តើ​កម្ពុជា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ចាប់​ផ្ដើម​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​២០១៥?

ដោយ អាន ស៊ីថាវ
2015.01.13

ឆ្នាំ​​​២០១៥​ គឺ​ជា​ពេល​វេលា​កំណត់ ​ឬ​ជា​ចំណុច​ចាប់​ផ្ដើម​ដែល​ប្រទេស​ទាំង ១០ ​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ប្រែក្លាយ​ជា​សហគមន៍​សេដ្ឋកិច្ច​​​តែ​មួយ។

ចំពោះ​កម្ពុជា ចាប់​តាំង​​ពី​ក្លាយ​ជា​សមាជិក​អាស៊ាន រហូត​​ដល់​ប្រែ​ក្លាយ​ទៅ​ជា​តំបន់​តែ​មួយ​នៅ​ពេល​នេះ តើ​បាន​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ដល់​សេដ្ឋកិច្ច និង​​បាន​ត្រៀម​ខ្លួន​កម្រិត​​ណា​​​ខ្លះ​នៅ​ក្នុង​សហគមន៍​​អាស៊ាន​ក្នុង​ឆ្នាំ​២០១៥​នេះ?

​ឯកសារ​ជា​ច្រើន​បាន​បង្ហាញ​ថា​ នៅ​លើ​ពិភពលោក​គ្មាន​ប្រទេស​ណា​មួយ​ដែល​អាច​រក្សា​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​បាន​យូរ​អង្វែង ដោយ​គ្មាន​ការ​ចូល​រួម​ក្នុង​សកម្មភាព​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​អន្តរជាតិ​ឡើយ។ ទំនាក់ទំនង​អន្តរជាតិ​នេះ គឺ​ការ​បើក​ផ្លូវ​ឲ្យ​​ប្រទេស​មួយ​អាច​​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ស្មើ​ភាព​គ្នា​រវាង​ប្រទេស​នៅ​ក្នុង​តំបន់​​ រួម​ទាំង​ការ​ប្រើប្រាស់​ធនធាន​តិច​ តែ​​អាច​ទទួល​បាន​ផលិតផល​កាន់​តែ​ច្រើន​ជាង​មុន។ និន្នាការ​នេះ គឺ​ជា​គោល​បំណង​សំខាន់​ដែល​​អាស៊ាន​ចង់​បាន​ក្នុង​ការ​បង្កើត​ចង្វាក់​ផលិតកម្ម​អាស៊ាន ​មាន​ន័យ​ថា គឺ​ជា​ការ​អនុញ្ញាត​ឲ្យ​​ប្រទេស​​សមាជិក​អាស៊ាន​ណា​​មួយ​ផលិត​អ្វី​ដែល​មាន​ជំនាញ​ខ្ពស់​ និង​ទទួល​បាន​ផល​ខ្ពស់​ជាង​គេ​ ជា​អ្នក​ចែកចាយ ឬ​​ជា​អ្នក​ផ្គត់ផ្គង់​ក្នុង​តំបន់។

​​គោល​​បំណង​​ទាំង​នោះ បាន​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ ចាប់​តាំង​ពី​​កម្ពុជា បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​រយៈ​ពេល​​​ជាង​ ១៥​ឆ្នាំ​មក​នេះ​​ តាម​រយៈ​ការ​ប្រើប្រាស់​ផលិតផល​កាន់​តែ​​សម្បូរ​បែប​ជាង​មុន និង​ត្រង់​តម្លៃ​ទាប។ ម៉្យាង​វិញ​ទៀត ​ភាព​ជា​សមាជិក​អាស៊ាន​នេះ ក៏​បាន​​​ជំរុញ​មូលដ្ឋាន​សេដ្ឋកិច្ច​​កម្ពុជា ផ្លាស់​ប្ដូរ​ពី​សេដ្ឋកិច្ច​​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ទៅ​​ជា​សេដ្ឋកិច្ច​តម្រង់​ទិញ​ទៅ​ទីផ្សារ​ខាង​ក្រៅ។

សហប្រតិបត្តិការ​ក្នុង​តំបន់​នេះ បាន​ក្លាយ​ជា​យុទ្ធសាស្ត្រ​ ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​​ រយៈ​ពេល​វែង​ ដោយសារ​តែ​​ផល​ប្រយោជន៍​សំខាន់​ពីរ។ ទី​មួយ​ គឺ​ទិដ្ឋភាព​នៃ​សេដ្ឋកិច្ច​អន្តរជាតិ​ បាន​ផ្លាស់ប្ដូរ ឬ​កែប្រែ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​​ពាណិជ្ជកម្ម​កម្ពុជា ដែល​ទន់​ខ្សោយ​ឲ្យ​ក្លាយ​ជា​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​​ប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង។ ទី​ពីរ​ ភាព​ជា​សមាជិក​​អាស៊ាន​របស់​កម្ពុជា​ ដោយសារ​តែ​កម្ពុជា យល់​ឃើញ​ថា គឺ​​​ជា​ទី​តាំង​សំខាន់​សម្រាប់​ប្រតិបត្តិការ​សេដ្ឋកិច្ច​សកល។

​ជាក់​ស្ដែង​ ប្រទេស​កម្ពុជា បាន​ទទួល​ផល​ប្រយោជន៍​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ និង​គំនិត​ផ្ដួច​ផ្ដើម​នៃ​ការ​បង្កើត​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​របស់​អាស៊ាន។​បច្ចុប្បន្ន​ ការ​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ​២០១៥​ គឺ​ជា​ការ​ព្រមព្រៀង​គោលនយោបាយ​ពាណិជ្ជកម្ម​​​របស់​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​ ដើម្បី​បន្ស៊ី​ការ​ធ្វើ​ពាណិជ្ជកម្ម​​​រវាង​ប្រទេស​ទាំង​​១០​ ឲ្យ​ក្លាយ​ជា​រចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​តែ​មួយ។

ការ​បង្កើត​រចនាសម្ព័ន្ធ​នេះ ប្រទេស​កម្ពុជា អាច​ទទួល​​ផល​ប្រយោជន៍​ពី​​សំខាន់​ ទី​មួយ​ ការ​ទទួល​បាន​បទ​ពិសោធន៍​លើ​ការ​នាំ​ចេញ។ បញ្ហា​​អ្នក​ជំនាញ​សេដ្ឋកិច្ច​អភិវឌ្ឍ​មាន​ជំនឿ​ថា ប្រទេស​ដែល​បើក​ចំហ​សេដ្ឋកិច្ច​ នឹង​ជួយ​រក្សា​កំណើន​សេដ្ឋកិច្ច​ ​ប្រកប​ដោយ​ភាព​​ប្រកួតប្រជែង។ ​ជាក់​ស្ដែង​ប្រទេស​ភាគ​ច្រើន​បាន​ទទួល​ផល​ប្រយោជន៍​ពី​សមាហរណកម្ម​​សេដ្ឋកិច្ច​ពិភពលោក ដោយ​ប្រើ​សមាសធាតុ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​សម្រាប់​​ធ្វើ​ជា​មូលដ្ឋាន​ កំណើន​សេដ្ឋកិច្ច​ជាតិ​​របស់​គេ។ ហេតុផល​សំខាន់​ទី​ពីរ គឺ​ការ​​​ជួយ​ជំរុញ​សមត្ថភាព​ផលិត​របស់​កម្ពុជា ឲ្យ​កាន់​តែ​ខ្លាំង។

ទោះ​បី​ជា​កម្ពុជា បាន​ទទួល​ផល​ប្រយោជន៍​ជា​ច្រើន​​ដោយសារ​តែ​ការ​ចូល​ជា​សមាជិក​អាស៊ាន​​ក៏ដោយ ប៉ុន្តែ​​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា​វិញ ​បាន​សម្រេច​ផែន​ការ​គោល​នៃ​ការ​បង្កើត​សហគមន៍​អាស៊ាន​ប្រមាណ​តែ ៨០% ប៉ុណ្ណោះ​ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៤។ ​ឯកសារ​ស្រាវជ្រាវ​របស់​​អាស៊ាន​ និង​ស្ថាប័ន​អភិវឌ្ឍន៍​របស់​កម្ពុជា​ មួយ​ចំនួន​បាន​អះអាង​ថា​ បញ្ហា​ប្រឈម​ ​ដែល​កម្ពុជា ត្រូវ​ប្រឹង​ប្រែង​ដើម្បី​កែប្រែ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ​២០១៥ រួម​មាន​ ការ​កែ​លំអ​បរិយាកាស​វិនិយោគ​ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ និង​ការ​ដោះស្រាយ​ឧបសគ្គ​ប្រឈម​នានា​ ដើម្បី​លើក​កម្ពស់​ទំហំ​ពាណិជ្ជកម្ម​ជា​ដើម។

បញ្ហា​នេះ ​មាន​ន័យ​ថា​ ការ​រក្សា​បាន​នូវ​បរិយាកាស​ម៉ាក្រូ​សេដ្ឋកិច្ច​​ និង​ភាព​​ធន​បាន​ចំពោះ​វិបត្តិ​ គឺ​ជា​កត្តា​សំខាន់​សម្រាប់​ការ​ជំរុញ​ពាណិជ្ជកម្ម។ ​អាទិភាព​​គោលនយោបាយ​សម្រាប់​គ្រប់គ្រង​គោលនយោបាយ​ គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០១៥​ រួម​មាន​ ការ​រក្សា​​អត្រា​អតិផរណា​ឲ្យ​នៅ​ស្ថិត​ក្រោម ៥% ការ​រក្សា​ស្ថិរភាព​អត្រា​ប្ដូរ​ប្រាក់​ និង​ការ​ពង្រឹង​​សេវា​វិស័យ​ហិរញ្ញវត្ថុ។

ចំណែក​បរិយាកាស​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​វិនិយោគ​ទុន​ ត្រូវ​មាន​​កត្តា​រួម​ផ្សំ​ ដូច​ជា​ ភាព​រីក​ចម្រើន​នៃ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ បទ​បញ្ញត្តិ​របស់​រាជរដ្ឋាភិបាល ការ​ទទួល​ហិរញ្ញប្បទាន​​របស់​វិស័យ​ឯកជន តម្លៃ​អគ្គិសនី​ទាប​ ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ និង​គុណភាព​នៃ​កត្តា​ផលិតកម្ម​ដែល​ជា​កត្តា​ជំរុញ​ឲ្យ​​មាន​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​គ្នា​រវាង​ក្រុមហ៊ុន​នានា​នៅ​ក្នុង​តំបន់។

ចំពោះ​គោលនយោបាយ​ជំរុញ​​ការ​វិនិយោគ​វិញ​ រួម​មាន​ការ​ធ្វើ​នីតិវិធី​គយ​​មាន​លក្ខណៈ​សាមញ្ញ​ជាង​មុន ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ផ្គត់ផ្គង់​ និង​​ការ​កសាង​សមត្ថភាព​ធនធាន​មនុស្ស។ ប៉ុន្តែ​ទីផ្សារ​ពលកម្ម​នៅ​កម្ពុជា​បច្ចុប្បន្ន​ ជា​កម្លាំង​ពលកម្ម​ដែល​មាន​ការ​អប់រំ​ទាប មុខ​ជំនាញ​មិន​ស៊ី​នឹង​​ទីផ្សារ​ការងារ និង​ខ្វះ​បទ​ពិសោធន៍។

អ្នក​វិភាគ​កិច្ចការ​អាស៊ាន​យល់​ឃើញ​ថា​ បញ្ហា​របស់​កម្ពុជា នៅ​ថ្នាក់​តំបន់​​អាស៊ាន គឺ​ការ​ធានា​​ឲ្យ​វិស័យ​ឯកជន​ អាច​ទទួល​យក​ប្រយោជន៍​ពី​ថ្នាក់​តំបន់។ ​ម៉្យាង​វិញ​ទៀត កម្ពុជា​ត្រូវ​កែ​លម្អ​របៀប​របប​គ្រប់គ្រង​ស្ថាប័ន​របស់​ខ្លួន​ដែល​ជា​កត្តា​រារាំង​ដល់​ប្រសិទ្ធភាព​នៃ​​ការ​ធ្វើ​សមាហរណកម្ម។

​ពិត​មែន​​តែ​សហប្រតិបត្តិការ​ក្នុង​តំបន់​អាច​ជួយ​បើក​ចំហ​ទីផ្សារ ជា​ពិសេស​ផ្ដល់​អត្ថប្រយោជន៍​​ចំពោះ​ផលិតករ​ក្នុង​ស្រុក​ ប៉ុន្តែ​ផលិតករ​ទាំង​នោះ​ នៅ​ខ្វះ​លទ្ធភាព​ទទួល​​បាន​ព័ត៌មាន​ស្ដី​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​របស់​អាស៊ាន។ ម៉្យាង​វិញ​ទៀត​ ទោះ​បី​ជា​កម្ពុជា មាន​យន្តការ​ទំនាក់ទំនង​​​រវាង​រដ្ឋាភិបាល​និង​វិស័យ​ឯកជន ក៏​ព័ត៌មាន​នៃ​ការ​​ធ្វើ​សមាហរណកម្ម​មិន​បាន​ចែក​រំលែក​បាន​ទូលំទូលាយ​​នោះ​ទេ។

បញ្ហា​សំខាន់​បំផុត​​សម្រាប់​ប្រទេស​កម្ពុជា ​ក្នុង​ការ​សមាហរណកម្ម​អាស៊ាន​នៅ​ក្នុង​ឆ្នាំង​២០១៥​នេះ គឺ​​​ការ​ពង្រីក​ចំណេះ​ដឹង​ស្ដី​ពី​ការ​យល់​ដឹង​​អំពី​អាស៊ាន​របស់​វិស័យ​​ឯកជន។ ​អ្នក​ជំនាញ​មួយ​ចំនួន​បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា ​ត្រូវ​បង្កើត​បរិយាការ​អាជីវកម្ម​ដែល​មាន​លក្ខណៈ​ស្និទ្ធស្នាល​ទើប​ចាត់​​ទុក​ថា កម្ពុជា​អាច​មាន​គោល​នយោបាយ​ពាណិជ្ជកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព នៅ​ពេល​ដែល​អាស៊ាន​ក្លាយ​ជា​តំបន់​​សេដ្ឋកិច្ច​​តែ​មួយ​នៅ​ចុង​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។