តើ​ជំងឺ​ថ្មី​អេបូឡា​មាន​រោគ​សញ្ញា​និង​របៀប​ឆ្លង​ដូចម្ដេច​ខ្លះ?

0:00 / 0:00

ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​កម្ពុជា ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម ណែនាំ​ឱ្យ​ពលរដ្ឋ​កម្ពុជា លើក​កម្ពស់​វិធានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ថ្មី​ឈ្មោះ អេបូឡា (Ebola)។

អង្គការ​សុខភាព​ពិភពលោក កំពុង​ប្រកាស​អាសន្ន​ប្រទេស​៤ នៅ​ទ្វីប​អាហ្វ្រិក ដែល​មាន​ជំងឺ អេបូឡា នេះ គឺ​ប្រទេស​ហ្គីណេ លីបេរីយ៉ា សេរ៉ាឡេអូន និង​ប្រទេស​នីហ្សេរីយ៉ា។

តើ​ជំងឺ អេបូឡា មាន​ស្ថានភាព​ដូចម្ដេច​ខ្លះ?

ជំងឺ អេបូឡា ដែល​ពី​មុន​មក​គេ​ស្គាល់​នៅ​ទ្វីប​អាហ្វ្រិក ថា​ជា​ជំងឺ​គ្រុនឈាម អេបូឡា (Ebola Haemorrhagic Fever) នោះ គឺ​ជា​ជំងឺ​កម្រ​មួយ ប៉ុន្តែ​វា​អាច​ធ្វើ​បណ្ដាល​ឱ្យ​មាន​ករណី​ធ្ងន់ធ្ងរ ហើយ​ជា​ញឹកញយ ធ្វើ​ឱ្យ​អ្នក​ជំងឺ​ស្លាប់។ អង្គការ​សុខភាព​ពិភពលោក បង្ហាញ​តួលេខ​ថា អ្នក​កើត​ជំងឺ អេបូឡា ៩០% បាន​ស្លាប់។ អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង ឱ្យ​ដឹង​ថា ជំងឺ​គ្រុន​ឈាម អេបូឡា ច្រើន​កើត និង​រាល​ដាល​នៅ​តំបន់​អាហ្វ្រិក។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា មេរោគ អេបូឡា (Ebola) គឺ​ជា​មេរោគ​វីរុស​មួយ​ប្រភេទ ដែល​បង្ក​ជំងឺ​ដូច​គ្នា​នឹង​ជំងឺ​គ្រុនឈាម​ដែរ ប៉ុន្តែ​មេរោគ​គ្រុនឈាម​នៅ​ប្រទេស​កម្ពុជា ឆ្លង​តាម​សត្វ​មូស រីឯ​មេរោគ​គ្រុនឈាម អេបូឡា ឆ្លង​តាម​រយៈ​សត្វ​ជ្រឹង និង​សត្វ​ស្វា ហើយ​ឆ្លង​មក​មនុស្ស៖ «សំឡេង»។

ទោះ​ជា​ដូច្នេះ​ក្ដី លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ប្រវត្តិ​ថា មេរោគ អេបូឡា ធ្លាប់​រាតត្បាត​ជា​ច្រើន​លើក​នៅ​ទ្វីប​អាហ្វ្រិក បន្ទាប់​ពី​ការ​បង្ហាញ​ខ្លួន​ដំបូង​កាល​ពី​ឆ្នាំ​១៩៧៦។ យូរៗ ជំងឺ​គ្រុនឈាម អេបូឡា ផ្ទុះ​ឡើង​ម្ដង ហើយ​នៅ​ឆ្នាំ​២០១៤ នេះ ករណី​ជំងឺ អេបូឡា កើត​មាន​លើក​ដំបូង​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក កាល​ពី​ចុង​ខែ​មីនា៖ «សំឡេង»។

ក្រសួង​សុខាភិបាល វាយ​តម្លៃ​ថា ការ​បង្ក​ហានិភ័យ​ដល់​សុខភាព​សាធារណៈ​របស់​ជំងឺ អេបូឡា ចំពោះ​ប្រទេស​កម្ពុជា នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ដោយសារ​តែ​ការ​ចម្លង​របស់​ជំងឺ​នេះ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ឆ្លង​តាម​ការ​ប៉ះពាល់​ជាមួយ​ឈាម ឬ​វត្ថុ​រាវ​នៃ​រាង​កាយ​អ្នក​ដែល​ឆ្លង​មេរោគ។ ម្យ៉ាង​ទៀត ការ​ធ្វើ​ដំណើរ​ទៅ​ទ្វីប​អាហ្វ្រិក ដែល​ជា​កន្លែង​ផ្ទុះ​ជំងឺ អេបូឡា នេះ ក៏​មាន​តិច​នៅ​ឡើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា សត្វ​នៅ​អាស៊ី​ខ្លះ​មាន​ផ្ទុក​មេរោគ អេបូឡា នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ថា​ឆ្លង​មេរោគ​នេះ​មក​មនុស្ស​ទេ។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ពន្យល់​ថា របៀប​ឆ្លង​របស់​មេរោគ​វីរុស អេបូឡា ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន គឺ​តាម​រយៈ​ការ​ប៉ះពាល់​ឈាម ទឹក​រងៃ ឬ​វត្ថុរាវ​ពី​រាង​កាយ​របស់​អ្នក​ជំងឺ។ លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា ករណី​ជា​ច្រើន​ទៀត​ឆ្លង​នៅ​ពេល​ធ្វើ​បុណ្យ​សព ពេល​ដែល​ប៉ះពាល់ ឬ​ថើប​សព​អ្នក​ជំងឺ។ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា មេរោគ​គ្រុន​ឈាម អេបូឡា មិន​ឆ្លង​តាម​ខ្យល់​ដោយ​ការ​ក្អក ឬ​តាម​ចំណី​អាហារ និង​ទឹក​ទេ។

តើ​ជំងឺ​នេះ​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ទៀត​ថា ដោយសារ​នៅ​អាហ្វ្រិក គេ​ហៅ​ថា ជំងឺ​គ្រុនឈាម អេបូឡា។ ដូច្នេះ រោគ​សញ្ញា​សំខាន់​របស់​ជំងឺ​នេះ ស្រដៀង​គ្នា​ទៅ​នឹង​រោគ​សញ្ញា​របស់​ជំងឺ​គ្រុន​ឈាម​ដែរ៖ «រោគ​សញ្ញា​របស់​វា គឺ​ចាប់​ផ្ដើម​ដោយ​គ្រុន​ក្ដៅ​ភ្លាមៗ ៣៨​អង្សា កន្លះ​ឡើង​ទៅ ៣៩ ឬ ៤០​អង្សា​អ៊ីចឹង​ទៅ។ បន្ទាប់​មក​មាន​ឈឺ​ក្បាល មាន​ក្រហម​ភ្នែក មាន​ក្អួត រាក ហើយ​នឹង​ចាប់​ផ្ដើម​ចេញ​ស្នាម​កន្ទួល​ក្រហម​នៅ​លើ​ស្បែក ឬ​មួយ​កន្ទួល​ហូរ​ឈាម​នៅ​ក្នុង​ស្បែក​ហ្នឹង។ ហើយ​វិវឌ្ឍន៍​ទៅ​ជា​ហូរ​ឈាម​ក្នុង​ខ្លួន ហើយ​សន្លប់ ដែល​ពាក្យ​បារាំង ថា ហ្សុក (Shock) ដោយសារ​វា​អស់​ហូរ​ជាតិ​ផ្លាស្មា (Plasma) និង​ឈាម​ចេញ​ពី​សរសៃ​ឈាម​ទៅ​កន្លែង​ដទៃ ធ្វើ​ឱ្យ​ខ្វះ​ឈាម ធ្វើ​ឱ្យ​អ្នក​ជំងឺ​ខ្វះ​អុកស៊ីហ្សែន ហើយ​មេរោគ​ហ្នឹង​ទៅ​បំផ្លាញ​ដល់​សារពាង្គកាយ​គ្រឿង​ក្នុង​របស់​យើង ដូច​ជា ថ្លើម តម្រង​នោម ដែល​វិវឌ្ឍន៍​ឱ្យ​ស្លាប់​បាន»

វិធី​ឆ្លង

លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា ជំងឺ​នេះ​ត្រូវ​គេ​សង្ស័យ​ថា​មាន​ប្រភព​ចម្លង​មក​ពី​សត្វ​ជ្រឹង និង​សត្វ​ស្វា នៅ​តំបន់​អាហ្វ្រិក។ ដោយ​ឡែក នៅ​តំបន់​អាស៊ី មាន​ការ​បញ្ជាក់​ថា មាន​សត្វ​ជ្រឹង​ដែល​ផ្ទុក​មេរោគ​នេះ​ដែរ ក៏ប៉ុន្តែ មិន​មាន​ការ​រក​ឃើញ​ច្បាស់​លាស់​ថា ឆ្លង​បន្ត​មក​មនុស្ស​នៅ​ឡើយ​ទេ។

ទាក់ទង​នឹង​ការ​ព្យាបាល​វិញ លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ថ្នាំ​ជាក់​លាក់​ណា​មួយ​សម្រាប់​ព្យាបាល​សម្លាប់​មេរោគ​នេះ​នៅ​ឡើយ​ទេ។ ដូច្នេះ ការ​ព្យាបាល គឺ​បំពេញ​ទៅ​តាម​អ្វី​ដែល​អ្នក​ជំងឺ​បាត់​បង់។

ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក កំណត់​វិធានការ​ថា សម្រាប់​រាល់​អ្នក​ដំណើរ​ត្រឡប់​មក​ពី​ទ្វីប​អាហ្វ្រិក វិញ ដែល​មាន​រោគ​សញ្ញា​គ្រុន​ក្ដៅ​ភ្លាមៗ ទន់​ខ្សោយ ឈឺ​សាច់ដុំ ឈឺ​សន្លាក់ ឈឺ​ក្បាល និង​ឈឺ​បំពង់ក នឹង​ត្រូវ​ដាក់​ព្យាបាល​ឱ្យ​ដាច់​ដោយ​ឡែក​ពី​អ្នក​ជំងឺ​ដទៃ។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ថ្នាំ​វ៉ាក់សាំង​សម្រាប់​ចាក់​បង្ការ​ជំងឺ​នេះ​ទេ។ វិធី​ដែល​អាច​ជួយ​បង្ការ​បាន គឺ​ការ​រក្សា​អនាម័យ​ផ្ទាល់​ខ្លួន​ឱ្យ​បាន​ល្អ។ ដើម្បី​បង្ការ ឬ​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ។ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឱ្យ​ជៀសវាង​ការ​ប៉ះពាល់​ឈាម ទឹក​រំអិល ឬ​សារធាតុ​រាវ​របស់​អ្នក​ជំងឺ​គ្រុនឈាម អេបូឡា និង​ចៀសវាង​ការ​ប៉ះពាល់​សត្វ​ព្រៃ រួម​ទាំង​សត្វ​ប្រជៀវ ឬ​ជ្រឹង និង​ស្វា​គ្រប់​ប្រភេទ ទោះ​ជា​រស់ ឬ​ស្លាប់។ គប្បី​ឧស្សាហ៍​លាង​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ឱ្យ​បាន​ញឹកញាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។