ដំណាំស្ត្រប៊ើរី គេឃើញដាំនៅលើដីភ្នំមួយកន្លែងនៃភាគខាងត្បូងទីរួមខេត្តមណ្ឌលគិរី ស្ថិតនៅចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីទីប្រជុំជនក្រុងមណ្ឌលគិរី។
ចម្ការដំណាំស្ត្រប៊ើរី ស្ថិតនៅភូមិស្ពានមានជ័យ សង្កាត់សែនរមនា ក្រុងមណ្ឌលគិរី។ ដើមស្ត្រប៊ើរី បើមិនបានចូលទៅពិនិត្យជិតរងទេ គេនឹងប៉ាន់ប្រមាណថា ជាដំណាំស្ពៃដែលទើបដកយកទៅដាំថ្មីៗ ព្រោះដើមវារាងតូចល្អិត និងទាបៗជាប់នឹងដីក្នុងរង។
លោក បូ រ៉ាន់ អ្នកថែទាំចម្ការស្ត្រប៊ើរី ឲ្យដឹងថា ស្រ្តប៊ើរីនេះកំពុងត្រូវបានគេដាំសាកល្បងចំនួន ១០០រងក្នុងចម្ការរបស់អ្នកស្រាវជ្រាវឈ្មោះ តារ៉ា។ ការដាំនេះ គឺពិសោធមើលដើម្បីបន្សាំដំណាំស្ត្រប៊ើរី ទៅនឹងអាកាសធាតុក្នុងប្រទេសកម្ពុជា ថាតើវាអាចទ្រាំនឹងអាកាសធាតុត្រជាក់មធ្យម ហើយសើមដូចនៅខេត្តមណ្ឌលគិរីនោះ ឬទេ? ព្រោះដំណាំស្ត្រប៊ើរី វាត្រូវការអាកាសធាតុត្រជាក់ពី ១៤អង្សាសេ ទៅ ១៧អង្សាសេ។
ផ្ទៃចម្ការដាំស្ត្រប៊ើរី នៅក្នុងចម្ការលោក តារ៉ា ទើបសាកល្បងដាំបាន ១០០រង។ នៅក្នុងគម្រោងដាំស្ត្រប៊ើរី គេនឹងពង្រីកដាំឲ្យអស់ដីទំហំទទឹង ៣៩ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ ប្រសិនបើការដាំនោះទទួលបានជោគជ័យ ៖ «ចម្ការនេះគាត់ទើបតែចាប់ផ្ដើមដាំ ខែ១១ ឆ្នាំទៅ (២០១០)»។
លោក បូ រ៉ាន់ ឲ្យដឹងថា ចំពោះពូជស្ត្រប៊ើរី ដែលកំពុងដាំក្នុងចម្ការបាននាំមកពីប្រទេសអាមេរិក និងអូស្ត្រាលីដែលមានច្រើនពូជ ៖ «ព្រោះអីគាត់សាកនេះតែប៉ុន្មានពូជដែរទេ ដូចជាពូជស្តេលា វេស្ទីវល ហើយពូជមួយទៀត ភ្លេច ចុងៗមាត់ ភាសាខ្ញុំមិនសូវស្ទាត់ដែរ»។
ស្ត្រប៊ើរី តាមលោក បូរ៉ាន់ អះអាងថា ជាដំណាំរើសដីផង និងរើសអាកាសធាតុផង ៖ «និយាយរួមត្រជាក់ វាត្រូវការត្រជាក់។ ១៤ ទៅ ១៥ ទើបបើវារស់បាន ជាធម្មតា ១៦ ទៅ ១៧ តែបើវាចេញផ្កា គឺ១៤ ទៅ ១៥»។
ស្ត្រប៊ើរីត្រូវការថែទាំ ជាពិសេសឲ្យត្រូវតាមបច្ចេកទេសមិនត្រូវការដីដក់ទឹក ឬភ្លៀងធ្លាក់ជោកជាំទេ។ ស្ត្រប៊ើរីចាញ់កម្ដៅថ្ងៃខ្លាំងណាស់ដែរ ព្រោះវាជារុក្ខជាតិមានដើមតូចល្អិត។ ដើមស្ត្រប៊ើរីត្រូវការអាកាសធាតុត្រជាក់ ហើយនៅពីលើដើមដែលទើបនឹងដាំត្រូវគ្របដំបូល និងក្រោមដើមត្រូវយកស្រកីដូងយកមកគ្របគល់វា ដើម្បីឲ្យវាជប់ទឹកធ្វើឲ្យដើមស្រ្តប៊ើរីនោះ ត្រជាក់ផង ហើយជួយបន្ថយកម្ដៅទើបវាដុះល្អ និងហុចផលជាផ្លែធំៗ។
នៅខែភ្លៀង ស្ត្រប៊ើរីរឹតតែលំបាកថែទាំទៀត ៖ «ដូចជាមានសត្វល្អិតអ៊ីចឹងទៅ ហើយត្រូវទឹកភ្លៀងច្រើន ហើយនិងខ្វះសារធាតុអ្វីមួយពីជាតិដី ព្រោះអាហ្នឹងគេផ្សំឡើងដោយសារធាតុច្រើន ដីហ្នឹង»។
លោកឲ្យដឹងថា តាមអ្នកជំនាញមកពីសហរដ្ឋអាមេរិក ប្រាប់ថា ស្ត្រប៊ើរីរើសទីតាំងដាំឲ្យលើសពី ៧០០ម៉ែត្រនៃកម្ពស់ទឹកសមុទ្ទទើបវាដុះល្អ និងដាំអាចប្រមូលផលបានយូរឆ្នាំ ៖ «យើងដាំកូន មុនដំបូងគឺយើងទិញពូជគេមក គឺកូនតូចៗ យកមក យើងលាយដី ត្រូវមើលដី តើខ្វះជាតិអីខ្លះ? ព្រោះដុកទ័រ ជីម គាត់មក គាត់យកដីទៅពិសោធនៅញូវយ៉ក គាត់ថា ខ្វះជាតិនេះជាតិនោះ ដើម្បីឲ្យម្ចាស់ចម្ការគាត់ត្រូវទិញថែម ដើម្បីលាយដីនោះឲ្យមានជាតិគ្រប់ ដាំទៅឲ្យវាធំលូតលាស់ ហើយត្រជាក់ មានភាពផ្អែមជាងប្រទេសជិតខាង។ នៅមណ្ឌលគិរី ខ្វះជាតិថ្មបាសាល កម្ទេចថ្មយើងកិននេះ កិនធ្វើផ្លូវនេះ ថ្មយើងចាក់ផ្លូវ តែយើងយកកម្ទេចផេះ»។
ការដាំស្ត្រប៊ើរី អាចដាំលាតលើដីរាបស្មើក៏បានដែរ តែបើដាំលើដីចំណោត ចាំបាច់ត្រូវលើករងដើម្បីការពារទឹកដក់តាមរងផង និងការពារដីបាក់មកលើដើមស្ត្រប៊ើរីផង។ រងរបស់ស្ត្រប៊ើរី លើកដូចរងស្ពៃ ហើយការដាំគឺយកកូនទៅដាំទុកគម្លាតពីដើមមួយទៅដើមមួយ គឺ ២០សង់ទីម៉ែត្រ។ ដាំកូនសើៗ ដូចដាំកូនស្ពៃដែរ តែចាំបាច់ពេលដាំដំបូងត្រូវគ្របកូនវា គឺអាចធ្វើដំបូលពីលើ បើនៅក្រោមគល់គេអាចគ្របវាដោយស្រកីដូង សម្រាប់បន្ថយកម្ដៅ និងឲ្យវាសើមទឹក។ តាមរងនីមួយៗ ត្រូវរាយទុយយោទឹកដើម្បីបន្តក់ទឹកតាមរងនៅពេលដីស្ងួតគ្មានភ្លៀង។
លោកថា ដើមស្រ្តប៊ើរីមានកម្ពស់ប្រមាណ ៣០សង់ទីម៉ែត្រប៉ុណ្ណោះពីដី ៖ «ព្រោះអីកូនស្រ្តប៊ើរីហ្នឹងវាអត់ត្រូវការទឹកដែលសាចមកជះលើវាខ្លាំងទេ។ ដូច្នេះយើងត្រូវការទុយយោហ្នឹងដើម្បីបន្តក់ទឹកមួយដំណក់ៗ ដើម្បីផ្សើមវារហូត។ សូម្បីតែភ្លៀងខ្លាំងក៏យើងអត់ឲ្យវាត្រូវភ្លៀងខ្លាំងដែរ វានឹងរលួយ ហើយបើវាមានផ្លែ ឬផ្កា វានឹងជ្រុះអស់»។
ដំណាំស្ត្រប៊ើរី វាត្រូវការជីកំប៉ុសច្រើនជាងជីគីមី។ ការដាក់ជីបំប៉នវា ដើម្បីកាន់ផ្លែត្រូវមានការប្រុងប្រយ័ត្នផងដែរ ៖ «សូម្បីដាក់ជីវា ជីអាចម៍គោ អាចម៍ប្រជៀវ ប៉ះស្លឹកស្រ្តប៊ើរីក៏រលួយ ប៉ះផ្លែក៏រលួយ អន់ផ្លែ ជាំតែម្ដង ហើយត្រូវទឹកខ្លាំងក៏អត់បាន ទឹកដក់នៅហ្នឹងក៏អត់បានទៀត វារលួយទាំងអស់»។
លោកអះអាងថា ស្រ្តប៊ើរីចាប់ផ្ដើមផ្កាពីខែសីហា ដល់ខែកញ្ញា។ ផ្លែវាទុំអាចបេះប្រមូលផលបាន គឺនៅក្រោយការដាំបានអាយុកាល ៧៥ថ្ងៃ ទៅ ៩០ថ្ងៃ។
ចម្ការស្រ្តប៊ើរី នៅភូមិស្ពានមានជ័យ សង្កាត់សែនរមនា ត្រូវបានគេប្រមូលផល បេះផ្លែម្ដងរួចទៅហើយ គឺកាលពីខែឧសភា និងខែមិថុនា។ ផ្លែស្រ្តប៊ើរី លោកអះអាងថា មានវីតាមីនច្រើន ២០មុខ សម្រាប់ជំនួយសុខភាពអ្នកបានទទួលទានវា ៖ «មួយដើមវាហ្នឹងបាន ១០ ទៅ ២០ផ្លែ តែវាអត់ទុំទាំងអស់ទេ វាទុំមួយថ្ងៃមួយៗ គ្រប់តែគុម្ពវាអ៊ីចឹង។ ផ្លែវាមានតូច មានធំ មានប៉ុនមេជើង មេដៃមនុស្សយើង។ រយៈពេលទទួលផលគឺបេះបាន ៨ខែ បេះផ្លែវារហូត»។
ស្ត្រប៊ើរី ជាផ្លែឈើម្យ៉ាងដែលគេឃើញមានដាំនៅក្នុងតំបន់អាកាសធាតុត្រជាក់ក្រោម ២០អង្សាសេ។ ផ្លែស្ត្រប៊ើរី មាននាំចូលមកលក់នៅផ្សារទំនើបក្នុងប្រទេសកម្ពុជា គឺនៅក្នុងខែឧសភា មិថុនា និងខែកក្កដា៕
