របាយការណ៍ស្រាវជ្រាវទីផ្សារនៅតំបន់អាស៊ានបានបង្ហាញថា មុខរបរជាលក្ខណៈគ្រួសារជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចអាស៊ាន ប៉ុន្តែមុខរបរនេះ ប្រឈមនឹងការក្ស័យធន ដោយសារតែបច្ចេកទេសធនធានមនុស្ស និងការគ្រប់គ្រងហិរញ្ញវត្ថុមានលក្ខណៈអន់ខ្សោយខ្លាំង។
សល់រយៈពេលតែពីរឆ្នាំទៀតប៉ុណ្ណោះ សហគមន៍សេដ្ឋកិច្ចអាស៊ានគឺត្រូវបង្កើតឡើង។ តំបន់អាស៊ានផ្ដល់នូវការចរាចរទំនិញសេវាកម្មដោយសេរី ព្រមទាំងមានកិច្ចសម្របសម្រួលពាណិជ្ជកម្ម។ គោលបំណងនេះ គឺជាកត្តាសំខាន់ជំរុញដំណើរការសកលភាវូបនីយកម្មសេដ្ឋកិច្ច និងបង្កើតឲ្យមានវិមាត្រសេដ្ឋកិច្ច (economy of scale) មានន័យថា ការរួមគ្នាផលិតឲ្យកាន់តែច្រើនតាមរយៈការបន្ថយថ្លៃដើមផលិត។
ប៉ុន្តែការបង្កើតតំបន់នេះ ហាក់ផ្ដល់ផលចំណេញដល់ក្រុមហ៊ុនដែលវិនិយោគលុយច្រើនលានដុល្លារអាមេរិក ជាជាងអាជីវកម្មជាលក្ខណៈគ្រួសារ។ ការរកឃើញរបស់វិទ្យាស្ថានស្រាវជ្រាវទីផ្សារនៅក្នុងតំបន់អាស៊ាន បានបង្ហាញថា អ្នកអាជីវកម្មធំមានបទពិសោធន៍ មានឧកាសច្រើនដើម្បីបង្កើតភាពប្រកួតប្រជែងទៅនឹងការធ្វើសមាហរណកម្មនៅក្នុងតំបន់។ ផ្ទុយទៅវិញ នៅក្នុងបរិបទនេះ អាជីវកម្មគ្រួសារអាចប្រឈមនឹងការលំបាកទៅនឹងការបណ្ដាក់ទុនបន្ថែម។
ម្ចាស់សិប្បកម្ម ឬអាជីវកម្មជាលក្ខណៈគ្រួសារ បានទទួលស្គាល់ថា សមាហរណកម្មតំបន់អាចធ្វើឲ្យពួកគាត់លំបាក និងប្រឈមនឹងការប្រជែងដើម្បីដណ្ដើមទីផ្សារជាមួយនឹងម្ចាស់អាជីវកម្មនានា។
ម្ចាស់សិប្បកម្មទឹកត្រីផលិតជាលក្ខណៈគ្រួសារ លោក លឹម លាង មានប្រសាសន៍ថា លោកបានទទួលដំណឹងថា ប្រទេសកម្ពុជា នឹងធ្វើការបើកចំហនៃការពាណិជ្ជកម្មសេរីនៅឆ្នាំ២០១៥ ខាងមុខ។ ប៉ុន្តែការបើកចំហ លោកមិនដឹងត្រូវត្រៀមអ្វី ឬត្រូវធ្វើយ៉ាងដូចម្ដេចខ្លះដើម្បីចូលរួមនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននោះឡើយ។ លោក លឹម លាង បានបញ្ជាក់ថា សិប្បកម្មនេះបានបើកដំណើរការរយៈពេលជាង ១០ឆ្នាំហើយ ប៉ុន្តែលោកមិនដឹងអំពីបច្ចេកទេសក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងការស្វែងរកទីផ្សារឡើយ។
លោក លឹម លាង មានប្រសាសន៍បន្ថែមថា ស្របពេលដែលកម្ពុជា សល់ពេលប្រមាណ ២ឆ្នាំទៀត មុននឹងចាប់ផ្ដើមការបើកចំហទីផ្សារអាស៊ាន លោកនឹងចាប់ផ្ដើមរកវិធីសាស្ត្រដើម្បីពង្រីកអាជីវកម្ម ដើម្បីត្រៀមខ្លួនការប្រកួតប្រជែងនៅពេលខាងមុខ។
បន្ថែមលើបញ្ហានេះ អ្នកគ្រប់គ្រងភោជនីយដ្ឋាន ផាក កាហ្វេ (Park Cafe) ដែលមានបុគ្គលិកសរុបប្រមាណ ៣០០នាក់ លោក គុយ វ៉ាត មានប្រសាសន៍ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់យកទីផ្សារបន្ថែមនៅពេលដែលអាស៊ាន ធ្វើសមាហរណកម្មនៅពេលខាងមុខ។ លោកបញ្ជាក់ទៀតថា នៅបរិបទទីផ្សារកាន់តែធំដែលសម្បូរទៅដោយការប្រកួតប្រជែងនោះ និន្នាការនៃអ្នកធ្វើអាជីវកម្មគឺត្រូវធានាឲ្យមានវិមាត្រសេដ្ឋកិច្ច មានន័យថា អាជីវកម្មត្រូវពង្រីកឲ្យធំ ដើម្បីកាត់បន្ថយថ្លៃដើមផលិត។ ការធានាបាននូវវិមាត្រសេដ្ឋកិច្ចនឹងផ្ដល់ឲ្យក្រុមហ៊ុននោះកាត់បន្ថយលើចំណាយប្រតិបត្តិការនានាដែលគ្មានប្រយោជន៍។
លោក គុយ វ៉ាត មានប្រសាសន៍បន្ថែមទៀតថា ចំណុចសំខាន់ដែលម្ចាស់អាជីវកម្មដែលត្រូវពង្រឹងនោះ គឺធនធានមនុស្ស និងការគ្រប់គ្រង់ហិរញ្ញវត្ថុប្រកបដោយភាពត្រឹមត្រូវ។
របាយការណ៍ដោយវិទ្យាស្ថានស្រាវជ្រាវទីផ្សារបានបញ្ជាក់ស្រដៀងគ្នានេះដែរថា ភាពអំណោយផលមួយសម្រាប់អាជីវកម្មគ្រួសារ គឺទទួលបានទីផ្សារធំ និងមានឱកាសអាចពង្រីកអាជីវកម្មដើម្បីនាំចេញទៅកាន់ទីផ្សារនៅបណ្ដាប្រទេសនៅសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។ អាជីវកម្មលក្ខណៈគ្រួសារដែលដំណាងឲ្យ ៦៥% នៃអាជីវកម្មសរុបនៅអាស៊ាន អាចប្រឈមនឹងការប្រកួតប្រជែងខ្លាំង ដោយសារតែគុណភាពផលិតផលអន់ខ្សោយ ឬមិនមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ហើយធនធានហិរញ្ញវត្ថុសម្រាប់ការវិនិយោគវិញមានតិចតួចនិងស្ថិតនៅដាច់ពីគ្នា។
ទោះជាយ៉ាងនេះក្ដី អ្នកវិភាគអាជីវកម្មបានសង្កេតឃើញថា អាជីវកម្មជាលក្ខណៈគ្រួសារដែលផលិតចំណីអាហារមិនប៉ះពាល់ខ្លាំងពីការធ្វើសមាហរណកម្មតំបន់នៅពេលខាងមុខឡើយ។ ប៉ុន្តែបើអាជីវកម្មទាំងនេះ បង្កើនការផលិតទៅជាទ្រង់ទ្រាយធំ ពេលនោះអាចប្រឈមនឹងការក្ស័យធន ឬបាត់បង់ភាពប្រកួតប្រជែងទៅវិញ តាមរយៈការចំណាយថ្លៃដើមផលិតច្រើន និងពិបាកគ្រប់គ្រង។
អ្នកវិភាគអាជីវកម្ម លោក ឌិន វីរៈ បានអះអាងថា ការធ្វើឲ្យសហគ្រាសរបស់កម្ពុជា រឹងមាំបាន ត្រូវមានការបណ្ដុះបណ្ដាលអំពីជំនាញមួយចំនួន ដូចជាការថែរក្សាអតិថិជននិងជំនាញក្នុងការការគ្រប់គ្រងហិរញ្ញវត្ថុ ដែលធ្វើឲ្យសហគ្រាសកាត់បន្ថយការចំណាយដើម្បីលើកកម្ពស់ការប្រកួតប្រជែងនៅក្នុងតំបន់។
របាយការណ៍ស្រាវជ្រាវទីផ្សារតំបន់អាស៊ានបានគួសបញ្ជាក់ថា ភាពជោគជ័យរបស់អាជីវកម្មលក្ខណៈគ្រួសារ គឺភាគច្រើនផ្ដោតលើយន្តការផលិតភាពខ្ពស់នឹងប្រកបដោយប្រសិទ្ធភាព។ ដើម្បីសម្រេចបានយន្តការនេះ គឺអាជីវករបានចាប់យកការអភិវឌ្ឍធនធានមនុស្សដើម្បីឲ្យមានការច្នៃប្រឌិតថ្មី។
របាយការណ៍របស់សមាគមសេដ្ឋកិច្ចអាស៊ានបានបង្ហាញថា នៅក្នុងឆ្នាំ២០១៣ អាស៊ានសម្រេចបាននូវផែនការ ប្រមាណ ៧៨% នៃការបង្កើតសហគមន៍សេដ្ឋកិច្ចនៅក្នុងឆ្នាំ២០១៣ ដែលលទ្ធផលនេះ មានលក្ខណៈប្រសើរជាង ឆ្នាំ២០១២ ដែលសម្រេចបានប្រមាណ ៧៤%។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មានប្រជាពលរដ្ឋប្រមាណ ៦០០លាននាក់ ដែលមានសកម្មភាពផលិតមានតម្លៃជិត ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ សេដ្ឋកិច្ចអាស៊ានមានកំណើនជាង ៥% រៀងរាល់ឆ្នាំ ដោយសារតែមូលដ្ឋានសេដ្ឋកិច្ចរបស់សមាគមអាស៊ាន មានភាពអំណោយផលខ្លាំងពឹងលើទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ភាគច្រើនប្រទេសនៅក្នុងសមាគមអាស៊ាននាំចេញទៅទីផ្សារនោះ ដោយសារមានការអនុគ្រោះពន្ធគយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
