វិធី​ចិញ្ចឹម​ត្រី​ឲ្យ​ចំណី​ខ្យង​លឿង

0:00 / 0:00

មន្ត្រី​កសិកម្ម​អះអាង​ថា ត្រី​ធម្មជាតិ​នៅ​តែ​សំបូរ​ក្នុង​ទន្លេ បឹងបួ ប៉ុន្តែ​ត្រី​ធម្មជាតិ​មិន​អាច​ផ្ដល់​អាហារ​បាន​គ្រប់គ្រាន់​ទៅ​តាម​កំណើន​មនុស្ស​នៅ​ពេល​បច្ចុប្បន្ន​ទេ។ ដូច្នេះ​ដើម្បី​ឲ្យ​ត្រី​នៅ​តែ​សំបូរ​ក្នុង​ទីផ្សារ នាយកដ្ឋាន​ជលផល​សុំ​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ​នៅ​តាម​បណ្ដា​ឃុំ ស្រុក ខេត្ត។ ការ​ចិញ្ចឹម​ត្រី​នេះ​មាន​កសិករ​មួយ​ចំនួន​បាន​ច្នៃប្រឌិត​ផលិត​ចំណី​ត្រី​ពី​សត្វ​ចង្រៃ​មួយ​ចំនួន ជា​ពិសេស​ពី​ខ្យង​លឿង ឬ​ខ្យង​មាស​​ជាដើម។

មន្ត្រី​ក្រសួង​កសិកម្ម​និង​អង្គការ​ការីតាស បង្រៀន​កសិករ​ឲ្យ​ចេះ​ចិញ្ចឹម​ត្រី​ពូជ​ក្នុង​ស្រុក និង​ត្រី​ពូជ​នាំ​ចូល​តាម​ការ​ចិញ្ចឹម​ខុសៗ​គ្នា ខ្លះ​ចិញ្ចឹម​ក្នុង​ស្រះ​គ្រួសារ ខ្លះ​ចិញ្ចឹម​ដាក់​ក្នុង​ទ្រុង​បណ្ដែត​លើ​ទឹក​ទន្លេ ខ្លះ​ចិញ្ចឹម​ក្នុង​ថង់​ប្លាស្ទិក។

ស្រប​គ្នា​នេះ មន្ត្រី​កសិកម្ម​ក៏​បាន​ណែនាំ​កសិករ​អ្នក​ចិញ្ចឹម​ត្រី​ឲ្យ​ប្រមូល​យក​ខ្យង​លឿង ឬ​ខ្យង​មាស​ ដែល​ជា​សត្វ​ខ្យង​ចង្រៃ វា​ស៊ី​បំផ្លាញ​ស្រូវ​យ៉ាង​រហ័ស​នោះ​មក​ធ្វើ​ជា​ចំណី​ត្រី។

ការ​ណែ​នាំ​នោះ ធ្វើ​ឲ្យ​លោក គង់ ស នៅ​ភូមិ​ព្រែកឬស្សី ឃុំ​ព្រែកឬស្សី ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ដែល​លោក​ជា​ក្រុមប្រឹក្សាភិបាល​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​សុភមង្គល​ភូមិ​យើង​សាក​ល្បង​អនុវត្ត​មុន​គេ។

នៅ​ពេល​លោក​អនុវត្ត ឃើញ​ថា​ចំណេញ​ថវិកា​ច្រើន មិន​ចំណាយ​លុយ​ទិញ​ចំណី​មក​ឲ្យ​ត្រី​ស៊ី គាត់​ក៏​អំពាវនាវ​ឲ្យ​អ្នក​ដទៃ​ធ្វើ​តាម៖ «ខ្ញុំ​សុំ​ឲ្យ​កសិករ​ទាំង​អស់​គិត​ថា បើ​សិន​ជា​យើង​យក​លុយ​ទៅ​ទិញ​ថ្នាំ​បាញ់​ខ្យង គិត​ថា បាញ់​ស្រែ​ក្នុង ១​ហិកតារ ​អស់ ៤​កញ្ចប់ ទៅ ៥​កញ្ចប់ យើង​គិត​ថា ក្នុង​១​កញ្ចប់​តម្លៃ ៥​ពាន់​រៀល ក៏ប៉ុន្តែ​ក្នុង​ហ្នឹង​វា​ជា​ការ​ចំណាយ​ប្រាក់​របស់​យើង ហើយ​បើ​យើង​ងាក​ទិញ​គេ ជីវភាព​គ្រួសារ​យើង​មិន​អាច​ធូរធារ​ទេ»

លោក​ គង់ ស បាន​ឲ្យ​ដឹង​ថា វិធី​យក​ខ្យង​លឿង ឬ​ខ្យង​មាស​ទៅ​ឲ្យ​ត្រី​ស៊ី​នោះ មាន​ការ​ណែនាំ​ពី​មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​ល្វាឯម និង​ពី​បុគ្គលិក​អង្គការ​ការីតាស​កម្ពុជា (CARITAS Cambodia)។

លោក​ថា ក្នុង​ខ្យង​ប្រមាណ ៥​គីឡូក្រាម គាត់​ស្ងោរ​ឆ្កឹះ​យក​សាច់​ចិញ្ច្រាំ​បោះ​ឲ្យ​ត្រី​ស៊ី​បាន​ពេញ​១​ថ្ងៃ៖ «សំបូរ​ខ្យង​មាស​ដែល​កសិករ​ប៉ះពាល់​ណាស់ ព្រោះ​ខ្យង​មាស​វា​ស៊ី​ស្រូវ កន្លែង​ខ្លះ​វា​ស៊ី​អស់​ហើយ។ ខ្ញុំ​យក​ស្បៃ​ទៅ​ក្រាល​នៅ​ក្នុង​ទឹក ដល់​ហើយ​ខ្ញុំ​យក​ដើម​ល្ហុង ហើយ​និង​ដើម​ចេក​អី​យក​ទៅ​ចង​នៅ​ពី​លើ​ហ្នឹង​ទៅ ដល់​ពេល​ហើយ ដើម​ចេក​ដើម​ល្ហុង ដល់​វា​រលួយ​ទៅ ខ្យង​វា​អត់​មាន​ចំណី​ស៊ី វា​មក​តោង​ស៊ី​ចំណី​ហ្នឹង​ទៅ ហើយ​ដល់ ២ ទៅ ៣​ថ្ងៃ យើង​លើក​មក​បាន ១​ល្អី​អី​មក យក​មក​វ៉ៃ​ខ្យង ដើម្បី​ឲ្យ​ត្រី​វា​ស៊ី​ធ្វើ​ជា​ចំណី»

លោក​ថា ត្រី​ស៊ី​សាច់​ខ្យង​វា​នឹង​ធំ​លឿន។ នៅ​ក្នុង​ការ​ចិញ្ចឹម​ត្រី​របស់​គាត់​មិន​ដល់ ១​ឆ្នាំ គាត់​ថ្លឹង​ត្រី​ក្នុង​១​ក្បាល​ទម្ងន់​ជិត ១​គីឡូក្រាម។ ដោយ​គាត់​ឃើញ​ថា ខ្យង​លឿង ឬ​ខ្យង​មាស ជា​សត្វ​ចង្រៃ​ដែល​កសិករ​ជា​ច្រើន​ខ្លាច​វា ព្រោះ​តែ​វា​ពូកែ​ស៊ី​បំផ្លាញ​ស្រូវ តែ​គេ​អាច​ចាប់​វា​យក​មក​កែច្នៃ​ធ្វើ​ជា​ចំណី​មាន​ប្រយោជន៍​ដល់​សត្វ​ត្រី លោក គង់ ស ក៏​អំពាវនាវ​ឲ្យ​កសិករ​ចាប់​ខ្យង​នោះ​យក​មក​ប្រើ​ការ​វិញ។

លោក​បន្ត​ថា ខ្យង​លឿង ឬ​ខ្យង​មាស កសិករ​ជា​ច្រើន​កម្ចាត់​វា​ពី​ស្រែ ដោយ​ទិញ​ថ្នាំ​គីមី​ពុល​យក​ទៅ​បាញ់​សម្លាប់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវចម្រុះ​ដទៃ​ទៀត និង​ប៉ះពាល់​សុខភាព​អ្នក​បាញ់​ថ្នាំ​នោះ​ផង និង​អ្នក​ជិត​ខាង​ផង។ ប៉ុន្តែ​បើ​ធ្វើ​តាម​វិធី​គាត់ គឺ​គ្រាន់​បក​ផ្លែ​ត្នោត​ទុំ និង​កាប់​ដើម​ចេក និង​ដើម​ល្ហុង​យក​ទៅ​ត្រាំ​ក្នុង​ទឹក​ស្រែ​ដើម្បី​ទាក់ទាញ​ខ្យង កសិករ​នឹង​ចំណេញ​ប្រាក់ មិន​បាច់​ទិញ​ថ្នាំពុល​មក​បាញ់​សម្លាប់​ខ្យង​លឿង ឬ​ខ្យង​មាស​នោះ​ទៀត​ឡើយ។

លោក គង់ ស៖ «វា​ត្រូវ​ចំណេញ​ដល់​កសិករ ពិសេស​ចំណេញ​ដល់​ខ្លួន​ខ្ញុំ។ ឧទាហរណ៍​ស្រែ​ប្រាំង​ខ្ញុំ​មាន​អ៊ីចឹង ខ្ញុំ​យក​ទៅ​ដាក់​ទៅ ដូច​ជា​គល់​ល្ហុង ឬ​មួយ​សំបក​ចេក យក​ទៅ​ចង​ដាក់​ដូច​ជា​កន្តំ​អ៊ីចឹង ដល់​ចង​ទៅ​វា​មក​ស៊ី ដល់​ពេល​ស៊ី​ទៅ យើង​លើក​ទៅ​ធ្វើ​ឲ្យ​ខ្យង​ពាយ ដោយ​កសិករ​យើង​មិន​បាច់​ប្រើ​ថ្នាំ​ពុល​យក​ទៅ​បាញ់​បណ្ដេញ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ត្រី​តូចតាច ឬ​សត្វ​អី​មាន​ប្រយោជន៍​នៅ​ក្នុង​ស្រែ​យើង​ទេ។ វិធី​ហ្នឹង​គឺ​អង្គការ​ការីកាស និង​មន្ទីរ​កសិកម្ម​ខេត្ត​មក​បង្រៀន​ពី​វិធីសាស្ត្រ​ហ្នឹង»

លោក​បន្ត​ថា នៅ​ក្នុង​ស្រុក​ល្វាឯម មាន​កណ្ដុរ​និង​សត្វ​ខ្យង​លឿង ឬ​ខ្យង​មាស​ជា​សត្វ​ដែល​វា​ចូល​ចិត្ត​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ។ លោក​បាន​ចាប់​វា​យក​មក​ធ្វើ​ជា​ចំណី​ត្រី។ ក្រោយ​ពី​ឲ្យ​សាច់​សត្វ​ទាំង​២​នោះ​ទៅ​ត្រី​ស៊ី គាត់​ឃើញ​ថា ត្រី​ឆាប់​ធំ។ លោក​សូម​ឲ្យ​ប្រជាកសិករ​ទាំង​អស់​ដែល​មាន​ខ្យង​លឿង និង​កណ្ដុរ​ចូល​ស៊ី​ស្រូវ ត្រូវ​ចាប់​វា​មក​ធ្វើ​ចំណី​ត្រី។ លោក​ប្រាប់​ពី​វិធី​ចាប់​ខ្យង​លឿង​ពី​ស្រែ គឺ​អាច​យក​ផ្លែ​ត្នោត​ទុំ បក​ដាក់​ពី​លើ​ស្បៃមុង យក​ទៅ​ត្រាំ​ក្នុង​ទឹក​ស្រែ​ដែល​ជ្រៅ។

វិធី​ចាប់​ខ្យង​លឿង​មួយ​ទៀត អាច​យក​ដើម​ចេក ដើម​ល្ហុង ដែល​រលួយ​កាត់​ជា​កង់​ខ្លីៗ ដាក់​ពី​លើ​ស្បៃមុង យក​ទៅ​ត្រាំ​ក្នុង​ទឹក​ស្រែ​ដូច​គ្នា។ កន្លះ​ម៉ោង​ក្រោយ ទៅ​ប្រមូល​យក​ខ្យង​នោះ យក​មក​ស្ងោរ​ឆ្កឹះ​យក​សាច់ ចិញ្ច្រាំ​វា​ល្អិត​បោះ​ឲ្យ​ត្រី​ស៊ី គឺ​ត្រី​ស៊ី​សាច់​ខ្យង​វា​នឹង​ឆាប់​ធំ រហ័ស​ឡើង​គីឡូ និង​អាច​ឆាប់​ចាប់​លក់។ ចំណែក​វិធី​ចាប់​កណ្ដុរ​វិញ គឺ​ដាក់​អង្គុប​ដែល​មាន​ចំណី​នៅ​ក្នុង​អង្គុប​នោះ​ដើម្បី​ប្រមូល​វា​បាន​ច្រើន ហើយ​ពន្លាត់​យក​ស្បែក​បោះ​ឲ្យ​ត្រី​ស៊ី ឯ​សាច់​កណ្ដុរ​យក​ទៅ​លក់។

លោក គង់ ស៖ «ក្រោយ​ពី​អស់​អា​ចំណី​ខ្យង យើង​ត្រូវ​ដាក់​អង្គុប​កណ្ដុរ​ហ្នឹង បាន​កណ្ដុរ​បាន​អី​ខ្លះ​យក​មក​លាយ​ជាមួយ​នឹង​កន្ទក់ ហើយ​បបរ​កន្ទក់​អី​ទៅ លាយ​ជាមួយ​កណ្ដុរ​ទៅ លាយ​ជាមួយ​នឹង​ត្រកួន ដាក់​ដើម្បី​វា​ស៊ី​បន្ត​ទៅ​ទៀត»

លោក គង់ ស ឲ្យ​ដឹង​ថា គាត់​រស់​នៅ​ជាប់​មាត់​ទន្លេ ប៉ុន្តែ​ខ្វះ​ត្រី​ទទួល​ទាន ទើប​អង្គការ​ការីតាស​កម្ពុជា និង​មន្ត្រី​កសិកម្ម​នៅ​ក្នុង​ស្រុក​ល្វាឯម មក​បង្រៀន​គាត់​ឲ្យ​ចេះ​ចិញ្ចឹម​ត្រី​ក្នុង​ថង់​ប្លាស្ទិក គឺ​ចិញ្ចឹម​នូវ​ពូជ​ត្រី​ក្នុង​ស្រុក។ លោក​ថា ដោយសារ​តែ​ដី​ភូមិ​តូច​ចង្អៀត​មិន​អាច​ជីក​ស្រះ​ក្នុង​ដី​នោះ ជាប់​ជា​ប្រចាំ​បាន គាត់​ជ្រើសរើស​យក​ការ​ចិញ្ចឹម​ត្រី​ក្នុង​ថង់​ប្លាស្ទិក​ដែល​អាច​លើក​វា​ចល័ត​ប្ដូរ​ទីតាំង​ចិញ្ចឹម​បាន​គ្រប់​ពេល​វេលា។

លោក គង់ ស៖ «ការ​រើស​ទីតាំង​ក្នុង​ការ​ចិញ្ចឹម​យើង​គិត​ថា ដី​របស់​យើង​មាន​ទាប វា​ចង្អៀត ហើយ​វា​ជាប់​នឹង​តំបន់​មាត់​ទន្លេ អ៊ីចឹង​ក្នុង​ការ​ជីក​ស្រះ​ដូច​នៅ​ខាង​ស្រែ ជីក​មិន​បាន​ទេ អ៊ីចឹង​ហើយ​ខ្ញុំ​ចិញ្ចឹម​ដាក់​តង់ បើ​យើង​មិន​ដាក់​តង់​ទេ ទឹក​វា​មិន​អាច​ដក់​នៅ​ទេ»

លោក​ថា អង្គការ​ការីតាស និង​មន្ត្រី​កសិកម្ម ក្រៅ​ពី​ផ្ដល់​នូវ​បច្ចេកទេស​ចិញ្ចឹម ក៏​បង្រៀន​ឲ្យ​ការ​ចិញ្ចឹម​ត្រី​បែប​ណា​អាច​ចាប់​លក់​ក្នុង​រដូវ​ត្រី​ខ្សត់ ហើយ​លក់​បាន​ថ្លៃ។ ក្រោយ​ពី​សម្រេច​ចិត្ត​ចិញ្ចឹម​ត្រី មន្ត្រី​ទាំង​នោះ​ក៏​បង្រៀន​ឲ្យ​គាត់​ចេះ​រើស​ពូជ​ត្រី​ណា​ដែល​ទីផ្សារ​ពេញ​និយម ហើយ​អាច​លក់​ឆាប់​ដាច់​រហ័ស​បាន​ចំណូល។ គាត់​ក៏​ជ្រើសរើស​យក​ពូជ​ត្រី​ក្នុង​ស្រុក ដូចជា​ត្រី​ប្រា ត្រី​អណ្ដែង យក​មក​ចិញ្ចឹម​នៅ​ក្នុង​ថង់​ប្លាស្ទិក​នោះ។

លោក គង់ ស៖ «តង់​នេះ​វា​មាន​បណ្ដោយ​ថា ១០​ម៉ែត្រ ទទឹង​វា ៦​ម៉ែត្រ ហើយ​ដល់​ពេល​យើង​របៀប​នៃ​ការ​ចិញ្ចឹម យើង​បត់​ខាង​លើ​ឲ្យ​បាន ១​ម៉ែត្រ​កន្លះ​សង​ខាង គឺ​បាន ៣​ម៉ែត្រ។ គិត​ទៅ​ក្នុង​ស្រះ​មួយ ៧​ម៉ែត្រ យើង​ត្រូវ​កាត់​តង់ ១០​ម៉ែត្រ ហើយ​របៀប​នៃ​ការ​ធ្វើ​យើង​ត្រូវ​វាស់​ដី​ឲ្យ​ស្មើ ហើយ​យក​ខ្សែ​វាស់​ជា​ចតុកោណកែង​ឲ្យ​ស្មើ​ជ្រុង​គ្នា ទើប​បាន​យើង​បត់​តង់​ត្រូវ»

លោក​ថា ការ​បត់​ប្លាស្ទិក​ដែល​គាត់​ហៅ​ថា តង់​នេះ គឺ​ប្រៀប​ដូច​រៀប​ស្រះ​ចិញ្ចឹម​ដែរ។ ថង់​ប្លាស្ទិក​ដែល​គាត់​ទិញ​យក​មក​រៀប​ជា​ស្រះ​នោះ គឺ​ផលិត​នៅ​ប្រទេស​វៀតណាម ដាក់​លក់​នៅ​តាម​ផ្សារ។ គាត់​យក​ប្លាស្ទិក​បត់​បាន​នោះ ទៅ​ក្រាល​ពី​លើ​ដី​រាង​បួន​ជ្រុង​ទ្រវែង គាត់​ជីក​ដី​ឲ្យ​ជម្រៅ​ចុះ​ក្រោម ៣​តឹក។ គាត់​យក​ប្លាស្ទិក​ផ្នែក​ជញ្ជាំង​លើក​បញ្ឈរ​ឡើង​ឲ្យ​រាង​ដូច​ស្រះ។

លោក គង់ ស៖ «ពេល​ជីក​ដី​ហើយ​បោះ​បង្គោល​មួយ​ចំហៀង ១០ៗ​ទៅ ទាំង​អស់​វា ២០​បង្គោល ហើយ​ទទឹង ៣ៗ​បង្គោល​ទៀត​វា ៦​បង្គោល ដល់​ហើយ​ខ្ញុំ​យក​របា​ឫស្សី​យក​មក​វ៉ៃ​ពី​ត្រឹម​ដី​មក បោះ​ឫស្សី ៣​ដើម ក្នុង​តង់​មួយ​ហ្នឹង ដាក់​ជា​ចម្រៀកៗ​បោះ​ទៅ វ៉ៃ​ដែកគោល​ជាប់​ជាមួយ​ហ្នឹង ដល់​រួច​ហើយ​បាន​ខ្ញុំ​លា​តង់»

រៀបចំ​ប្លាស្ទិក​ជា​ស្រះ​សម្រាប់​ចិញ្ចឹម​រួច គាត់​យក​ដី​បាត​ត្រពាំង ជា​ដី​មមោក ទៅ​ក្រាល​នៅ​បាត​ក្រោម​ថង់​ប្លាស្ទិក​នោះ។ មុន​យក​ដី​មមោក​ទៅ​ចាក់​នៅ​បាត​ក្រោម​ថង់​ប្លាស្ទិក គាត់​យក​ដី​នោះ​ទៅ​ហាល​ឲ្យ​ស្ងួត និង​ដំ​ឲ្យ​ម៉ត់។ ក្រោយ​ពី​យក​ដី​មមោក​ជា​ដី​បាត​ត្រពាំង​ទៅ​ចាក់​ក្នុង​បាត​ក្រោម​ប្លាស្ទិក​រួច គាត់​បាច​កំបោរ​ស ២​គីឡូក្រាម​ពី​លើ​ដី​នោះ ទើប​បញ្ចូល​ទឹក​ឲ្យ​ដី​វា​សើម។ ក្រោយ​ពី​ទុក​ទឹក​កំបោរ​ឲ្យ​វា​សម្លាប់​មេរោគ​ក្នុង​ដី​រួច​ប្រមាណ​កន្លះ​ខែ ទើប​គាត់​បញ្ចូល​ទឹក​ក្នុង​ប្លាស្ទិក​ឲ្យ​បាន​កន្លះ​ម៉ែត្រ។ បន្ទាប់​មក​យក​បាវ ដែល​នៅ​ក្នុង​បាវ​នោះ​មាន​កម្ទេច​ស្លឹក​ទន្ទ្រានខេត្ត លាយ​រួច​ជាមួយ​លាមក​សត្វ​ចំនួន ៦​បាវ យក​ទៅ​ដាក់​ត្រាំ​តាម​ជ្រុង​ក្នុង​ទឹក​នៃ​ថង់​ប្លាស្ទិក។ ត្រាំ​បាវ​នោះ គឺ​ទុក​រហូត​ដល់​ទឹក​ក្នុង​ប្លាស្ទិក ប្រែ​ពណ៌​ពី​ស​នៃ​ជាតិ​កំបោរ ទៅ​ជា​ពណ៌​បៃតង ហើយ​ត្រូវ​មើល​ក្នុង​ប្លាស្ទិក មាន​កើត​សត្វ​ល្អិតៗ​ហែល​ក្នុង​ទឹក​កើត​ច្រើន ទើប​គាត់​ទៅ​ទិញ​កូន​ត្រី​ប្រា​ពី​ខេត្ត​ព្រៃវែង មក​ដាក់​ចិញ្ចឹម។ ក្រោយ​ពី​ដាក់​កូន​ត្រី​ប្រា​ចិញ្ចឹម​បាន ២​អាទិត្យ គាត់​ទៅ​ទិញ​កូន​ត្រី​អណ្ដែង​មក​ដាក់​ចិញ្ចឹម​ជាមួយ​គ្នា​ក្នុង​ប្លាស្ទិក​នោះ​បន្ថែម​ទៀត។

លោក គង់ ស៖ «អត់​ទេ ខ្ញុំ​ដាក់​ត្រី​ប្រា​មុន ក្នុង​រយៈ​កាល​កន្លះ​ខែ បាន​យក​ត្រី​អណ្តែង​ចូល​មក​តាម​ក្រោយ។ ដោយសារ​តែ​កូន​ត្រី​អណ្ដែង​វា​ល្មោភ​នឹង​ស៊ី​គេ​ណាស់ អ៊ីចឹង​ឲ្យ​វា​ដាក់​ក្រោយ ឲ្យ​វា​នៅ​តូច ដើម្បី​ឲ្យ​ត្រី​ប្រា​វា​ស៊ាំ​សិន ហើយ​ឲ្យ​វា​មាន​កម្លាំង​អាច​ទប់​ជាមួយ​ត្រី​អណ្ដែង​បាន»

ក្រោយ​ពី​ដាក់​លែង​កូន​ត្រី ៧០០​ក្បាល លែង​សន្សឹមៗ​ក្នុង​ប្លាស្ទិក​រួច ៣​ថ្ងៃ​ក្រោយ​ពី​ការ​លែង​កូន​ត្រី ទើប​គាត់​ឲ្យ​ចំណី​វា​ស៊ី។ ការ​ឲ្យ​ចំណី​គាត់​យក​ពេល​ម៉ោង ៩​ព្រឹក ពេល​ថ្ងៃ​រះ​ច្បាស់​ពន្លឺ។ ចំណី​កូន​ត្រី​គាត់​ទិញ​ពី​ផ្សារ​ដែល​បាន​ផ្សំ​លក់ ក្នុង​១​ថ្ងៃ​គាត់​ឲ្យ​ចំណី​សរុប ១​កំប៉ុង​ទឹក​ដោះ​គោ បោះ​ឲ្យ​វា​ស៊ី​ក្នុង​១​ថ្ងៃ​២​ដង។

លោក​ថា គាត់​មិន​សូវ​ឲ្យ​ចំណី​កូន​ត្រី​ស៊ី​ច្រើន ព្រោះ​នៅ​ក្នុង​ទឹក​មាន​សត្វ​ប្លង់តុង ដែល​វា​កើត​ក្នុង​ទឹក​នោះ​ហើយ។ ក្រោម​ពី​ចិញ្ចឹម​បាន​ច្រើន​ខែ គាត់​ចាប់​ផ្ដើម​បបរ​កន្ទក់ ត្រកួន លាយ​ជាមួយ​ខ្យង​មាស ឬ​ខ្យង​លឿង ដែល​គាត់​ចាប់​បាន​ពី​ក្នុង​ស្រែ​បោះ​ឲ្យ​វា​ស៊ី៖ «ខ្ញុំ​អត់​ឲ្យ​ស៊ី​ភ្លាម​ទេ ព្រោះ​ត្រី​វា​ត្រូវ​ការ​ហែល ត្រូវ​ការ​ស្គាល់​ទឹក ហើយ​ម្យ៉ាង​ទៀត យើង​អាង​ប្លង់តុង​មាន​នៅ​ក្នុង​ហ្នឹង​ហើយ យើង​ទុក​ឲ្យ​វា​ស៊ី​ប្លង់តុង​នោះ​ឲ្យ​បាន​ច្រើន ព្រោះ​ដើម្បី​ទប់ទល់​ជំងឺ។ បើ​កាល​ណា​ខ្ញុំ​ឲ្យ​វា​ស៊ី​ចំណី​ភ្លាម ដូច​ត្រី​ហ្នឹង​វា​ស្លាក់​ខ្យល់​វា​ដូចជា​ហល់​ងាប់ អ៊ីចឹង​ក្នុង​រយៈ​កាល ៣​ថ្ងៃ ទើប​ខ្ញុំ​បោះ​ចំណី​ឲ្យ​វា​ស៊ី»

ចំពោះ​ការ​ថែទាំ​ទឹក​ក្នុង​ប្លាស្ទិក​ចិញ្ចឹម​ត្រី​វិញ លោក គង់ ស​ ប្រាប់​ថា ក្នុង​១​អាទិត្យ​បង្ហូរ​ចេញ​ម្ដង ផ្លាស់​ទឹក​ចាស់​ចេញ បញ្ចូល​ទឹក​ថ្មី​ថែម។ ទឹក​ដែល​បង្ហូរ​ចេញ គាត់​យក​ទៅ​ស្រោច​បន្លែ​មាន​ជីជាតិ បន្លែ​មិន​បាច់​ប្រើ​ជី​បំប៉ន។ លោក​ថា ការ​ដាក់​កូន​ត្រី​ចិញ្ចឹម គឺ​នៅ​ខែ​កុម្ភៈ និង​មីនា ទើប​អាច​ចិញ្ចឹម​លក់​ទាន់​ពេល​បិទ​នេសាទ ព្រោះ​ជា​ពេល​ដែល​ត្រី​ខ្សត់ ហើយ​ត្រី​លក់​បាន​ថ្លៃ​ដល់​ទៅ ១​គីឡូ ១​ម៉ឺន​២​ពាន់​រៀល ឬ​ប្រហែល ៣​ដុល្លារ ប៉ុន្តែ​បើ​ចាប់​ត្រី​លក់​នៅ​ខែ​មីនា និង​មេសា គឺ​ត្រី​លក់​បាន ៧​ពាន់​រៀល​១​គីឡូ មិន​ដល់ ២​ដុល្លារ​ទេ។ លោក​ឲ្យ​ដឹង​ថា ក្នុង​ការ​ទូទាត់​ប្រាក់​ចំណេញ​ពី​ការ​ចិញ្ចឹម​ត្រី ១.៤០០​ក្បាល ក្នុង​នោះ​មាន​ត្រី​ប្រា ៧០០​ក្បាល និង​ត្រី​អណ្ដែង ៧០០​ក្បាល គាត់​នៅ​សល់​ប្រាក់​ច្រើន​លាន​រៀល​ក្នុង​ការ​ចិញ្ចឹម​ត្រី​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។