ស្របពេលជាមួយគ្នានោះ សកម្មភាពវិនិយោគ ឬអាជីវកម្មរបស់ប្រជាពលរដ្ឋនៅបណ្ដាសមាគមអាស៊ានទាំងនោះ តែងតែរក្សាភាពស្ងៀមស្ងាត់ និងទន្ទឹងរង់ចាំការប្រកាសជាផ្លូវការលើលទ្ធផលបោះឆ្នោត ហើយប្រជាពលរដ្ឋកម្ពុជា ភ័យខ្លាចពីបញ្ហានយោបាយខ្លាំងជាងប្រទេសសមាជិកអាស៊ានដទៃទៀត។
ប្រទេសចំនួន ៨ ក្នុងចំណោម ១០ជាសមាជិកអាស៊ានដែលមានប្រព័ន្ធបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស។ ក៏ប៉ុន្តែរៀងរាល់ការបោះឆ្នោតម្ដងៗ ប្រជាពលរដ្ឋ ឬអ្នកវិនិយោគនៅក្នុងប្រទេសទាំងនោះ តែងតែកាត់បន្ថយសកម្មភាពអាជីវកម្ម ឬផ្អាកគម្រោងណាមួយជាបណ្ដោះអាសន្នរបស់ខ្លួននៅក្នុងពេលបោះឆ្នោតរហូតដល់ការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ ឬរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងជាផ្លូវការហើយគ្មានភាពវឹកវរផ្នែកនយោបាយនោះ។
ប្រទេសម៉ាឡេស៊ី (Malaysia) ជាសមាជិកអាស៊ានដែលទើបបានបញ្ចប់ការបោះឆ្នោតរបស់ខ្លួនកាលពីខែឧសភា ឆ្នាំ២០១៣ កន្លងទៅ ក៏បានបង្ហាញសញ្ញាអវិជ្ជមានដល់សកម្មភាពវិនិយោគរបស់ប្រទេសនេះ។ សារព័ត៌មានមួយចំនួនរបស់ប្រទេសម៉ាឡេស៊ី បានបង្ហាញថា នៅមុនពេលប្រកាសលទ្ធផលបោះឆ្នោត ក្រុមអ្នកវិនិយោគបានអះអាងអំពីការព្រួយបារម្ភចំពោះការផ្លាស់ប្ដូរអ្នកដឹកនាំប្រទេស នឹងធ្វើឲ្យប៉ះពាល់ដល់ទីផ្សារ ឬគម្រោងវិនិយោគរបស់ខ្លួន។ ប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោត នឹងរារាំងដល់សកម្មភាពលំហូរមូលធន។
អ្នកវិនិយោគរបស់ប្រទេសម៉ាឡេស៊ី បានអះអាងទៀតថា ការថយចុះនេះ មិនមែនមកពីការដឹកនាំគណបក្សប្រឆាំងអាក្រក់នោះទេ ប៉ុន្តែវាអាចបណ្ដាលមកពីការផ្លាស់ប្ដូររចនាសម្ព័ន្ធ និងគោលនយោបាយវិនិយោគមួយចំនួន។ បច្ចុប្បន្នលទ្ធផលបោះឆ្នោតរបស់ប្រទេសម៉ាឡេស៊ីនេះ បានប្រកាសជាផ្លូវការដែលបង្ហាញអំពីភាពជឿទុកចិត្តបានលើការបណ្ដាក់ទុនវិនិយោគបន្ថែម និងបង្កើនសកម្មភាពអាជីវកម្មរបស់ខ្លួន។
ប្រទេសកម្ពុជា ហាក់ជួបបញ្ហាស្រដៀងគ្នានេះដែរ ចំពោះហានិភ័យនានាដែលកើតឡើងពីភាពមិនប្រាកដខាងផ្នែកនយោបាយ។ បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជា រួមទាំងអ្នកវិនិយោគនានា កំពុងរង់ចាំការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ ឬការបង្កើតរដ្ឋាភិបាលថ្មី។ ការរង់ចាំដោយសារតែខ្លាចបញ្ហាវឹកវរដែលអាចកើតមានឡើងពីការមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដូចដែលធ្លាប់កើតមាននៅក្នុងប្រទេសថៃ ដែលជាសមាជិកអាស៊ានកាលពីឆ្នាំ២០១១ កន្លងទៅ។ ភាពចលាចលនៅពេលនោះ បានធ្វើខាតបង់ថវិកាពីការវិនិយោគ ឬថវិកាជាតិរាប់រយលានដុល្លារអាមេរិក។
អ្នកវិភាគនយោបាយនៅកម្ពុជា មួយចំនួនបានអះអាងថា ភាពចលាចលអំឡុងពេលបោះឆ្នោត និងក្រោយបោះឆ្នោតនៅក្នុងប្រទេសមួយចំនួននៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ាន នោះ ដោយសារតែអំណាចយោធាស្ថិតនៅក្រោមឥទ្ធិពលរបស់អ្នកនយោបាយ ឬគណបក្សកាន់អំណាច។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការគាំទ្រគណបក្សមួយ ឬមិនចូលចិត្តគណបក្សមួយផ្សេងទៀត ដោយកម្លាំងយោធាដែលធ្លាប់កើតមាននៅក្នុងប្រទេសថៃ នឹងបង្កើតឲ្យការប្រឆាំងគ្នា ឬបង្កឲ្យមានអស្ថិរភាពនៅក្នុងសង្គម។
លោក អ៊ូ វីរៈ មានប្រសាសន៍បន្ថែមថា ចំណុចល្អមួយរបស់ប្រទេសថៃ គឺប្រជាពលរដ្ឋមិនងាយជឿលើពាក្យចចាមអារ៉ាមផ្ដេសផ្ដាសឡើយ ដោយសារតែមានបណ្ដាញព័ត៌មានដែលជឿទុកចិត្តបាន។ បន្ថែមលើបញ្ហានេះ អង្គការសង្គមស៊ីវិលទាំង ៥២ ដែលមកពីប្រទេសចំនួន ១៥ បានបង្ហាញថា ប្រទេសសមាជិកអាស៊ានដែលមានស្ថានភាព និងដំណើរការបោះឆ្នោតប្រសើរជាងកម្ពុជា មានប្រទេសថៃ ហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ប្រទេសណាក៏ដោយដែលមានភាពវឹកវរកើតឡើងនៅក្នុងសង្គមកើតឡើងដោយសារតែអ្នកនយោបាយមិនទទួលស្គាល់ការពិត ហើយប្រើប្រាស់កម្លាំងយោធាមកបំភិតបំភ័យប្រជាពលរដ្ឋ។
លោកបណ្ឌិត សុខ ទូច មានប្រសាសន៍បន្ថែមថា ការបោះឆ្នោតនៅក្នុងប្រទេសសមាជិកអាស៊ាន ដូចជាប្រទេសថៃ និងម៉ាឡេស៊ី កន្លងមក ប្រជាពលរដ្ឋរបស់គេទទួលស្គាល់លទ្ធផលបោះឆ្នោតដោយសារតែ ស្ថាប័នរៀបចំបោះឆ្នោតឯករាជ្យ តម្លាភាព ដែលធ្វើឲ្យទុកចិត្តបាន។
អ្នកវិភាគសង្គម លោក កែម ឡី មានប្រសាសន៍ថា ស្ថានភាពនយោបាយនៅកម្ពុជា អាចជាប់គាំងដោយសារតែឆន្ទៈរបស់អ្នកនយោបាយ ថាតើត្រូវគិតពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ឬផលប្រយោជន៍របស់បក្ស។
លោក កែម ឡី មានប្រសាសន៍បន្ថែមថា ការជាប់គាំងបង្កើតរដ្ឋាភិបាលនឹងប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច ការឡើងថ្លៃទំនិញ ការដកប្រាក់ពីស្ថាប័នហិរញ្ញវត្ថុដែលអាចប៉ះពាល់ដល់ដំណើរអភិវឌ្ឍប្រទេសរយៈពេលវែង។
ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនយោបាយ និងភាពភ័យខ្លាចនៅប្រទេសកម្ពុជា មានការអភិវឌ្ឍតិចតួចបើធៀបទៅបណ្ដាប្រទេសនៅអាស៊ាន។ របាយការណ៍របស់វិទ្យាស្ថានអន្តរជាតិលើកកម្ពស់ប្រជាធិបតេយ្យ និងការបោះឆ្នោតនៅក្នុងឆ្នាំ២០១៣ បានបង្ហាញថា ប្រទេសអាស៊ាន ៦ ក្នុងចំណោមប្រទេស ១០ ជាសមាជិក រួមមានប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រទេសសិង្ហបុរី មានការបោះឆ្នោតដែលបង្ហាញអំពីភាពឆ្លើយតបទៅនឹងតម្រូវការរបស់ម្ចាស់ឆ្នោត ឬប្រជាពលរដ្ឋមិនសូវព្រួយបារម្ភខ្លាំងពីបញ្ហាដែលកើតឡើងពីការបោះឆ្នោតឡើយ។
ម្យ៉ាងវិញទៀត ប្រសិនបើស្ថានភាពនៅប្រទេសកម្ពុជា នៅពេលនេះត្រូវបានជាប់គាំងផ្នែកនយោបាយ ឬមានភាពវឹកវរណាមួយកើតឡើង កម្ពុជានឹងខាតបង់ថវិកាពីការវិនិយោគច្រើនជាងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ាន ដោយសារកម្ពុជា ទើបឆ្លងកាត់សង្គ្រាម ដែលអ្នកវិនិយោគកាន់តែបាត់បង់ជំនឿទុកចិត្តលើកម្ពុជា។ បញ្ហាទាំងនេះ អ្នកនយោបាយត្រូវរកវិធីដោះស្រាយដោយសន្តិវិធី ជៀសវាងកុំឲ្យមានភាពវឹកវរកើតឡើង ដើម្បីឲ្យការខាតបង់ ពិសេសប្រជាពលរដ្ឋដែលជាអ្នករងគ្រោះផ្ទាល់ពីបញ្ហានេះ ដូចជាទំនិញប្រើប្រាស់ប្រចាំថ្ងៃឡើងថ្លៃជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
