នាទីកសិកម្មថ្ងៃនេះ លោក សាន សុវិទ្យ សូមបន្តរៀបរាប់ពីការផលិតសូត្រដោយចិញ្ចឹមដង្កូវនាងនិងដាំដើមមន ផ្អែកលើទិន្នន័យផ្តល់ដោយលោកប្រធានវិទ្យាស្ថានសន្តិភាពនិងអភិវឌ្ឍន៍ នូវ កាស៊ី។
ប្រភពជាច្រើនឲ្យដឹងថា ចិនជាអ្នករកឃើញវិធិចិញ្ចឹមនាងយកសូត្រមកត្បាញជាសំពត់សូត្រមុនគេ។ យោងតាមប្រពៃណីចិន កាលពី ២៧០០ ឆ្នាំមុន ជាយារបស់ស្តេចចក្រព័ត្រ Huang Di ព្រះនាម Hsi Ling Shi ដែលមានព្រះជន្មតែ១៦ព្រះវស្សាប៉ុណ្ណោះ ជាអ្នកប្រឌិតរហាត់សម្រាប់ស្រាវសូត្របានដំបូងគេបង្អស់។ តាំងពីពេលនោះមក ការចិញ្ចឹមដង្កូវនាងស្រាវយកសូត្រក៏រីកសាយភាយពាសពេញប្រទេសចិន។
នៅកម្ពុជាមិនដឹងច្បាស់ថាការប្រើប្រាស់សំពត់សូត្រមានពីកាលណាប្រាកដទេ តែសម័យអង្គរមានការប្រើសំពត់សូត្រហើយគ្រាន់តែថា អ្នកដែលប្រើបាន មានតែព្រះមហាក្សត្រប៉ុណ្ណោះ។
ក្នុងវគ្គស្តីពីសម្លៀកបំពាក់និងគ្រឿងអលង្ការ នៃកំណត់ហេតុរបស់អ្នកការទូតចិន ជីវ តាក្វាន់ ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា នាបូរីអង្គរកាលពីចុងសតវត្សរ៍ទី១៣ យើងដឹងថា អ្នកស្រុកអង្គរចេះត្បាញសំពត់ប្រើ ហើយក៏មានប្រើសំពតមកពីស្រុកសៀមនិងចាមផងដែរ។ សំពត់ជាពិសេសមកពីឥណ្ឌា ដែលមានសាច់ម៉ដ្ឋល្អមានតែស្តេចទេដែលមានប្រើ គឺជាសំពត់ផ្កាសរសៃសូត្រឆ្មារ។
នៅត្រង់វគ្គស្តីពីដង្កូវនាងនិងដើមមន នៃកំណត់ហេតុរបស់ ជីវ តាក្វាន់ ដដែលនោះមានសរសេរថាអ្នកស្រុកនេះមិនចេះចិញ្ចឹមដង្កូវនាងទេ ទាំងដើមមនក៏គ្មានដាំដែរ។ ប៉ុន្មានឆ្នាំក្រោយមកនេះ មានពួកសៀមចូលមកនៅ គេក៏ដាំមនចិញ្ចឹមនាងធ្វើសូត្រដោយយកពូជមកពីស្រុកសៀម។
ទោះជាយ៉ាងណាក្តីសម័យសង្គមរាស្ត្រនិយមការផលិតសូត្រនៅកម្ពុជា រីកចម្រើននៅច្រើនតំបន់មានការត្បាញហូល ផាមួង សារុង និងកន្សែងសូត្រនៅតាកែវ អារិយក្សត្រ ច្រាំងចំរេះ និងជាពិសេសនៅស្រុកភ្នំស្រុក ខេត្តបាត់ដំបង សម័យនោះល្បីល្បាញពីសូត្រពណ៌មាសលឿងស្រស់។ តែដោយសារពុំមានការយកចិត្តទុកដាក់ដាំដើមមនក្នុងរយៈពេលជិត៣០ឆ្នាំ នៃសង្គ្រាមក្នុងស្រុកនោះ សូត្រខ្មែរពណ៌មាសដែលកាលពីទសវត្សរ៍ឆ្នាំ ១៩៦០ ធ្លាប់ផលិតបាន១៥០តោនក្នុងមួយឆ្នាំ បានធ្លាក់ចុះមកនៅត្រឹម៦តោនប៉ុណ្ណោះបច្ចុប្បន្ននេះ។
លោក នូវ កាស៊ី ប្រធានវិទ្យាស្ថានសន្តិភាពនិងអភិវឌ្ឍន៍ ដែលបច្ចុប្បន្នកំពុងតែព្យាយាមស្រាវជ្រាវពីការផលិតសូត្រ បានមានប្រសាសន៍ថា ៖ «ខ្ញុំចង់ឃើញកសិករខ្មែរដែលបាត់បង់ប្រាក់ចំណូលហ្នឹងគ្នាមានប្រភពចំណូលជំនួស ដើម្បីរស់តទៅទៀត»។
ដូច្នេះហើយទើបលោកបានណែនាំឲ្យអតីតកម្មការិនីរោងចក្រនានាងាករកទទួលទានដោយការចិញ្ចឹមនាងយកសូត្រមកលក់វិញ។
លោកប្រធានវិទ្យាស្ថានសន្តិភាពនិងអភិវឌ្ឍន៍បានមានប្រសាសន៍ប្រាប់ទៀតថា ទីផ្សារអន្តរជាតិសម្រាប់សូត្រមិនចេះរីងស្ងួតទេ មានប៉ុន្មានលក់បានទាំងអស់។
យោងតាមការប៉ាន់ប្រមាណរបស់អង្គការ ហ្វាវ ឬ អង្គការស្បៀងនិងកសិកម្ម នៃអង្គការសហប្រជាជាតិ នៅឆ្នាំ ២០០៥ ចិនផលិតសរសៃសូត្របានជាង ២៩ម៉ឺនតោន ឥណ្ឌាបាន ៧៧.០០០តោន ថៃបាន៥ពាន់តោនយៀកណាម ៣ពាន់តោន ជប៉ុនបាន ៦០០តោន។ បរិមាណផលិតពិភពលោកប៉ុណ្ណេះ មិនគ្រប់គ្រាន់នឹងសេចក្តីត្រូវការឡើយ។
លោក នូវ កាស៊ី មានប្រសាសន៍ថាទាំងចិន ទាំងឥណ្ឌា ផ្សព្វផ្សាយ ការចិញ្ចឹមសូត្រនៅតាមទីជនបទដើម្បីពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន ៖ «ត្រូវការខ្លាំងណាស់ម្ល៉ោះហើយបើផ្សារស្រុកខ្មែរយើងធ្វើបានយើងជួយសេដ្ឋកិច្ចមូលដ្ឋានខ្លាំងមែនទែនៗ។ នេះជាមាគ៌ាដែលចិនបានឆ្លងកាត់ការលំបាក គឺគេយកសូត្រទៅឲ្យអ្នកនៅតាមមូលដ្ឋានផលិតបានជួយបន្ធូរសេដ្ឋកិច្ចមូលដ្ឋាន បន្ទាប់មកគេធ្វើអ៊ីចឹងទៀត អ្នកក្រមែនទែនគេចិញ្ចឹមនាង ចិញ្ចឹមសូត្រ គេធ្វើ(ការស្រាវជ្រាវ) រដ្ឋាភិបាលមានផែនការជួយ (បង្វឹកបង្ហាត់ ទំនុកបម្រុងជាលុយកាក់) គេលើកកម្ពស់ជីវភាពថ្នាក់មូលដ្ឋានហ្នឹងបាន។ សូត្រហ្នឹងជួយបានមែនទែន»។
គឺថារដ្ឋាភិបាលជួយអប់រំបង្វឹកបង្ហាត់ផង និងជួយជាប្រាក់លើកស្ទួយវិស័យនេះផង។
តើការចិញ្ចឹមនាងស្មុគស្មាញទេ? លោកប្រធានវិទ្យាស្ថានសន្តិភាពនិងអភិវឌ្ឍន៍មានប្រសាសន៍អធិប្បាយថាមិនពិបាកឡើយ ៖ «បើអ្នកចិញ្ចឹមនាង គឺថាថែទាំកូនដង្កូវហ្នឹងឲ្យចំណីវាឲ្យទៀងទាត់តែប៉ុណ្ណឹង។ ឲ្យចំណីទៀងទាត់បានន័យថាម៉េច? បានន័យថា គាត់ត្រូវចេះថានាងអាយុប៉ុន្មានឲ្យចំណីស្លឹកមនហ្នឹងប្រភេទណា? ពីព្រោះស្លឹកមនវាមានស្លឹកខ្ចី ស្លឹកធំបន្តិច ហើយស្លឹកធំមែនទែន។ ហើយមនមានពីរប្រភេទ មនខ្មែរសន្លឹកល្អិត សន្លឹកស្ដើង ដែលសម្រាប់កូននាងនៅក្មេងៗ កូននាងនៅតូចៗ ដល់តែធំបន្តិចទៅ គេយកសន្លឹកប្រភេទធំបន្តិចទៅ ពីព្រោះអីគាត់ចាប់ផ្ដើមមានធ្មេញដល់ដង្កូវធំមែនទែនប្រវែងជិតមួយចង្អុលដៃ គេយកសន្លឹកមនដែលយើងយកពូជពីក្រៅមក អាសន្លឹកធំៗជាងបាតដៃ ព្រោះវាចំណេញ។ ម្ល៉ោះហើយបន្តិចៗ គឺថាយើងធ្វើការហ្វឹកហ្វឺន បណ្ដុះបណ្ដាលមិនពិបាកទេតាមសហគមន៍ យើងអាចពន្យល់គ្នាបាន បង្រៀនគ្នាបាន តៗគ្នាពីម្ដាយទៅកូន ពីកូនទៅចៅហើយ»។
ដែលពិបាកគឺការបង្កាត់ពូជនាងដើម្បីឲ្យបានសំបុកធំផលិតសូត្របានច្រើន ៖ «សំខាន់ត្រង់ថាបច្ចេកទេសភ្ញាស់កូននាងដើម្បីឲ្យវាបង្កាត់ពូជនាងឲ្យទៅជាពូជល្អ ពីព្រោះនាងខ្មែរយើងសុទ្ធសរសៃសូត្រពណ៌មាសល្បីឈ្មោះក្នុងពិភពលោក ប៉ុន្តែសំបុកនាងមួយយើងរវៃទៅ បើមិនដាច់អីទេបានតែ ៣៥០ម៉ែត្រទេ ប៉ុន្តែបើនាងបង្កាត់ពូជមកពីកូរ៉េ មកពីប្រទេសចិន ឬមកពីប្រទេសឥណ្ឌាវិញសរសៃសូត្រមិនក្រហមពណ៌រាងស ឬក៏ពណ៌ទឹកអំពៅ ឬក៏ពណ៌ស្ករផែនអ៊ីចឹង សំបុកគេធំ ក្នុងសំបុកនាងមួយបានដល់ទៅ ៧៥០ ទៅ ៨០០ម៉ែត្រ។ ឥឡូវគេរកឃើញមួយប្រភេទទៀត គឺបង្កាត់ទៅបានដល់ ១.២០០ម៉ែត្រ វាចំណេញអ៊ីចឹង។ ប្រជាពលរដ្ឋលោកមិនបាច់ចេះស្រាវទាំងអស់គ្នាក៏បានដែរ លោកចេះតែចិញ្ចឹមថែ ហើយលក់ឲ្យគេទាំងសំបុកទាំងនាងបណ្ដោយទៅ គឺថាចាំតែមួយខែយើងប្រមូលលុយៗ មួយខែប្រមូល ៧៥ ទៅ៨០ដុល្លារៗ»។
លោកប្រធានវិទ្យាស្ថានសន្តិភាពនិងអភិវឌ្ឍន៍មានប្រសាសន៍ថា ៖ «រដ្ឋាភិបាលលោកអាចទទួលទិញយក ឬក៏លោកមានក្រុមហ៊ុនដែលលោកឧបត្ថម្ភទទួលទិញយក លក់ចេញសូត្រឆៅទៅឆាកអន្តរជាតិ មានប៉ុន្មានម៉ឺនតោនក៏គេទិញដែរ ឲ្យតែសូត្រឆៅ ឲ្យតែសូត្រល្អ រួចសូត្រស្រុកខ្មែរភាគច្រើនសូត្រល្អជាងសូត្រនៅប្រទេសក្លឹង (ឥណ្ឌា) ឬក៏សូត្រនៅប្រទេសផ្សេងៗទៀត ដោយសារធាតុអាកាសល្អ ស្លឹកមនដុះនៅតាមធាតុអាកាសសំណើមក្នុងខ្យល់ល្អត្រឹមត្រូវ សូត្រក៏បានគុណភាពល្អដែរ»៕
