តើ​កម្ពុជា​អាច​ផលិត​ទំនិញ​និង​សេវាកម្ម​អ្វី​ខ្លះ​សម្រាប់​ទីផ្សារ​អាស៊ាន​នៅ​ឆ្នាំ​២០១៥

0:00 / 0:00

ការ​ស្វែង​រក​មូលដ្ឋាន​ផលិតកម្ម និង​​ស្វែង​រក​ប្រភេទ​ផលិតផល​​ដែល​មាន​ភាព​ប្រកួត​ប្រជែង​​ខ្ពស់​ជាង​ ដៃគូ​ប្រកួតប្រជែង​នោះ​ ជា​​កត្តា​សំខាន់​បំផុត​នៅ​ពេល​ដែល​អាស៊ាន​ធ្វើ​សមាហរណកម្ម​​នៅ​​ក្នុង​ឆ្នាំ​២០១៥។ ជាក់​ស្ដែង​ប្រទេស​កម្ពុជា មិន​ទាន់​បាន​កំណត់​ប្រភេទ​ផលិតផល​​​​​​របស់​ខ្លួន​ឡើយ​ ដើម្បី​កែច្នៃ​ ​នឹង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​នៅ​ក្នុង​តំបន់​​​អាស៊ាន​នោះ។

ការ​ធ្វើ​សមាហរណកម្ម​តំបន់​ទាក់ទង​​​​នឹង​សមត្ថភាព​ផលិត​​របស់​ប្រទេស​នីមួយៗ ដើម្បី​នាំ​ចេញ​ទៅ​កាន់​​ទីផ្សារ​តំបន់។ សមត្ថភាព​ផលិត​នោះ​មាន​ចំណុច​សំខាន់​ចំនួន​ពីរ​​​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់។ ទី​មួយ គឺ​​ដំណើរ​ការ​ផលិត​ទំនិញ​ឬ​សេវាកម្ម​ណា​មួយ​កាន់​តែ​ច្រើន​ជាង​ដៃគូ​ប្រកួត​ប្រជែង​ដោយ​ប្រើប្រាស់​ធនធាន​​ផលិត​​ប្រហាក់​ប្រហែល​គ្នា។ កត្តា​សំខាន់​ទី​ពីរ គឺ​ដំណើរ​ការ​ផលិត​កម្ម​​​ដោយ​ប្រើប្រាស់​ធនធាន​ផលិត​កាន់​តែ​ទាប ដែល​គូ​ប្រជែង​​មិន​​អាច​ធ្វើ​បាន។

កត្តា​សំខាន់​ទាំង​ពីរ​នេះ ជា​បញ្ហា​ដែល​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ​កំពុង​ស្វែង​រក​ផលិត​ផល​ណា​មួយ​ដែល​អាច​ផលិត​កាន់​តែ​ច្រើន និង​ដោយ​ប្រើប្រាស់​កត្តា​ផលិតកម្ម​កាន់​តែ​ទាប​នៅ​ពេល​ដែល​អាស៊ាន​កំពុង​ធ្វើ​សមាហរណកម្ម​អាស៊ាន។

ការ​ធ្វើ​សមាហរណកម្ម​​តំបន់​កាន់​តែ​ខ្លាំង ការ​បង្កើត​សមត្ថភាព​ប្រកួត​ប្រជែង​របស់​សហគ្រាស​ផលិត​​ក៏​ទាមទារ​កាន់​តែ​ខ្ពស់។ មជ្ឈដ្ឋាន​​នានា​បាន​ចោទ​ជា​សំណួរ​ថា តើ​កម្ពុជា​អាច​ផលិត​ទំនិញ និង​សេវាកម្ម​អ្វី​បាន​​ខ្លះ​ នៅ​ពេល​ដែល​កម្ពុជា ចូល​រួម​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​តំបន់​នៅ​ឆ្នាំ​២០១៥ ខាង​មុខ​នោះ?

បញ្ហា​នេះ ​ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា លោក អៀរិក ស៊ីដវិច (Eric Sidhwich) ​មាន​ប្រសាសន៍​ថា អ្វី​ដែល​សំខាន់​​សម្រាប់​ប្រទេស​កម្ពុជា​ គឺ​ស្វែង​រក​ផលិតផល​ណា​មួយ​ដែល​អាច​ប្រកួត​ប្រជែង​ឈ្នះ​​​រវាង​​ប្រទេស​​សមាជិក​អាស៊ាន​ដទៃ​ទៀត​ដែល​​មិន​អាច​ផលិត​បាន​ ដូច​​កម្ពុជា៖ «ខ្ញុំ​គិត​ថា យើង​គួរ​តែ​​​​​​រំលេច​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​កម្ពុជា មិន​អាច​ប្រកួតប្រជែង​គ្រប់​ផ្នែក​ទាំង​អស់​​បាន​​ឡើយ។នៅ​ក្នុង​ផ្នែក​កំពុង​អភិវឌ្ឍ​មួយ​ចំនួន ដូច​ជា​នៅ​សហគ្រាស​ធុន​ស្រាល និង​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ប្រទេស​កម្ពុជា​ បាន​ធ្វើ​សមាហរណកម្ម​ដោយ​ផ្នែក នៅ​ក្នុង​សង្វាក់​ផលិតកម្ម​តំបន់​និង​ពិភពលោក»

លោក អៀរិក ស៊ិដវិច​ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ប្រទេស​កម្ពុជា អាច​ធ្វើ​បាន​នៅ​ក្នុង​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​នៅ​ក្នុង​តំបន់ ដោយ​សារ​តែ​ប្រទេស​កម្ពុជា មាន​តម្លៃ​ពលកម្ម​ទាប​ជាង​ប្រទេស​ជិត​ខាង និង​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​​មាន​អភិវឌ្ឍ​ខ្លាំង។ កត្តា​ទាំង​អស់​នេះ គឺ​ការ​ជំរុញ​ឲ្យ​ ទំនិញ​កម្ពុជា អាច​ចរាចរ​​នៅ​ក្នុង​ទីផ្សារ​តំបន់​កាន់​តែ​​មាន​ភាព​ងាយ​ស្រួល។

បន្ថែម​លើ​នេះ ការ​បង្កើត​ទីផ្សារ​​កាន់​តែ​ធំ​នៅ​ក្នុង​តំបន់​ គឺ​ជា​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​កាន់​តែ​ច្រើន​ ដែល​ប្រទេស​សមាជិក​​អាស៊ាន​ទាំង​អស់​​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ជា​មុន​ លើ​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច។ មាន​ន័យ​ថា​ ប្រទេស​នីមួយ​ត្រូវ​ធានា​អំពី​អត្រា​​ភាព​មាន​ការងារ​ធ្វើ​ កំណើន​សេដ្ឋកិច្ច​ និង​អត្រា​អតិផរណា​ដែល​អាច​គ្រប់គ្រង​បាន​ជា​ដើម។

ដើម្បី​ជៀសវាង​បញ្ហា​នេះ​ និង​​​សម្រេច​បាន​ផែន​ទី​ដែល​បាន​គ្រោង​ទុក​នេះ សមាគម​​អាស៊ាន​​ បាន​រៀប​ចំ​ផែន​ទី​បង្ហាញ​ផ្លូវ​ដែល​តម្រូវ​ឲ្យ​ប្រទេស​សមាជិក​​​នីមួយៗ អនុវត្ត​ឲ្យ​បាន​​​​រៀង​រាល់​ឆ្នាំ​ ដោយ​បញ្ចប់​​កិច្ច​ព្រមព្រៀង​ទាំង​អស់​នៅ​ឆ្នាំ​២០១៥​ ដែល​ជា​ឆ្នាំ​ធ្វើ​សមាហរណកម្ម​​តំបន់​អាស៊ាន​​នោះ។

របៀបវារៈ​ដែល​ត្រូវ​ធ្វើ​របស់​សមាគម​អាស៊ាន​​ គឺ​ការ​អនុវត្ត​ការ​ធ្វើ​សមាហរណកម្ម។ សន្ធិសញ្ញា​និង​កិច្ច​ព្រមព្រៀង​​ជា​ច្រើន​ ​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​​​ដើម្បី​ឈាន​ដល់​ការ​បង្កើត​តំបន់​អាស៊ាន រួម​មាន​កិច្ច​ព្រមព្រៀង​សំខាន់ៗ​​ដូច​ជា​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន ការ​បង្កើត​​កិច្ចព្រមព្រៀង​​លើ​ផ្នែក​សេវាកម្ម​ និង​កិច្ច​ព្រមព្រៀង​លើក​កម្ពស់ និង​ការ​ការពារ​វិនិយោគ​ជា​ដើម។​

ការ​ស្រាវ​ជ្រាវ​រួម​គ្នា​ដោយ​ធនាគារ​ពិភពលោក​និង​សមាគម​អាស៊ាន នៅ​ឆ្នាំ​២០១៣​ ​បាន​បង្ហាញ​ថា ដើម្បី​សម្រេច​ផែនការ​​ដែល​បាន​គ្រោង​ទុក​​ គឺ​​ប្រទេស​អាស៊ាន​ត្រូវ​ស្វែង​រក​ប្រភព​កំណើន​សេដ្ឋកិច្ច​ថ្មី។ បច្ចុប្បន្ន​បញ្ហា​នេះ នឹង​កើត​មាន​នៅ​ប្រទេស​​ប្រទេស​​សមាជិក​អាស៊ាន​ចំនួន​​បួន ដែល​មាន​ស្ថានភាព​អភិវឌ្ឍ​តិចតួច ដូច​ជា​ប្រទេស​​កម្ពុជា ឡាវ ភូមា និង​ប្រទេស​វៀតណាម។ ស្ថានភាព​អភិវឌ្ឍ​ប្រទេស​​ទាំង​បួន​នេះ ពឹង​លើ​បំណុល​បរទេស​ ​និង​មាន​ឱនភាព​ជញ្ជឹង​ពាណិជ្ជកម្ម​នៅ​ឡើយ។​​​

បន្ថែម​លើ​នេះ ​នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​ពង្រឹង​ក្រប​ខណ្ឌ​សមាហរណកម្ម លោក​បណ្ឌិត រតនាកា អាឌីការី (Ratnakar Adhidari) មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា អាច​មាន​ភាព​ប្រកួត​ប្រជែង​ឈ្នះ​ រវាង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​​ដោយ​សារ​ទីផ្សារ​ក្រៅ​អាស៊ាន។ ទីផ្សារ​នោះ​ រួម​មាន​​​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ បាន​​ផ្ដល់​ឲ្យ​កម្ពុជា ដោយ​​ការ​អនុគ្រោះ​ពន្ធគយ។

លោក​បញ្ជាក់​ថា វិស័យ​ដែល​កម្ពុជា មាន​សក្ដានុពល​នោះ គឺ​វិស័យ​កាត់​ដេរ​សំលៀក​បំពាក់​​ ​ដែល​​ទទួល​បាន​ការ​អនុគ្រោះ​ជា​ពី​អន្តរជាតិ ដែល​កម្ពុជា អាច​ប្រជែង​ឈ្នះ​រវាង​ប្រទេស​នៅ​​ក្នុង​តំបន់។ ទោះ​ជា​​យ៉ាង​ណា​​ក៏​ដោយ ​កត្តា​ដែល​សំខាន់​បំផុត​​របស់​កម្ពុជា​នោះ​ គឺ​ការ​បង្កើត​យន្តការ​ធ្វើ​សមាហរណកម្ម​តំបន់​​នៅ​ទីផ្សារ​អាស៊ាន៖ «បច្ចុប្បន្ន​ បើ​ខ្ញុំ​មើល​តួ​លេខ​ពាណិជ្ជកម្ម​ ឃើញ​ថា​សហភាព​អឺរ៉ុប​ជា​ទីផ្សារ​ធំ​របស់​ការ​នាំ​ចេញ​​កម្ពុជា​ ដោយសារ​​តែ​កម្ពុជា​ ទទួល​ការ​អនុគ្រោះ​ពន្ធគយ​ នាំ​ចូល​ទំនិញ​ក្នុង​ទីផ្សារ​នោះ ដែល​កម្ពុជា​កំពុង​ទទួល​បាន​ផល​ប្រយោជន៍​នេះ។ ដូច​ច្នេះ​ វា​មិន​មែន​ត្រឹម​តែ​បញ្ហា​​ដែល​កម្ពុជា​ ត្រូវ​ស្វែង​រក​ប្រភេទ​ផលិតផល​ប្រកួត​ប្រជែង​ឈ្នះ​នោះ​ទេ។ កត្តា​សំខាន់​នោះ​ គឺ​ត្រូវ​ចោទ​ជា​សំណួរ​ថា តើ​កម្ពុជា​អាច​ចូល​រួម​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​តំបន់​ដោយ​វិធី​ណា​ខ្លះ?»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល មាន​ប្រសាសន៍​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​បើកចំហ​​ជា​ពិសេស​ការ​ផ្លាស់​ផលិតផល​ទៅ​វិញ​ទៅ​មក គឺ​ប្រទេស​​សមាជិក​អាស៊ាន​ចំណេញ​ទាំង​អស់​គ្នា។ ប៉ុន្តែ​នៅ​បរិបទ​សមាហរណកម្ម​អាស៊ាន​ គឺ​​សហគ្រាស​ផលិត​ក្នុង​ស្រុក ត្រូវ​​បង្កើន​គុណភាព។

សហគ្រាស​ផលិត​ក្នុង​ស្រុក​វិញ បាន​អះអាង​ថា កាលៈទេសៈ​នេះ រដ្ឋាភិបាល​ត្រូវ​ជួយ​ជំរុញ​វិស័យ​ផលិត​នៅ​ក្នុង​ស្រុក​តាម​រូបភាព​ការ​លុប​​បំបាត់​ពន្ធ​នាំចេញ​ទំនិញ និង​ពន្ធ​លើ​សម្ភារៈ​វត្ថុធាតុ​ដើម​ពី​បរទេស។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​ត្រូវ​ស្រាវជ្រាវ​ អ្វី​ជា​តម្រូវ​ការ​វត្ថុធាតុ​ដើម​ ដើម្បី​ជំនួស​ការ​នាំ​ចូល​ពី​បរទេស ដែល​​បាន​ប្រើប្រាស់​​ក្នុង​​ផលិតកម្ម​​ក្នុង​ស្រុក។ និន្នាការ​នេះ ជា​កត្តា​​​សំខាន់​តែ​មួយ​គត់ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​​​ផលិតផល​កម្ពុជា​ ស្រប​ពេល​ដែល​កម្ពុជា​ មិន​ទាន់​មាន​ផលិតផល​ប្រកួត​ប្រជែង​ឈ្នះ​នៅ​ក្នុង​ទីផ្សារ​អាស៊ាន​​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។