ខ្យងលឿងជាប្រភេទខ្យង ដែលបំផ្លាញដំណាំស្រូវនៅខ្ចី ពិសេសស្រូវ ទើបព្រោះថ្មីៗ។ មន្ត្រីកសិកម្មឲ្យដឹងថា ខ្យងលឿង ឬខ្យងមាស ត្រូវបានគេនាំពីបរទេសចូលមកប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ២០០០ ដើម្បីធ្វើជាចំណីសត្វ។ ដោយសារខ្យងលឿងជាសត្វចង្រៃ ទើបមន្ត្រីកសិកម្មណែនាំឲ្យកសិករកម្ចាត់វា ហើយយកទៅកែច្នៃជាជីប្រើប្រាស់ជាជំនួយក្នុងវិស័យកសិកម្មវិញ។
មន្ត្រីកសិកម្មខេត្តកណ្ដាល បង្ហាត់កសិករពីរបៀបប្រមូលយកខ្យងលឿង ឬខ្យងមាសយកវាទៅកែច្នៃជាអាហារ សត្វត្រី កង្កែប មាន់ ទា ជ្រូក និងផលិតជាជីបំប៉នដំណាំ។
ការណែនាំនេះ បានធ្វើឡើងក្រោយពីខ្យងលឿង ឬខ្យងមាស បានស៊ីបំផ្លាញដំណាំស្រូវអស់ច្រើនហិកតារ នៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
អនុប្រធានមន្ទីរកសិកម្មខេត្តកណ្ដាល លោក ហ័រ សុផល ប្រាប់ថា ខ្យងលឿង ឬខ្យងមាស តែងតែយាយីដើមស្រូវ ទើបព្រោះថ្មីៗ។ លោកថា ដើម្បីចាប់ខ្យងលឿងបានរហ័ស កសិករគួរជីកចង្អូរក្នុងថ្នាលសាប ដោយកំណត់ទទឹង ៥ម៉ែត្រ ជីកចង្អូរមួយ។ ការជីកចង្អូរនោះ ដើម្បីឲ្យទឹកដក់ច្រើន នៅពេលដែលថ្នាលសំណាប និងពង្រោះត្រូវបង្ហូរទឹកចេញដើម្បីឲ្យគ្រាប់ស្រូវដុះ។ នៅពេលខ្សត់ទឹកក្នុងថ្នាលសាប សត្វខ្យងវានឹងរត់ទៅរកកន្លែងទឹកជ្រៅក្នុងចង្អូរនោះ។ កសិករអាចប្រមូលខ្យងលឿង ឬខ្យងមាសពីក្នុងចង្អូរបាន តែមិនត្រូវបោះវាចោលផ្ដេសផ្ដាសទេ ព្រោះវាងាយរស់ និងងាយបង្កាត់ពូជ។
លោកណែនាំឲ្យយកខ្យងលឿងទៅចិញ្ច្រាំយកសាច់ធ្វើជាចំណីត្រី កង្កែប មាន់ ទា ឯសំបក និងពងខ្យងយកវាទៅកិនជាចំណីសត្វ ឬយកវាទៅត្រាំធ្វើជីកំប៉ុស ឬជីបំប៉ន ស្រោចដំណាំវិញ៖ «ដើម្បីឲ្យបានចំណេញ ប្រជាកសិករគួរតែប្រមូលខ្យងដាក់ធុង ហើយមានទឹកនោម ឬក៏ដើមទន្ទ្រានខែត្រ ឬក៏ដើមស្លាក់ស្លែងដែលកសិករយើងមាននៅក្នុងតាមតំបន់ស្រែហ្នឹង គឺប្រមូលចូលទៅក្នុងពាងដែលយើងបានត្រាំខ្យងហ្នឹង ហើយរយៈពេល ៧ថ្ងៃ ទៅ ១០ថ្ងៃហ្នឹង សុំឲ្យប្រជាកសិករ យើងយកទឹកផ្សំនោះទៅចាក់ក្នុងស្រែ ដើម្បីឲ្យស្រូវយើង ស្រូបយកជីជាតិពីខ្យងមកវិញ ធ្វើឲ្យស្រូវយើងបែកគុម្ព»។
លោក ហ័រ សុផល បន្តថា ប្រសិនបើមានខ្យងលឿង ឬខ្យងមាស វាទុំលើដើមសន្ទូងគួរយកមែកឫស្សី ទៅដោតនៅក្បែរគុម្ពស្រូវ ដែលមានខ្យងក្នុងស្រែដើម្បីឲ្យវាតោងទៅពងលើមែកឫស្សីនោះ ទើបកសិករងាយស្រួលប្រមូលវាយកទៅធ្វើជី និងឲ្យជាចំណីសត្វ។
លោក ហ័រ សុផល បន្ថែមថា ខ្យងលឿង ឬខ្យងមាស ចាប់បានយកទៅត្រាំក្នុងទឹកមូត្រមនុស្សក៏បាន សត្វក៏បាន។ បើមានខ្យង ២៥គីឡូក្រាម ត្រូវត្រាំទឹកមូត្រចន្លោះពី ១០ ទៅ ១៥លីត្រ ហើយចិញ្ច្រាំស្លឹកទន្ទ្រានខេត្ត ដាក់ក្នុងនោះមិនកំណត់ទម្ងន់ទេ។
លោកថា ដាក់ស្លឹកឈើច្រើនកាលណា វាបង្កើនការកាច់ចូលគ្នាល្អ ព្រោះវានឹងឲ្យអាស្ហូតផង កាល់ស្យូមផង ក្នុងល្បាយទឹកជីនោះ៖ «ក្នុងខ្យង ១តៅ ឬ ២៥គីឡូអី គឺយើងអាចមានទឹកនោមប្រហែលជា ១០ ទៅ ១៥លីត្រ។ នេះបើគាត់ដាក់ច្រើនទៅវាអត់អីទេ ព្រោះទឹកនោមវាជាជាតិអាស្ហូតមួយដែរ ដែលវាជួយឲ្យស្រូវយើងលូតលាស់ ហើយមិនមែនគិតទៅលើស្រូវទេ យើងប្រើទៅលើបន្លែ ទៅលើបន្លែដែលផ្លែអីក៏យើងបានផលល្អដែរ»។
លោក ហ័រ សុផល បន្តថា ចំពោះការប្រើប្រាស់ទឹកជីដែលផលិតពីខ្យងលឿង ក្រោយពីត្រាំឲ្យសាច់ខ្យងរលាយទៅក្នុងទឹកមូត្រ និងផ្អាប់វាឲ្យងំហើយ ទឹកល្បាយនោះក្លាយជាមេជីទឹកដ៏ល្អ។ ទឹកមេជីនោះ អាចយកវា ១លីត្រ ទៅលាយជាមួយទឹកធម្មតា ១០លីត្រទៀត ទើបអាចយកទៅស្រោចលើស្រូវបាន ១០អារ៖ «ក្នុង១លីត្រ យើងបាចទឹក ១០លីត្រ ប៉ុន្តែយើងបាចឲ្យសព្វទៅ ស្រេចតែលទ្ធភាពរបស់គាត់ទេ បើគាត់ផលិតបានច្រើន គាត់អាចស្រោចស្រពបានពេញដីក៏បាន បើសិនជាដំណាំយើងអត់គិតជាអារទេ បើស្រូវយើងអាចបញ្ចូលតាមទឹកទៅ ក្នុង ១លីត្រយើងលាយទឹកបាន ១០លីត្រ។ ស្រូវយើងអាចបាញ់ពីលើក៏បាន ឬក៏យើងចាក់លាយទៅតាមទឹកបង្ហូរក៏បាន។ ប៉ុន្តែដំណាំយើងអាចយកទឹកនេះស្រោចទៅតាមគុម្ព»។
លោក ហ័រ សុផល បន្ថែមថា ក្រៅពីចាប់ខ្យងរស់ពីក្នុងស្រែទៅផលិតជាមេជីទឹក គេក៏អាចយកពងខ្យងលាយជាមួយនឹងស្ករក្រហម ផលិតជាមេជីបំប៉នសម្រាប់បាញ់ជំនួយផ្លែឈើ ដូចជាផ្លែស្វាយ ប៉េងប៉ោះ ឲ្យវាផ្លែល្អបានដែរ។
ចំពោះការប្រើប្រាស់ជីផលិតពីខ្យងលឿង ឬខ្យងមាស ត្រូវបានកសិករឈ្មោះ សួន ប៉ាល់ រស់នៅភូមិកណ្ដាល ឃុំក្រាំងយូវ ស្រុកស្អាង ខេត្តកណ្ដាល អះអាងថា គាត់ទទួលបានលេខ១ ទូទាំងប្រទេសឆ្នាំ២០១៣ ផ្នែកប្រព័ន្ធប្រពលវប្បកម្ម ក្នុងផលិតកម្មពូជស្រូវសុទ្ធរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយគាត់បានអនុវត្តប្រើប្រាស់ផ្ទាល់ ជីផលិតពីខ្យង និងពងខ្យងលឿងលើដំណាំស្រូវ។
លោកថា ការផលិតជីពីខ្យងលឿង ឬខ្យងមាសនេះបានកើតឡើងច្រើន ក្រោយពីពពួកខ្យងលឿងវាស៊ីស្រូវពង្រោះក្នុងស្រែស្ទើរអស់ច្រើនរយហិកតារ ទើបគាត់ទទួលបានការបង្រៀនបច្ចេកទេសចាប់ខ្យងលឿន ឲ្យជាចំណីត្រី ឯសំបកខ្យងកិនធ្វើចំណីសត្វបន្ថែមទៀត។ លោកថា ខ្យងលឿង ឬខ្យងមាស បើជីកចង្អូរឲ្យវាវារចូលទៅនៅក្នុងទឹក នោះក៏មិនអាចចាប់កម្ទេចវាបានទាំងអស់ដែរ ព្រោះវាត្បុលក្នុងដី ហើយមេឃត្រជាក់ទើបវាចេញទៅស៊ីស្រូវដែលទើបព្រោះ។ ហេតុនេះបើចាប់ខ្យងលឿងមិនឲ្យបន្តពូជ និងមិនឲ្យស៊ីស្រូវបាន ត្រូវចាប់វាពីក្នុងស្រែនៅពេលព្រលឹម និងពេលល្ងាចត្រជាក់ ដែលវាចេញមកពីក្នុងដីទៅស៊ីស្រូវ ឬចេញទៅពងតាមគុម្ពស្មៅ ឬពងតាមស្លឹកស្រូវ។ លោក សួន ប៉ាល់ បន្តថា ខ្យងលឿងវាពូកែលាក់បំពួនពងវាណាស់ បើម្ចាស់ស្រែមិនរវៀសមើលក្នុងស្មៅ កៀនភ្លឺស្រែ និងក្នុងស្លឹកស្រូវទេ វានឹងកើតកូនរហ័ស ស៊ីស្រូវបន្តទៀត។
លោកថា ដើម្បីកម្ទេចវាឲ្យអស់ គាត់យកទាំងពងខ្យង និងមេខ្យង ទៅផលិតជាមេជីបំប៉នបន្លែ៖ «បេះវាពីស្រូវមក ព្រោះមួយសំបុកខ្ញុំរាប់វាទៅ មេតូចបំផុត មានពងជាង ១០០ បើមេធំបំផុតអាចមានដល់ ៣០០ប្លាយពង។ អ៊ីចឹងក្នុងមួយសំបុកហ្នឹង យើងកម្ចាត់ពងវាបានច្រើនណាស់ បើយើងយកបាន ៤គីឡូ យកទៅដាក់ជាមួយស្ករ ១,៥០គីឡូ យកទៅលាយជាមួយចំណីសត្វ។ ពងខ្យងវាមានកាល់ស្យូម ព្រោះសំបកវារាងស្រួយៗ ដូចសំបកក្ដាមដែរ អ៊ីចឹងវាអាចកម្ចាត់វាបានអស់។ ទី១ កម្ចាត់ពង ទី២ កម្ចាត់ខ្យងផ្ទាល់តែម្ដង ហើយយកទៅកែច្នៃ»។
លោក សួន ប៉ាល់ ឲ្យដឹងថា ក្រោយពីចេះបច្ចេកទេសចាប់ខ្យងលឿងទៅផលិតជាមេជីទឹក និងអ័រម៉ូនបំប៉នស្រូវមក គាត់បានប្រើប្រាស់សាច់ខ្យងជាចំណីសត្វ ឯសំបកខ្យងគាត់កិនជាម្សៅលាយជាមួយចំណី ដាក់ឲ្យជ្រូកមាន់ទាស៊ី។ ចំណែកស្រូវគាត់ស្រោចទឹកខ្យងត្រាំជាមួយទឹកមូត្រ និងចាប់ខ្យងលឿងចេញអស់ពីស្រែ ធ្វើឲ្យការបន្សុទ្ធពូជស្រូវរបស់គាត់បានផលល្អ ហើយគាត់យកទៅចូលរួមប្រឡងនៅឆ្នាំ២០១៣ ដែលក្រសួងកសិកម្ម រៀបចំ។ គាត់បានជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ផ្នែកប្រព័ន្ធប្រពលវប្បកម្មក្នុងផលិតកម្មពូជស្រូវសុទ្ធ។ មូលហេតុនេះទើបគាត់សុំឲ្យកសិករឈប់បារម្ភពីខ្យងលឿងបំផ្លាញស្រូវ ត្រូវនាំគ្នាយកខ្យងលឿងនិងពងវាទៅធ្វើជាជីបម្រើក្នុងវិស័យកសិកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
