អ្នក​ជំនាញ​ថា​កង្វះ​ធនធាន​មនុស្ស​នៅ​តែ​ជា​បញ្ហា​ចោទ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា

0:00 / 0:00

វេទិកា​ពិភាក្សា​ពី​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ ឲ្យ​ដឹង​ថា ខណៈ​កំណើន​តម្រូវ​ការ​ប្រជាជន​លើ​ផលិតផល​កសិកម្ម​កាន់​តែ​ច្រើន ប៉ុន្តែ​កម្ពុជា នៅ​តែ​ប្រឈម​នឹង​បញ្ហា​កង្វះ​ធនធាន​មនុស្ស​ក្នុង​វិស័យ​នេះ ពោល​គឺ​ខ្វះខាត​ទាំង​ពលកម្ម​មិន​មាន​ជំនាញ ទាំង​អ្នក​បច្ចេកទេស។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​រវាង​ក្រុមហ៊ុន ក្នុង​ការ​ស្វែងរក​កម្លាំង​ពលកម្ម និង​អ្នក​ជំនាញការ​ក្នុង​វិស័យ​នេះ។

វេទិកា​ពិភាក្សា​ពី​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​ដឹង​ថា និស្សិត​កម្ពុជា បច្ចុប្បន្ន កំពុង​សិក្សា​វិស័យ​កសិកម្ម​មាន​តែ ៤% ប៉ុណ្ណោះ ខណៈ​ប្រទេស​កម្ពុជា ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម​ជាង ៩០​ភាគរយ។

បញ្ហា​នេះ សង្គម​ស៊ីវិល​រិះគន់​រដ្ឋាភិបាល​ថា បាន​យក​ចិត្ត​ទុក​ដាក់​តិចតួច​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​សម្រាប់​បម្រើ​ក្នុង​វិស័យ​នេះ​ឲ្យ​ជឿន​លឿន​ទៅ​មុខ ស្រប​តាម​សម័យ​បច្ចេកវិទ្យា​ទំនើប ឬ​ស័ក្ដិសម​នឹង​ប្រទេស​ដែល​យក​វិស័យ​កសិកម្ម​ជា​ធំ​នោះ​ទេ។ ជាង​នេះ​ទៀត បញ្ហា​អសមត្ថភាព​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ឬ​ការ​ចុះ​ខ្សោយ​នៃ​សមត្ថភាព​សិស្ស​និស្សិត កំពុង​តែ​រីក​ធំ​ទៅៗ​គួរ​ឲ្យ​បារម្ភ​ផង​ដែរ។

ករណី​នេះ​ដែរ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិក្សា​ដើម្បី​អភិវឌ្ឍន៍​កសិកម្ម និង​ប្រព័ន្ធ​ចិញ្ចឹម​ជីវិត គឺ​លោក សួន សេង។ លោក​សង្កេត​ឃើញ​ថា ការ​សិក្សា​ក្នុង​ស្រុក​លើ​វិស័យ​កសិកម្ម​នេះ​ជាច្រើន​ឆ្នាំ​មក ហាក់​ដូចជា​នៅ​ទ្រឹង​មួយ​កន្លែង នៅ​ពេល​ដែល​ប្រទេស​ជិត​ខាង​កំពុង​មាន​ភាព​ជឿន​លឿន​ទៅ​មុខ​ឥត​ឈប់​ឈរ​នោះ។

លោក​ពន្យល់​ថា ការ​ជួប​បញ្ហា​ខ្វះ​ធនធាន​មនុស្ស​ក្នុង​វិស័យ​កសិកម្ម​នេះ មាន​បញ្ហា​ពាក់ព័ន្ធ​គុណភាព​សិក្សា​តាំង​ពី​ថ្នាក់​ក្រោម​រហូត​ឧត្ដម​សិក្សា។ លោក​សង្កត់​ទៅ​លើ​វិបត្តិ​គុណភាព​សិក្សា​ជំនាញ​កសិកម្ម គឺ​សិស្ស​និស្សិត​ភាគ​ច្រើន​ជា​កូន​កសិករ​នៅ​តាម​ជនបទ។ លោក​សង្កេត​ឃើញ​ទៀត​ថា អ្នក​មក​ពី​ជនបទ​ភាគ​ច្រើន ជួប​បញ្ហា​គុណភាព​អប់រំ​ចុះ​ខ្សោយ​រួច​ស្រាប់​មក​ហើយ ដោយសារ​មធ្យោបាយ​អប់រំ​របស់​សាលា ភាព​ខ្វះខាត​របស់​គ្រូ និង​កត្តា​ជីវភាព​ដែល​ចេះ​តែ​ដេញ​តៗ​គ្នា​រហូត​មក។

លោក​បន្ត​ថា បញ្ហា​នៅ​ថ្នាក់​ឧត្តម​សិក្សា​ផ្នែក​កសិកម្ម មិន​សូវ​ជា​ចោទ​លើ​បញ្ហា​គ្រូ​ប៉ុន្មាន​ទេ ប៉ុន្តែ​ការ​ខ្វះខាត​កន្លែង​ពិសោធន៍ ការ​សិក្សា​ស្រាវជ្រាវ ការ​ចុះ​កម្មសិក្សា​ដោយ​ផ្សារភ្ជាប់​ទ្រឹស្ដី និង​ការ​អនុវត្ត​ផ្ទាល់​មុន​នឹង​បញ្ចប់​ការ​សិក្សា គឺ​ជា​បញ្ហា​ចោទ​ជា​ចម្បង ហើយ​បញ្ហា​នេះ​កំពុង​ខ្វះ​ការ​គាំទ្រ ឬ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ស្ថាប័ន​រដ្ឋ​ដែល​ពាក់ព័ន្ធ​លើ​ទុន និង​ទីផ្សារ​ការងារ ជាដើម៖ « មុខ​របរ​ក្នុង​វិស័យ​កសិកម្ម ទទួល​បាន​ចំណូល​ទាប​ជាង​មុខ​របរ​ផ្សេង បើ​ធៀប​នឹង​របរ​សេដ្ឋកិច្ច ឬ​គ្រប់គ្រង សេវាកម្ម​អី​ជាដើម ចឹង​អ្នក​ដែល​រៀន​កសិកម្ម ភាគ​ច្រើន​ជា​កូន​អ្នក​ក្រ ច្រើន​តែ​រៀន​ក្នុង​វិស័យ​នេះ ហើយ​គាត់​អត់​មាន​ដី អត់​មាន​ទុន​ទៀត។ ចឹង​ធ្វើ​ឲ្យ​វិស័យ​នេះ​មាន​អ្នក​រៀន​តិច​ជាង​គេ »

មិន​តែ​ប៉ុណ្ណោះ លោក​បន្ត​ថា កន្លង​មក​មាន​ការ​ចុះ​សិក្សា​ស្រាវជ្រាវ​ខ្លះៗ​ដោយ​ពឹង​ផ្អែក​លើ​ជំនួយ​ពី​អង្គការ​អន្តរជាតិ ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ជាដើម។ ហេតុ​នេះ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល គួរ​មាន​ទុន​ដើម្បី​ជំរុញ​ការ​ស្រាវជ្រាវ​ប្រកប​ដោយ​គុណភាព​ដល់​សាស្ត្រាចារ្យ ដើម្បី​ឲ្យ​ពួក​គេ​មាន​ជំនាញ​ច្បាស់លាស់​ផ្ទេរ​ទៅ​និស្សិត​ជំនាន់​ក្រោយ​លើ​ផ្នែក​នេះ៖ « នៅ​ក្នុង​សាកលវិទ្យាល័យ សមត្ថភាព​ការ​ស្រាវជ្រាវ និង​ថវិកា​ស្រាវជ្រាវ​នៅ​មាន​កម្រិត។ ដូច្នេះ យើង​អត់​បាន​ធ្វើ​ការ​អភិវឌ្ឍ​អា​ជំនាញ​របស់​យើង​បន្ត។ យើង​រៀន​តែ​អ្វី​ដែល​យើង​មាន​ស្រាប់។ ចឹង​ដល់​ពេល​ជំនាញ​ថ្មីៗ បច្ចេកទេស​ថ្មី យើង​ក៏​បាន​រៀន​ដែរ តែ​បើ​យើង​មើល​គ្រូ​គាត់​ចឹង​រុក​រក ឬ​បណ្តុះបណ្តាល​បន្ថែម គាត់​អត់​មាន​លុយ​ធ្វើ​ទេ »

របាយការណ៍​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​ដឹង​ថា បច្ចុប្បន្ន និស្សិត​កម្ពុជា បាន​ចាប់​រៀន​ជំនាញ​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​រហូត​ជិត ៥០% ភាសា​បរទេស ១២% វិស័យ​សុខាភិបាល​មាន ៥% ព័ត៌មានវិទ្យា ៨% សិល្បៈ​សង្គម ៧% វិទ្យាសាស្ត្រ​មូលដ្ឋាន ៦% ទេសចរណ៍ ២% វិស្វកម្ម ៣% និង​វិស័យ​កសិកម្ម​មាន​តែ ៤% ប៉ុណ្ណោះ។

ករណី​ចំនួន​និស្សិត​រៀន​ផ្នែក​កសិកម្ម​តិចតួច​នេះ​ដែរ និស្សិត​ដែល​កំពុង​សិក្សា​លើ​ជំនាញ​កសិកម្ម​សព្វថ្ងៃ​នេះ ក៏​បាន​ត្អូញត្អែរ​ពី​បញ្ហា​នេះ​ដែរ និង​មាន​កង្វល់​ចំពោះ​សមត្ថភាព​របស់​ពួក​គេ​នៅ​ពេល​រៀន​ចប់ មិន​អាច​រក​ការងារ​ធ្វើ​បាន​ល្អ ដោយ​គុណភាព​សិក្សា​របស់​ពួក​គេ។

ជាក់ស្តែង និស្សិត​នៃ​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប ជំនាញ​កសិឧស្សាហកម្ម ឆ្នាំ​ទី​៤ ឈ្មោះ ញ៉ែម ប៊ុនទី។ និស្សិត​រូប​នេះ​បាន​បង្ហាញ​ពី​ការ​លំបាក​ក្នុង​ការ​សិក្សា​ដោយ​ខ្វះ​ទីកន្លែង​ពិសោធន៍ ឧបករណ៍​វិភាគ​រក​ទិន្នន័យ​លើ​ផលិតផល​ផ្សេងៗ និង​លទ្ធភាព​នៃ​ការ​ចុះ​សិក្សា​ស្រាវជ្រាវ។ កញ្ញា​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ យក​ចិត្ត​ទុក​ដាក់​លើក​ទឹក​ចិត្ត ហើយ​គួរ​តែ​ផ្តល់​ជា​ថវិកា និង​ទីកន្លែង​បច្ចេកទេស សម្ភារៈ​មាន​ស្តង់ដារ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​លើ​ផ្នែក​កសិកម្ម​ដល់​និស្សិត៖ « បើ​យើង​ចង់​ពង្រឹង​វិស័យ​កសិកម្ម​របស់​យើង លុះត្រា​តែ​យើង​វិនិយោគ​ទៅ​លើ​ការ​ស្រាវជ្រាវ ពិសេស​សមត្ថភាព​ក្នុង​ការ​បណ្តុះបណ្តាល​គ្រូ​ឲ្យ​គាត់​មាន​សមត្ថភាព យក​ទៅ​គាត់​ផ្ទេរ​ដល់​និស្សិត​ជំនាន់​ក្រោយ »

ពាក់ព័ន្ធ​នឹង​ការ​ខ្វះ​ធនធាន​មនុស្ស រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន មាន​ប្រសាសន៍​ថា ទោះ​បី​ជា​និស្សិត​កម្ពុជា រៀន​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ច្រើន​រហូត​ជិត ៥០% ខណៈ​ប្រទេស​កម្ពុជា ពឹង​លើ​វិស័យ​កសិកម្ម​ជាង ៩០​ភាគរយ ហើយ​បែរ​ជា​ផ្នែក​កសិកម្ម​នេះ​មាន​និស្សិត​រៀន​ត្រឹម​តែ ៤% ក៏ដោយ ក៏​លោក​ថា វា​មិន​មែន​ជា​បញ្ហា​ចោទ​នោះ​ទេ អ្វី​ដែល​សំខាន់ លោក​ថា ត្រូវ​រៀន​អ្វី​រៀន​បាន​ច្បាស់លាស់ ហើយ​អាច​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា បាន​កាន់​តែ​ច្រើន គឺ​ជា​ការ​ល្អ៖ « សំខាន់​និស្សិត​ត្រូវ​ចេះ​ឲ្យ​ច្បាស់ បើ​យើង​ចេះ​ច្បាស់​អាច​បង្កើត​ការងារ​ធ្វើ​ឲ្យ​ប្រជាជន​ច្រើន ធ្វើ​ឲ្យ​វិស័យ​កសិកម្ម​រីក​ចម្រើន​បាន​ច្រើន តែ​និស្សិត​ក៏​ត្រូវ​ស្រាវជ្រាវ​បន្ថែម​ដែរ »

បន្ថែម​ពី​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា រូប​នេះ​បញ្ជាក់​ថា ដើម្បី​ទាក់ទាញ​យុវជន​ឲ្យ​ងាក​មក​ផ្នែក​កសិកម្ម​ឲ្យ​បាន​ច្រើន​នោះ ក្រសួង​បាន​រៀបចំ​ឲ្យ​មាន​វេទិកា​ការងារ​ក្នុង​ការ​ជំរុញ​ឲ្យ​ពួក​គេ​មាន​ភាព​ក្លាហាន​បង្ហាញ​ពី​សមត្ថភាព តើ​យុវជន​ពួក​គេ​មាន​ជំនាញ ឬ​ចេះ​អ្វី​ខ្លះ? មួយ​ទៀត​នោះ គឺ​បង្ហាញ​ពី​ព័ត៌មាន​ទីផ្សារ​ការងារ​បច្ចុប្បន្ន ជាពិសេស​ផ្នែក​កសិកម្ម ដូចជា​ផ្នែក​កែច្នៃ​វត្ថុ​ធាតុ​ដើម​ក្នុង​វិស័យ​នេះ​ជាដើម៖ « ចឹង​បាន​ក្រសួង​រៀបចំ​ជា​វេទិកា​ការងារ ហើយ​យើង​ប្រាប់​គាត់​ថា កម្ពុជា យើង​ត្រូវ​ការ​ទីផ្សារ​ការងារ​អី​ខ្លះ ? ចឹង​យើង​តែង​ប្រាប់​គាត់​ថា ទីផ្សារ​យើង​ត្រូវ​ការ​ទីផ្សារ​អ្នក​បច្ចេកទេស​កសិកម្ម អ្នក​ជំនាញ​ខាង​ស្រូវ ខាង​កែច្នៃ ចឹង​វា​ជា​រឿង​សំខាន់​ណាស់ »

គោល​នយោបាយ និង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ និង​ការពារ​កុមារ​ក្នុង​វិស័យ​កសិកម្ម​សម្រាប់​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឲ្យ​ដឹង​ថា កម្ពុជា ជា​ប្រទេស​កសិកម្ម​មួយ​ដែល​ប្រជាជន​ចំនួន ៦៤,៦% នៃ​កម្លាំង​ពលកម្ម​សរុប​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ការងារ​កសិកម្ម។

ចំណែក​ឯ​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា កន្លង​មក កម្ពុជា មាន​កន្លែង​សិក្សា​ស្រាវជ្រាវ​គ្រប់គ្រាន់ ហើយ​រដ្ឋាភិបាល​ព្យាយាម​តម្រែតម្រង់​ផ្លូវ​ឲ្យ​សិស្ស ងាក​មក​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន​ដែរ ប៉ុន្តែ​លោក​ក៏​ទទួល​ស្គាល់​ដែរ​ថា កម្ពុជា នៅ​ខ្វះ​កម្លាំង​ពលកម្ម និង​ធនធាន​មនុស្ស​ក្នុង​វិស័យ​កសិកម្ម។ លោក​ថា ក្រសួង​នឹង​ខិតខំ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​វិស័យ​នេះ​ឲ្យ​កាន់​តែ​ទូលំទូលាយ។

តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​ធនាគារ​ពិភពលោក (World Bank) ក៏​ធ្លាប់​បង្ហាញ​ថា យុវជន​កម្ពុជា ពិសេស​និស្សិត ក៏ដូចជា​យុវជន​នៅ​ជនបទ នៅ​តែ​ខ្វះ​ការ​ទទួល​បាន​នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ជាពិសេស​នៅ​ក្នុង​វិស័យ​កសិកម្ម។ កត្តា​នេះ បាន​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​នឹង​ចំណាក​ស្រុក ដើម្បី​រក​ការងារ​ធ្វើ​ដោយ​គ្មាន​សុវត្ថិភាព ឬ​គ្មាន​ជំនាញ ហើយ​ទទួល​បាន​ការងារ​ក្នុង​វិស័យ​ផ្នែក​ផ្សេងៗ​ទៀត​ដែល​មាន​កម្រៃ​ទាប។

អ្នក​ជំនាញ និង​និស្សិត​ខាង​កសិកម្ម នៅ​តែ​មើល​ឃើញ​ថា រដ្ឋាភិបាល​កំពុង​មើល​រំលង​លើ​ការ​ពង្រឹង​ធនធាន​មនុស្ស​ក្នុង​វិស័យ​នេះ ព្រោះ​កន្លង​មក រដ្ឋាភិបាល​បាន​គិតគូរ​ពី​ការ​បង្កើត​នយោបាយ​ទាញ​យក​ផល​ចំណេញ​ពី​វិស័យ​កសិកម្ម ជា​ជាង​ការ​ពង្រឹង​គុណភាព​សិក្សា​ដល់​និស្សិត​ជំនាញ។ អ្នក​ជំនាញ និង​និស្សិត​ខាង​កសិកម្ម នៅ​តែ​ចង់​ឃើញ​រដ្ឋាភិបាល ធ្វើ​យ៉ាង​ណា​ជំរុញ​ធនធាន​មនុស្ស​ក្នុង​វិស័យ​នេះ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​ដូចជា​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​ចាត់​ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​មួយ​ដែល​មាន​អាទិភាព​ខ្ពស់ ឬ​ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ចជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។