មុខ​របរ​ដាំ​មន​ចិញ្ចឹម​នាង​ផលិត​សូត្រ (ភាគ១)

នាទី​កសិកម្ម​របស់​វិទ្យុ​អាស៊ីសេរី សប្តាហ៍​នេះ សូម​ណែនាំ​អំពី​មុខ​របរ​ដែល​ផ្អែក​លើ​វិស័យ​កសិកម្ម​មួយ​ប្រភេទ ដែល​ស្ត្រី​ខ្មែរ​គួរ​លើក​យក​មក​ពិចារណា​ថា​តើ​គួរ​ធ្វើ ឬ​មិន​គួរ?

0:00 / 0:00

ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​កំពុង​មាន​វិបត្តិ បណ្តាល​ឲ្យ​ឧស្សាហកម្ម​វិស័យ​នានា ធ្លាក់​ចុះ​យ៉ាង​គំហុក​នៅ​កម្ពុជា ស្ត្រី​វ័យ​ក្មេង​ច្រើន​ម៉ឺន​នាក់​ដែល​ធ្លាប់​ធ្វើ​ការ​នៅ​តាម​រោងចក្រ​កាត់​ដេរ​រាប់​រយ​កន្លែង​នៅ​ភ្នំពេញ អស់​ការ​ធ្វើ​នាំ​គ្នា​ត្រឡប់​ទៅ​លំនៅ​វិញ ដោយ​ពាំនាំ​ទៅ​ជាមួយ​ផង​នូវ​ក្តី​អស់​សង្ឃឹម។ តើ​មាន​មុខ​របរ​អ្វី​ដែល​នារី​ទាំង​នោះ​អាច​យក​មក​ធ្វើ​ពេល​ត្រឡប់​ទៅ​ភូមិ​កំណើត​វិញ​ឬ​ទេ?

លោក នូវ កាស៊ី ប្រធាន​វិទ្យាស្ថាន​សន្តិភាព​និង​អភិវឌ្ឍន៍ អតីត​អ្នក​នយោបាយ​ដែល​ងាក​មក​យក​ល្អ​ខាង​វិស័យ​កសិកម្ម​មាន​ប្រសាសន៍​ថា លោក​មាន​គំនិត​ម្យ៉ាង​ដែល​អាច​ជួយ​រំលែក​ទុក្ខ​ស្ត្រី​ខ្មែរ​បាន​ជា​ទូទៅ​គឺ​ការ​ផលិត​សូត្រ​ឆៅ​លក់ ៖ «ដោយ​សារ​ធាតុអាកាស​ស្រុក​ខ្មែរ​វា favorable (វាអនុគ្រោះ)... ជាមួយ​នឹង​ការ​ដាំ​ដើម​មន​ចិញ្ចឹម​ដង្កូវ​នាង​យក​សូត្រ ហើយ​លក់​សូត្រ​ឆៅ។ យើង​អត់​ចាំ​បាច់​ពិបាក​រហូត​ទៅ​ដល់​ជ្រលក់​ពណ៌​សូត្រ ត្បាញ​សូត្រ​អី អាហ្នឹង​ព្រែក​ចង្រ្កាន តាកែវ ភ្នំស្រុក​អី​ធ្វើ​ជា​ហូរហែ​មក លោក​ធ្វើ​ត​ទៅ​ទៀត​ចុះ​ល្អ​ហើយ ប៉ុន្តែ​កន្លែង​ដទៃ​ទៀត​ដែល​ធ្វើ​ហ្នឹង​មិន​មែន​បាន​ន័យ​ថា​លោក​ធ្វើ​មិន​កើត​ទេ គឺ​ថា​ដី​លោក​ល្អ​អាច​ដាំ​មន​បាន ហើយ​ការ​ចិញ្ចឹម​នាង​លក់ៗ​ទាំង​សំបុក មិន​បាច់​ទៅ​រវៃ​ទៀត»

យោង​តាម​យោបល់​របស់​លោក​អតីត​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ទឹក​ដី​និង​អាកាស​ធាតុ​នៅ​ស្រុក​ខ្មែរ​អនុគ្រោះ​ចំពោះ​ការ​ដាំ​ដើម​មន ហើយ​ការ​ចិញ្ចឹម​នាង​ក៏​មិន​មែន​ជា​កិច្ចការ​ដែល​ស្មុគ​ស្មាញ​អ្វី​ឡើយ រី​ឯ​ចំណូល​ក៏​បាន​ច្រើន​ជាង​ធ្វើ​ការ​នៅ​តាម​រោងចក្រ​ទៀត​ផង។

លោក នូវ កាស៊ី មាន​ប្រសាសន៍​ដូច្នេះ ៖ «មនុស្ស​ម្នាក់​ដែល​អត់​ការ​ធ្វើ​ពី​ភ្នំពេញ ប្រាក់​ខែ ៥០​ដុល្លារ​នេះ ត្រឡប់​ទៅ​ផ្ទះ​វិញ បើ​លោក​ចិញ្ចឹម​នាង​បាន ៣​កញ្រ្ចែង ទៅ ៤​កញ្រ្ចែង​ម្នាក់ ព្រោះ​ម្នាក់​អាច​មើល​បាន ៦​កញ្រ្ចែង​ឯណោះ។ ហើយ​បើ​លោក​ធ្វើ​បាន​ត្រឹម​តែ ៤​កញ្រ្ចែង​ម្នាក់ គឺ​ក្នុង​មួយ​ចប់​យក​ពង​ទៅ​ភ្ញាស់​ចិញ្ចឹម​រហូត​ដល់​នាង​ធ្វើ​សំបុក គឺ​ក្នុង​រយៈពេល ២៨​ថ្ងៃ ទៅ ៣២​ថ្ងៃ ម្នាក់​នេះ​អាច​លក់​បាន​ពី ៧៥​ដុល្លារ ទៅ ៩០​ដុល្លារ​ក្នុង​មួយ​ខែ។ មិន​ចាញ់​កិច្ចការ​រោងចក្រ​នៅ​ភ្នំពេញ​ប៉ុន្មាន​ទេ ហើយ​បាន​នៅ​ផ្ទះ។ ហើយ​បើ​ផ្ទះ​នេះ​មាន​កូន​ស្រី ៣-​៤​នាក់ ហើយ​របរ​ចិញ្ចឹម​នាង​នេះ​មនុស្ស​ពិការ​ក៏​ចិញ្ចឹម​បាន អ្នក​ចាស់​ជរា​នៅ​ផ្ទះ​ក៏​ចិញ្ចឹម​បាន អ្នក​ឈប់​ពី​សាលារៀន​ក៏​ចិញ្ចឹម​បាន ឲ្យ​តែ​ស្រវា​ស្រទេញ ហើយ​និង​ដី​ល្មមៗ​មន​ដុះ​ហើយ ព្រោះ​មន​មិន​សូវ​ជា​រើស​ប្រកាន់​ដី​ប៉ុន្មាន​ទេ លើក​លែង​តែ​យើង​យក​ទៅ​ដាំ​លើ​ថ្ម​បាយ​ក្រៀម ឬ​ក៏​ដាំ​ក្នុង​ទឹក​បាន​វា​អត់​ដុះ...។ ដល់​ចិញ្ចឹម​បាន​អ៊ីចឹង​ទៅ មួយ​ផ្ទះ​ហ្នឹង​បើ​ទាល់​តែ​ក្មេង ៣​នាក់​បាន​ទៅ​ធ្វើ​ការ​រោង​ចក្រ​បាន នេះ​បើ​ចិញ្ចឹម​ដង្កូវ​នាង​នេះ​វិញ ឲ្យ​តែ​មាន​មនុស្ស​ចេះ​តែ​មើល ម្នាក់​៥​កញ្រ្ចែងៗ​បាន​ទាំង​អស់​គ្នា»

តើ​មាន​លក្ខខណ្ឌ​អ្វី​ទេ​ដើម្បី​ឲ្យ​គម្រោង​នេះ​មាន​ជោគជ័យ គឺ​ថា​ចិញ្ចឹម​នាង​បាន​សូត្រ​ឆៅ​មក​ហើយ​តើ​យក​ទៅ​លក់​ឲ្យ​នរណា? លោក នូវ កាស៊ី មាន​ប្រសាសន៍​ថា ចាំ​បាច់​ត្រូវ​មាន​អន្តរាគមន៍​ខ្លះៗ​ពី​រដ្ឋាភិបាល ៖ «ស្នើ​ឲ្យ​រដ្ឋាភិបាល​លោក​បង្កើត​កន្លែង​ទិញ​យក​ទៅ​ហ្នឹង​វិញ។ កន្លែង​ទិញ​ឧបមា​សហគមន៍​ណា​មួយ​ត្រូវ​មាន​កន្លែង​ទិញ មួយ​ស្រុក​មាន​កន្លែង​មួយៗ​ទៅ ចាំ​ទិញ​ពី​ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ហ្នឹង​យក​ទៅ​រវៃ​ទៅ។ អ្នក​បង្កើត​ទិញ​អាច​ជា​ឯកជន ពាក់​កណ្ដាល​ឯកជន និង​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​មាន​ជំនួយ​ពី​បច្ចេកទេស ព្រោះ​ប្រទេស​មាន​ជំនាញ​ដូច​ជា​កូរ៉េ ចិន ឬ​ក៏​ឥណ្ឌា​ជាដើម ដែល​គេ​ចាំ​តែ​ជួយ​ហើយ​អ្នក​បច្ចេកទេស​យើង​ទៅ​បង្រៀន​ឲ្យ​ដាំ​មន​ចិញ្ចឹម​នាង​ទៅ​មិន​ពិបាក​ទេ តែ​ខ្ញុំ​អត់​ចេះ​ធ្វើ​អី​ហ្នឹង​ក៏​ខ្ញុំ​អត់​ខ្លាច​នឹង​ធ្វើ​ដែរ ពីព្រោះ​វា​ងាយ»

ក្រៅ​ពី​លក់​សូត្រ​ឆៅ​នោះ​ហើយ អ្នក​ចិញ្ចឹម​នាង​នៅ​បាន​ទទួល​អនុផល​មួយ​ចំនួន​ទៀត គឺ​ជី​ដ៏​ល្អ​ពី​លាមក​និង​គ្រឿង​ផ្សំ​ធ្វើ​ម្សៅ​កែ​លម្អ​សម្ផស្ស​ពី​ទឹក​មូត្រ​របស់​ដង្កូវ​នាង ៖ «កាក​សំណល់​ពី​នាង​ហ្នឹង វា​ទៅ​ជា​ជី​កំប៉ុស្ត​មហា​លេខ​១ កាក​សំណល់​ពី​នាង​លាមក​វា​ហ្នឹង ព្រោះ​អី​វា​ស៊ី​ស្លឹក​មន ដូច​ជា ២០-៣០-៤០-៥០​ដង​ឯណោះ​បាន​ផលិត​បាន​ប្រូតេអ៊ីន​សូត្រ​ហ្នឹង​ម្ដង។ អ៊ីចឹង​ទៅ​ណា​វា​ជុះ អ៊ីចឹង​បាន​សូត្រ​មួយ បាន​កាក​សំណល់​ទឹក​នោម និង​លាមក​ហ្នឹង ៥០​ដង។ លាមក​វា​នេះ​យក​ទៅ​ធ្វើ​ជី​ល្អ​លេខ​១។ ហើយ​ទឹក​នោម​វា​គឺ​គេ​យក​ទៅ​លាយ​នៅ​ក្នុង​គ្រឿង​សំអាង​បាន​ជា​ល្អ​ជួយ​ចិញ្ចឹម​ស្បែក ព្រោះ​វា​មាន​វីតាមីន​អ៊ឺ ហើយ​ចិញ្ចឹម​ស្បែក ស្បែក​ឡើង​ស​ថ្លា​រលើប»

សរុប​សេចក្តី​មក ការ​ដាំ​មន​ចិញ្ចឹម​នាង​ផលិត​សូត្រ គឺ​ជា​នយោបាយ​ឈ្នះៗ​គុណ​នឹង​១០ ព្រោះ​មាន​តែ​បាន​និង​បាន​ប៉ុណ្ណោះ ៖ «ជួប​ជុំ​គ្រួសារ​បាន​ប្រាក់​កម្រៃ​ច្រើន​ជាង​មុន ប្រកប​ដោយ​សេចក្ដី​សុខ សាច់​ឈាម​ថ្លា​ជាង​មុន ហើយ​ដង្កូវ​ដក់ដឿ​នេះ យក​ទៅ​ចិញ្ចឹម​ត្រី​ក៏​បាន​ហូប​ក្លែម​ប៊ីយ៉ែ​ក៏​បាន ហូប​នៅ​ក្នុង​ផ្ទះ​បុក​ទឹក​គ្រឿង​ក៏​បាន ព្រោះ​វា​មាន​កូឡេស្តូរ៉ល​ល្អ ទទួល​ទាន​ទៅ​គឺ​ថា​ធ្វើ​ឲ្យ​ឈាម​យើង​រាវ​ដើរ​ល្អ​នៅ​ក្នុង​ខ្លួន​ទៀត។ ម្ល៉ោះ​ហើយ​ដូច​ជា​ឈ្នះៗៗ វា​មិន​មែន​គ្រាន់​តែ​ឈ្នះ​ទេ។ អ៊ីចឹង​បាន​ថា​គួរ​តែ​ស្រុក​ខ្មែរ​ទាំង​មូល​ហ្នឹង ជា​តំបន់​ឆ្ងាយៗ​ហ្នឹង យើង​នាំ​គ្នា​បំផុស​ធ្វើ​សូត្រ​ហ្នឹង​ទៅ ព្រោះ​អី​ទីផ្សារ​អន្តរជាតិ​អត់​ចេះ​រីង​ស្ងួត​ទេ»