រយៈពេល ២០ឆ្នាំហើយ ដែលសាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាដៃគូរបស់អាស៊ាន។ ភាពជាដៃគូនេះបានជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន គ្រប់ជ្រុងជ្រោយ។
ស្ថានភាពអភិវឌ្ឍន៍ ឬមូលដ្ឋានជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសអាស៊ាន តែងពឹងលើទីផ្សារក្រៅច្រើនជាងជាងលើទីផ្សារក្នុងអាស៊ាន ដោយសារតែអាស៊ាន ភាគច្រើនជាប្រទេសអ្នកផលិតដើម្បីនាំចេញ។ បច្ចុប្បន្ន កំណើនសេដ្ឋកិច្ចរវាងប្រទេសសមាជិកអាស៊ាននីមួយៗ មានភាពខុសគ្នាតាមរយៈគោលនយោបាយជំរុញកំណើនសេដ្ឋកិច្ចខុសគ្នានៅក្នុងទីផ្សារអន្តរជាតិ។
ស្ថាប័នស្រាវជ្រាវអន្តរជាតិ រួមមានធនាគារពិភពលោក បានព្យាករកំណើនសេដ្ឋកិច្ចអាស៊ាន ថាមានភាពប្រសើរឡើងនៅក្នុងឆ្នាំ២០១៤ ដោយសារតែកំណើនសេដ្ឋកិច្ចចិន។ ស្ថាប័ននេះ បានចាត់ទុកថា តំបន់អាស៊ាន ជាតំបន់ដែលមានកំណើនសេដ្ឋកិច្ចខ្លាំងជាងគេនៅលើពិភពលោក។
អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក អាក់សែល វ៉ាន់ត្រុតសេនប៊ើគ (Axel Trotsenburg) មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានពីទីស្នាក់ការធនាគារពិភពលោកនៅប្រទេសសិង្ហបុរីថា បណ្ដាប្រទេសនៅតំបន់អាស៊ីបានដើរតួនាទីយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចពិភពលោក ចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចសកលកន្លងមក។ ស្របពេលដែលសេដ្ឋកិច្ចអាស៊ាន មានកំណើន ប៉ុន្តែឧបសគ្គចំពោះកំណើនបានបង្ហាញជាបញ្ហាប្រឈមផ្សេងៗគ្នារវាងប្រទេសសមាជិកអាស៊ានទាំង១០។
សេដ្ឋកិច្ចដែលធំជាងនៅក្នុងតំបន់អាស៊ាន គឺប្រទេសថៃ និងឥណ្ឌូនេស៊ី ដែលប្រទេសទាំងពីរនេះ អាចប្រឈមនឹងវិបត្តិបំណុលគ្រួសារដែលរំពឹងថា នឹងកើនឡើងខ្ពស់។ ចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី នឹងកើនឡើងរហូតដល់ ៥% នៅក្នុងឆ្នាំ២០១៤ ដោយសារការនាំចេញបានកើនឡើង។ នៅក្នុងប្រទេសហ្វីលីពីន កំណើនសេដ្ឋកិច្ចអាចនឹងកើនជាង ៦% ប៉ុន្តែប្រទេសនេះ ប្រឈមនឹងការចំណាយលើការស្ដារឡើងវិញពីផលប៉ះពាល់គ្រោះមហន្តរាយធម្មជាតិ ដែលបានកើនឡើងនៅឆ្នាំ២០១៣។ ទោះជាយ៉ាងណាក៏ដោយ បណ្ដាប្រទេសដែលមានទំហំសេដ្ឋកិច្ចតូច ត្រូវបានគេព្យាករថា នឹងមានកំណើនសេដ្ឋកិច្ចថេរ ប៉ុន្តែអាចប្រឈមនឹងស្ថានភាពហិរញ្ញវត្ថុ។
ក្នុងប្រទេសកម្ពុជា នៅស្ថានការណ៍ក្រោយការបោះឆ្នោត កំណើនសេដ្ឋកិច្ចត្រូវបានគេព្យាករថា នឹងមានកំណើនជាង ៧% ប៉ុន្តែប្រទេសនេះ ប្រឈមនឹងហានិភ័យនៃទីផ្សារពលកម្ម។ ស្របពេលជាមួយគ្នានេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសភូមា ឬមីយ៉ាន់ម៉ា រំពឹងថា នឹងមានកំណើនខ្ពស់ជាងកម្ពុជា ដែលកើតជិត ៨% នៅក្នុង២០១៤ បន្ទាប់ពីប្រទេសនេះ ប្រកាសធ្វើកំណែទម្រង់ផ្នែកស្ថាប័នរបស់ខ្លួន។ ចំណែកប្រទេសវៀតណាម ដែលប្រឈមនឹងកំណែទម្រង់ប្រព័ន្ធធនាគារ ការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ មានអត្រាជាង ៥% នៅក្នុងឆ្នាំ២០១៤។ ប៉ុន្តែអ្នកសេដ្ឋកិច្ចបានបង្ហាញអំពីហានិភ័យចំពោះការព្យាករក្នុងតំបន់អាស៊ាន នេះនៅតែមាន។
ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក ប៊ើត ហូហ្វមេន (Bert Hofman) មានប្រសាសន៍ថា ប្រទេសនៅតំបន់អាស៊ាន អាចរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងរយៈពេលវែងបាននោះ គឺបង្កើតទំនុកចិត្តទីផ្សារនាំចេញ និងការកែប្រែរចនាសម្ព័ន្ធមូលដ្ឋានសេដ្ឋកិច្ច។
គំនិតផ្ដួចផ្ដើមមួយចំនួននៅកម្មវិធីកំណែទម្រង់នោះរួមមាន កំណែទម្រង់ពន្ធដារ និងការកាត់បន្ថយឧបសគ្គចំពោះការវិនិយោគរបស់វិស័យឯកជន ដែលជាកម្មវិធីសំខាន់បំផុត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចអាស៊ាន។
របាយការណ៍របស់ធនាគារពិភពលោកប្រចាំឆ្នាំ២០១៤ បានកត់សម្គាល់ឃើញថា ភាពមិនប្រាកដប្រជាសេដ្ឋកិច្ចរបស់ប្រទេសចិន អាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន ជាពិសេសប្រទេសដែលពឹងផ្នែកលើការនាំចេញធនធានធម្មជាតិ។
ក្នុងន័យនេះ ទំនាក់ទំនងរវាងចិន និងអាស៊ាន បង្ហាញយ៉ាងច្បាស់ថា បានរងឥទ្ធិពលគ្នាទៅវិញទៅមក លើផ្នែកពាណិជ្ជកម្មសេដ្ឋកិច្ចនយោបាយ និងផ្នែកសន្តិសុខ។ ទន្ទឹមនឹងនេះ ប្រទេសចិន បានផ្ដល់ការអនុគ្រោះពន្ធលើការនាំចូលទំនិញពីប្រទេសកម្ពុជា ឡាវ និងប្រទេសភូមា ឬមីយ៉ាន់ម៉ា។
ប្រទេសមហាអំណាចចិន បានប្រឹងប្រែងបង្កើនឥទ្ធិពលរបស់ខ្លួនទៅលើប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលគ្រោងនឹងបង្កើតតំបន់តែមួយនៅឆ្នាំ២០១៥ ដែលគេចាត់ថា ជាតំបន់មួយសម្បូរទៅដោយធនធានធម្មជាតិ និងជាទីកន្លែងសម្រាប់ពង្រីកមហិច្ឆតារបស់ខ្លួន។ ចំពោះប្រទេសសមាជិកអាស៊ានវិញ ក៏បានប្រឹងប្រែងទទួលយកអត្ថប្រយោជន៍ពីប្រទេសមហាអំណាចដែលផ្ដល់ឲ្យ ទោះជាតាមវិធីណាក៏ដោយដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
អ្នកវិភាគសេដ្ឋកិច្ច និងអ្នកវិភាគនយោបាយបានលើកឡើងថា អាស៊ានបានទទួលយកគម្រោងវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនពីប្រទេសចិន ដោយគ្មានគិតអំពីទស្សនៈវិស័យនៅពេលអនាគតឡើយ។ មានន័យថា ការទទួលបានទំហំពាណិជ្ជកម្ម និងវិនិយោគកាន់តែធំ នឹងធ្វើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនរីកចម្រើនបានយ៉ាងឆាប់រហ័ស។
របាយការណ៍របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ស្ដីពីពាណិជ្ជកម្មបានបង្ហាញថា ទំហំពាណិជ្ជកម្មផ្ទៃក្នុងរវាងប្រទេសសមាជិកអាស៊ាន មានប្រមាណ ២៥%។ ការធ្វើពាណិជ្ជកម្មរវាងអាស៊ាន និងប្រទេសចិន មានប្រមាណ ១១% នៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន។
បន្ថែមលើនេះប្រទេសចិន មានទំនាក់ទំនងល្អលើផ្នែកពាណិជ្ជកម្មជាមួយអាស៊ាន ដែលប្រទេសចិន អាចផលិតទំនិញលក់ឲ្យប្រជាពលរដ្ឋអាស៊ាន ត្រង់តម្លៃមួយថោក ស្របទៅតាមចំណូលពួកគេអាចរកបាន ប្រមាណ ៣ពាន់ដុល្លារក្នុងមួយឆ្នាំ។ ភាពខ្លាំងរបស់ចិន មួយទៀត គឺការផ្ដល់ជំនួយ និងកម្ចីដោយមិនគិតអំពីគោលបំណង។
ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសចិន ជាមួយអាស៊ាន បានចាប់ផ្ដើមតាំងពីឆ្នាំ១៩៩១ ហើយចិន បានក្លាយជាដៃគូចរចារវាងអាស៊ាន នៅឆ្នាំ១៩៩៦។
ប្រទេសសមាជិកអាស៊ានចាស់រួមមានប្រទេសថៃ សិង្ហបុរី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី បាបបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ានចិន នៅឆ្នាំ២០១០ ប៉ុន្តែប្រទេសហ្វីលីពីន និងម៉ាឡេស៊ី បង្កើតនៅឆ្នាំ២០១២ ហើយប្រទេសសមាជិកអាស៊ានថ្មី រួមមានប្រទេសកម្ពុជា ឡាវ វៀតណាម ភូមា ឬមីយ៉ាន់ម៉ា បានឯកភាពចំពោះការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន នៅឆ្នាំ២០១៥។
ទំនាក់ទំនងនេះ បានបង្ហាញយ៉ាងច្បាស់ថា ការកើនឡើងសេដ្ឋកិច្ចអាស៊ាន ត្រូវឆ្លើយតបនឹងកំណើនសេដ្ឋកិច្ចរបស់ចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
