ជំងឺរលាកថ្លើមប្រភេទបេ (B) ដែលឈានទៅមានជំងឺក្រិនថ្លើមនិងមហារីកថ្លើម
2017.03.23
ជំងឺរលាកថ្លើមប្រភេទបេ (B) ពុំមែនជាជំងឺតំណពូជនោះទេ គឺជាប្រភេទជំងឺឆ្លង។ អ្នកមានជំងឺនេះអាចព្យាបាលឲ្យជាសះស្បើយបាន ប៉ុន្តែបើសិនជាមិនបានព្យាបាលឲ្យបានទាន់ពេល និងត្រឹមត្រូវទេនោះ នឹងមានវិបាកជាច្រើនដែលកើតចេញពីជំងឺនេះ ដែលនឹងបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។
ក្រៅអំពីការព្យាបាលជំងឺនេះ ក៏មានវិធីបង្ការសម្រាប់អ្នកមិនទាន់កើតមានជំងឺរលាកថ្លើមនេះដែរ។
បើសិនជាលោកអ្នកព្យាបាលជំងឺរលាកថ្លើមប្រភេទបេ (B) មិនបានទាន់ពេលវេលា និងត្រឹមត្រូវទេនោះ នឹងអាចវិវឌ្ឍន៍ទៅមានជាជំងឺក្រិនថ្លើម និងជំងឺមហារីកថ្លើមបាន។
នាយកគ្លីនិកវឌ្ឍនៈវិជ្ជា លោកវេជ្ជបណ្ឌិត ភៀវ សូរ៉ែន ផ្ដល់និយមន័យថា ជំងឺរលាកថ្លើមប្រភេទបេ (B) គឺបង្កដោយមេរោគវីរុសប្រភេទបេ (B) ហើយធ្វើឲ្យកោសិកាថ្លើមមានរបួស និងរលាក។ លោកវេជ្ជបណ្ឌិតឲ្យដឹងថា វីរុសប្រភេទបេ វាជាវីរុសស្ងាត់ស្ងៀម ដែលអាចរស់នៅខាងក្រៅខ្លួនមនុស្សបានដល់ជាងមួយសប្ដាហ៍ ហើយអាចមានអត្រាចម្លងខ្ពស់ជាងមេរោគអេដស៍ដល់ទៅ ១០០ដង។
មូលហេតុដែលបណ្ដាលឲ្យមានជំងឺនេះ គឺពាក់ព័ន្ធនឹងការចម្លងមេរោគ មានដូចជា៖
-
ការចម្លងមេរោគតាមរយៈឈាម គឺការឆ្លងតាមការរួមភេទ
-
ការចម្លងពីម្ដាយទៅកូននៅពេលសម្រាល
-
ការប្រើប្រាស់សឺរ៉ាំងម្ជុលរួមគ្នា
-
ប្រដាប់ចាក់សាក់
-
ប្រដាប់ចោះត្រចៀក
-
ឧបករណ៍សម្ភារពេទ្យដែលមិនបានសម្លាប់មេរោគ
-
កន្ត្រៃកាត់សាច់ក្រចកនារីៗនៅពេលប្រើប្រាស់ដោយមិនបានសម្អាតត្រឹមត្រូវ
-
ការប្រើឡាមកោរពុកមាត់រួមគ្នា
-
និងការប្រើច្រាសដុសធ្មេញរួមគ្នា ជាដើម ប៉ុន្តែការរស់នៅជុំគ្នា ហូបចុកដោយប្រើប្រាស់ចានកែវរួមគ្នា ការឱបថើប ប៉ះដៃ និងនិយាយគ្នា មិនឆ្លងនោះទេ។
មេរោគរលាកថ្លើមប្រភេទបេនេះ មានភាពខ្លាំងអាចរស់នៅក្នុងលំហបរិយាកាសបានដល់ទៅ ១សប្ដាហ៍ទើបងាប់។ ដូច្នេះ សម្រាប់នារីៗដែលនិយមទៅកាត់សម្អាតសាច់ក្រចកនៅតាមហាង តូប ឬមជ្ឈមណ្ឌលកែសម្ផស្សនានា ដោយគេមិនបានយកចិត្តទុកដាក់ជូតសម្អាត និងសម្លាប់មេរោគលើឧបករណ៍សម្ភារប្រើប្រាស់ត្រឹមត្រូវនោះ ប្រឈមនឹងការឆ្លងជំងឺនេះខ្លាំងណាស់៖ «អាកន្ត្រៃអីគាត់កាត់ហ្នឹង គាត់អត់បានសម្អាត គាត់អត់បានសម្លាប់មេរោគបានល្អទេ។ គាត់យកទៅកាត់ម្នាក់ទៀតទៅ អាចមេរោគហ្នឹងឆ្លងទៅម្នាក់ទៀតទៅ បើសិនជាម្នាក់នោះមានដាច់រលាត់ដែរ។ បើសិនជាយើងប្រើអាល់កុលជូតទៅប៉ះចំមេរោគហ្នឹង វាដាច់ទៅបាត់ទៅ គឺយើងត្រូវប្រាកដថាបានសម្អាតឲ្យបានត្រឹមត្រូវ ព្រោះជួនទៅកន្លែងគាត់កែសម្ផស្សអ៊ីចឹងៗ គាប់ជួនមានភ្ញៀវច្រើនគាត់ជូតឃ្វាចៗទៅអត់ចំកន្លែងប្រឡាក់ហ្នឹងទេ។ វានៅតែមានកត្តាប្រឈមជំងឺឆ្លង។ វិធីដែលល្អបំផុត គឺគេយកទៅដាក់ម៉ាស៊ីនបើកសីតុណ្ហភាពប៉ុន្មានរយដឺក្រេទៅបានប្រាកដថាវាងាប់»។
លោកវេជ្ជបណ្ឌិត ភៀវ សូរ៉ែន បានឲ្យដឹងថា នៅពេលឆ្លងមេរោគរលាកថ្លើមបេ ដំបូងៗគឺ ៧០% ពុំមានរោគសញ្ញាស្ដែងចេញអ្វីទាំងអស់ឲ្យលោកអ្នកដឹងនោះទេ ៣០% ដែលអាចចេញអាការឲ្យអ្នកជំងឺដឹងមានដូចជា ក្ដៅខ្លួន អស់កម្លាំង បាត់ចំណង់អាហារ ឈឺពោះ ទឹកនោមមានពណ៌លឿនចាស់ ចុករោយដៃជើង និងករណីខ្លះភ្នែកឡើងលឿង ឬស្បែកឡើងពណ៌លឿងតែម្ដង ប៉ុន្តែមិនអាចកំណត់ឲ្យតែមានអាការបែបនេះ ១០០% ថាមានជំងឺថ្លើមប្រភេទបេនោះឡើយ គឺមានតែការធ្វើតេស្ដឈាមមួយមុខគត់ ដែលអាចបញ្ជាក់ថាមានជំងឺនេះពិតប្រាកដ៖ «មានតែធ្វើតេស្ដ មានតែជោះឈាមទេដែលអាចបញ្ជាក់ ពីព្រោះជំងឺថ្លើម ព្រោះរលាកថ្លើមវាមានច្រើន។ វាមានប្រភេទអា បេ ប្រភេទសេ ឬមួយរលាកដោយសារជាតិអាល់កុល ដោយជាតិគីមី ឬមួយជាតិពុលផ្សេងៗ ក៏វាអាចស្ដែងរោគសញ្ញាស្រដៀងគ្នាៗអ៊ីចឹងដែរ។ ដើម្បីបញ្ជាក់ថាយើងមានរោគសញ្ញាហ្នឹង រលាកប្រភេទណាមួយយើងជោះឈាមទៅបានអាចដឹងច្បាស់បាន»។
លោកវេជ្ជបណ្ឌិតអះអាងថា អាការអាចឃើញនៅពេលឆ្លងមេរោគនេះពី ៣ខែទៅ ៦ខែ។ បើសិនជាលោកអ្នកសង្ស័យនឹងមានអាការបែបនេះ គ្រូពេទ្យបានផ្ដល់ឱវាទថា ឲ្យប្រញាប់ទៅជួបវេជ្ជបណ្ឌិតដើម្បីធ្វើការពិនិត្យមើលទៅលើស្ថានភាពមេរោគ មុខងារថ្លើម កម្រិតរលាក និងការប្រឈមមុខនឹងការវិវឌ្ឍន៍ផ្សេងៗ។ គ្រូពេទ្យនឹងកំណត់នីតិវិធីនៃការព្យាបាលទៅតាមលទ្ធផលនៃការពិនិត្យ ដោយការផ្ដល់ឱសថ ហើយបើធ្ងន់ធ្ងរនឹងឈានរហូតដល់ការប្ដូរថ្លើមក៏មាន នៅស្រុកខ្មែរមិនទាន់មានទេ ប៉ុន្តែនៅប្រទេសផ្សេងៗដូចជាសហរដ្ឋអាមេរិក ដោយសារបច្ចេកវិទ្យាទំនើប គឺគេអាចប្ដូរបាន៖ «បើសិនជាយើងវិវឌ្ឍន៍ទៅដល់ដំណាក់កាលក្រិនថ្លើមហើយ មានន័យថាដំណាក់កាលធ្ងន់ចុងក្រោយហើយ មានន័យថាសាច់នោះវាខូច។ គ្រាន់ថាវាក្រិនវាចែកជាក្រិនដំណាក់កាលស្រាល និងក្រិនដំណាក់កាលចុងក្រោយ បើសិនជាដំណាក់កាលចុងក្រោយ ទោះព្យាបាលយ៉ាងម៉េចក៏មិនអាចត្រឡប់មកវិញបានដែរ គ្រាន់តែថាថ្នាំអាចទប់មួយរយៈៗ»។
ទាក់ទងទៅនឹងជំងឺថ្លើមនេះ សិក្ខាសាលាកម្ពុជា-ជប៉ុន លើកទី២ ស្តីអំពី “បច្ចេកទេសអង់ដូស្កូក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកប្រព័ន្ធរំលាយអាហារ និងថ្លើម” រៀបចំដោយមន្ទីរពេទ្យកាល់ម៉ែត កាលពីខែកុម្ភៈ ក្រោមកិច្ចសហការពីសាកលវិទ្យាល័យណាហ្គោយ៉ា (Nagoya University) នៃប្រទេសជប៉ុន បានបង្ហាញថា ជំងឺមហារីកប្រព័ន្ធរំលាយអាហារ និងថ្លើម គឺជាជំងឺមហារីកដែលកើតមានជាញឹកញាប់នៅលើប្រជាជនកម្ពុជា។ ស្ថិតិចុងក្រោយពីអង្គការសុខភាពពិភពលោកនៅឆ្នាំ២០១២ បានបង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជា ជាពិសេសបុរសមានអត្រាកើត និងស្លាប់ដោយសារជំងឺមហារីកថ្លើមខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានចំនួនអ្នកកើតប្រហែលជាង ២.២០០ករណីក្នុងមួយឆ្នាំ ក្នុងនោះជាង ៩៥% នៃអ្នកជំងឺបានទទួលមរណភាព (គិតជាចំនួនសរុបជាង ២.១០០ករណីក្នុងមួយឆ្នាំ)។
លោកវេជ្ជបណ្ឌិត ភៀវ សូរ៉ែន បញ្ជាក់បន្ថែមដូច្នេះ៖ «ចំពោះមេរោគរលាកថ្លើមប្រភេទបេ និងប្រភេទសេ នោះ វាខុសគ្នាត្រង់មេរោគហ្នឹង ភាពធ្ងន់ធ្ងររបស់វាប្រហាក់ប្រហែលគ្នា។ វាអាចបង្កឲ្យថ្លើមយើងវិវឌ្ឍន៍ទៅជាមហារីក និងទៅជាក្រិនថ្លើមបានដូចគ្នា គ្រាន់តែថានៅក្នុងប្រទេសនៅអាស៊ីយើងនេះ អត្រាមេរោគរលាកថ្លើមប្រភេទបេ មានខ្ពស់ជាងគេ ហើយអត្រាមេរោគរលាកថ្លើមប្រភេទបេ ដែលបង្កឲ្យទៅជាជំងឺមហារីកថ្លើមខ្ពស់ជាងនៅអឺរ៉ុប និងអាមេរិក ហើយបើនៅអឺរ៉ុប និងសហរដ្ឋអាមេរិក យើងឃើញជំងឺរលាកថ្លើមសេខ្ពស់ជាងប្រភេទបេវិញ»។
ពាក់ព័ន្ធនឹងជំងឺរលាកថ្លើមប្រភេទបេនេះ គ្រូពេទ្យបានផ្ដល់ឱវាទមួយចំនួន។ ទោះបីជាយ៉ាងណា វិធានការការពារដ៏ល្អបំផុតសម្រាប់អ្នកដែលពុំទាន់កើតមានជំងឺថ្លើមប្រភេទបេនេះ លោកអ្នកអាចការពារដោយការចាក់ថ្នាំបង្ការដែលគេអាចចាក់បានចាប់តាំងពីកូនក្មេង រហូតដល់មនុស្សចាស់ ហើយសូមលោកអ្នកចាក់ឲ្យបានគ្រប់ចំនួនកម្រិត ៣ដងតាមក្បួនខ្នាតពេទ្យ ដែលមុនចាក់ថ្នាំបង្ការគឺត្រូវធ្វើតេស្ដឈាមជាមុន។
ចំណែកអ្នកដែលមានជំងឺថ្លើមនេះរួចហើយ គាត់ត្រូវទៅជួបវេជ្ជបណ្ឌិតឲ្យបានត្រឹមត្រូវ ដើម្បីពិនិត្យមើលអំពីស្ថានភាពជំងឺ ដើម្បីរៀបចំការព្យាបាលឲ្យទាន់ពេលវេលា កុំទុកឲ្យជំងឺនេះវិវឌ្ឍន៍ចេញរោគសញ្ញាធ្ងន់ៗ ដែលវាអាចហួសពេលវិវឌ្ឍន៍រហូតដល់ក្រិនថ្លើម ឬមានដុំមហារីកនៅលើសាច់ថ្លើមហើយ ជាដំណាក់កាលចុងក្រោយ ពេលនោះហើយគឺអ្វីៗនឹងត្រូវហួសពេលមិនអាចជួយសង្គ្រោះបានទេ។
នាយកគ្លីនិកវឌ្ឍនៈវិជ្ជា លោកវេជ្ជបណ្ឌិត ភៀវ សូរ៉ែន បានផ្ដល់អនុសាសន៍ទៀតថា ការហូបចុកដើម្បីបំប៉នសុខភាពថ្លើមពុំមានអ្វីជាពិសេសនោះទេ ប៉ុន្តែការទទួលទានផ្លែឈើ បន្លែ ត្រីសាច់ គឺជាការល្អបំផុត។ លោកអ្នកគួរជៀសវាងកុំសូវបរិភោគអាហារណាដែលមានខ្លាញ់ ឬគ្រឿងសមុទ្រដែលមានប្រភេទជាតិប្រូតេអ៊ីនខ្ពស់ៗ រីឯស្រា បារី និងអាហារផ្អាប់ ដូចជាផ្អក ប្រហុក ជាដើម ក៏កុំសូវបរិភោគច្រើនពេកដែរ ពីព្រោះបើកាលណាលោកអ្នកទទួលទានអាហារបែបនេះ នាំឲ្យថ្លើមខំប្រឹងធ្វើសំយោគជាតិផ្អែមដែលស្ដុកទុកក្នុងថ្លើម ឬនិយាយឲ្យសាមញ្ញថា ថ្លើមខំធ្វើការច្រើន គាប់ជួនបើថ្លើមកំពុងរលាក ឬមានមេរោគស្រាប់ផងនោះ ថ្លើមនឹងអាចវិវឌ្ឍន៍ទៅមិនល្អនោះទេ៕