នៅក្នុងនាទីវាទិកាអាស៊ាននៅក្នុងសប្ដាហ៍នេះ នឹងលើកយកប្រធានបទភាពបរាជ័យនៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥។ ការមិនសម្រេចបានគោលដៅដែលបានកំណត់នេះ ដោយសារតែប្រទេសសមាជិកអាស៊ាន មានមូលដ្ឋានខុសគ្នាក្នុងការលើកកម្ពស់ពាណិជ្ជកម្មដោយសេរី។ ក្រៅពីនេះ ជម្លោះក្ដីក្ដាំដែលកំពុងកើតឡើងនៅប្រទេសវៀតណាម និងប្រទេសថៃ ជាបញ្ហារាំងស្ទះបន្ថែម។
អ្នកជំនាញផ្នែកកិច្ចការអាស៊ានបានលើកយកហេតុផលជាច្រើនដែលបញ្ជាក់ថា ការបង្កើតតំបន់អាស៊ានគឺមិនអាចទៅរួចនោះទេ នៅឆ្នាំក្រោយនេះ។ ហេតុផលទីមួយ គឺបញ្ហានៃការបង្កើតច្បាប់ដើម្បីគ្រប់គ្រងលំហូរពាណិជ្ជកម្មដោយសេរី ទីពីរ បញ្ហាលើការកាត់បន្ថយពន្ធគយ ទីបី បញ្ហាពាក់ព័ន្ធនឹងបច្ចេកទេសលើការបង្កើតកិច្ចព្រមព្រៀងរួមគ្នាជាដើម។
ក្រៅពីបញ្ហានេះ ការតវ៉ាប្រឆាំងរបស់ប្រជាពលរដ្ឋវៀតណាម អំពីរឿងជម្លោះសមុទ្រចិនខាងត្បូង និងវិបត្តិនយោបាយរបស់ថៃ ជាបញ្ហាបង្អាក់ដល់ការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាននៅឆ្នាំ២០១៥។ បញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ចបានរំលឹកថា កម្ពុជាត្រូវតែចាប់យកឱកាសពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួននៅពេលដែលប្រទេសទាំងពីរកំពុងជួបវិបត្តិ។ ព្រោះថៃ ជាប្រទេសសមាជិកអាស៊ាន ដែលសកម្មភាពសេដ្ឋកិច្ចខ្លាំងជាងគេ ដោយមានរោងចក្រធំជាច្រើនកំពុងវិនិយោគនៅក្នុងប្រទេសនេះ។ ម៉្យាងវិញទៀត វៀតណាមក៏ជាប្រទេសដែលសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំង។
អ្នកវិភាគសេដ្ឋកិច្ច លោក ស្រី ចន្ធី មានប្រសាសន៍ថា អាស៊ានត្រូវការពេលវេលាច្រើនទៀត ដើម្បីបង្កើតច្បាប់នានាបម្រើដល់ការធ្វើអាជីវកម្មឲ្យមានភាពស៊ីសង្វាក់គ្នា។ ប៉ុន្តែកត្តាសំខាន់ពីរសម្រាប់កម្ពុជា អាចទាក់ទាញអ្នកវិនិយោគពីប្រទេសអាស៊ានផ្សេងទៀត គឺទីមួយ កម្ពុជាមានផ្នែកសក្ដានុពលជាច្រើនដើម្បីបង្កើនពាណិជ្ជកម្ម ប៉ុន្តែកម្ពុជាត្រូវបង្កើនបរិយាកាសវិនិយោគដូចជា ស្ថិរភាពនយោបាយ និងការផ្គត់ផ្គង់ពលកម្មជំនាញ។ កត្តាសំខាន់ទីពីរ ដែលជំរុញឲ្យអ្នកវិនិយោគបរទេសពីវៀតណាមនិងថៃ ងាកមកកម្ពុជា គឺអស្ថិរភាពនយោបាយរបស់ថៃ និងការតវ៉ាប្រឆាំងរបស់វៀតណាម ពីជម្លោះសមុទ្រចិនខាងត្បូង។
ការស្រាវជ្រាវដោយសហព័ន្ធសមាគមសហគ្រាសខ្នាតតូចនិងមធ្យមកម្ពុជា បានរកឃើញថា ប្រទេសកម្ពុជា មានរោងចក្រធំចំនួនតិចតួចប៉ុណ្ណោះ ហើយសហគ្រាសផលិតកម្មខ្នាតតូច និងតូចបំផុតមានបរិមាណច្រើន។ កម្ពុជានៅខ្វះខាតសហគ្រាសធនមធ្យមដែលចាត់ទុកថា ជាផ្នែកសំខាន់បំផុតមួយ ជួយជំរុញមូលដ្ឋានផលិតកម្មរបស់កម្ពុជា នៅក្នុងការធ្វើសមាហរណកម្មអាស៊ាន។
អភិបាលគ្រប់គ្រងក្រុមហ៊ុនធំមួយនៅកម្ពុជា ដែលវិនិយោគលើផ្នែកអចលនទ្រព្យ ភោជនីយដ្ឋាន និងទីផ្សារមូលប័ត្រកម្ពុជា លោក គុយ វ៉ាត មានប្រសាសន៍ថា ភាពជោគជ័យនៃការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន លុះត្រាតែប្រទេសសមាជិកអាស៊ាននីមួយៗ អាចដោះស្រាយបានលើផ្នែកច្បាប់ពន្ធគយ និងផ្នែកនយោបាយនៅប្រទេសខ្លួនជាមុនសិន មុននឹងឈានដល់បង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន។
នាយកធនាគារអភិវឌ្ឍអាស៊ីប្រចាំកម្ពុជា លោក អៀរិក ស៊ីដវិច (Eric Sidgwick) មានប្រសាសន៍ថា ឆ្នាំ២០១៥ មិនមែនជាឆ្នាំដែលអាស៊ានត្រូវសម្រេចគោលដៅបង្កើតតំបន់ពាណិជ្ជកម្មសេរីនោះទេ។ ប៉ុន្តែឆ្នាំដែលបានកំណត់នេះ ជាឆ្នាំដើម្បីវាស់វែងប្រទេសសមាជិកអាស៊ានទាំងអស់មានឆន្ទៈក្នុងការតំបន់ពាណិជ្ជកម្មសេរីកម្រិតណា។ ស្របពេលជាមួយគ្នា គេអាចដឹងថា សមាជិកអាស៊ាននីមួយៗ មានឧបសគ្គអ្វីខ្លះដែលមិនអាចដោះស្រាយបាន។
លោក អៀរិក ស៊ីដវិច មានប្រសាសន៍បន្ថែមទៀតថា ឧបសគ្គរបស់ប្រទេសកម្ពុជានោះ គឺការពង្រឹងពលកម្មជំនាញ។ ម៉្យាងវិញទៀត នៅពេលដែលប្រទេសនៅក្នុងតំបន់ រួមបញ្ចូលគ្នាតែមួយនោះកម្ពុជា ត្រូវវិនិយោគលើវិស័យណាដែលបង្កើតតម្លៃបន្ថែមកាន់តែខ្ពស់ជាងមុន ឬអាចនិយាយបានថា កម្ពុជាត្រូវបង្កើនភាពប្រកួតប្រជែង។
លោក អៀរិក ស៊ីដវិច៖ «កម្ពុជាមិនអាចប្រកួតប្រជែងបានគ្រប់វិស័យបានទេ! ប៉ុន្តែកម្ពុជា មានមូលដ្ឋានទាក់ទាញអ្នកវិនិយោគដែលអាចប្រកួតប្រជែងបាននៅក្នុងតំបន់អាស៊ានបាន ដោយសារតែកម្ពុជា មានតម្លៃពលកម្មថោក និងភាពរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលជួយសម្រួលដល់ការចរាចរទំនិញទៅកាន់ទីផ្សារ»។
ទោះជាយ៉ាងណាក៏ដោយ ប្រធានប្ដូរវេនអាស៊ានរៀងរាល់ឆ្នាំតែងតែលើកឡើងថា ស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចខុសគ្នា នឹងប៉ះពាល់ផែនការនៃការបង្កើតតំបន់អាស៊ាននៅឆ្នាំ២០១៥។ ជាក់ស្ដែងប្រទេសសមាជិកអាស៊ានដែលមានសេដ្ឋកិច្ចជឿនលឿន បានបង្ហាញអំពីឆន្ទៈរបស់ខ្លួនលើការបង្កើតតំបន់ពាណិជ្ជកម្មសេរី។ បច្ចុប្បន្នរបាំងពន្ធគយបានកាត់បន្ថយស្ទើរសូន្យ ចំពោះប្រទេសហ្វីលីពីន សិង្ហបុរី ប្រ៊ុយណេ ថៃ ម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី ។ ដោយឡែក កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ពាណិជ្ជកម្មទំនិញជាប់ពន្ធមានចំនួន៥%។
ម៉្យាងវិញទៀត ភាពបរាជ័យក្នុងការបង្កើតតំបន់អាស៊ាន គឺដោយសារ មូលដ្ឋានផលិតកម្មទំនិញរបស់អាស៊ានមិនស៊ីសង្វាក់គ្នា និងគ្មានគុណភាព។ របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវទីផ្សារអាស៊ានបានបង្ហាញថា អាជីវកម្មធន់តូច ឬលក្ខណៈគ្រួសារដែលតំណាងឲ្យ ៦៥% នៃអាជីវកម្មសរុបនៅអាស៊ានអាចក្ស័យធន់ ដោយសារផលិតផលមិនមានបច្ចេកទេសត្រឹមត្រូវ និងការផលិតស្ថិតនៅដាច់ពីគ្នា។
បច្ចុប្បន្នប្រទេសសមាគមអាស៊ានទាំង១០ បានសម្រេចនូវផែនការនៃការបង្កើតតំបន់អាស៊ាន ប្រមាណ ៨០% ប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៣។ ក្រៅពីនេះ ការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ានមិនត្រឹមតែដោះស្រាយបញ្ហាសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុតនោះ គឺបញ្ហាកើតឡើងពីរឿងនយោបាយ ដែលកំពុងកើតឡើងនៅប្រទេសថៃ វៀតណាម និងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
