វិធី​ដាំ​ស្រូវ​ជាថ្មី​ក្រោយ​ការ​ខូច​ដោយ​ទឹកជំនន់ និង​រាំងស្ងួត

ដោយ អ៊ុក សាវបូរី
2014.09.14
ស្រូវ​​សន្ទូង ៦២០ ស្រូវកសិករ​​​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ រូបថត​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៤។
​RFA/Ouk Savborey

ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​រដូវវស្សា នៅ​ឆ្នាំ​២០១៤​នេះ បណ្ដាល​ឲ្យ​ដំណាំ​ស្រូវវស្សា នៅ​ខេត្ត​មួយ​ចំនួន តាម​ដង​ទន្លេ​មេគង្គ ត្រូវ​ទឹកជំនន់​ពន្លិច ចំណែក​ដីស្រែ​នៅ​ឆ្ងាយ​ពី​ទឹកទន្លេ ដូចជា​ខេត្ត​តាកែវ កំពត កំពង់ស្ពឺ ខេត្ត​ពោធិ៍សាត់ ជាដើម រង​នូវ​គ្រោះ​រាំង​ស្ងួត អូស​បន្លាយ ដោយសារ​របាយ​ទឹកភ្លៀង ធ្លាក់​តិចតួច។ បញ្ហា​នេះ មន្ត្រី​នាយកដ្ឋាន​ដំណាំ​ស្រូវ នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ណែនាំ​កសិករ ឲ្យ​បន្ត​ដាំ​ដុះ​ជាថ្មី ព្រោះ​មិនទាន់​ផុត​ពេល​ដាំ​ដុះ​ស្រូវវស្សា​ទេ។

មន្ត្រី​នាយកដ្ឋាន​ដំណាំ​ស្រូវ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ លោក គង់ គា ឲ្យ​ដឹង​ថា អាកាសធាតុ​ប្រែប្រួល បង្ក​ជា​មហន្តរាយ ដល់​ដំណាំ​ស្រូវវស្សា នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ក្នុង​ប្រទេស​កម្ពុជា ដូចជា​ទឹក​ជំនន់ បាន​ពន្លិច​ស្រូវ​ពង្រោះ ធ្វើ​ឲ្យ​ស្រូវ​រលួយ នៅ​តំបន់​ទំនាប មាត់ទន្លេ។ ឯ​តំបន់​ទួល បែរជា​គ្រោះ​រាំងស្ងួត ងាប់​សំណាប និង​សន្ទូង​ដោយ​ខ្វះ​ទឹក។

លោក គង់ គា បន្ត​ថា ដើម្បី​ឲ្យ​កសិករ​នៅ​តែ​អាច​ដាំ​ស្រូវ​វស្សា ស្ដារ​ការ​ខូចខាត​កន្លង​មក​បាន លោក​​សុំ​ឲ្យ​កសិករ ប្ដូរ​ពូជស្រូវ​ពី​ពូជ​ស្រូវ​ធ្ងន់ និង​ស្រូវ​កណ្ដាល ប្ដូរ​យក​ពូជ​ស្រូវស្រាល អាយុ​១០០​ថ្ងៃ មក​ធ្វើជា​ស្រែ​ពង្រោះ ក្នុង​ការ​ដាំ​ដុះ​ជាថ្មី ក្រោយ​ទឹកជំនន់ និង​រាំងស្ងួត​៖ «ប៉ុន្តែ​ដោយ​ឡែក នៅ​តំបន់​ខេត្ត​តាកែវ ខេត្ត​កំពត ជា​តំបន់​ដែល​មិន​មាន​ទឹកជំនន់​ដោយ​ទន្លេ គឺ​អាច​ឲ្យ​កសិករ​គាត់​ភ្ជួរ​រាស់​ស្រូវ​ដែល​ខូច​នឹង​ហើយ ដាំ​ដុះ​ឡើងវិញ​ចុះ​ដោយ​ដូរ​ពូជ ពី​ពូជ​ស្រូវ​ធ្ងន់ ឬ​មួយ ក៏​ស្រូវ​កណ្ដាល មក​ស្រូវ​ស្រាល​វិញ»

ពន្យល់​បន្ថែម​លើ​បច្ចេកទេស ដាំ​ដុះ​ស្រូវ ដើម្បី​ស្ដារ​ដំណាំ​ស្រូវ​ដែល​ខូច អ្នកស្រី ង៉ែត សុភា អនុប្រធាន​មន្ទីរ​កសិករ​ខេត្ត​តាកែវ បង្រៀន​ពី​បច្ចេកទេស ដាំ​ដុះ​ស្រូវស្រាល​នោះ​ថា គួរ​ភ្ជួរ​ដី​សំណាប​និង​សន្ទូង ខូច​នោះ​ចោល ឲ្យ​វា​កប់​ដើម​ស្រូវ​ទៅ​ក្នុង​ដី ទុក​ឲ្យ​វា​រលួយ ធ្វើ​ជា​ជី ហើយ​ហាល​ដីស្រែ នោះ ឲ្យ​ខ្យល់​សម្ងួត រយៈពេល​២​ទៅ​៣​ថ្ងៃ ទើប​ភ្ជួរ​ពង្រាប​ដី​ឲ្យ​រាបស្មើ យក​គ្រាប់​ពូជ​ស្រូវស្រាល មិន​ប្រកាន់​រដូវ ដែល​បាន​ត្រៀម​ទុក ទៅ​សាប​ឲ្យ​រង្វើល លើ​ថ្នាល​ចាស់​នោះ៖ «យើង​ភ្ជួរ​រយៈពេល​១​អាទិត្យ ឬក៏​២​អាទិត្យ​អីចឹង ដល់ពេល​ធ្លាក់​ភ្លៀង​ធ្លាក់​អី​មក យើង​ភ្ជួរ​មួយ​សារ​ទៀត យើង​រៀបចំ​ដី យើង​កៀរ​វា​ឲ្យ​ស្មើ​ទៅ គាត់​ស្ទូង​ប៉ុន្តែ​អាស្រូវ ដែល​វា​បញ្ហា​នឹង​មិន​មែន​ជា​ភាគច្រើន នៅ​លើ​ស្រូវ​សន្ទូង​ទេ នៅ​លើ​ស្រូវ​សំណាប បើសិនជា​ស្ទូង វា​មាន​បញ្ហា​ផ្សេង​ដូចជា​សត្វ​ល្អិត​ផ្សេងៗ ហើយ​ឥឡូវ​សំខាន់​ការប្រែប្រួល​អាកាសធាតុ ហើយ​ភាគច្រើន​គាត់​ធ្វើ​ផ្សងព្រេង»

ឯកសារ​ផ្សព្វផ្សាយ​ដំណាំ​ស្រូវ របស់​អគ្គនាយកដ្ឋាន​កសិកម្ម ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ប្រាប់​ពី​វិធី ប្រើប្រាស់​ជីធម្មជាតិ លើ​ដី មុននឹង​សាប គឺ​ត្រូវ​ដាក់​ជី មាន​សារធាតុ​ហ្វូស្វ័រ (P) ២០​គីឡូក្រាម និង​បន្ថែម សារធាតុ​ប៉ូតាស្យូម (K) ២០​គីឡូក្រាម សម្រាប់​ទ្រាប់​បាត​ដី មុននឹង​សាប​ឬ​ព្រោះ​គ្រាប់ស្រូវ ហើយ​បន្ថែម​ជី ដែល​មាន​សារធាតុ​អាសូត (N) ១៥​គីឡូក្រាម ទើប​ភ្ជួរ​លុប​ដីស្រែ។

ផលប្រយោជន៍​នៃ​ការ ប្រើ​ជី​មាន​សារធាតុ​ហ្វូស្វ័រ (P) គឺ​សារធាតុ​នោះ វា​ទៅ​ជំរុញ ឲ្យ​ឬ​ស​ស្រូវ​ដុះ​បាន​វែង ធ្វើ​ឲ្យ​ស្រូវ​បែក​គុម្ព​ច្រើន ទើប​រាល់​ការ​ដាំ​ដុះ​ស្រូវ ចាំបាច់ ត្រូវ​ការ​ប្រើ សារធាតុ​ហ្វូស្វ័រ​ច្រើន នៅ​ពេល​ស្រូវ ត្រូវការ​លូតលាស់​ដំបូង ក្នុង​រយៈពេល​២៥​ទៅ​៣០​ថ្ងៃ ក្រោយ​សាប​គ្រាប់​ពូជ។ ចំពោះ​សារធាតុ​ប៉ូតាស្យូម (K) ក៏​ប្រើ​ច្រើន ដូច​ហ្វូស្វ័រ​ដែរ នៅ​ដំណាក់កាល ស្រូវ​លូតលាស់​ដំបូង ព្រោះ​វា​ជួយ​ឲ្យ​ឬ​ស​ស្រូវ រឹងមាំ និង​ជំរុញ​ឲ្យ​ឬ​ស​ស្រូវ និង​ដើម​ស្រូវ ស្រូប​យក​សារធាតុចិញ្ចឹម ពី​បរិយាកាស​បាន​ច្រើន។ សារធាតុ​ប៉ូតាស្យូម (K) ជួយ​ឲ្យ​ដើម​ស្រូវ​ធន់​ទ្រាំ​នឹង​ជំងឺ ធន់​ទ្រាំ​សត្វ​ល្អិត​យាយី និង​ធ្វើ​ឲ្យ​ដើម​ស្រូវ​រឹងមាំ មិន​ដួល។ ការ​ប្រើ​ជី​នៅ ក្នុង​ពេល​ស្រូវ​បែក​គុម្ព គួរ​ប្រើ​សារធាតុ អាសូត (N) ដល់​ទៅ​៤៦​គីឡូក្រាម ដើម្បី​ឲ្យ​វា​បំបែក​កូន​ស្រូវ បាន​ច្រើន​ដើម។ នៅ​ដំណាក់កាល កំណកំណើត​កួរ ឬ​ហៅថា​ស្រូវ​ធ្វើខ្លួន ឬ​មូល​ដើម ការ​ដាក់​ជី​បន្ថែម គួរ​រើស​យក​សារធាតុ​អាសូត (N) ប្រើ​ដល់​ទៅ​៤៦​គីឡូក្រាម ចំណែក​ប៉ូតាស្យូម​(K) ៦០​គីឡូក្រាម យក​ទៅ​បាច​ទៅ​ក្នុង​សន្ទូង។

ពាក់ព័ន្ធ​ការណែនាំ​នេះ​ដែរ មន្ត្រី​នាយកដ្ឋាន​ដំណាំ​ស្រូវ នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ លោក គង់គា ឲ្យ​ដឹង​ថា ដោយ​សារ​ទឹកភ្លៀង កាន់តែ​ធ្លាក់ កើន​ឡើង​ច្រើន នៅ​ក្នុង​ចុង​រដូវ​វស្សា ទន្ទឹម​នោះ​កសិករ​ជាច្រើន ខ្វះ​កម្លាំង​ពលកម្ម​ក្នុង​ការផលិត​ដំណាំ​ស្រូវ កសិករ​អាច​ធ្វើ​ស្រូវពង្រោះ។ លោក​ណែនាំ​ឲ្យ​យក គ្រាប់​ពូជ​ស្រូវស្រាល ដែល​មិន​ប្រកាន់​រដូវ អាយុ​ជាង​១០០​ថ្ងៃ ជា​ពូជ​អីអ៊ែរ៦៦ ពូជ​សែន​ពិដោរ​ជាដើម យក​មក​ផលិត​វិញ ព្រោះ​ជា​ពូជស្រូវ មិន​ប្រកាន់​រដូវ ដែល​កសិករ​ដាំ​ដុះ បាន​ទាន់​រដូវ ប្រមូល​ផល​នា​ពេល​ខាង​មុខ៖ «ទំនាប​តាម​ទន្លេ​មេគង្គ​អី អាច​ត្រូវ​គិត​ចាំ​មើល ដល់ពេល​ភ្ជុំ​ហើយ យើង​ដឹង​ហើយ​ថា តើ​ទឹក​វា​នៅ​ឡើង​ទៀត ឬ​អត់​ព្រោះ​ជា​ធម្មតា​ទឹក​វា​ឡើង តែ​ត្រឹម​ភ្ជុំ​អី​ទេ គឺ​វា​អស់​ហើយ បើ​វា​អត់​ហើយ យើង​អាច​ដាំ​ដុះ​ឡើងវិញ​បាន បើ​វា​មាន​ប្រភព​ទឹក»

ឯកសារ​ផ្សព្វផ្សាយ​ដំណាំ​ស្រូវ ប្រាប់​ពី​តម្រូវការ សារធាតុ​ចិញ្ចឹម នៅ​ក្នុង​ដំណាក់កាល​ផ្សេងៗ និង​ពេលវេលា​ដាក់​ជី ចំពោះ​ស្រូវ​ពង្រោះ គួរ​ប្រើ​ជី​ដែល​មាន​សារធាតុ​អាសូត ៤៦​គីឡូក្រាម នៅ​ពេល​ស្រូវ​បែក​គុម្ព ក្រោយ​ការ​សាប​គ្រាប់​ពូជស្រូវ បាន​២៥​ទៅ​៣០​ថ្ងៃ។ នៅ​ពេល​ស្រូវ កំណ​កំណើត​កួរ ឬ​មូល​ដើម ក្រោយ​ព្រោះ​គ្រាប់​ពូជស្រូវ រយៈពេល​៣៥​ទៅ​៤០​ថ្ងៃ វា​ត្រូវ​ការ​សារធាតុចិញ្ចឹម​ទៀត គឺ​អាសូត​ចំនួន​៤៦​គីឡូក្រាម និង​ប៉ូតាស្យូម​៦០​គីឡូក្រាម។

ឯកសារ​ដដែល​ណែនាំ​ថា ពេល​វេលា​ដែល​មិន​គួរ​ប្រើ សារធាតុ​បំប៉ន​លើ​ដំណាំ​ស្រូវ គឺ​នៅ​ពេល ស្រូវ​ចេញ​ផ្កា ជា​ពេល​ដែល​កសិករ បាន​ព្រោះ​គ្រាប់​ពូជ រយៈពេល​៦០​ទៅ​៦៥​ថ្ងៃ និង​រហូតដល់​៩០​ទៅ​ជាង​១០០​ថ្ងៃ ដែល​គ្រាប់​ស្រូវ​ទុំ កសិករ​មិន​ត្រូវ​ការ​ប្រើ នូវ​សារធាតុចិញ្ចឹម បន្ថែម​ទៀត​នោះ​ទេ។

ការប្រើប្រាស់​ជី មិន​ត្រូវ​តាម​ដំណាក់កាល ដុះ​លូតលាស់​នៃ​ដំណាំ​ស្រូវ ដូចជា​យក​ជី​ទៅ​បន្ថែម នៅ​ពេល​ស្រូវ​ចេញ​ផ្កា​ហើយ​នោះ នាំ​ឲ្យ​ស្រូវ​នៅតែ​មិន​អាច​ស្រូប​យក​ជី ពី​សារធាតុចិញ្ចឹម​នោះ​បាន​ទេ គឺ​ស្រូវ​មិន​ផ្ដល់​ផល​ច្រើន ហើយ​ខាត​ជីធម្មជាតិ ដែល​សន្សំ ខាត​ទាំង​ប្រាក់ ដែល​ទិញ​ជីគីមី មក​ប្រើ​លើ​ស្រូវ​នោះ។

មន្ត្រី​កសិកម្ម​ឲ្យ​ដឹង​ថា ដំណាំ​រដូវវស្សា​ដើម​រដូវ នៅ​ក្នុង​ខេត្ត​តាកែវ ខូចខាត​ស្រូវ តែ​ក្នុង​ស្រុក​ត្រាំកក់​មួយ ធ្វើ​ឲ្យ​សំណាប​១៤១​ហិកតារ និង​សន្ទូង​៣៤៨​ហិកតារ ខូច​ទាំងស្រុង មិន​អាច​សង្គ្រោះ​បាន ដោយ​ខ្វះ​ទឹក។ ចំណែក​នៅ​ខេត្ត​កំពត​វិញ មាន​ស្រូវវស្សា ជាង​៣០០០​ហិកតារ នៅ​ក្នុង​ស្រុក​ច្រើន ជាប់​ខេត្ត​តាកែវ ខ្វះ​ទឹក​ធ្ងន់ធ្ងរ។

ចំពោះ​ការថែទាំ​ដំណាំ​ស្រូវ ពង្រោះ​ឬ​សន្ទូង​ក្រោយ​ពី​ស្រូវ រង​ការ​ខូចខាត​កន្លងមក ត្រូវ​មន្ត្រី​នៃ​នាយកដ្ឋាន​ដំណាំ​ស្រូវ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក គង់ គា ណែនាំ​ថា​កសិករ​ធ្វើស្រែ​តាម​ដង​ទន្លេ​មេគង្គ គួរ​កុំអាល​សាប ឬ​ស្ទូង​ស្រូវ មុន​ពេល​ភ្ជុំបិណ្ឌ ព្រោះ​ទឹកទន្លេ អាច​នឹង​ឡើង​មកវិញ​ម្ដង​ទៀត ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ រហូត​ទៅ ដល់​បុណ្យអុំទូក។

ឯកសារ​ផ្សព្វផ្សាយ​ដំណាំ​ស្រូវ ប្រាប់​ពី​វិធី​ដែល​នាំ​ឲ្យ​កើត​មមាច​ត្នោត យាយី​ដំណាំ​ស្រូវ ត្រូវ​មើល​បើ​ខ្យល់​អាកាស ក្ដៅ​សើម និង​ហប់ វា​ជា​ការ​ហុច​ផល សម្រាប់​សត្វ​មមាច​ត្នោត កកើត​ឡើង។

ឯកសារ​នោះ​ណែនាំ​ឲ្យ​កសិករ ចុះ​សម្អាត​ស្មៅ​ក្នុង​ស្រែ​និង​ភ្លឺស្រែ​ជាប្រចាំ ដើម្បី​ឲ្យ​ខ្យល់​បក់​ចូល​ទៅ ដើម​ស្រូវ​កុំ​ឲ្យ​សត្វ​មមាច​ត្នោត វា​ពង​លើ​ដើម​ស្រូវ​បាន​។ ទន្ទឹម​នោះ ត្រូវ​ចិញ្ចឹម​កង្កែប និង​ត្រី​​ក្នុង​ស្រែ​ឲ្យ​ច្រើន។ បើ​មាន​សត្វ​ផ្សេងទៀត ដូចជា ពីងពាង កន្ទុំរុយ អណ្ដើក​មាស ជាដើម វា​ជាសត្វ ដែល​ស៊ី​សត្វ​មមាច​ជា​ចំណី។

ក្រៅ​ពី​នោះ ការប្រើប្រាស់​ជី ទៅ​ក្នុង​ដំណាំ​ស្រូវ ត្រូវ​បន្ថយ​សារធាតុ​អាសូត​( K) បន្តិច​មកវិញ ដើម្បី​កុំ​ឲ្យ​ជាលិកា ស្លឹក​និង​ដើម​ស្រូវ មាន​សភាព​ទន់​ជ្រុល អាច​នាំ​ឲ្យ​សត្វ​មមាច ងាយ​ជញ្ជក់​ដំណាំ​ស្រូវ ជា​ចំណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។