មូលហេតុ​និង​ផល​វិបាក​បណ្ដាល​មក​ពី​មេរោគ​ស៊ាំ​ថ្នាំ​ឬ​ស្គាល់​ថ្នាំ

ដោយ ឡេង ម៉ាលី
2015.01.08
ថ្នាំ ៦២០ ថ្នាំ
Photo: RFA

គ្រូពេទ្យ​និយាយ​ថា បញ្ហា​មេរោគ​ស៊ាំ​ថ្នាំ គឺ​ជា​បញ្ហា​មួយ​ដែល​ពួក​គាត់​ព្រួយ​បារម្ភ​នៅ​ក្នុង​អាជីព​ជា​អ្នក​ព្យាបាល​ជំងឺ។ អង្គការ​សុខភាព​ពិភពលោក (WHO) បង្ហាញ​ថា បញ្ហា​មេរោគ​ស៊ាំ​ថ្នាំ​នេះ គឺ​មនុស្ស គ្រប់​តំបន់​ទូទាំង​ពិភពលោក ត្រូវ​ប្រឈម​មុខ​ខ្លាំង​ទាំង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត។

តើ​បញ្ហា​មេរោគ​ស៊ាំ​ថ្នាំ​មាន​ស្ថានភាព​ដូច​ម្ដេច​ខ្លះ?

ក្នុង​នាទី​សុខភាព​ប្រចាំ​សប្ដាហ៍​នៅ​ពេល​នេះ លោក ឡេង ម៉ាលី មាន​សេចក្ដី​រាយការណ៍​អំពី​បញ្ហា​ស៊ាំ​ថ្នាំ​ដូច​ត​ទៅ៖

បញ្ហា​មេរោគ ឬ​ជំងឺ​ស៊ាំ​នឹង​ថ្នាំ ឬ​ជួន​កាល​គេ​ហៅ​ថា មេរោគ​ស្គាល់​ថ្នាំ គឺ​ជា​បញ្ហា​មួយ​ដែល​គ្រូពេទ្យ​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក កំពុង​បារម្ភ​ខ្លាំង។

គ្រូពេទ្យ​ដែល​ពុះពារ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​បង្ក​ជំងឺ ឲ្យ​ដឹង​ថា ពួក​គាត់​មាន​ការ​ប្រឈម​នឹង​វិជ្ជាជីវៈ​របស់​ខ្លួន ព្រោះ​មាន​ជំងឺ​ឆ្លង​ជាច្រើន​កាន់​តែ​ពិបាក​ព្យាបាល ពេល​មេរោគ​ស៊ាំ​នឹង​ថ្នាំ។

ត្រង់​ចំណុច​នេះ គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​មហារីក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត លោក​វេជ្ជបណ្ឌិត គួយ សំណាង ថ្លែង​ថា បញ្ហា​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ខ្លះ​យល់​ថា គ្រូពេទ្យ​ព្យាបាល​ចិញ្ចឹម​ជំងឺ៖ «កិត្តិយស​របស់​គ្រូពេទ្យ ស្អី​ដែល​ពេទ្យ​ចង់​បាន គឺ​គ្រូពេទ្យ​ពូកែ។ នរណា​វិជ្ជាជីវៈ​អី​ក៏​ចង់​បាន​អ៊ីចឹង​ដែរ គឺ​ចង់​ឲ្យ​គេ​សរសើរ​ថា ពូកែ។ នៅ​ពេល​ហ្នឹង​ហើយ​ដែល​ពេទ្យ​ម្នាក់ៗ​ប្រាកដ​ជា​ដុត​ដៃ​ដុត​ជើង ប្រាកដ​ជា​ធ្វើ​អី​ទៅ​តាម​បច្ចេកទេស​ហើយ។ ប៉ុន្តែ​ការ​ព្យាបាល​មិន​មែន​ដាក់​ទៅ​បាន​ដូច​ចិត្ត​យើង​ទេ។ បើ​សិន​ជា​ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា​របេង គេ​ត្រូវ​ព្យាបាល ៦​ខែ ៨​ខែ បើ​របេង​ឆ្អឹង ១​ឆ្នាំ​ទៅ ១​ឆ្នាំ​កន្លះ។ តើ​នេះ​ជា​ការ​ចិញ្ចឹម​ជំងឺ​ដែរ​ឬ? គឺ​មិន​មែន​ទេ។ គ្រូពេទ្យ​ទាំងអស់​នោះ​គេ​ធ្វើ​ទៅ​តាម​បច្ចេកទេស​របស់​គេ​ហើយ គ្រាន់​តែ​ថា​វា​អត់​ដូច​ចិត្ត​យើង។ នៅ​ពេល​សួរ​ថា គ្រូពេទ្យ​មួយ​ចិញ្ចឹម​ជំងឺ តើ​គ្រូពេទ្យ​ហ្នឹង​បាត់ Client (អតិថិជន) ទេ គឺ​ដាច់។ យក​ចំណេញ​ពី​អ្នក​ជំងឺ​ម្នាក់ យក​អត់​បាន​ហើយ អ្នក​ជំងឺ​យក​ទៅ​ផ្សព្វផ្សាយ​ខាតClient (អតិថិជន) គាត់​រាប់​រយ​នាក់។ បើ​និយាយ​ពី​ផល​ចំណេញ គ្រូពេទ្យ​ម្នាក់ៗ​គិត​អ៊ីចឹង គេ​អត់​ថា​គ្រូពេទ្យ​ខ្មែរ​ចិញ្ចឹម​ជំងឺ​ទេ»

លោក​វេជ្ជបណ្ឌិត​ពន្យល់​បន្ត​ថា អ្នក​ជំងឺ​ដែល​មាន​មេរោគ​ស៊ាំ​ថ្នាំ​នៅ​ក្នុង​ខ្លួន មាន​ផល​វិបាក​ច្រើន​ពេល​មក​ឲ្យ​គ្រូពេទ្យ​ព្យាបាល​ជំងឺ ព្រោះ​គ្រូពេទ្យ​ត្រូវ​ការ​ពេល​វេលា​ព្យាបាល​យូរ ហើយ​ការ​ព្យាបាល​នោះ​ទៀត​សោត​ក៏​មាន​ភាព​ស្មុគស្មាញ៖ «ថា​របេង​យើង​ដឹង​ថា​រាប់​ឆ្នាំ។ ឥឡូវ​ឧទាហរណ៍​ថា​ដំបៅ​មាត់ៗ ដោយសារ​វិទ្យាសាស្ត្រ​ជឿន​លឿន ដោយ​ការ​យល់​ដឹង ដោយសារ​ពាណិជ្ជកម្ម អ្នក​ជំងឺ​មុន​នឹង​ជួប​ពេទ្យ ទិញ​ថ្នាំ​លេប​រួច​ហើយ។ នៅ​ពេល​នោះ​ហើយ មេរោគ​នៅ​ក្នុង​ខ្លួន​យើង​ស្គាល់​ថ្នាំ។ ពេល​មេរោគ​ស្គាល់​ថ្នាំ​ហ្នឹង បាន​ន័យ​ថា វា​រ៉េស៊ីស្តង់ (Resistance) ជាមួយ​ថ្នាំ។ តាម​គ្រូពេទ្យ​ដឹង​ថា ថ្នាំ​ណា​មួយ​គ្រូពេទ្យ​អត់​ប្រើ​ទេ។ ប៉ុន្តែ​គ្រូពេទ្យ​ទាំង​គេ​ទាំង​ខ្ញុំ មិន​សរសេរ​អ័រដឺណង់​ឲ្យ​អ្នក​ជំងឺ​ទិញ​ថ្នាំ​មួយ​គ្រាប់ ៥​រៀល​មុន​ដំបូង​គេ​ទេ។ ប្រាកដ​ជា​ឲ្យ​ទិញ​មួយ​គ្រាប់ ១​ពាន់ ២​ពាន់​រៀល​មុន​ហើយ»

ការ​ស៊ាំ​នឹង​ថ្នាំ គឺ​អាច​កើត​មាន​មេរោគ​គ្រប់​ប្រភេទ គឺ​រាប់​ទាំង​មេរោគ​បាក់តេរី វីរុស មេរោគ​ផ្សិត និង​ប៉ារ៉ាស៊ីត។

របាយការណ៍​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ឆ្លង​នៃ​សហរដ្ឋ​អាមេរិក (CDC) នៅ​ឆ្នាំ​២០១៣ បង្ហាញ​ថា នៅ​ក្នុង​សហរដ្ឋ​អាមេរិក ក្នុង​មួយ​ឆ្នាំៗ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ២​លាន​នាក់ បាន​ឆ្លង​មេរោគ​បាក់តេរី​ដែល​ស៊ាំ​នឹង​ថ្នាំ​ផ្សះ (Antibiotics) ហើយ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស ២៣​ម៉ឺន​នាក់​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ដោយសារ​តែ​ជំងឺ​ដែល​បណ្ដាល​មក​ពី​មេរោគ​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​ដោយ​ផ្ទាល់។ នៅ​មាន​មនុស្ស​ជាច្រើន បាន​ស្លាប់​ដោយសារ​ផល​វិបាក​នៃ​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​មេរោគ​ស៊ាំ​ថ្នាំ។

តើ​មូលហេតុ​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​មេរោគ​ស៊ាំ​ថ្នាំ?

លោក​វេជ្ជបណ្ឌិត គួយ សំណាង មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​មេរោគ​ស៊ាំ​ថ្នាំ ជា​ចម្បង គឺ​បណ្ដាល​មក​ពី​ការ​ប្រើ​ថ្នាំ​មិន​បាន​ត្រឹមត្រូវ​តាម​កម្រិត​ដូស (Dose)៖ «មូលហេតុ​ទី​មួយ វា​រ៉េស៊ីស្តង់ ណាទូរ៉ែល (Naturel)។ បាន​ន័យ​ថា ថ្នាំ​ហ្នឹង​មិន​អាច​វា​បាន​តាំង​ពី​កំណើត។ ហេតុផល​ទី​ពីរ គឺ​មក​ពី​យើង​ប្រើប្រាស់។ មក​ពី​អ្នក​ជំងឺ ឧបមា​ថា ថ្នាំ​ហ្នឹង​គេ​ត្រូវ​ប្រើ ៣​ក្រាម គាត់​ទៅ​ទិញ​នៅ​ហ្វាម៉ាស៊ី ហ្វាម៉ាស៊ី​គេ​ឲ្យ​តែ ១​ក្រាម​កន្លះ ឬ ១​ក្រាម។ លេប​ទៅ​គ្រាន់​តែ​សម្រន់។ ប្រើ​បាន​តែ​មួយ​អាទិត្យ។ ចូល​ដល់​អាទិត្យ​ទី​ពីរ ប្រើ​ថ្នាំ​ហ្នឹង​លែង​ត្រូវ។ បាន​ន័យ​ថា មេរោគ​ហ្នឹង​ស្គាល់​ហើយ ទៅ​ទិញ​ហ្វាម៉ាស៊ី ថ្នាំ​មួយ​ទៀត​មក​ប្រើ។ ត្រូវ​ប្រើ ២​ក្រាម គេ​ឲ្យ​តែ ១​ក្រាម ឬ​កន្លះ​ក្រាម ឲ្យ​ទៅ​អស់​មួយ​មុខ​ទៀត។ ដល់​ពេល​ទី​បី គ្រូពេទ្យ​មិន​ដឹង​ថា រ៉េស៊ីស្តង់ ឬ​មិន​រ៉េស៊ីស្តង់​ទេ ប្រាកដ​ជា​គ្រូពេទ្យ​រើស​យក​ថ្នាំ​ដដែល​ហ្នឹង​មក​ប្រើ​ទៀត​ហើយ។ នៅ​នោះ​ហើយ ដើម្បី​មើល​ប្រសិទ្ធភាព​របស់​ថ្នាំ គឺ​ត្រូវ​ការ​ពេល​វេលា​ពី ៤៨ ទៅ ៧២​ម៉ោង។ យ៉ាង​អន់​ក៏ ៤៨​ម៉ោង​ដែរ។ បាន​ន័យ​ថា ២​ថ្ងៃ។ បើ​សិន​ជា ២​ថ្ងៃ​ហ្នឹង​អត់​ត្រូវ គឺ​ត្រូវ​គ្រូពេទ្យ​ដូរ​ថ្នាំ។ ពេល​ហ្នឹង​ហើយ​ដែល​ត្រូវ​ប្រឈម​ថា គ្រូពេទ្យ​ចិញ្ចឹម​ជំងឺ។ រឿង​ហ្នឹង​យើង​ជួប​ប្រចាំ​ថ្ងៃ។ យើង​ត្រូវ​គ្រូពេទ្យ និង​អ្នក​ជំងឺ​យល់​គ្នា ហើយ​បើ​រឹត​តែ​ល្អ​ទៀត អ្នក​ជំងឺ​ត្រូវ​ថែ​រក្សា​សម្បក​ថ្នាំ ឬ​ក៏​អ័រដឺណង់ ដែល​យើង​ធ្លាប់​ប្រើ​យក​មក​បង្ហាញ​គ្រូពេទ្យ នោះ​ជា​ការ​ចំណេញ ដើម្បី​ឲ្យ​ដឹង​ថា យើង​ឈឺ​អ៊ីចឹង យើង​ប្រើ​ថ្នាំ​អ៊ីចឹង អត់​ត្រូវ​ទេ។ អ៊ីចឹង​កុំ​ប្រើ​ថ្នាំ​ហ្នឹង​ទៀត»

ម្យ៉ាង​ទៀត​ការ​លេប​ថ្នាំ​មិន​បាន​គ្រប់​ចំនួន​ថ្ងៃ​ដែល​ត្រូវ​លេប ក៏​ជា​មូលហេតុ​មួយ​ទៀត​ដែរ​ដែល​នាំ​ឲ្យ​មេរោគ​ស៊ាំ​ថ្នាំ។ ការ​លេប​ថ្នាំ​មិន​បាន​ត្រឹមត្រូវ​តាម​កម្រិត និង​ចំនួន​ថ្ងៃ​ដែល​វេជ្ជបណ្ឌិត​បញ្ជា ធ្វើ​ឲ្យ​មេរោគ​បង្ក​ជំងឺ​ដែល​គ្រាន់​តែ​សន្លប់ អាច​ផ្លាស់ប្ដូរ ឬ​បម្លែង​ខ្លួន​របស់​វា​ទៅ​ជា​មេរោគ​ខ្លាំង ហើយ​ឈ្នះ​ប្រសិទ្ធភាព​ថ្នាំ ឬ​ក៏​ថ្នាំ​នោះ​អស់​ប្រសិទ្ធភាព​តែ​ម្ដង។ នៅ​ពេល​នោះ មេរោគ​មិន​ត្រឹម​តែ​មិន​ងាប់​ដោយសារ​ថ្នាំ​ទេ វា​ថែម​ទាំង​អាច​លូតលាស់ និង​បំបែក​ខ្លួន​ច្រើន​ថែម​ទៀត​ផង។ ប្រការ​នេះ ធ្វើ​ឲ្យ​ជំងឺ​មួយ​ចំនួន​រឹត​តែ​ពិបាក​ព្យាបាល​ជាង​មុន។

មន្ត្រី​ត្រួត​ពិនិត្យ​បញ្ហា​ស៊ាំ​ថ្នាំ​នៃ​អង្គការ​សុខភាព​ពិភពលោក លោក​វេជ្ជបណ្ឌិត កេអ៊ីជី ហ៊្វូគូដា (Keiji Fukuda) បង្ហាញ​ថា បញ្ហា​មេរោគ​ស៊ាំ​ថ្នាំ គឺ​ជា​បញ្ហា​ព្រួយ​បារម្ភ​ចម្បង​មួយ ពីព្រោះ​មេរោគ​ស៊ាំ​ថ្នាំ​នោះ​អាច​សម្លាប់​អ្នក​ជំងឺ អាច​ឆ្លង​ទៅ​អ្នក​ដទៃ និង​ធ្វើ​ឲ្យ​មាន​ការ​ចំណាយ​ថវិកា​ច្រើន ទាំង​សម្រាប់​បុគ្គល និង​សហគមន៍។

អង្គការ​សុខភាព​ពិភពលោក បញ្ជាក់​ថា ថ្នាំ​ដែល​មាន​គុណភាព​អន់ ការ​ចេញ​វេជ្ជបញ្ជា​ខុស ការ​បង្ការ និង​ការ​គ្រប់គ្រង​ជំងឺ​ឆ្លង​មិន​បាន​ល្អ គឺ​សុទ្ធ​តែ​ជា​កត្តា​នាំ​ឲ្យ​មាន​បញ្ហា​មេរោគ​ស៊ាំ​ថ្នាំ។ ក្រៅ​ពី​នេះ ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ ឬ អង់ប៊ីយ៉ូទិក (Antibiotics) មិន​ត្រឹមត្រូវ​សម្រាប់​សត្វ​ពាហនៈ ដើម្បី​ការ​លូតលាស់​ធំ​ធាត់ និង​បង្ការ​ជំងឺ​សត្វ ក៏​ជា​កត្តា​ជំរុញ​ឲ្យ​មាន​មេរោគ​ស៊ាំ​ថ្នាំ​ដែរ ព្រោះ​មេរោគ​ដែល​ស៊ាំ​ថ្នាំ​ពី​ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ ឬ អង់ប៊ីយ៉ូទិក (Antibiotics) មិន​ត្រឹមត្រូវ​សម្រាប់​សត្វ​ពាហនៈ​នោះ អាច​ឆ្លង​មក​មនុស្ស​តាម​រយៈ​ជំងឺ​ដែល​ឆ្លង​តាម​ម្ហូប​អាហារ។

ផល​វិបាក​ពី​ភាព​ស៊ាំ​ថ្នាំ​របស់​មេរោគ គឺ​ធ្វើ​ឲ្យ​មាន​ផល​វិបាក​ដល់​សង្គម​ធ្ងន់ធ្ងរ ទាំង​សេដ្ឋកិច្ច ដែល​ត្រូវ​ចំណាយ​ថវិកា​ច្រើន​សម្រាប់​ព្យាបាល​ជំងឺ​នីមួយៗ និង​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ការ​គ្រប់គ្រង​ជំងឺ​ទៀត​ផង មាន​ជាអាទិ៍ ជំងឺ​របេង គ្រុន​ចាញ់ និង​មេរោគ​អេដស៍ ជាដើម។ នៅ​ប្រទេស​ធំៗ​ខ្លះ បាន​ចំណាយ​ថវិកា​ទាំង​ផ្ទាល់ និង​ប្រយោល រាប់​ពាន់​ពាន់​លាន​ដុល្លារ​សម្រាប់​បញ្ហា​មេរោគ​ស៊ាំ​ថ្នាំ​នេះ។

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​បង្ការ​កុំ​ឲ្យ​មេរោគ​ស៊ាំ​ថ្នាំ​បាន?

គ្រូពេទ្យ​ណែនាំ​ឲ្យ​រក្សា​អនាម័យ​ផ្ទាល់​ខ្លួន និង​អនាម័យ​សាធារណៈ​ឲ្យ​បាន​ល្អ​ប្រសើរ និង​ត្រូវ​ប្រើប្រាស់​ទឹក​ស្អាត ដើម្បី​កុំ​ឲ្យ​មាន​ជំងឺ ត្រូវ​ទទួល​ថ្នាំ​បង្ការ​ឲ្យ​បាន​គ្រប់​ចំនួន ព្រោះ​ការ​បង្ការ​ជំងឺ ក៏​ជា​មធ្យោបាយ​មួយ ជួយ​ក្នុង​ការ​បង្ការ​កុំ​ឲ្យ​មាន​បញ្ហា​មេរោគ​ស៊ាំ​ថ្នាំ​ដែរ ត្រូវ​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ សហគមន៍ និង​ក្នុង​ចំណី​អាហារ ចៀស​វាង ឬ​កាត់​បន្ថយ​ការ​ប្រើ​ថ្នាំ​ផ្សះ​ដែល​មិន​ចាំបាច់។

អ្វី​ដែល​លោក​អ្នក​អាច​អនុវត្ត​បាន គឺ​ទី​១ ប្រើ​ថ្នាំ​ផ្សះ​តាម​តែ​គ្រូពេទ្យ​ណែនាំ ឬ​វេជ្ជបញ្ជា។ ទី​២ លេប​ថ្នាំ​ឲ្យ​គ្រប់​ចំនួន ទាំង​កម្រិត​ដូស (Dose) និង​ចំនួន​ថ្ងៃ​តាម​វេជ្ជបញ្ជា ទោះ​ជា​លោក​អ្នក​បាន​ស្រួល​ខ្លួន ឬ​ធូរ​ស្បើយ​ខ្លះ​ហើយ​ក៏ដោយ។ ទី​៣ មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​រួម​ជាមួយ​អ្នក​ដទៃ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​ដែល​សល់​ពី​វេជ្ជបញ្ជា​មុនៗ​ដែរ។

អង្គការ​សុខភាព​ពិភពលោក សង្កត់​ធ្ងន់​ថា ប្រសិន​បើ​យើង​មិន​ចូលរួម​ទប់ស្កាត់​បញ្ហា​នេះ​ទេ នោះ​នឹង​មាន​ន័យ​ថា នៅ​ពេល​អនាគត យើង​នឹង​អាច​ស្លាប់​បាន​ដោយ​គ្រាន់​តែ​មាន​ជំងឺ ឬ​របួស​បន្តិច​បន្តួច ព្រោះ​គ្មាន​ថ្នាំ​សម្លាប់​មេរោគ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។