កម្ពុជា​ប្ដេជ្ញា​ពង្រឹង​គុណភាព​អប់រំ​ដើម្បី​ឆ្លើយ​តប​តម្រូវការ​ទីផ្សារ​អាស៊ាន

0:00 / 0:00

ស្រប​ពេល​ដែល​ប្រទេស​​កម្ពុជា បាន​ប្រកាស​និង​បាន​ប្ដេជ្ញា​ចិត្ត​លើ​ការ​ពង្រឹង​គុណភាព​របស់​ខ្លួន​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត ក៏​បាន​បញ្ជាក់​ពី​​កង្វល់​ស្រដៀង​គ្នា​ថា ការ​​ពង្រឹង​គុណភាព​អប់រំ​ គឺ​ជា​កត្តា​ចាំបាច់​បំផុត។ គុណភាព​អប់រំ​ គឺ​ជា​បញ្ហា​រួម​របស់​អាស៊ាន​ដែល​​អាច​រាំង​ស្ទះ​ដល់​​ការ​​​បង្កើត​ជា​តំបន់​តែ​មួយ ហើយ​​ប៉ះពាល់​ដល់​​លំហូរ​​ពលកម្ម​ជំនាញ​ការ​វិនិយោគ និង​ការ​លំហូរ​មូលធន​កាន់​តែ​សេរី​ជា​មុន។

ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ បាន​ទទួល​ស្គាល់​ថា គុណភាព​អប់រំ និង​​​ការ​ផលិត​ពលកម្ម​ជំនាញ គឺ​ជា​កត្តា​សំខាន់​បំផុត​ដែល​ប្រទេស​សមាជិក​​​នោះ អាច​​ទាញ​យក​ប្រយោជន៍​ច្រើន​ពី​ការ​ធ្វើ​​សមាហរណកម្ម​អាស៊ាន។ ផល​ប្រយោជន៍​នោះ រួម​មាន​ការ​ទទួល​បាន​ទីផ្សារ​ការងារ​កាន់​តែ​ខ្ពស់​សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន ផលិតភាព​ផលិតកម្ម​ខ្លាំង និង​អាច​ទាញ​យក​ប្រយោជន៍​​ពី​ធនធាន​ពី​ប្រទេស​​សមាជិក​អាស៊ាន​ណា​មួយ​ដែល​អន់​ខ្សោយ​ជា​ខ្លួន។

ការ​ស្រាវជ្រាវ​ដោយ​ទីភ្នាក់ងារ​​ធានា​គុណភាព​អប់រំ​អាស៊ាន​ដែល​ហៅ​​ថា Asean Regional Quality Assurance Framework បាន​បង្ហាញ​ថា ការ​លើក​គុណភាព​អប់រំ​រវាង​ប្រទេស​សមាជិក​អាស៊ាន​​ឲ្យ​មាន​កម្រិត​ស្មើ​គ្នា​ គឺ​ជា​​ចំណុច​ចាប់​ផ្ដើម​មួយ​ដែល​​​ចាំបាច់​ត្រូវ​តែ​​ធ្វើ​ឲ្យ​បាន ដើម្បី​ឈាន​ដល់​ការ​​​បង្កើត​ជា​តំបន់​មួយ​ដែល​ផ្ដល់​ផល​ប្រយោជន៍​ស្មើ​គ្នា​ដល់​ប្រទេស​សមាជិក​ទាំង​អស់។

បច្ចុប្បន្ន​មាន​គ្រឹះស្ថាន​អប់រំ​តិច​ណាស់​នៅ​ក្នុង​ប្រទេស​អាស៊ាន​ដែល​បាន​ប្រកាស​ទទួល​ស្គាល់​គុណភាព​​គ្នា​ទៅ​វិញ​ទៅ​មក។ គុណភាព​អប់រំ​ទន់​ខ្សោយ​នឹង​ធ្វើ​ឲ្យ​​ប្រទេស​សមាជិក​អាស៊ាន​​នីមួយៗ មាន​គម្លាត​នៃ​ការ​ផ្គត់ផ្គង់​ពលកម្ម​ជំនាញ​មិន​ស្មើ​គ្នា។ បញ្ហា​នេះ នឹង​ប៉ះពាល់​បន្ត​ដល់​ភាព​មាន​ការ​ងារ​ធ្វើ​សម្រាប់​ប្រទេស​សមាជិក​អាស៊ាន​ដែល​អន់ខ្សោយ។

ការ​សិក្សា​​ដោយ​ទីភ្នាក់ងារ​​ធានា​គុណភាព​អប់រំ​អាស៊ាន​ដដែល​បាន​លើក​ឡើង​​ទៀត​ថា​ អាស៊ាន​ត្រូវ​តែ​បង្កើត​​ឲ្យ​មាន​បទដ្ឋាន (Standard) អប់រំ​រួម​គ្នា​​មួយ​ឈាន​ដល់​ការ​ពង្រឹង​គុណភាព​អប់រំ ការ​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក ​និង​មាន​ប្រព័ន្ធ​អប់រំ​តែ​មួយ​ របស់​អាស៊ាន។

បញ្ហា​នេះ ថ្នាក់​ដឹក​នាំ​រដ្ឋមន្ត្រី​អាស៊ាន​ទទួល​ស្គាល់​ថា​ ការ​អប់រំ​គឺ​ជា​ការ​ទ្រទ្រង់​ដល់​ការ​បង្កើត​សហគមន៍​អាស៊ាន។ រដ្ឋមន្ត្រី​អាស៊ាន​ បាន​រក​ឃើញ​ឧបសគ្គ​ចំនួន​បួន​ដែល​ត្រូវ​ដោះស្រាយ ទី​មួយ​​គឺ​​ការ​ពង្រីក​​​ចំណេះ​ដឹង​​អាស៊ាន​សម្រាប់​យុវជន ទី​ពីរ ការ​ពង្រឹង​ការ​អប់រំ​ ទី​បី​ ការ​កសាង​ធនធាន​មនុស្ស​ និង​ទី​បួន​ការ​ពង្រឹង​បណ្ដាញ​​លើក​គុណភាព​អប់រំ​សម្រាប់​​សកលវិទ្យាល័យ​​អាស៊ាន។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​​កីឡា លោក​បណ្ឌិត ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​ថា ដើម្បី​ផលិត​កម្លាំង​ពលកម្ម​កម្ពុជា ​ឲ្យ​​ផ្សារភ្ជាប់​នឹង​​ទីផ្សារ​​ការងារ​អាស៊ាន​នោះ គឺ​ត្រូវ​កសាង​មូលដ្ឋាន​អប់រំ ចាប់​តាំង​ពី​ថ្នាក់​មូលដ្ឋាន និង​ការ​ធានា​គុណភាព​អប់រំ​ជាដើម។ បច្ចុប្បន្ន ក្រសួង​បាន​ប្រកាស​កម្មវិធី​កំណែ​ទម្រង់​ដើម្បី​លើក​គុណភាព​អប់រំ ​ហើយ​​លោក​ជឿ​ជាក់​ថា នៅ​អាណត្តិ​​នៃ​កម្មវិធី​កំណែទម្រង់​​របស់​លោក​គឺ​ជា​ចំណុច​របត់​មួយ​ដើម្បី​កសាង​គុណភាព​អប់រំ​កម្ពុជា៖ «សំឡេង»។

របាយការណ៍​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បង្ហាញ​ថា បច្ចុប្បន្ន ក្នុង​ចំណោម​យុវជន​ដែល​មាន​បរិញ្ញាបត្រ​ស្វែង​រក​ការងារ​មាន​ប្រមាណ​ជាង ៣០% ប៉ុណ្ណោះ ដែល​ទទួល​បាន​ការងារ។ បញ្ហា​នេះ​​អ្នក​វិភាគ​​លើ​វិស័យ​អប់រំ​បាន​លើក​ឡើង​ថា​ ដើម្បី​ផលិត​ពលកម្ម​​កម្ពុជា ឲ្យ​ផ្សារ​ភ្ជាប់​នឹង​ទីផ្សារ​ការងារ​អាស៊ាន​​នោះ គឺ​ត្រូវ​ការ​ពេល​វេលា​យ៉ាង​ហោច​ណាស់ ១០​ឆ្នាំ​​ទៀត។ ពេល​វេលា​នៃ​ការ​ពង្រឹង​វិស័យ​អប់រំ នឹង​ក្លាយ​ជា​ឧបសគ្គ​របស់​កម្ពុជា នៅ​ពេល​អាស៊ាន​ធ្វើ​សមាហរណកម្ម​តំបន់​នៅ​ឆ្នាំ​២០១៥។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ ស្ថាប័ន​ស្រាវជ្រាវ​របស់​កម្ពុជា​មួយ​ ដែល​មាន​ឈ្មោះ​ថា CDRI ដែល​ចេញ​ផ្សាយ​នៅ​ខែ​សីហា ២០១៤ បាន​រក​ឃើញ​ថា​ បច្ចុប្បន្ន​ កម្ពុជា​មាន​​គម្លាត​កាន់​តែ​ធំ​លើ​ការ​​ផ្គត់ផ្គង់​ពលកម្ម​ជំនាញ​ និង​ទីផ្សារ​ការងារ។ កត្តា​នេះ មាន​ន័យ​ថា​ រៀងរាល់​ឆ្នាំ​ប្រទេស​កម្ពុជា បាន​ចំណាយ​លុយ​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ​តែ​ផលិត​ពលកម្ម​ជំនាញ​បាន​តិច​តួច។ ​ប៉ុន្តែ​​​​​សហគ្រាស​ និង​អ្នក​ជំនាញការ​នានា​ នៅ​កម្ពុជា​​បាន​អះអាង​ថា​ ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​​នៅ​ឆ្នាំ​២០១៥ នៅ​ថ្ងៃ​ខាង​មុខ​​នោះ កុំ​មាន​ការ​ចង្អៀត​ចង្អល់​ចិត្ត​ថា ប្រទេស​ផ្សេង​មក​​ដណ្ដើម​ការងារ​ពី​ប្រទេស​យើង​នោះ។ ការ​ធ្វើ​សមាហរណកម្ម​ នឹង​ធ្វើ​ឲ្យ​ជំនាញ​បច្ចេកទេស​នៅ​កម្ពុជា កាន់​តែ​សំបូរ​បែប​ដែល​​ប្រជាពលរដ្ឋ​​អាច​រៀន​សូត្រ​បន្ថែម​ ​ពី​ប្រទេស​សមាជិក​អាស៊ាន​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿង​ជាង​ប្រទេស​កម្ពុជា។

ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​មេធាវី​​ លោក​បណ្ឌិត​​​ សុក ស៊ីផាន់ណា បាន​អះអាង​ថា​ លោក​ចង់​ឲ្យ​ ប្រទេស​អាស៊ាន​ទាំង​អាច​ធ្វើ​ពាណិជ្ជកម្ម​លំហូរ​ធនធាន​មនុស្ស បច្ចេកទេស​កាន់​តែ​សេរី​រវាង​​តំបន់។ លំហូរ​បែប​នេះ នឹង​​​​បំពេញ​បន្ថែម​​លើ​ពលកម្ម​​កម្ពុជា កាន់​តែ​សម្បូរ​បែប​ និង​ចូល​រួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា កាន់​តែ​ខ្លាំង​បន្ថែម​ទៀត៖ «សំឡេង»។

យោង​តាម​ច្បាប់​ការងារ​ប្រទេស​កម្ពុជា បាន​កំណត់​ និង​អនុញ្ញាត​ឲ្យ​ពលកម្ម​បរទេស​ចូល​មក​​ធ្វើ​ការ​​នៅ​ប្រទេស​កម្ពុជា​ ប្រមាណ ១០% ប៉ុណ្ណោះ ហើយ​​ពលកម្ម​ដែល​ហូរ​​ចូល​កម្ពុជា​នោះ គឺ​អនុញ្ញាត​លើ​ជំនាញ​ដែល​កម្ពុជា​ ខ្វះ​ខាត។

ទោះ​ជា​មាន​ការ​អះអាង​បែប​នេះ ប៉ុន្តែ​​​​ថ្នាក់​ដឹក​នាំ​អាស៊ាន​បាន​​​រក​ឃើញ​ផ្ទុយ​ពី​នេះ។ របាយការណ៍​របស់​​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​បាន​រក​ឃើញ​​ថា ប្រទេស​សមាជិក​អាស៊ាន​ដែល​មាន​​ប្រព័ន្ធ​​អប់រំ​ខ្ពស់​ នឹង​មាន​លំហូរ​ធនធាន​មនុស្ស​ទៅ​កាន់​ប្រទេស​​ណា​ដែល​មាន​ការ​អប់រំ​​ទន់​ខ្សោយ​​​នៅ​ពេល​ដែល​អាស៊ាន​បើក​ចំហ​សេដ្ឋកិច្ច។ របាយការណ៍​នោះ​បាន​គូស​បញ្ជាក់​ទៀត​ថា​ ធនធាន​មនុស្ស​របស់​កម្ពុជា នឹង​ហូរ​ទៅ​​ធ្វើ​ការ​នៅ​​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ប្រមាណ​ ៥​ម៉ឺន​នាក់​​ក្នុង​មួយ​ឆ្នាំ ស្រប​ពេល​ដែល​​ធនធាន​មនុស្ស​ពី​សមាជិក​អាស៊ាន​បាន​ហូរ​ចូល​មក​កម្ពុជា​វិញ​​ច្រើន​ជាង​ចំនួន​នេះ ​៦​ដង។

​​របាយការណ៍​នោះ​បាន​គូស​បញ្ជាក់​ថា​ កម្ពុជា​ជា​សមាជិក​អាស៊ាន​មួយ​ដែល​យុវជន​​ភាគ​ច្រើន​មិន​បាន​ទទួល​ការ​អប់រំ​ខ្ពស់។ ក្នុង​ចំណោម​យុវជន​កម្ពុជា ជាង ៨​លាន​នាក់ មាន​ប្រមាណ ២០% ប៉ុណ្ណោះ​ដែល​មាន​ការ​អប់រំ​ខ្ពស់។ ដោយ​ឡែក​ប្រទេស​​​សមាជិក​អាស៊ាន​ដែល​អនុវត្ត​បាន​ល្អ​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​​ខ្ពស់​នោះ គឺ​ប្រទេស​សិង្ហបុរី។ ប្រទេស​​​នេះ​បាន​រ៉ាប់​រង​ការ​ចំណាយ និង​បាន​បញ្ជូន​យុវជន​​ដែល​មាន​ពិន្ទុ​ខ្ពស់​បំផុត ២០% ទៅ​សិក្សា​នៅ​​សកលវិទ្យាល័យ​ល្បី​នៅ​បរទេស ​និង​ផ្ដល់​ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល​នៅ​ពេល​ដែល​ពួក​គេ​រៀន​ចប់។ បច្ចុប្បន្ន​ សមាជិក​សភា​ និង​​គណៈរដ្ឋមន្ត្រី​​របស់​ប្រទេស​សិង្ហបុរី ​មាន​​ប្រមាណ ៦០% បាន​បញ្ចប់​ការ​សិក្សា​ពី​​សាលា​ល្បី​បំផុត​​របស់​សហរដ្ឋអាមេរិក​ ឈ្មោះ ហាវដ (Harvard)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។