វិធី​រក​ទី​ផ្សារ​គ្រាប់​ស្វាយ​ចន្ទី​ដោយ​ការ​បក​សំបក

ស្វាយ​ចន្ទី ឬ Cashew (ខ្យូវ) ជា​ដំណាំ​សេដ្ឋកិច្ច​ដែល​ប្រទេស​ដទៃ​គេ​ដាំ ហើយ​នាំ​ចេញ​បាន​ចំណូល​មួយ​ឆ្នាំៗ​រាប់​រយ​លាន​ដុល្លារ។

0:00 / 0:00

បើ​តាម​តួលេខ​អង្គការ​ស្បៀង​និង​កសិកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ ឬ Food and Agriculture Organization (FAO) កម្ពុជា​ផលិត​គ្រាប់​ស្វាយ​ចន្ទី​បាន​ប្រមាណ ៥​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ តែ​នាំ​ចេញ​តែ ៤៥​តោន​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ ២០០៤។ ទាំង​នេះ​ព្រោះ​ថា​ផលិត​ផល​ភាគ​ច្រើន​បាន​ត្រូវ​ប្រមូល​ទិញ​ដោយ​ឈ្មួញ​យៀកណាម ដែល​ជិះ​ម៉ូតូ ជិះ​ឡាន ឆ្លង​ដែន​ចូល​រត់​ពន្ធ​គ្រាប់​ស្វាយ​ចន្ទី​យក​ទៅ​ច្នៃ​នាំ​ចេញ​ទៅ​ផ្សារ​អន្តរជាតិ ដោយ​កសិករ​ខ្មែរ​ត្រូវ​បង្ខំ​ចិត្ត​លក់​ស្វាយ​ចន្ទី​របស់​ខ្លួន​ក្នុង​តម្លៃ​ថោក ព្រោះ​ពុំ​អាច​រក​ទីផ្សារ​ក្នុង​ស្រុក​សម្រាប់​ផលិត​ផល​របស់​ខ្លួន​បាន។

ផល​ដែល​បាន​ពី​ស្វាយ​ចន្ទី​មាន​ពីរ​ប្រភេទ គឺ​ផ្លែ​ស្វាយ​ចន្ទី​និង​គ្រាប់​ស្វាយ​ចន្ទី។ ផ្លែ​ស្វាយ​ចន្ទី​មាន​ជីវជាតិ​វីតាមីន​សេ ៥ ទៅ ៧​ដង ច្រើន​ជាង​ផ្លែ​ក្រូច​ទៅ​ទៀត។ ដូច្នេះ​គេ​អាច​រក​ទីផ្សារ​ក្នុង​ស្រុក​បាន​បើ​ចេះ​ច្នៃ​ផ្លែ​ស្វាយ​ចន្ទី​ជា​អនុផល ដូច​ជា​កៀប​ច្របាច់​យក​ទឹក ឆឹង​ស្ករ ឬ​ធ្វើ​ជា​តំណាប់។

យោង​តាម​បចេ្ចកទេស​ផលិត​អនុផល​ពី​ផ្លែ​ស្វាយ​ចន្ទី​នៅ​ប្រទេស​នានា ដូច​ជា​ហ៊្វីលីពីន ប្រេស៊ីល និង​ឥណ្ឌា គេ​បំបាត់​រស​ជាតិ​ហាង​និង​ភាព​រមាស់​ក​របស់​ស្វាយ​ចន្ទី​បាន​ដោយ​ចំហុយ​ផ្លែ​ស្វាយ​រយៈ​ពេល​៥​នាទី រួច​ហើយ​លាង​នឹង​ទឹក​ត្រជាក់។ វិធី​ម៉្យាង​ទៀត​គឺ​ស្ងោរ​ផ្លែ​ស្វាយ​ចន្ទី​ក្នុង​ទឹក​លាយ​អំបិល ២%​ រយៈ​ពេល ៣-៤​នាទី។

តែ​ផល​ពី​ដើម​ស្វាយ​ចន្ទី សំខាន់​ជាង​គេ​គឺ​គ្រាប់​របស់​វា ដែល​គេ​អាច​លក់​ទាំង​សំបក​ក្នុង​តម្លៃ​ថោក ឬ​ឆ្កឹះ​យក​សាច់​គ្រាប់​តាម​វិធី​ដែល​ស្មុគស្មាញ​បន្តិច ដូច​ដែល​នាទី​កសិកម្ម​ធ្លាប់​លើក​យក​មក​រៀប​រាប់​ជា​ច្រើន​លើក​ច្រើន​សា​ហើយ។ បាន​ជា​និយាយ​ពី​ការ​បក​សំបក​គ្រាប់​ស្វាយ​ចន្ទី​ច្រើន​ដង​ព្រោះ​ថា បើ​កសិករ ឬ​ពលរដ្ឋ​កម្ពុជា​ណា​អាច​បក​សំបក​គ្រាប់​ស្វាយ​នេះ​បាន គេ​នឹង​លក់​បាន​តម្លៃ​ខ្ពស់​ជាង​គ្រាប់​ស្វាយ​ចន្ទី​ស្រស់​ជា​ច្រើន​ដង។

យោង​តាម​កសិករ​នៅ​កំពង់ចាម គេ​លក់​គ្រាប់​ស្វាយ​ចន្ទី​ឲ្យ​ឈ្មួញ​យៀកណាម ១​គីឡូក្រាម​បាន​តែ​២.០០០​រៀល​ប៉ុណ្ណោះ ខ្លះ​ថា​បាន​ថោក​ជាង​នេះ​ឆ្ងាយ​ណាស់។ បើ​គ្រាប់​មិន​ទាន់​បក​សំបក ១​គីឡូ ថ្លៃ​២.០០០​រៀល គឺ​ស្មើ​នឹង​ប្រមាណ ៥០​សេន​ប្រាក់​ដុល្លារ​អាមេរិក។ ១​តោន​នឹង​មាន​តម្លៃ ៥០០​ដុល្លារ។

តើ​សាច់​គ្រាប់​ស្វាយ​ចន្ទី​ដែល​បក​សំបក​ហើយ​មាន​តម្លៃ​ប៉ុន្មាន? លោក ជា សំភី បុគ្គលិក​ក្រុមហ៊ុន​សិប្បកម្ម​ធម្មជាតិ​ខ្មែរ និង​ជា​តំណាង​លោក ព្រហ្ម សៅរ៍នរ៉ា វិស្វករ​ខ្មែរ-​អាមេរិកាំង មាន​ប្រសាសន៍​ប្រាប់​ដូច្នេះ ៖ «បើ​តាម​ទីផ្សារ​បោះ​ដុំ​យើង​ហ្នឹង កាល​ពី​មុន​នៅ​ពេល​ឡើង​ថ្លៃ​ប្រហែល​ជា ១០​ដុល្លារ​មួយ​គីឡូក្រាម ឥឡូវ​ប្រហែល​ជា ៩​ដុល្លារ ទៅ ៨,៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម លក់​តាម​ទីផ្សារ។ ហ្នឹង​មិន​ទាន់​អី​ទាំង​អស់ គ្រាន់​តែ​គ្រាប់​វា​បក​ហើយ​ទុក​ច្រក​ថង់​លក់​ហ្នឹង មិន​ទាន់​ទាំង​លាយ​គ្រឿង​លាយ​អី​លក់​ត​ទៅ​ទៀត»

ដូច្នេះ​គ្រាប់​ដែល​បក​សំបក​ហើយ​មាន​តម្លៃ​ចន្លោះ ៨.៥០០ និង ៩.០០០ ទៅ ១០.០០០​ដុល្លារ​ក្នុង​១​តោន។ ក៏​ប៉ុន្តែ​ដើម្បី​ឲ្យ​បាន​សាច់​គ្រាប់ ១​គីឡូ ត្រូវ​ប្រើ​គ្រាប់​ស្វាយ​ស្រស់ ៤​គីឡូ ឬ​ដើម្បី​ឲ្យ​បាន​សាច់​គ្រាប់ ១​តោន ត្រូវ​ចំណាយ​លើ​គ្រាប់​មិន​ទាន់​បក​សំបក ៤​តោន។

លោក​វិស្វករ ព្រហ្ម សៅរ៍នរ៉ា ពន្យល់​ថា ៖ «ឧបមា​ថា​យើង​អ្នក​ទៅ​ទិញ​គ្រាប់​ហ្នឹង​មក យើង​ទិញ​គ្រាប់​ថា ១​តោន ៥០០​ដុល្លារ​អ៊ីចឹង យើង​ត្រូវ​ការ ៤​តោន ដើម្បី​ឲ្យ​បាន​គ្រាប់​បក​សំបក​ហើយ​ហ្នឹង ១​តោន ដូច្នេះ​ហើយ​យើង​ត្រូវ​ការ ២.០០០​ដុល្លារ​ទៅ​ទិញ យើង​បក​ហើយ យើង​លក់​ទៅ​បាន ៩.០០០​ដុល្លារ»

ដូច្នេះ​បាន​ចំណេញ ៧.០០០​ដុល្លារ ជា​តម្លៃ​ពលកម្ម​ក្នុង​ការ​បក​សំបក និង​ការ​វិនិយោគ​ទិញ​គ្រឿង​ប្រដាប់​មួយ​ឈុត​សម្រាប់​យក​មក​បក​សំបក​គ្រាប់​ស្វាយ​ចន្ទី។

សន្មត​ថា​មិត្ត​អ្នក​ស្តាប់​ចង់​បណ្តាក់​ទុន​យក​អាជីព​ប្រឡេះ​គ្រាប់​ស្វាយ​ចន្ទី ដែល​មាន​ដាំ​នៅ​ស្ទើរ​គ្រប់​ទី​តំបន់​នៅ​កម្ពុជា នោះ តើ​ត្រូវ​បណ្តាក់​ទុន​លើ​ឧបករណ៏​អ្វី​ខ្លះ​ទៀត?

លោក ជា សំភី នៃ​សិប្បកម្ម​ធម្មជាតិ​ខ្មែរ​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចម្ការមន ក្រុង​ភ្នំពេញ អធិប្បាយ​ប្រាប់​ថា មាន​គ្រឿង​ឧបករណ៍​សំខាន់ ៤​យ៉ាង ៖ «វា​មាន​ឆ្នាំង​ចំហុយ មាន​គ្រាប់​កាំបិត មាន​ទូ​សម្ងួត​វា ឬ​មួយ​យើង​ប្រើ​មួយ​ទៀត​គេ​ហៅ​ទូ​ប្រើ​កម្ដៅ​សម្ងួត​ហ្នឹង បន្ទាប់​មក​យើង​វេច​ខ្ចប់​ចូល​ម៉ាស៊ីន អ៊ុត​ហើយ វេច​ខ្ចប់​វា​តែ​ម្ដង»

ក្នុង​ចំណោម​គ្រឿង​ប្រដាប់​ទាំង​នេះ សិប្បកម្ម​ធម្មជាតិ​ខ្មែរ​បាន​ច្នៃ​ប្រឌិត​កាំបិត​បក​គ្រាប់​និង​​ទូ​សម្ងួត​ដែល​មាន​ទាំង​ទូ​ប្រើ​កម្ដៅ​ព្រះអាទិត្យ និង​ទូ​សម្ងួត​ប្រើ​ចំហាយ​កម្ដៅ។ រី​ឯ​ពីរ​មុខ​ទៀត​គឺ​ឆ្នាំង​ចំហុយ​មាន​សម្ពាធ និង​ម៉ាស៊ីន​វេច​ខ្ចប់​ត្រូវ​នាំ​ចូល​ពី​ប្រទេស​ចិន។

លោក ជា សំភី មាន​ប្រសាសន៍​ដូច្នេះ ៖ «ទិញ​ពី​ស្រុក​ចិន​មក ស្រុក​ខ្មែរ​យើង​អត់​មាន​ទេ ទាល់​តែ​យើង​កុម្ម៉ង់​ពី​គេ​មក។ សូម្បី​ការ​វេច​ខ្ចប់​ហ្នឹង​ក៏​ត្រូវ​កុម៉្មង់​ពី​ចិន​មក​ដែរ ខ្មែរ​យើង​អត់​មាន​ទេ​អាហ្នឹង»

លោក ជា សំភី ពិពណ៌នា​អំពី​កាំបិត​បក​គ្រាប់​ដែល​ក្រុមហ៊ុន​លោក​បាន​កែច្នៃ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​តែ​មាន​តម្លៃ​ថោក​ជាង​នៅ​ប្រទេស​ឥណ្ឌា ឬ​យៀកណាម គឺ​តម្លៃ​តែ ៦៥​ដុល្លារ​នោះ អាច​បក​គ្រាប់​ស្វាយ​ចន្ទី​បាន​២០ ទៅ ៣០​គីឡូ ក្នុង​១​ថ្ងៃ អាស្រ័យ​លើ​ភាព​ប៉ិន​ប្រសប់​របស់​អ្នក​បក។

លោក ជា សំភី ពិពណ៌នា​ដូច្នេះ​ថា ៖ «កាំបិត​ហ្នឹង​មាន​ផ្លែ​ពីរ ផ្លែ​មួយ​រាង W ផ្លែ​មួយ​រាង​អក្សរ C ព្រោះ​យើង​ធ្វើ​ឲ្យ​វា​រាង​ដូច​ជា​គ្រាប់​ស្វាយ​ចន្ទី​អ៊ីចឹង យើង​ដាក់​គ្រាប់​ចូល​ទៅ​តាម​ទម្រង់​វា​អ៊ីចឹង អារាង​កោង​ដាក់​ចូល​ជា​មួយ W ហើយ​អក្សរ C ដាក់​កោង​ទៅ​ចូល​ចន្លោះ​កណ្ដាល​ទៅ​យើង​យក​ដៃ​សង្កត់​វា សង្កត់​វា​មក​វា​បុក​គ្រាប់​ចុះ​មក។ យើង​សង្កត់​ទៅ​ដែក​វា​ស្ពៀត​ចូល​គ្នា កាំបិត​ពុះ​ចំ​ពាក់​កណ្ដាល​គ្រាប់ ហើយ​យើង​មើល​ល្មម​ហើយ យើង​ចាប់​ផ្ដើម​ជាន់​វា​ទៅ ឲ្យ​វា​គាស់​ផ្នែក​មួយ។ អក្សរ C អ្នក​គាស់ បាន​ន័យ​ថា W អ្នក​រុញ​ចូល​មក​មុត​សង​ខាង ដល់​ពេល​អ៊ីចឹង​អក្សរ C អ្នក​គាស់​ធ្វើ​ឲ្យ​បែក​ជា​ពីរ យើង​បាន​គ្រាប់​កណ្ដាល​វា​មូល​ល្អ»

តើ​ឧបករណ៍​ដែល​រួម​មាន​ឆ្នាំង​ចំហុយ កាំបិត​បក​គ្រាប់ ទូ​សម្ងួត និង​ម៉ាស៊ីន​បឺត​ខ្យល់ និង​អ៊ុត​មាត់​ថង់ ដែល​ប្រើ​ចរន្ត​អគ្គិសនី ឬ​អាគុយ​នោះ​មាន​តម្លៃ​ប៉ុន្មាន?

លោក ជា សំភី ឲ្យ​ដឹង​ដូច្នេះ ៖ «មួយ​ឈុត​ហ្នឹង​វា​អាស្រ័យ​ទៅ​លើ​តម្រូវ​ការ អ្នក​ខ្លះ​ត្រូវ​ការ​កាំបិត​ច្រើន គាត់​បក​ច្រើន​វា​ថ្លៃ ប៉ុន្តែ​បើ​សិន​ជា​យើង​បូក​១ៗ​ទាំង​អស់​ទៅ តម្លៃ​វា​ចូល ៤៦០​ដុល្លារ ក្បែរ ៥០០​ដុល្លារ។ ថោក​មែន​ទែន»

លោក ជា សំភី ក៏​ឲ្យ​ដឹង​ផង​ដែរ​ថា ក្រោយ​ពី​លាយ​ផ្សំ​គ្រឿង មាន​ទឹក​ឃ្មុំ ឬ​លាយ​អំបិល លាយ​ស្ករ និង​ហាល​សម្ងួត​ក្នុង​ទូ​សម្ងួត​ហើយ គេ​អាច​ច្រក​ថង់​វេច​ខ្ចប់​ទុក​បាន​រយៈ​ពេល​យូរ ៖ «ខ្ចប់​វា​យើង​អាច​ដាក់​បាន​ទំហំ ២​គីឡូ ទៅ ៥​គីឡូក្រាម តាម​ប្រភេទ​ថង់​យើង​ចង់​ដាក់​ហ្នឹង មិន​អាច​បាន​ដល់ ៥០​គីឡូក្រាម អត់​បាន​ទេ ធ្វើ​ថង់​ល្មមៗ​ប្រហែល​ជា ៥​គីឡូក្រាម ទៅ ១០​គីឡូក្រាម យើង​ខ្ចប់​វា​បាន ប៉ុន្តែ​យើង​អាច​បោះ​តាម​ទីផ្សារ​ស្រួល​ប៉ុណ្ណឹង​នោះ។ ខ្ចប់​ហ្នឹង​យើង​អាច​ទុក​វា​បាន​រយៈ​ពេល​ជិត ២​ឆ្នាំ ១​ឆ្នាំ​កន្លះ​ទៅ ២​ឆ្នាំ យើង​បឺត​ខ្យល់​វា​ហើយ យើង​អ៊ុត​មាត់​ថង់​មួយ​ទៀត ធ្វើ​អ៊ីចឹង​វា​ទុក​បាន​យូរ»

ក្រៅ​ពី​នេះ​គ្រាប់​ស្វាយ​ចន្ទី​នៅ​ផ្តល់​អនុផល ២​មុខ​សំខាន់​ទៀត។

លោក ព្រហ្ម សៅរ៍នរ៉ា ប្រាប់​ថា ប្រេង​ដែល​បាន​ពី​សំបក​គ្រាប់​ស្វាយ​ចន្ទី ឬ Cashew Nut Shell Liquid ហៅ​កាត់​ថា CSNLមាន​ប្រយោជន៍​សម្រាប់​យក​ទៅ​លាយ​នឹង​ពណ៌​លាប​ទូក​លាប​កប៉ាល់​ដើម្បី​ការពារ​ត្រដិត ៖ «ពីព្រោះ​អាហ្នឹង​វា​មាន​ជាតិ​ពុល​នៅ​ក្នុង​ហ្នឹង ត្រដិត​ហ្នឹង​វា​មិន​សូវ​ទៅ​ឆាឆៅ​កប៉ាល់​ទេ អា​ត្រដិត​ហ្នឹង​វា​ទៅ​ដុះ​ជាប់​នៅ​លើ​ទូក​ហ្នឹង​តែ​ម្ដង ឲ្យ​តែ​ទូក ឬ​ក៏ប៉ាល់​អី​នៅ​ក្នុង​ទឹក​សមុទ្រ។ ត្រដិត​ហ្នឹង​វា​ទៅ​ដុះ​ជាប់​ដូច​ថ្ម​អ៊ីចឹង ម្ល៉ោះ​ហើយ​ដល់​មាន​ជាតិ​ហ្នឹង​លាប​ទៅ វា​មិន​សូវ​ជាប់​ដូច​ថ្នាំ​ដទៃ​ទៀត​ទេ បាន​គេ​យក​ទៅ​ប្រើ​សម្រាប់​លាប​កប៉ាល់​អី​ហ្នឹង»

ចំណែក​ឯ​សំបក​ដែល​គាស់​យក​សាច់​គ្រាប់​ចេញ​ហើយ គេ​អាច​យក​ជំនួស​ឧស​ជា​ឥន្ធនៈ​សម្រាប់​ដុត​បាន​យ៉ាង​ល្អ៕