដឹង​ថា សំណាប​និង​សន្ទូង​ងាប់​នៅ​ក្នុង​ស្រុក​ត្រាំកក់​នេះ មិន​មែន​ជា​ជំងឺ ឬ​សត្វ​ល្អិត​យាយី​នោះ​ទេ គឺ​វា​ជា​ការ​កើត​ឡើង​ដោយសារ​ដី​ខ្សាច់​បឺត​កម្ដៅ​ខ្លាំង​ពី​កម្ដៅ​ថ្ងៃ។ ទន្ទឹម​នោះ​កសិករ​ប្រើ​ជី​បំប៉ន​វា​ធ្វើ​ឲ្យ​ដី​កាន់តែ​ក្តៅ គួប​ផ្សំ​ទឹក​ភ្លៀង​ធ្លាក់​តិច​តូច ដើម​ស្រូវ​នៅ​ខ្ចី វា​ឆាប់​រលួយ ខូច​ដើម​ស្រូវ​ទាំង​ស្រុង។

ពលរដ្ឋ​ភូមិ​មហាសេនា ឃុំ​មហាសេនា លោកស្រី នាង សារ៉ាង ឲ្យ​ដឹង​ថា គាត់​បាន​ភ្ជួរ​ស្រូវ​ចោល​អស់ ២​ស្រែ ខណៈ​វា​ដុះ​កំពុង​ល្អ ស្រាប់តែ​ភ្លៀង​ធ្លាក់​មិន​ជោកជាំ ធ្វើ​ឲ្យ​សំណាប​និង​សន្ទូង​ពេញ​ដី​រលួយ​គល់​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ។ លោកស្រី​ថា មុន​នឹង​សំណាប​និង​សន្ទូង​ងាប់ មុន​ដំបូង​គឺ​ដើម​ស្រូវ​ក្រហម​ចុង​សន្លឹក ម្តុំៗ​នៅ​ក្នុង​ស្រែ គាត់​ស្មាន​តែ​មាន​សត្វ​ក្រា ឬ​មមាច​ត្នោត​ស៊ី ក៏​ចុះ​ទៅ​រាវ​មើល មិន​មាន​ឃើញ​សត្វល្អិត​ហើរ ឬ​ជ្រុះ​ក្នុង​ទឹក​ទេ។ គាត់​ដក​ដើម​ស្រូវ​មើល​ឃើញ​​រលួយ​គល់ ទើប​គាត់​ភ្ជួរ​ហើយ​សាប​ជា​ថ្មី។

លោកស្រី នាង សារ៉ាង៖ «ខ្ញុំ​ខូច​២​ស្រែ តែ​ស្រែ​នោះ​វា​តូចៗ​ដែរ​មិន​ធំ​ទេ អ៊ីចឹង​វា​ពុក​ត្រង់​គល់ ម្តុំៗ​អ៊ីចឹង​ទៅ ប៉ុន្តែ​នៅ​ក្នុង​ស្រែ​​មើល​ទៅ​ឃើញ​ក្រហម​ទាំង​អស់ ប៉ុន្តែ​យើង​ដើរ​ពិនិត្យ​ទៅ​រាង​ពុកៗ​ត្រង់​គល់​ហ្នឹង​ម្តុំៗ​តែម្ដង ឡើង​ក្រហម​ស្លឹក គឺ​ក្រហម​ទាំង​អស់​ក្នុង​ស្រែ។ ខ្ញុំ​ដើរ​យក​ដៃ​វី​មើល​ទៅ​អត់​មាន​ឃើញ​សត្វ​ល្អិត​​ក្នុង​ហ្នឹង​ទេ»

ចំណែក​ស្ត្រី វ៉ាន់ ពៅ នៅ​ឃុំ​តាភេម ឲ្យ​ដឹង​ថា ពេល​ភ្លៀង​ម្តងៗ ទឹក​ភ្លៀង​ធ្លាក់​មិន​ច្រើន គ្មាន​ទឹក​ដក់​ក្នុង​ស្រែ គឺ​ដី​ស្រែ​មាន​ទឹក​សើម​តិចតួច ទើប​សន្ទូង​គាត់​ងាប់​បន្ត​បន្ទាប់។ លោកស្រី​ថា គ្មាន​ពូជស្រូវ​​សល់​សម្រាប់​ធ្វើ​ស្រែ​លើក​ទី​២​ទេ ព្រោះ​ពូជ​ដែល​គាត់​សម្រិតសម្រាំង​បាន​សាប​រួចរាល់ និង​បាន​ស្ទូង​​​មុន​គេ គឺ​ដើម​ស្រូវ​បែក​គុម្ព​ខ្លះ​ហើយ។ ស្រាប់តែ​ទឹកភ្លៀង​ធ្លាក់​តិច​ពេក​បាន​សើម​ដី គឺ​មេឃ​ក្ដៅ​ខ្លាំង​​ផង គាត់​គ្មាន​ទឹកស្រះ​បូម​បន្ថែម​បំពេញ​ដីស្រែ​ផង គឺ​អាកាសធាតុ​ក្ដៅ​នោះ​ទៅ​បំផ្លាញ​ការផលិត​ស្រូវ​តាម​បច្ចេកទេស (បវស) ងាប់​បណ្តើរៗ។

លោកស្រី​ថា គាត់​ទើបតែ​សាកល្បង​ដាំ​ស្រូវ តាម​បច្ចេកទេស​ប្រព័ន្ធ​ប្រពលវប្បកម្ម​ស្រូវ តាម​គោលការណ៍​ធម្មជាតិ (បវស) នៅ​ឆ្នាំ​ទី​២​នេះ​បន្ត​ទៀត ប៉ុន្តែ​គ្រោះ​ធម្មជាតិ​បំផ្លាញ​ក្តី​សង្ឃឹម​ដែល​គាត់​ខំ​ផ្ចិតផ្ចង់​អនុវត្ត​ដាំ​ស្រូវ​ឲ្យ​ត្រូវ​តាម​បច្ចេកទេស ដើម្បី​បាន​ទិន្នផល​ស្រូវ​ច្រើន​នោះ ត្រូវ​រលាយ​អស់​ទៅ​ហើយ៖ «របស់​ខ្ញុំ​បាច​ជីគីមី ប៉ុន្តែ​រំដួល​ខាង​លិច​អត់​បាច​ទេ ប៉ុន្តែ​ក្រហម​មួយ​កំណាត់ រលួយ​មួយ​កំណាត់​​ដែរ​ហើយ។ ទើប​តែ​ឆ្នាំនេះ ជាប់​ភូមិ​ចាស់​ហ្នឹង​រលួយ​មួយ​មុខៗ​អ៊ីចឹង​រហូត។ ខ្ញុំ​អត់​នឹក​ឃើញ​ថា​ឆ្នាំ​ហ្នឹង​រាំង​ខ្លាំង​អ៊ីចឹង​ទេ»

ថ្លែង​លើក​ទឹក​ចិត្ត​កសិករ​នៅ​ស្រុក​ត្រាំកក់ មន្ត្រី​កសិកម្ម លោក សាក់ វន ឲ្យ​ដឹង​ថា ដោយសារ​ឆ្នាំ​នេះ​សន្ទូង​និង​សំណាប​នៅ​ក្នុង​ស្រុក​ត្រាំកក់ រលួយ ព្រោះ​ការ​ឆួល​ដី​មក​ពី​ទឹកភ្លៀង​ធ្លាក់​មិន​បាន​ច្រើន ទើប​ការិយាល័យ​កសិកម្ម​ស្រុក​បាន​សាប​ស្រូវ​ពូជ​ស្រាល មិន​ប្រកាន់​រដូវ​ចំនួន ២​តោន នៅ​ក្នុង​ឃុំ ២ ​គឺ​ឃុំ​ត្រពាំងគ្រញូង និង​ឃុំ​អូរសារ៉ាយ កាលពី​ថ្ងៃ​៣ ខែ​កញ្ញា ដើម្បី​ចែក​ជូន​កសិករ​ដែល​ខ្វះ​សំណាប​និង​ខ្វះ​ពូជ​ស្រូវ​អាច​ដក​យក​ទៅ​ដាំ។

លោក​ថា សំណាប​នោះ​អាច​ដក​យក​ទៅ​ស្ទូង​រយៈពេល​​កន្លះ​ខែ​ទៀត គឺ​ផ្ដល់​ជូន​ទៅ​កសិករ​ណា​ដែល​បាន​ស្នើ​សុំ​តាម​រយៈ​មេ​ឃុំ មក​ការិយាល័យ​កសិកម្ម​​ស្រុក គឺ​កសិករ​អាច​ទៅ​ដក​យក​សំណាប​នោះ​ទៅ​ស្ទូង​ដោយ​ការិយាល័យ​កសិកម្ម​ស្រុក​ត្រាំកក់ មិន​មាន​ការ​គិត​លុយ​ពី​កសិករ​ទេ៖ «ឥឡូវ​នេះ​មាន​គម្រោង​សង្គ្រោះ​បន្ទាន់​មួយ ដើម្បី​លក់​ស្រូវ​ពូជ​ឲ្យ។ យើង​សាប​ថ្នាល​រួម​នេះ​សម្រាប់​ជួយ​ឧបត្ថម្ភ​ប្រជាជន​ដែល​គាត់​ខ្វះ​សំណាប បើ​អ៊ីចឹង​យើង​ផ្ដល់​ដំណឹង​ទៅ​តាម​មេឃុំ​គ្រប់​ឃុំ ហើយ​ឲ្យ​គាត់​ផ្ដល់​ដំណឹង​ទៅ​តាម​ភូមិ អ្នក​ណា​ដែល​ខ្វះ​សំណាប ឲ្យ​គាត់​ទៅ​ទាក់ទង​ខាង​ខ្ញុំ ឬ​ក៏​​ខាង​ឃុំ​អូរសារ៉ាយ ហើយ​និង​ត្រពាំងគ្រញូង»

អនុ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​តាកែវ អ្នកស្រី ង៉ែត សុភា ឲ្យ​ដឹង​ថា កសិករ​ត្រូវតែ​រហ័ស​ភ្ជួរ​សំណាប​និង​សន្ទូង​ដែល​ខូច​នោះ​ចោល ដោយ​ជ្រើសរើស​ពូជ​ស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ទៅ​ដាំ​ដុះ​វិញ ព្រោះ ៣​ខែ​ក្រោយ គាត់​អាច​ច្រូតស្រូវ​នោះ​ទុក​ដាក់​បាន​ហើយ។

ចំណែក​ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​ត្រាំកក់ លោក សាក់ វន ឲ្យ​ដឹង​ថា ក្រសួង​កសិកម្ម កំពុង​ត្រៀម​ពូជ​ស្រូវ​លក់​ជូន​កសិករ​ណា​ដែល​ចង់​បាន​ពូជ​សុទ្ធ​ល្អ​យក​ទៅ​ដាំ បន្ទាប់​ពី​ស្រូវ​រលួយ។

ប្រធាន​អង្គការ​សេដាក បណ្ឌិត យ៉ង សាំងកុមារ ថ្លែង​លើក​ទឹក​ចិត្ត​កសិករ​ថា បើ​សិន​ការ​ធ្វើ​ស្រែ​វស្សា​មិន​សូវ​ហុច​ផល​ល្អ ខណៈ​ដើម​រដូវ​វស្សា ការ​ធ្វើ​ស្រែ​ខ្វះ​ទឹក ប៉ុន្តែ​ជន់ជោរ​នៅ​ចុង​រដូវ​​វស្សា​ទៅ​វិញ លោក​សុំ​ឲ្យ​កសិករ​ដាំ​ដំណាំ​បន្លែ​ឆាប់​បាន​ទទួល​ផល​ក្នុង​រយៈពេល ៤០ ទៅ ៤៥​ថ្ងៃ និង​ចិញ្ចឹម​សត្វ​មាន់ ទា ដែល​វា​ហុច​ផល​លឿន ហើយ​មាន​តម្លៃ​ខ្ពស់​ជាង​លក់​ស្រូវ គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​សេដ្ឋកិច្ច​នៅ​ក្នុង​គ្រួសារ​ថយ​ចុះ​ដោយសារ​អាកាសធាតុ​ប្រែប្រួល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។