មូលហេតុ​នៃ​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន

ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ជា​យន្តការ​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​របស់​អាស៊ាន​កាន់​តែ​ខ្លាំង ដោយសារ​តែ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​ប្រឹងប្រែង​កាត់​បន្ថយ​ការ​ប្រកួត​ប្រជែង​​រវាង​​ប្រទេស​ជា​សមាជិក​អាស៊ាន ហើយ​ងាក​មក​រក​វិធី​សាស្ត្រ​​ទប់​ទល់​នឹង​ដៃគូ​ប្រកួត​ប្រជែង​ដទៃ​ទៀត​ក្រៅ​ពី​អាស៊ាន។

0:00 / 0:00

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​នេះ​ ទាម​ទា​ការ​ជ្រោមជ្រែង​ពី​វិស័យ​ផ្នែក​ឯកជន​​​និង​សហគ្រាស​​ពី​​​បណ្ដា​​ប្រទេស​ជា​សមាជិក​​ដែល​ជា​តួអង្គ​យ៉ាង​សំខាន់​ ដើម្បី​បង្កើត​តំបន់​​នេះ​ ឲ្យ​​ជោគជ័យ។

រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​អាស៊ាន​មាន​ភាព​ទន់​ខ្សោយ​ជាមួយ​អង្គការ​សេដ្ឋកិច្ច​តំបន់​​ដទៃ​ទៀត។ ភាព​អន់​ខ្សោយ​នោះ ដោយសារ​​តែ​គោល​នយោបាយ​សេដ្ឋកិច្ច​​របស់​ប្រទេស​សមាជិក​អាស៊ាន​ ខ្វះ​ខាត​ការ​បំពេញ​បន្ថែម​គ្នា និង​ប្រជែង​គ្នា​យក​តែ​ឈ្នះ​រៀង​ខ្លួន។ មូលហេតុ​នេះ​ជា​កត្តា​រាំង​ស្ទះ​ដល់​ការ​បង្កើត​តំបន់​អាស៊ាន​នៅ​ពេល​ឆ្នាំ​២០១៥។ ឯកសារ​ដែល​ចង​ក្រង​​ដោយ​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ថា​ កត្តា​ដែល​ធ្វើ​ឲ្យ​អាស៊ាន​បង្កើត​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នេះ​ឡើង ដោយសារ​តែ​កត្តា​សំខាន់​ពីរ គឺ​កត្តា​ខាង​ក្រៅ និង​កត្តា​ខាង​ក្នុង។ មាន​ន័យ​ថា ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​នេះ គឺ​ចង់​ឲ្យ​ប្រទេស​​សមាជិក​អាស៊ាន​ប្រឹង​ប្រែង​ផលិត​​ឲ្យ​កាន់​តែ​ច្រើន ជា​ជាង​ការ​ប្រកួត​ប្រជែង​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​ឡាយ។

គំនិត​នៃ​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​បាន​លើក​ឡើង​ដំបូង​នៅ​ខែ​មិថុនា​ ឆ្នាំ​១៩៩១​ ដោយ​​លោក​នាយករដ្ឋមន្ត្រី​ថៃ​ អាណន់ ប៉ាន់ណាជុន (Anand Panyarachun)។ នៅ​ក្នុង​ឆ្នាំ​ដដែល​នេះ​ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​​ជាន់​ខ្ពស់​​អាស៊ាន​ក៏​បាន​បង្កើត​ឡើង​ដែរ ដើម្បី​​លើក​ស្ទួយ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ាន។ កិច្ច​ព្រមព្រៀង​នេះ​បាន​បង្កើត​ឲ្យ​មាន​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​សមាជិក​អាស៊ាន​​ ដែល​ទទួល​បាន​អត្ថប្រយោជន៍​​អនុគ្រោះ​ពន្ធគយ ដែល​បាន​ចាប់​អនុវត្ត​ពី​ឆ្នាំ​១៩៩៣ ត​ទៅ ហើយ​ការ​អនុគ្រោះ​ពន្ធ​ដល់​អត្រា​សូន្យ​នឹង​ចាប់​ផ្ដើម​នៅ​​ដើម​ឆ្នាំ​២០១៥ ខាង​មុខ។

សាស្ត្រាចារ្យ​ផ្នែក​​ទំនាក់​ទំនង​អន្តរជាតិ​​និង​​ផ្នែក​អាស៊ាន​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ឡេង ធារិទ្ធ មាន​ប្រសាសន៍​ថា មូលហេតុ​ដំបូង​នៃ​ការ​បង្កើត​​តំបន់​ពាណិជ្ជកម្ម​សេរី​នេះ ដោយ​សារ​​ អាស៊ាន​ចង់​ទប់​ទល់​នឹង​​តំបន់​ពាណិជ្ជកម្ម​សេរី​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។ លោក​បញ្ជាក់​ថា​ ភាព​បរាជ័យ​របស់​អាស៊ាន គឺ​ការ​បែក​ខ្ញែក​គ្នា​រវាង​ប្រទេស​សមាជិក​អាស៊ាន​​ ទៅ​ចូល​រួម​តំបន់​ពាណិជ្ជកម្ម​សេរី​​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​នោះ។

លោក ឡេង ធារិទ្ធ៖ «អា​ហ្នឹង​គេ​ហៅ​ថា អេប៉ិក (Asia Pacific Economic Cooporation) សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក គេ​បង្កើត​ឡើង​ដោយ​មាន​សមាជិក​អាស៊ាន​ចូល​រួម​ពីរ​ឬ​បី​ប្រទេស ក្នុង​នោះ​មាន​ប្រទេស​ឥណ្ឌូនេស៊ី ថៃ និង​ហ្វីលីពីន។ គេ​ខ្លាច​ថា បើ​អង្គការ​អាប៉ិក​ហ្នឹង​ក្លាយ​ជា​អង្គការ​មួយ​ខ្លាំង​ ដូច្នេះ​សមាជិក​អង្គការ​អាស៊ាន​ហ្នឹង វា​អត់​មាន​ផល​ប្រយោជន៍​​អី​សម្រាប់​សមាជិក​ខ្លួន​ឯង​ទៀត ព្រោះ​អី​អាស៊ាន គឺ​សំខាន់​ឆ្លើយ​តប​សម្រាប់​ប្រទេស​ជា​សមាជិក។ អ៊ីចឹង​ហើយ​បាន​បង្កើត អាហ្តា (AFTA) ហ្នឹង​ឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ឆ្លើយ​តប​របស់​អាប៉ិក​នៅ​ឆ្នាំ​​១៩៨៩»

លោក ឡេង ធារិទ្ធ មាន​ប្រសាសន៍​បន្ថែម​ថា​ ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​នេះ​ឡើង​​ក៏​ចង់​ ទប់ទល់​នឹង​​ការ​កើន​ឡើង​នៃ​មហាអំណាច​​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ដែរ ។ ទោះ​​ជា​យ៉ាង​ណា​ក៏​ដោយ​ទោះ​បី​ជា​ ប្រទេស​សមាជិក​អាស៊ាន​ផ្ដល់​អត្ថប្រយោជន៍​ទាំង​នេះ​ក្ដី​​ប៉ុន្តែ​ប្រជាពលរដ្ឋ​យុវជន​ និង​ផ្នែក​ឯកជន​ភាគ​ច្រើន​ ​មិន​ដឹង​ អំពី​​អត្ថប្រយោជន៍​នេះ​ឡើយ​។

នាយក​ប្រតិបត្តិ​នៃ​​កម្មវិធី​អភិវឌ្ឍ​ធនធាន​យុវជន​កម្ពុជា​ លោក ជាង សុខា មាន​ប្រសាសន៍​ថា ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន ហាក់​ដូច​ជា​គ្មាន​ន័យ ដោយ​សារ​តែ​យុវជន​ដែល​ជា​កម្លាំង​ផលិត​មិន​ដឹង​ថា​​តំបន់​នោះ​ជា​អ្វី បង្កើត​ដើម្បី​អ្វី និង​អ្នក​ណា​ខ្លះ​ជា​អ្នក​ទទួល​បាន​ផល​ប្រយោជន៍​នោះ?

លោក​បញ្ជាក់​ថា ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​ជោគជ័យ​បាន​លុះ​ត្រា​តែ​មាន​ការ​ចូល​រួម​ខ្លាំង​ក្លា​របស់​​ ស្ថាប័ន​អាស៊ាន ថ្នាក់​ដឹក​នាំ​កំពូល​របស់​ប្រទេស​សមាជិក​អាស៊ាន និង​ផ្នែក​ជន​ជា​ដើម។ ប៉ុន្តែ​បច្ចុប្បន្ន​កម្រិត​នៃ​ការ​បញ្ជ្រាប​ព័ត៌មាន​​នៃ​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​របស់​ស្ថាប័ន​សំខាន់ៗ​ទាំង​នោះ​ មាន​តិច​តួច​នៅ​ឡើយ។

លោក​ ជាង សុខា មាន​ប្រសាសន៍​បន្ថែម​ថា​ វិស័យ​ឯកជន​នៅ​កម្ពុជា ដែល​ជា​អ្នក​ស្រូប​យក​ពលកម្ម​ ដើម្បី​ផលិត​នៅ​បរិបទ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​នោះ​ក៏​មិន​ដឹង​ថា​ តំបន់​អាស៊ាន​ជា​អ្វី​នោះ​ដែរ ​ជា​ពិសេស​អាជីវកម្ម​លក្ខណៈ​គ្រួសារ៖ «វា​មាន​លក្ខណៈ​​ជា​គ្រួសារ​ ហើយ​វា​ផ្ដោត​ទៅ​​ក្នុង​ប្រទេស​របស់​ខ្លួន ពេល​នោះ​គាត់​​អត់​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​​អំពី​ទំនាក់ទំនង​តំបន់​និង​អន្តរជាតិ​ទេ។ គាត់​មិន​សូវ​​ចាប់​អារម្មណ៍​ថា តើ​ការ​វិវដ្ដ​ទំនាក់​ទំនង​អន្តរជាតិ​និង​តំបន់​វា​មាន​ឥទ្ធិពល​យ៉ាង​ដូចម្ដេច​ទៅ​ដំណើរការ​អាជីវកម្ម​របស់​គាត់​ទេ»

លោក ជាង​ សុខា មាន​ប្រសាសន៍​បន្ថែម​ថា ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​នៅ​ឆ្នាំ​២០១៥​ នឹង​ប៉ះពាល់​គ្រប់​ប្រភេទ​អាជីវកម្ម​ទាំង​អស់​នៅ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន។

​បន្ថែម​លើ​បញ្ហា​នេះ សាស្ត្រាចារ្យ​ផ្នែក​អាស៊ាន លោក​​ ឡេង ធារិទ្ធ​ មាន​ប្រសាសន៍​​ថា​ ភាព​បរាជ័យ​នៃ​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​របស់​អាស៊ាន ដោយសារ​តែ​ការ​ពន្យារ​ពេល​ដោយ​ហេតុផល​ផ្ទាល់​ខ្លួន​​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន។ លោក​បញ្ជាក់​ដើម្បី​ពន្លឿន​ការ​អនុវត្ត​នៃ​ការ​ការ​បង្កើត​តំបន់​នេះ​ជោគជ័យ បាន​លុះ​ត្រា​តែ​មាន​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​សមាជិក​អាស៊ាន​ណា​​ ដែល​មិន​គោរព​ទៅ​តាម​ផែន​ទី​បង្ហាញ​ផ្លូវ​ដែល​សរសេរ​នៅ​ក្នុង​​សសរស្ដម្ភ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ​២០១៥​នោះ។

លោក ឡេង ធារិទ្ធ៖ «ការ​ដាក់​ទណ្ឌកម្ម​​ទៅ​សមាជិក​ណា​ដែល​មិន​គោរព​តាម​កាលបរិច្ឆេទ​ដែល​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង។ កន្លង​មក​យើង​មាន​បទពិសោធន៍​របស់​ប្រទេស​មួយ​ចំនួន​ទៅ​លើ​អាស៊ាន។ ឧទាហរណ៍​ករណី​ម៉ាឡេស៊ី និង​ហ្វីលីពីន។ ដល់​ធ្វើ​អ៊ីចឹង​ទៅ​ធ្វើ​ឲ្យ​កាលបរិច្ឆេទ​របស់​ខ្លួន​ឯង​ក៏​ត្រូវ​លើក​តាម​ហ្នឹង​ដែរ។ ដល់​ពេល​លើក​ចុះ​លើក​ឡើង វា​ឲ្យ​កាលបរិច្ឆេទ​ដែល​ចង់​​បង្កើត​ជា​ទីផ្សារ​រួម ក៏​ត្រូវ​លើក​ពេល​ដែរ ព្រោះ​គោល​បំណង​នៃ​ការ​បង្កើត​អាហ្តា គឺ​ទីផ្សារ​រួម​ហ្នឹង​ឯង»

លោក ឡេង ធារិទ្ធ មាន​ប្រសាសន៍​បន្ថែម​ថា​ ឧបសគ្គ​ធំ​ចម្បង​មួយ​ដែល​រាំង​ស្ទះ​ដល់​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី ឬ​ទីផ្សារ​រួម​ គឺ​ការ​មិន​ចូល​រួម​របស់​វិស័យ​ឯកជន។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​​​​​អាជីវកម្ម​​ភាគ​ច្រើន​មិន​ដឹង​ថា​​ ទី​ផ្សារ​រួម​ជា​អ្វី ឬ​តំបន់​ពាណិជ្ជកម្ម​សេរី​ជា​អ្វី​នោះ​ទេ។

​​​​​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ឯកសារ​ដែល​សរសេរ​នៅ​ក្នុង​វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​បង្ហាញ​អំពី​ការ​បង្កើន​ល្បឿន​អនុវត្តន៍​តំបន់​ពាណិជ្ជកម្ម​សេរី​របស់​អាស៊ាន​ ត្រូវ​រួម​​បញ្ចូល​នូវ​ចំណុច​សំខាន់​ពីរ​គឺ​ ទី​មួយ​ ការ​បង្កើត​ល្បឿន​នៃ​ការ​អនុវត្ត​ដោយ​មិន​គិត​លើ​ក្របខ័ណ្ឌ​ពេល​វេលា​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​សំដៅ​លើ​វិធានការ​សេរីភាវូបនីយកម្ម ពាណិជ្ជកម្ម និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ថែម​ទៀត​ផង។ ទី​ពីរ​ ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​ ត្រូវ​ចូល​រួម​​កម្មវិធី​បង្កើន​ល្បឿន​នេះ រាប់​ទាំង​សមាជិក​ថ្មី​និង​ចាស់​របស់​អាស៊ាន​ ដែល​ត្រូវ​ចូល​រួម​អនុវត្ត​លើ​វិធានការ​កាត់​បន្ថយ​លើ​មុខទំនិញ លើក​លែង​ពន្ធ​ការ​បង្កើត​ឲ្យ​មាន​នូវ​ការ​ទទួល​ស្គាល់​ទៅ​វិញ​ទៅ​មក (Mutual Recognition Arrangement) ​នៅ​ក្នុង​អាស៊ាន​​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។