អាស៊ាន​ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៀត​ដើម្បី​សម្រេច​លំហូរ​ពលកម្ម​ដោយ​សេរី

ក្រៅ​ពី​មាន​លំហូរ​ដោយ​សេរី​នៃ​ទំនិញ និង​សេវាកម្ម​ នៅ​ពេល​​​​តំបន់​អាស៊ាន​ធ្វើ​សមាហរណកម្ម​​ឆ្នាំ​​២០១៥ ក៏​មាន​លំហូរ​ដោយ​សេរី​រវាង​ពលកម្ម ទាំង​ជំនាញ និង​គ្មាន​ជំនាញ ​ពី​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ​ដែរ។

0:00 / 0:00

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​មួយ​ចំនួន​​យល់​ឃើញ​ថា ប្រទេស​​សមាជិក​អាស៊ាន​មាន​ការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​លំហូរ​ពលកម្ម​ទាំង​នោះ ហើយ​ប្រទេស​កម្ពុជា​ ក៏​ធ្លាប់​បាន​អះអាង​ថា នឹង​​មាន​វិធានការ​ដើម្បី​ទប់​ស្កាត់​​លំហូរ​ពលកម្ម​ពី​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត ដើម្បី​ធានា​ពលកម្ម​ក្នុង​ស្រុក​នៅ​ពេល​ដែល​ប្រទេស​អាស៊ាន​ទាំង ១០ បង្កើត​ជា​សហគមន៍​តែ​មួយ។

ភាព​ចុះ​សម្រុង​គ្នា និង​ការ​រួប​រួម​គ្នា​​រវាង​ប្រទេស​សមាជិក​​ ជា​​មូលដ្ឋាន​គ្រឹះ​សម្រាប់​អាស៊ាន។ កត្តា​នេះ​ប្រទេស​ជា​សមាជិក​ទាំង​អស់​បាន​ខិត​ខំ​ប្រឹង​ប្រែង​ ដើម្បី​កាត់​បន្ថយ​គម្លាត​រវាង​​ប្រទេស​អាស៊ាន។ មាន​ន័យ​ថា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ខ្ពស់​ ត្រូវ​ជួយ​ប្រទេស​សមាជិក​អាស៊ាន​ដែល​មាន​ការ​អភិវឌ្ឍ​ទាប​ ដូច​ជា​កម្ពុជា​ ឡាវ មីយ៉ាន់ម៉ា ឬ​ភូមា ជា​ដើម។

ការ​អភិវឌ្ឍ​​មាន​ភាព​ខុស​គ្នា​ កម្រិត​នៃ​កម្លាំង​ពលកម្ម​រវាង​អាស៊ាន​ក៏​មាន​​ភាព​ខុស​គ្នា​ ដែល​ប្រទេស​នីមួយៗ​នៅ​ក្នុង​អាស៊ាន​​ កំពុង​​រៀប​ចំ​ក្នុង​ការ​គ្រប់គ្រង​លំហូរ​​ពលកម្ម​ដោយ​សេរី នៅ​ពេល​ដែល​ប្រទេស​អាស៊ាន​ធ្វើ​សមាហរណកម្ម​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

អ្នក​វិភាគ​​សេដ្ឋកិច្ច​​យល់​ឃើញ​ថា​ ​បញ្ហា​​​លំហូរ​ដោយ​សេរី​រវាង​​កម្លាំង​ពលកម្ម​ជំនាញ​ ឬ​គ្មាន​ជំនាញ​​នៅ​តំបន់​អាស៊ាន​ គឺ​ជា​រឿង​ស្មុគស្មាញ​បំផុត​ដែល​ប្រទេស​សមាជិក​ទាំង​អស់​ត្រូវ​មាន​វិធានការ​គ្រប់គ្រង ថា​តើ​ចំនួន​ពលកម្ម​ប៉ុន្មាន​ដែល​ប្រទេស​នីមួយៗ​ត្រូវ​ការ ហើយ​ប្រភេទ​ពលកម្ម​អ្វី​ខ្លះ​ដែល​​សមាជិក​អាស៊ាន​ខ្វះ​ខាត និង​​មិន​ប៉ះ​ពាល់​ពលកម្ម​ក្នុង​ស្រុក​ជា​ដើម។

តំណាង​មូលនិធិ​ខុនរ៉ាដ​អាឌិន ណៅអ៊ែរ ប្រចាំ​​ប្រទេស​កម្ពុជា លោក​ ឌិនីស ស្រេ (Denish Schrey) បាន​បង្ហាញ​បទពិសោធន៍​នៃ​ការ​ធ្វើ​សមាហរណកម្ម​​តំបន់​មួយ​ចំនួន​​នៅ​លើ​សកល​លោក​ថា នៅ​សហភាព​អឺរ៉ុប មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ដោះ​ស្រាយ​ទាក់​ទង​នឹង​លំហូរ​ពលកម្ម​​ ​ដោយ​សេរី​​ នេះ។ លោក​មាន​ប្រសាសន៍​បន្ត​ថា​​ ចំពោះ​ការ​ធ្វើ​សមាហរណកម្ម​តំបន់​​អាស៊ាន​នៅ​ពេល​ខាង​មុខ ក៏​នឹង​អាច​ជួប​បញ្ហា​ដូច​នៅ​សហភាព​អឺរ៉ុប​ដែរ។

លោក​បញ្ជាក់​ថា បើ​ទោះ​ជា​ការ​ធ្វើ​សមាហរណកម្ម​ផ្ដល់​ផល​វិជ្ជមាន​ ប៉ុន្តែ​ក៏​មាន​ផល​អវិជ្ជមាន​ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​ត្រូវ​មាន​វិធានការ​​គ្រប់គ្រង​ដែរ៖ «ទោះ​ជា​ប្រទេស​សមាជិក​ចង់​​សម្រេច​បាន​នូវ​លំហូរ​ពលកម្ម​ដោយ​សេរី​រវាង​អាស៊ាន ​ប៉ុន្តែ​ប្រទេស​នីមួយៗ​ក៏​ត្រូវ​ដោះ​ស្រាយ​ឧបសគ្គ​មួយ​ចំនួន​ផង​ដែរ ​ចំពោះ​ការ​ធ្វើ​សមាហរណកម្ម​ពលកម្ម​ចូល​រួម​ចំណែក​នៅ​ក្នុង​សេដ្ឋកិច្ច​​របស់​ប្រទេស​នីមួយៗ។ ខ្ញុំ​សូម​លើក​ ឧទាហរណ៍ និង​សង្ខេប​អំពី​សហភាព​អឺរ៉ុប​ដែល​ទទួល​បាន​ជោគជ័យ​ នៃ​សមាហរណកម្ម​ពលកម្ម​រហូត​ដល់​ពេល​នេះ ប៉ុន្តែ​ប្រទេស​នីមួយៗ​នៅ​ក្នុង​សហភាព​អឺរ៉ុប នៅ​តែ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​​ធ្វើ​លំហូរ​ដោយ​សេរី​ រវាង​ប្រទេស​សមាជិក​ទាំង ២៧ ប្រទេស»

​លោក ឌិនីស ស្រេ​ បន្ត​ថា​​ នៅ​ពេល​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយៗ​មាន​កំណើន​​ គឺ​នៅ​ពេល​នោះ​​តម្រូវ​ការ​ពលកម្ម​ជំនាញ​ ឬ​គ្មាន​ជំនាញ​​កើន​ឡើង ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ នៅ​ពេល​មាន​វិបត្តិ​ តម្រូវ​ពលកម្ម​​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ ជា​ពិសេស​ពលកម្ម​គ្មាន​ជំនាញ។

​​​​យ៉ាង​ណា​ក៏​ដោយ​ ទី​ប្រឹក្សា​ក្រសួង​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​បណ្ឌិត សុក ស៊ីផាន់ណា មាន​ប្រសាសន៍​ថា ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ មាន​លំហូរ​ដោយ​សេរី និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចាប់​យក​ការងារ​នៅ​ពេល​ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​​ធ្វើ​សមាហរណកម្ម​តំបន់​នៅ​ពេល​ខាង​មុខ នោះ​ប្រទេស​អាស៊ាន​ត្រូវ​មាន​​ច្បាប់ ឬ​វិធានការ​ណា​មួយ​ក្នុង​ការ​ទទួល​ស្គាល់​ពលកម្ម​​ទៅ​វិញ​​ទៅ​មក។

លោក​បណ្ឌិត សុក ស៊ីផាន់ណា៖ «ក៏​ប៉ុន្តែ​បើ​ចង់​ជា​ថ្ងៃ​ក្រោយ​នេះ យើង​ចង់​​ទៅ​ដាក់​ពាក្យ​ទៅ​ធ្វើ​ការ​នៅ​បាងកក ឬ​នៅ​សិង្ហបុរី ឬ​សណ្ឋាគារ​ផ្កាយ​ប្រាំ​នៅ​កន្លែង​ណា​មួយ​នោះ ​វា​ទាល់​តែ​មាន​ស្ថាប័ន​ណា​មួយ​ក្នុង​ប្រទេស​ហ្នឹង​គេ​បញ្ជាក់​ហ្នឹង ដែល​គេ​បញ្ជាក់​ថា យើង​មាន​ជំនាញ​ពិត​ប្រាកដ​មែន ហើយ​​អា​ហ្នឹង​គេ​ហៅ​ថា Mutual Recognition Arrangement ការ​ទទួល​ស្គាល់​នូវ​កម្រិត​បច្ចេកទេស វិជ្ជាជីវៈ​ហ្នឹង​ឲ្យ​ជាក់​ស្ដែង»

លោក​បណ្ឌិត សុក ស៊ីផាន់ណា មាន​ប្រសាសន៍​បន្ថែម​ថា​​ ពលកម្ម​ជំនាញ​ជា​ចំណុច​ប្រឈម​មុខ​មួយ​​ដែល​ទាម​ទា​ការ​​ទទួល​ស្គាល់​គ្នា​រវាង​តំបន់​អាស៊ាន​ មាន​ន័យ​ថា ប្រទេស​នីមួយៗ​មាន​រចនាសម្ព័ន្ធ​អប់រំ​មួយ​​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក្រៅ​ពី​ការ​ទទួល​ស្គាល់​ពលកម្ម​​​​រវាង​គ្នា​នៃ​ប្រទេស​សមាជិក​អាស៊ាន​ នៅ​ពេល​ដែល​ប្រទេស​អាស៊ាន​ទាំង​អស់​ធ្វើ​សមាហរណកម្ម​តំបន់ ដែល​​​ជំរុញ​​ឲ្យ​មាន​លំហូរ​ពលកម្ម​ដោយ​សេរី​នៅ​ក្នុង​រង្វង់​តំបន់​អាស៊ាន​។ កត្តា​នេះ​​អាច​ធ្វើ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ មាន​ការ​អភិវឌ្ឍ​ទាប​ ប្រឈម​នឹង​ការ​បាត់​បង់​​ការ​ងារ​​ក្នុង​ស្រុក។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​បាន​​ចាត់​វិធានការ​មួយ​ចំនួន​ដើម្បី​រក្សា​ការងារ​នៅ​ក្នុង​ស្រុក​ នៅ​ពេល​ដែល​ប្រទេស​អាស៊ាន​នឹង​រួម​បញ្ចូល​នៅ​​ឆ្នាំ​២០១៥។ លោក​បញ្ជាក់​ថា យោង​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា​ ការ​អនុញ្ញាត​​ឲ្យ​មាន​លំហូរ​ពលកម្ម​មក​​កម្ពុជា មាន​​ចំនួន​តែ ១០% ​នៃ​ពលកម្ម​សរុប​ប៉ុណ្ណោះ និង​អនុញ្ញាត​ពលកម្ម​ហូរ​ចូល​មក​ប្រទេស​កម្ពុជា លើ​មុខ​ជំនាញ​ដែល​ប្រទេស​កម្ពុជា​ មិន​មាន​គ្រប់​គ្រាន់។

លោក​បញ្ជាក់​ទៀត​ថា ចំពោះ​​​កម្លាំង​ពលកម្ម​ក្នុង​ចំណោម​យុវជន ហាក់​ដូច​ជា​ចាប់​យក​ជំនាញ​អ្វី​ដែល​តម្រូវ​ការ​ទីផ្សារ​ការងារ​មាន​តិច​តួច៖ «តើ​យើង​អនុញ្ញាត​ឲ្យ​គេ​យក​កម្មករ​គេ​ចូល​ទេ? ច្បាប់​យើង​ដំបូង​បំផុត​ឲ្យ​យក​តែ​អ្វី​នៅ​ខ្មែរ​រក​គ្មាន ​ជំនាញ​ដែល​ខ្មែរ​គ្មាន»

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​បន្ត​ថា​​ នៅ​ពេល​ដែល​អាស៊ាន​ធ្វើ​សមាហរណកម្ម​ខាង​មុខ​ ទីផ្សារ​ការងារ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ ដែល​កត្តា​នេះ​ទាម​ទា​ឲ្យ​មាន​ការ​បណ្ដុះ​បណ្ដាល​ការ​អប់រំ និង​ការ​ផ្សព្វផ្សាយ​អំពី​​បញ្ហា​ប្រឈម​ដែល​កើត​ឡើង​នៅ​ពេល​ដែល​អាស៊ាន​ក្លាយ​ជា​សហគមន៍​តែ​មួយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​វិភាគ​នានា​យល់​ឃើញ​ថា ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​កំណត់​យក​ឆ្នាំ​២០១៥ ជា​ឆ្នាំ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​តែ​មួយ​ ប៉ុន្តែ​គោល​ដៅ​នៃ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​អាស៊ាន​នេះ​ គឺ​​ ទាមទារ​រយៈពេល​យ៉ាង​ហោច​ណាស់ ២០​ឆ្នាំ​ទៀត។

លោក ឌិនីស​ ស្រេ មាន​ប្រសាសន៍​​ចោទ​ជា​សំណួរ​ថា​ តើ​នៅ​ក្រោយ​ឆ្នាំ​២០១៥​ ប្រទេស​អាស៊ាន​មាន​ការ​ទទួល​ស្គាល់​ពលកម្ម​​រវាង​គ្នា​ទៅ​វិញ​ទៅ​មក ឬ​ទេ? តើ​ប្រទេស​នីមួយៗ​ព្រម​ទទួល​ពលកម្ម​គ្មាន​ជំនាញ ឬ​មាន​ជំនាញ​ឲ្យ​មក​ធ្វើ​ការ​នៅ​ប្រទេស​ខ្លួន​ដោយ​សេរី ឬ​ទេ?

លោក​បន្ត​ថា កត្តា​ដែល​ជួយ​ជំរុញ​ឲ្យ​មាន​លំហូរ​ពលកម្ម​ដោយ​សេរី​​បាន​ឆាប់​រហ័ស​ គឺ​ទាមទារ​ឲ្យ​ប្រទេស​ពិនិត្យ និង​ចរចា​គ្នា​រវាង​ច្បាប់​គ្រប់​គ្រង​លំហូរ​ពលកម្ម​ដោយ​សេរី​​រវាង​​អាស៊ាន ​ឬ​មាន​ច្បាប់​គ្រប់គ្រង​ពលកម្ម​រួម​មួយ​របស់​ប្រទេស​សមាជិក​​អាស៊ាន​​ទាំង​អស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។