តើ​​ប្រទេស​អាស៊ាន​កំណត់​យក​ពលកម្ម​ជំនាញ​អ្វី​ខ្លះ​ដែល​ត្រូវ​បើក​ចំហ​នៅ​ឆ្នាំ​២០១៥?

ដោយ អាន ស៊ីថាវ
2014.07.01
យុវជន ការងារ ៦១០ យុវជន​កំពុង​ដាក់​ជីវប្រវត្តិ​សង្ខេប (CV) ស្វែងរក​ការងារ​ធ្វើ ក្នុង​ពិព័រណ៍​ការងារ​កាល​ពី​ថ្ងៃ​ទី ២២ ខែ​មិថុនា ឆ្នាំ ២០១៤។
RFA/Oung Sereyvuth

លំហូរ​ពលកម្ម​ជំនាញ​ដោយ​សេរី និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស គឺ​ជា​ផ្នែក​មួយ​​នៃ​ការ​តភ្ជាប់​អាស៊ាន​​ដែល​ប្រទេស​សមាជិក​ទាំង​អស់​ត្រូវ​សម្រេច​ឲ្យ​បាន​ក្នុង​ធម្មនុញ្ញ​អាស៊ាន​​នា​​ឆ្នាំ​២០១៥។

ប្រទេស​សមាជិក​អាស៊ាន​មាន​កម្លាំង​ពលកម្ម​ដែល​ទទួល​បាន​កម្រិត​អប់រំ​ខុស​​គ្នា មាន​ជំនាញ​ខុស​គ្នា មាន​កម្រិត​ជីវភាព​ខុស​គ្នា ដែល​បញ្ហា​នេះ​នឹង​​​ប៉ះពាល់​ដល់​​លំហូរ​ពលកម្ម​សេរី​​នៅ​ក្នុង​​បរិបទ​អាស៊ាន។

វិស័យ​ពលកម្ម​អាស៊ាន​បាន​ក្លាយ​ជា​ប្រធានបទ​សំខាន់​ដែល​ប្រទេស​ជា​សមាជិក​ត្រូវ​ជជែក​ពិភាក្សា​គ្នា​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​​​​ ដើម្បី​ធ្វើ​សមាហរណកម្ម​​​ទីផ្សារ​ការងារ​អាស៊ាន។ នៅ​ក្នុង​ទស្សនៈ​វិស័យ​នេះ អាស៊ាន​បាន​បង្កើត​ឲ្យ​មាន​កិច្ច​ប្រជុំ​​​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ការ​ងារ​អាស៊ាន ដើម្បី​ពិនិត្យ​អំពី​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​ប្រទេស​ជា​សមាជិក​ទាំង​អស់​លើ​ការ​បង្កើត​ឲ្យ​មាន​ការ​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​លំហូរ​ពលកម្ម​ជំនាញ និង​​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស។

បច្ចុប្បន្ន​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន មិន​ទាន់​បង្កើត​​ផែនការ​ជាតិ​របស់​ខ្លួន​​ឡើយ​​ លើ​ការ​ទទួល​យក​ពលកម្ម​និង​ផ្គត់ផ្គង់​ដែល​អាច​ប៉ះពាល់​ដល់​ការ​តភ្ជាប់​អាស៊ាន។ បញ្ហា​នេះ អាស៊ាន​បាន​បង្កើត​​ក្របខ័ណ្ឌ​​​ការងារ​​​អាស៊ាន​​ ​ដែល​អនុវត្ត​ចាប់​តាំង​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៥។ គោល​បំណង​នោះ រួម​មាន​ការ​បង្កើត​បទដ្ឋាន​រួម​គ្នា ការ​អនុវត្ត​រួម​គ្នា​ដើម្បី​​បង្កើត​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ជំនាញ​ ដោយ​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក។

បន្ទាប់​មក​កិច្ចព្រមព្រៀង​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​បាន​គេ​បង្កើត​ឡើង​ជា​បន្តបន្ទាប់​​ចាប់​តាំង​ពី​ឆ្នាំ​២០០៥ រហូត​ដល់​បច្ចុប្បន្ន ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​​លំហូរ​ពលកម្ម​ដោយ​សេរី។ បច្ចុប្បន្ន​កិច្ច​ព្រមព្រៀង​ចំនួន​ ៨​​ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ចរាចរ​ដោយ​សេរី​នៅ​ក្នុង​សមាហរណកម្ម​អាស៊ាន​ក្រោយ​ឆ្នាំ​២០១៥។ កិច្ច​ព្រមព្រៀង​ទី​មួយ​​ គឺ​ផ្ដោត​លើ​វិស័យ​វិស្វកម្ម ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ កាល​ពី​ឆ្នាំ​២០០៥។ មួយ​ឆ្នាំ​ក្រោយ​មក កិច្ច​ព្រមព្រៀង​លើ​ផ្នែក​​គិលានុបដ្ឋាក​ក៏​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៦។

ប៉ុន្តែ​​ក្នុង​ឆ្នាំ​២០០៧ កិច្ច​ព្រមព្រៀង​ចំនួន​ពី​បង្កើត​​ឡើង​ព្រម​គ្នា​ គឺ​កិច្ចព្រមព្រៀង​លើ​ផ្នែក​ស្ថាបត្យកម្ម​ និង​ទទួល​ស្គាល់​​គុណភាព​នៃ​ការ​ស្រាវជ្រាវ និង​ចុង​ក្រោយ​ នៅ​ឆ្នាំ​២០០៩ កិច្ចព្រមព្រៀង​ចំនួន​បួន​​ផ្សេង​ទៀត ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដែរ គឺ​ផ្នែក​ទេសចរណ៍​ សុខាភិបាល ពេទ្យ​ធ្មេញ និង​សេវាកម្ម​ផ្នែក​គណនេយ្យ។

ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​កម្ពុជា លោក​បណ្ឌិត សុខ ស៊ីផាន់ណា មាន​ប្រសាសន៍​ថា ការ​លំហូរ​ពលកម្ម​ជំនាញ​របស់​ប្រទេស​​នីមួយៗ​ ហាក់​​ជា​រឿង​មួយ​ពិបាក​ក្នុង​ការ​​​បំពេញ​ការងារ​មួយ​នៅ​ប្រទេស​មួយ​ទៀត។ បន្ថែម​លើ​នេះ ​លំហូរ​ពលកម្ម​ជំនាញ​ដោយ​សេរី​នៅ​ក្នុង​អាស៊ាន​ គឺ​អាស្រ័យ​លើ​លំហូរ​វិនិយោគទុន​របស់​ប្រទេស​នីមួយៗ។

«សំឡេង»

លោក សុខ ស៊ីផាន់ណា មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ លំហូរ​វិនិយោគទុន​បង្កើត​ឲ្យ​​លំហូរ​ពលកម្ម​ជំនាញ​ ក្នុង​នោះ​​ប្រទេស​កម្ពុជា បើក​ឱកាស​អ្នក​ពលកម្ម​ជំនាញ​ចូល​មក​កម្ពុជា នៅ​ពេល​ដែល​កម្ពុជា ខ្វះ​ខាត។ ចំពោះ​លំហូរ​ពលកម្ម​ជំនាញ​ដទៃ​ទៀត​ ត្រូវ​ស្រប​តាម​ច្បាប់​អន្តោប្រវេសន៍​របស់​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ លោក ខៀវ កាញារីទ្ធ ធ្លាប់​បាន​អះអាង​ថា​ លំហូរ​ពលកម្ម​ដោយ​សេរី​នៅ​ក្នុង​បរិបទ​អាស៊ាន ជា​បញ្ហា​រសើប​ខ្លាំង​របស់​ប្រទេស​សមាជិក​អាស៊ាន។ បញ្ហា​នេះ​អាច​​​​ធ្វើ​​ឲ្យ​អ្នក​នយោបាយ​មក​ប្រើប្រាស់​ដើម្បី​វាយ​ប្រហារ​​គណបក្ស​ដទៃ​ក្នុង​គោលបំណង​រក​សំឡេង​គាំទ្រ​នៅ​ពេល​ឃោសនា​បោះឆ្នោត។ លោក​បញ្ជាក់​ទៀត​ថា​ សម្រាប់​ប្រទេស​កម្ពុជា​វិញ បាន​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​អំពី​លំហូរ​ពលកម្ម​នៅ​ក្នុង​បរិបទ​អាស៊ាន នៅ​ឆ្នាំ​២០១៥ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​​​ទាំង​នោះ។

«សំឡេង»

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ ប្រជាពលរដ្ឋ​កម្ពុជា មិន​ត្រូវ​ព្រួយ​បារម្ភ​អំពី​ភាព​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​សមាហរណកម្ម​អាស៊ាន ឆ្នាំ​២០១៥ នោះ​ទេ ដោយសារ​តែ​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​ពលករ​បរទេស​ហូរ​ចូល​មក​កម្ពុជា ប្រមាណ ១០% ប៉ុណ្ណោះ។ ម៉្យាង​វិញ​ទៀត ទីផ្សារ​ការងារ​ក៏​សម្បូរ ជា​ពិសេស​នៅ​ក្នុង​កសិឧស្សាហកម្ម​​ដំណាំ​កៅស៊ូ ដែល​ត្រូវ​ការ​ពលកម្ម​រាប់​ពាន់​នាក់។

ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ ថ្នាក់​ដឹកនាំ​អាស៊ាន​ក៏​បាន​ទទួល​ស្គាល់​ថា​ ឧបសគ្គ​ចម្បង​នៃ​ការ​តភ្ជាប់​អាស៊ាន គឺ​បញ្ហា​​​ពាក់ព័ន្ធ​លំហូរ​ពលកម្ម​​ជំនាញ និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អាស៊ាន​កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា ការ​តភ្ជាប់​អាស៊ាន​ជា​បញ្ហា​ដែល​ដោះស្រាយ​គ្មាន​ព្រំដែន។ ភាព​ជោគជ័យ​នៃ​ការ​សម្រេច​គោល​ដៅ​លំហូរ​ពលកម្ម​ជំនាញ​​ដោយ​សេរី​រវាង​អាស៊ាន​ លុះ​ត្រា​​ប្រទេស​សមាជិក​នីមួយៗ ពន្លឿន​លើ​ការ​អនុវត្ត​សមត្ថភាព​ប្រជាពលរដ្ឋ លើក​កម្ពស់​ការ​យល់​ដឹង​របស់​សហគមន៍ និង​អ្នក​នយោបាយ រួម​ទាំង​ការ​បង្កើត​ច្បាប់​ថ្មី​បន្ថែម​ទៀត​គាំទ្រ និង​ជួយ​សម្រួល​ដល់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ដែល​អាច​ឈាន​ដល់​ការ​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​អាស៊ាន។

​បច្ចុប្បន្ន​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ដែល​មាន​ប្រជាពលរដ្ឋ​សរុប ៦០០​លាន​នាក់ សម្រេច​បាន​នូវ​ផែនការ​គោល​របស់​ខ្លួន​លើ​ការ​បង្កើត​តំបន់​អាស៊ាន​ប្រមាណ ៨០% ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។