មូលហេតុ​បណ្ដាល​ឲ្យ​បុរស​និង​ស្ត្រី​លំបាក​មាន​កូន

0:00 / 0:00

ប្រជាពលរដ្ឋ​ខ្លះ​ចាត់​ទុក​ថា ការ​លំបាក​មាន​កូន​ភាគ​ច្រើន គឺ​បណ្ដាល​មក​ពី​ស្ត្រី។ ពួក​គាត់​ចាត់​ទុក​ថា ស្ត្រី​ដែល​មិន​មាន​កូន ជា​ស្ត្រី​អា និង​ថា​មិន​មាន​លក្ខណៈ​ពេញលេញ​ជា​មនុស្ស​ស្រី។ ការ​ពោល​ពាក្យ​បញ្ចើចបញ្ចើ​នេះ​ហើយ អាច​ជា​ហេតុផល​បណ្ដាល​ឲ្យ​ស្ត្រី​មួយ​ចំនួន​មិន​ហ៊ាន​លើក​ឡើង​នូវ​បញ្ហា​សុខភាព​របស់​ខ្លួន។

គ្រូពេទ្យ​ជំនាញ​ផ្នែក​សុខភាព​នៃ​ការ​លំបាក​មាន​កូន ពន្យល់​ថា ការ​លំបាក​មាន​កូន គឺ​អាច​បណ្ដាល​មក​ពី​សុខភាព​បុរស និង​ស្ត្រី​ជា​ដៃគូ និង​កត្តា​ដទៃ​មួយ​ចំនួន​ទៀត។

តាម​ទ្រឹស្ដី​វេជ្ជសាស្ត្រ ស្ត្រី និង​បុរស​ដែល​បាន​រៀបការ​បាន​រយៈពេល​មួយ​ឆ្នាំ ហើយ​ចង់​បាន​កូន ប៉ុន្តែ​មិន​អាច​មាន​កូន គេ​ឲ្យ​ឈ្មោះ​ថា ការ​លំបាក​មាន​កូន។

ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា អ្នកស្រី​វេជ្ជបណ្ឌិត ស៊ាន សុខទៀង មាន​ឯកទេស​ការ​លំបាក​មាន​កូន ពន្យល់​ថា ការ​លំបាក​មាន​កូន​មិន​មែន​ជា​កំហុស​របស់​គូ​ស្វាមី​ភរិយា​ដែល​ចង់​បាន​កូន​នោះ​ទេ។ ការ​លំបាក​មាន​កូន​នេះ​ទៀតសោត មិន​មែន​កើត​ចំពោះ​តែ​ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា ឡើយ ប៉ុន្តែ​ជំងឺ​នេះ​បាន​កើត​មាន​លើ​បុរស និង​ស្ត្រី​នៅ​ទូទាំង​ពិភពលោក។

របាយការណ៍​អង្គការ​សុខភាព​ពិភពលោក (WHO) ស្ដីពី​ការ​លំបាក​មាន​កូន បញ្ជាក់​ថា ការ​លំបាក​មាន​កូន បាន​បង្ក​ផល​ប៉ះពាល់​សុខភាព​ទូទៅ និង​សុខភាព​ផ្លូវ​ចិត្ត​ចំពោះ​គូ​ស្វាមី​ភរិយា​ប្រមាណ​ពី ១០% ទៅ ១៥% ដែល​ស្ថិត​នៅ​វ័យ​បន្ត​ពូជ។ ឯកសារ​ដដែល​បញ្ជាក់​ទៀត​ថា មួយ​ភាគ​បី (១/៣) នៃ​ការ​លំបាក​មាន​កូន គឺ​បណ្ដាល​មក​ពី​ស្ត្រី​មួយ​ភាគ​បី (១/៣) នៃ​ការ​លំបាក​មាន​កូន គឺ​បណ្ដាល​មក​ពី​បុរស និង​មួយ​ភាគ​បី (១/៣) ទៀត​នៃ​ការ​លំបាក​មាន​កូន គឺ​មិន​មាន​មូលហេតុ​ច្បាស់លាស់ ឬ​អាច​បណ្ដាល​មក​ពី​កត្តា​រួម​របស់​ស្ត្រី និង​បុរស។

តើ​មូលហេតុ​អ្វី​ខ្លះ​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ជួប​ការ​លំបាក​មាន​កូន?

អ្នកស្រី​វេជ្ជបណ្ឌិត ស៊ាន សុខទៀង ពន្យល់​ថា ប្រព័ន្ធ​បន្ត​ពូជ​របស់​ស្ត្រី គឺ​មាន​ភាព​ស្មុគស្មាញ ហើយ​ជំងឺ​អាច​កើត​ឡើង​នៅ​ផ្នែក​ជាច្រើន​នៃ​ប្រព័ន្ធ​បន្ត​ពូជ​របស់​ស្ត្រី និង​បញ្ហា​ដទៃ​ផ្សេងៗ​ទៀត មាន​ជាអាទិ៍ ការ​កើន​ឡើង​នៃ​អាយុ​របស់​ស្ត្រី អាច​បណ្ដាល​ឲ្យ​ការ​ផលិត​មេ​ជីវិត​ញី​មាន​តិច ដែល​ជា​ហេតុ​អាច​បង្ក​ឲ្យ​ប្រឈម​មុខ​នឹង​ការ​លំបាក​មាន​កូន។ ទន្ទឹម​នឹង​នេះ​ដែរ ភាព​មិន​ទៀងទាត់​នៃ​ការ​ធ្លាក់​មេ​ជីវិត​ញី អាច​ជា​ហេតុ​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​លំបាក​មាន​កូន​ដែរ។ អ្នកស្រី​វេជ្ជបណ្ឌិត​បន្ថែម​ថា ការ​លំបាក​មាន​កូន ក៏​អាច​កើត​មាន​នៅ​លើ​ស្ត្រី​វ័យ​ក្មេង​ដែល​មាន​គីស​នៅ​កន្សោម​ពង​ញី៖ «ការ​ធ្លាក់​នៃ​ពង​មេ​ជីវិត​ញី គេ​ហៅ​ថា​អូវុល មាន​ប្រហែល​ជាង ៣០% ហើយ​មួយ​ទៀត​មាន​បញ្ហា​ដុំ​ក្នុង​ស្បូន ឬ​មាន​ប៉ូលីប​ក្នុង​ស្បូន ដែល​ធ្វើ​ឲ្យ​កូន​ពិបាក​មក​តោង​ជាប់​ក្នុង​ស្រទាប់​រដូវ​របស់​គាត់​ដើម្បី​លូតលាស់។ មួយ​ទៀត ដោយសារ​រលាក​ដៃ​ស្បូន ដែល​ធ្វើ​ឲ្យ​បំពង់​ដៃ​ស្បូន​ស្ទះ ដែល​ជា​កន្លែង​មួយ​បង្ក​កូន​រវាង​ពង​ជីវិត​ញី និង​មេ​ជី​វិត​ឈ្មោល​នៅ​មួយ​ភាគ​បី​នៃ​ដៃ​ស្បូន។ មួយ​ទៀត គឺ​មាន​គីស​ក្នុង​កន្សោម​ពង​ញី ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​មេ​ជីវិត​ញី​ធ្លាក់​មិន​ទៀងទាត់ ឬ​មិន​ធ្លាក់​ទៅ​ក្នុង​ដៃ​ស្បូន ឬ​គាត់​មាន​បញ្ហា​មាត់​ស្បូន​តូច​ពេក។ មាត់​ស្បូន​តូច​ពេក ដែល​ធ្វើ​ឲ្យ​មេ​ជីវិត​ឈ្មោល​ពិបាក​ហែល​ចូល។ មួយ​ទៀត គាត់​មាន​បញ្ហា​អ័រម៉ូន»

ជំងឺ​រលាក​សរីរាង្គ​ក្នុង​អាង​ត្រគាក អាច​ធ្វើ​ឲ្យ​ដៃ​ស្បូន​ស្ទះ ឬ​ខូច។ ការ​ដុះ​ភ្នាស​សើម​ក្រៅ​ស្បូន ដុំ​សាច់ និង​សម្លាក ជា​ហេតុ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ដៃ​ស្បូន​ដែល​ជា​ផ្លូវ​ផ្លាស់​ទី​របស់​មេ​ជីវិត​ញី ក៏​អាច​បណ្ដាល​ឲ្យ​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​លំបាក​មាន​កូន។ បន្ថែម​ពី​លើ​នេះ ស្ត្រី​ដែល​អាយុ​ចាប់​ពី ៣៥​ឆ្នាំ​ឡើង​ទៅ ក៏​អាច​ប្រឈម​មុខ​នឹង​ការ​លំបាក​មាន​កូន​ផង​ដែរ៖ «គាត់​ឡើង​គីឡូ​ខ្លាំង​ពេក ស្គម​ពេក គាត់​គិត​ច្រើន ជក់​បារី និង​ផឹក​ស្រា​ពេក។ កត្តា​ទាំងអស់​នេះ​អាច​បណ្ដាល​ឲ្យ​សុខភាព​គាត់​មិន​ល្អ ដែល​ហេតុ​បណ្ដាល​ឲ្យ​គាត់​លំបាក​មាន​កូន មាន​ន័យ​ថា បើ​ប្រៀបធៀប​ជាមួយ​នឹង​ស្ត្រី​ដែល​គេ​មិន​ធាត់ មិន​ស្គម មិន​ជក់​បារី មិន​ផឹក​ស្រា គឺ​គេ​អាច​មាន​កូន​ខ្ពស់​ជាង»

ជុំវិញ​ការ​លំបាក​មាន​កូន​របស់​ស្ត្រី​នេះ​ដែរ អនុប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ លោក​វេជ្ជបណ្ឌិត លាភ សុវណ្ណ អះអាង​ថា ការ​រំលូត​កូន​ច្រើន​ដង ក៏​ជា​កត្តា​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ជួប​នឹង​ការ​លំបាក​មាន​កូន​ដែរ។ ការ​លំបាក​មាន​កូន មិន​មែន​បណ្ដាល​មក​ពី​ស្ត្រី​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​បុរស​ក៏​អាច​ប្រឈម​មុខ​នឹង​ការ​លំបាក​មាន​កូន។

គ្រូពេទ្យ​ពិនិត្យ​សុខភាព​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​នា​មន្ទីរ​សុខភាព ពន្សាំង ឋិត​នៅ​សង្កាត់​ពន្សាំង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
គ្រូពេទ្យ​ពិនិត្យ​សុខភាព​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​នា​មន្ទីរ​សុខភាព ពន្សាំង ឋិត​នៅ​សង្កាត់​ពន្សាំង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ (RFA/Leng Maly)

តើ​មូលហេតុ​អ្វី​ខ្លះ​ដែល​បណ្ដាល​ឲ្យ​បុរស​ជួប​ការ​លំបាក​មាន​កូន?

ទាក់ទង​នឹង​ការ​លំបាក​មាន​កូន​ដែល​បណ្ដាល​មក​ពី​បុរស លោកគ្រូ​ពេទ្យ​ឯកទេស​វះ​កាត់​ប្រព័ន្ធ​ទឹក​នោម បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​បារាំង វេជ្ជបណ្ឌិត អ៊ុក ពិសី បញ្ជាក់​ថា តាម​ក្បួន​ពេទ្យ​គេ​សន្មត​ថា បុរស​ម្នាក់​ជួប​ការ​លំបាក​មាន​កូន លុះត្រា​ណា​គេ​យក​ទឹក​កាម​ទៅ​វិភាគ​នៅ​មន្ទីរ​ពិសោធន៍ ទើប​អាច​ជួយ​កំណត់​មូលហេតុ​នៃ​ការ​លំបាក​មាន​កូន​របស់​បុរស​បាន​ច្បាស់លាស់៖ «ពង​ស្វាស​មាន​តួនាទី​ផលិត​អ័រម៉ូន​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា តេស្តូសស្ទឺរ៉ូន (Testosterone) មួយ​ផ្នែក​ធំ​នៃ​អ័រម៉ូន​តេស្តូសស្ទឺរ៉ូន ហ្នឹង គឺ​ផលិត​ឡើង​នៅ​ក្នុង​ពង​ស្វាស។ អ័រម៉ូន​នេះ​មាន​សារសំខាន់​ក្នុង​ការ​រីក​លូតលាស់​នៃ​ប្រភេទ​បុរស ហើយ​សំខាន់​មួយ​នៃ​អ័រម៉ូន​នេះ គឺ​ផលិត​មេ​ជីវិត​ឈ្មោល»

លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា ការ​លំបាក​មាន​កូន​របស់​បុរស អាច​បណ្ដាល​មក​ពី​តំណ​ពូជ​ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​មិន​មាន​បំពង់​មេ​ជីវិត​ឈ្មោល​ពី​កំណើត។ ការ​វះ​កាត់​ឆ្អឹង​ត្រគាក ឬ​ថង់​ទឹក​នោម ដោយ​បណ្ដាល​ឲ្យ​ពង​ស្វាស​ពិបាក​ផលិត​មេ​ជីវិត​ឈ្មោល។ ការ​ឡើង​ប៉ោង​សរសៃ​វ៉ែន​ពង​ស្វាស និង​ភាព​មិន​ប្រក្រតី​នៃ​ចំនួន​រូប​រាង​មិន​ប្រក្រតី​របស់​មេ​ជីវិត​ឈ្មោល ក៏​ជា​ហេតុផល​បណ្ដាល​ឲ្យ​បុរស​លំបាក​មាន​កូន​ផង​ដែរ៖ «ការ​កង្វះ​នៃ​អ័រម៉ូន​ដែល​ភ្ញោច​ទៅ​លើ​ពង​ស្វាស។ កង្វះ​អ័រម៉ូន​លើ​ពង​ស្វាស ធ្វើ​ឲ្យ​ការ​ផលិត​ហ្នឹង​មាន​ការ​រអាក់រអួល ឬ​ក៏​មិន​ផលិត​តែ​ម្តង។ ទី​ពីរ បើ​សិន​អ័រម៉ូន​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​ពង​ស្វាស​មាន​បញ្ហា នេះ​ក៏​ជា​បញ្ហា​ឲ្យ​បណ្ដាល​មេ​ជីវិត​មិន​អាច​ផលិត​បាន។ បើ​សិន​ជា​មេ​ជីវិត​មាន​ពេញ​រូប​រាង​ហើយ ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​របស់​មេ​ជីវិត​ឈ្មោល​ពី​ពង​ស្វាស​មក​មាន​ការ​កក​ស្ទះ​បំពង់​មេ​ជីវិត​នៅ​កន្លែង​ណា​មួយ​នោះ ក៏​ជា​មូលហេតុ​បណ្ដាល​ឲ្យ​បុរស​ពិបាក​មាន​កូន​ដែរ»

ការ​លំបាក​មាន​កូន គឺ​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​តម្រូវ​ឲ្យ​លោក​អ្នក​ត្រូវ​ទទួល​ការ​ពិនិត្យ​ព្យាបាល ដើម្បី​អាច​ដោះស្រាយ​បញ្ហា​នេះ។ ក្នុង​ករណី​នេះ គឺ​ទាមទារ​ឲ្យ​ស្ត្រី និង​បុរស​ដែល​លំបាក​មាន​កូន ត្រូវ​តែ​សហការ​ជាមួយ​គ្រូពេទ្យ​ដែល​មាន​ឯកទេស​រោគ​ស្ត្រី និង​សម្ភព និង​ការ​លំបាក​មាន​កូន ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ជាក់​ច្បាស់ មុន​ពេល​សម្រេច​ចិត្ត​ព្យាបាល។

ប្រការ​មួយ​ទៀត​ដែល​អាច​ជួយ​សម្រួល​ឲ្យ​លោក​អ្នក​អាច​ការពារ​កុំ​ឲ្យ​ជួប​ការ​លំបាក​មាន​កូន​ដែរ​នោះ គឺ​លោក​អ្នក​អាច​ហាត់​ប្រាណ​ទៀងទាត់ ប៉ុន្តែ​មិន​ត្រូវ​ហាត់​ជ្រុល​នោះ​ទេ។ ការ​ថែ​រក្សា​ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ​ប្រសើរ។ ក្នុង​សេចក្តី​នេះ មាន​ន័យ​ថា លោក​អ្នក​អាច​ជៀសវាង​ការ​គិត​ច្រើន ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្លូវ​ចិត្ត និង​វិវឌ្ឍន៍​ទៅ​ជា​ជំងឺ​ផ្លូវ​ចិត្ត​បាន។ ប្រការ​ដែល​អាច​អនុវត្ត​ដែរ​នោះ គឺ​លោក​អ្នក​ត្រូវ​ជៀសវាង​ការ​ជក់​បារី​ច្រើន ការ​ផឹក​ស្រា​ច្រើន និង​ការពារ​កុំ​ឲ្យ​មាន​ប៉ះ​ទង្គិច​ពង​ស្វាស​សម្រាប់​បុរស។ ចំពោះ​ស្ត្រី​វិញ ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ នៅ​ពេល​លោក​អ្នក​ប្រឈម​នឹង​បញ្ហា​ធ្លាក់​រដូវ​មិន​ទៀង។ សូម​លោក​អ្នក​នាង អញ្ជើញ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ដែល​មាន​ឯកទេស​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។