អង្គភាពសេដ្ឋកិច្ចផែនការ គឺស្ថិតលើការគ្រប់គ្រង និងចាត់ចែងដោយរដ្ឋាភិបាល។ ប៉ុន្តែសេដ្ឋកិច្ចទីផ្សារ តួនាទីរបស់រដ្ឋាភិបាលគេបានបំភ្លេចចោល។ ស្របពេលដែលអាស៊ាននឹងបើកចំហដោយសេរីនៅឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានអះអាងថា អាជីវកម្មស្ថិតក្នុងទីផ្សារសេរី ត្រូវផ្ដោតលើគុណភាពនិងមានតម្លៃទាបដោយរដ្ឋាភិបាលមិនមានគោលនយោបាយការពារនិយមឡើយ។
តើសហគ្រាសក្នុងស្រុករងផលប៉ះពាល់អ្វីខ្លះនៅពេលរដ្ឋាភិបាលកម្ពុជា គ្មានគោលនយោបាយការពារនិយមនោះ?
ទំនាស់ដែលកើតឡើងនៅក្នុងដំណើរការផលិត ការប្រើប្រាស់ ការដោះដូរ និងការបែងចែកទំនិញ នាំឲ្យកើតមានប្រព័ន្ធសេដ្ឋកិច្ចចំនួនពីរផ្សេងគ្នា។ ទីមួយ ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលផ្ដោតលើយន្តការទីផ្សារប្រកបដោយភាពប្រកួតប្រជែងរវាងអ្នកផលិត និងទីពីរ សេដ្ឋកិច្ចបិទ ឬសេដ្ឋកិច្ចផែនការ ដែលរដ្ឋមានតួនាទីយ៉ាងសំខាន់លើផលិតកម្មទំនិញ ថាត្រូវផលិតអ្វី ផលិតយ៉ាងដូចម្ដេច និងសម្រាប់អ្នកណា? ប៉ុន្តែសេដ្ឋកិច្ចផែនការបានដួលរលំជាបណ្ដើរ ដោយសារប្រសិទ្ធភាពគ្រប់គ្រងរបស់រដ្ឋ។
អ្នកសេដ្ឋកិច្ចបានពន្យល់ថា ស្របពេលដែលសេដ្ឋកិច្ចទីផ្សារកាន់តែសេរី និងស្របពេលដែលកម្ពុជា ចូលនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅឆ្នាំ២០១៥ ខាងមុខនោះ តួនាទីរបស់រដ្ឋមានសារសំខាន់បំផុតដើម្បីធានាឲ្យទីផ្សារមានការប្រកួតប្រជែងពេញលេញ។
ទស្សនៈស្ដីពីការអន្តរាគមន៍និយមយល់ថា ដើម្បីឲ្យសេដ្ឋកិច្ចឆាប់លូតលាស់ រដ្ឋត្រូវធ្វើអន្តរាគមន៍ឲ្យបានខ្លាំងក្លាតាមរយៈជំរុញកំណើនសេដ្ឋកិច្ច ដែលអនុវត្តជោគជ័យនៅប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង។ ក្រៅពីនេះ រដ្ឋត្រូវមានតួនាទីសម្របសម្រួលយ៉ាងសកម្មក្នុងវិស័យសេដ្ឋកិច្ច នៅពេលទីផ្សារដំណើរការមិនបានត្រឹមត្រូវ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងកាលពីឆ្នាំ២០១២ នៅក្នុងពិធីសម្ពោធក្រុមហ៊ុនជីកសិកម្មរបស់វៀតណាម នៅខេត្តកណ្ដាល ថា រដ្ឋាភិបាលមិនមានគោលនយោបាយទប់ស្កាត់ការហូចូលទំនិញពីបរទេសដើម្បីរក្សាផលិតកម្មស្រុកនោះទេ។ ផលិតកម្មក្នុងស្រុកត្រូវបង្កើនភាពប្រកួតប្រជែងរបស់ខ្លួនតាមរយៈគុណភាពល្អ និងថ្លៃកាន់តែទាប។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន ចក្ខុវិស័យវិស័យសម្រាប់ការអភិវឌ្ឍនៅក្នុងបរិបទសកលភាវូបនីយកម្ម គឺការពង្រឹងភាពប្រកួតប្រជែងដែលពឹងផ្នែកលើចំណេះដឹងនិងព័ត៌មានវិទ្យា។ជាមួយគ្នានេះ រដ្ឋក៏ត្រូវខិតខំផ្ដល់បរិយាកាសប្រកួតប្រជែងសម្រាប់ភ្នាក់ងារសេដ្ឋកិច្ច ដើម្បីបើកចំហការធ្វើពាណិជ្ជកម្មដោយសេរី។ ភាពជោគជ័យនៃការអនុវត្តគឺអាស្រ័យលើទេពកោសល្យរបស់អ្នកដឹកនាំក្នុងការថែរក្សាគោលនយោបាយសេដ្ឋកិច្ចណាមួយដែលមានប្រសិទ្ធភាព និងបដិសេធគោលនយោបាយមិនមានប្រសិទ្ធភាព។
ប្រទេសកម្ពុជា ធ្លាប់ទុកឲ្យសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋមួយចំនួន ត្រូវទុកចោលនៅពេលដែលបើកចំហទីផ្សារកាន់តែសេរី។ មូលហេតុនេះ បណ្ដាលមកពីផលិតផលក្នុងស្រុកមិនអាចប្រកួតប្រជែងទៅនឹងការហូរចូលទំនិញមកពីក្រៅប្រទេសលើផ្នែកគុណភាពនិងតម្លៃ។ ទោះជាយ៉ាងណាក៏ដោយ រោងចក្រក្នុងស្រុកនឹងបិទទ្វារ ប្រសិនបើរដ្ឋគ្មានគោលនយោបាយលើកទឹកចិត្ត ឬមិនមានគោលនយោបាយឧបត្ថម្ភចំពោះវិនិយោគិនក្នុងស្រុក ដែលមិនគ្រប់គ្រងដោយរដ្ឋាភិបាល។
បន្ថែមលើនេះ សេដ្ឋកិច្ចទីផ្សារបរាជ័យនៅពេលដែលមានផលប៉ះពាល់ពីខាងក្រៅ និងការប្រកួតប្រជែងមិនពេញលេញ។ តាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា ប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសក្រីក្រ ត្រូវមានគោលនយោបាយគាំពារនិយម ដើម្បីរក្សាស្ថិរភាពអាជីវកម្មដែលទើបបង្កើតថ្មី ស្របពេលដែលទីផ្សារកាន់តែបើកចំហ។ ប្រទេសមួយដែលមានគោលនយោបាយគាំពារនិយម អាចជំរុញឧស្សាហកម្មក្មេងខ្ចីឲ្យឈានដល់ការផលិតដើម្បីនាំចេញ និងជំនួសទំនិញនាំចូលពីក្រៅប្រទេស។
ប្រធានសហព័ន្ធសមាគមសហគ្រាសខ្នាតតូចនិងមធ្យមកម្ពុជា លោកឧកញ៉ា តែ តាំងប៉រ មានប្រសាសន៍ថា អ្វីដែលរដ្ឋាភិបាលត្រូវអាចធ្វើបាន គឺការកាត់បន្ថយពន្ធដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងទំនិញក្នុងស្រុកលើទីផ្សារអន្តរជាតិ និងទីផ្សារអាស៊ាន។
បញ្ហានេះបានកើនឡើងស្រដៀងគ្នារវាងសហគ្រាសផលិតទំនិញនៅបណ្ដាប្រទេសអាស៊ាន ដែលតែងរកអន្តរាគមន៍ពីរដ្ឋាភិបាលនៅក្នុងបរិបទសមាហរណកម្មតំបន់ដែលថ្នាក់ដឹកនាំអាស៊ានយល់ឃើញថា គោលនយោបាយគាំពារនិយមនេះ នឹងបង្អាក់ដល់ដំណើរការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥។
ស្ថាប័នស្រាវជ្រាវជាច្រើនបានលើកឡើងថា ការធ្វើសមាហរណកម្មតំបន់ សហគ្រាសក្នុងស្រុកត្រូវមានការជួយគាំពារពីរដ្ឋាភិបាលមួយរយៈ។ ប៉ុន្តែរដ្ឋាភិបាលត្រូវមានសមត្ថភាពសំខាន់ចំនួនបួន ដើម្បីគាំពារសហគ្រាសផលិតក្នុងស្រុកទាំងនោះ។ ទីមួយ ភាពខ្លាំងក្នុងផ្នែកព័ត៌មាន ទីពីរភាពខ្លាំងក្នុងផ្នែកត្រួតពិនិត្យទៅលើការឆ្លើយតបរបស់ផ្នែកឯកជន ទីបី ភាពខ្លាំងលើការត្រួតពិនិត្យការិយាធិបតេយ្យរបស់សភា និងអង្គនីតិប្បញ្ញត្តិនៅតាមស្ថាប័នរដ្ឋ និងកត្តាសំខាន់ទីបួន ការផ្ដល់ព័ត៌មានដល់អ្នកជំនួញដោយស្មើភាពគ្នារបស់ដឹកនាំប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
