ជំងឺ​ឫស​ដូង​បាត

0:00 / 0:00

ជំងឺ​ឫស​ដូង​បាត ជា​ជំងឺ​ទូទៅ​មួយ​ប្រភេទ​ដែល​គ្រូពេទ្យ​ឧស្សាហ៍​ជួប នៅ​ពេល​ដែល​អ្នក​ជំងឺ​មក​ជួប​គ្រូពេទ្យ។ គ្រូពេទ្យ​ឱ្យ​ដឹង​ថា ជំងឺ​ឫស​ដូង​បាត គឺ​ជា​ជំងឺ​ទាក់ទង​នឹង​ការ​រីក​ប៉ោង​ធំ​នៃ​សរសៃ​ឈាម​ដែល​នៅ​នឹង​ទ្វារ​លាមក។

ឯកសារ​សុខភាព​របស់​គ្រូពេទ្យ​វះ​កាត់​ពោះវៀន​ធំ និង​ទ្វារ​លាមក នៃ​សហរដ្ឋ​អាមេរិក ដែល​មាន​ឈ្មោះ​ថា American Society of Colon and Rectal Surgeons សរសេរ​ថា ជា​ធម្មតា​មនុស្ស​យើង​មាន​ជាលិកា​ពក​ឫស​ដូង​បាត​នៅ​ត្រង់​ទ្វារ​លាមក​គ្រប់ៗ​គ្នា។ ប៉ុន្តែ​ករណី​មនុស្ស​មួយ​ចំនួន ដែល​មាន​សរសៃ​ឈាម​នៅ​ជាលិកា​ទ្វារ​លាមក​រីក​ធំ​ខ្លាំង ទើប​បង្ក​ចេញ​ជា​ឫស​ដូង​បាត​ឡើង។

ងាក​មក​ប្រទេស​កម្ពុជា សព្វថ្ងៃ​នេះ​វិញ ត្រូវ​បាន​គ្រូពេទ្យ​ជំនាញ​ខាង​ព្យាបាល​ឫស​ដូង​បាត​នៃ​គ្លីនិក តូច យ៉ាន នៅ​រាជធានី​ភ្នំពេញ ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​ខ្មែរ​កើត​ជំងឺ​ឫស​ដូង​បាត​ច្រើន​ដែរ។

គ្រូពេទ្យ​ឯកទេស​ខាង​ព្យាបាល​ជំងឺ​ឫស​ដូង​បាត គឺ​លោក​វេជ្ជបណ្ឌិត តូច យ៉ាន មាន​ប្រសាសន៍​ថា ជំងឺ​ឫស​ដូង​បាត កើត​មាន​នៅ​លើ​ពិភពលោក​យូរ​មក​ហើយ។ ជំងឺ​នេះ​កើត​ចំពោះ​មនុស្ស​គ្រប់​ភេទ និង​ទាំង​ចាស់ និង​ក្មេង។ លោក​បញ្ជាក់​ថា ការ​ស្រាវជ្រាវ​បង្ហាញ​ថា ជំងឺ​ឫស​ដូង​បាត​បាន​សម្លាប់​មនុស្ស​ដោយ​ផ្ទាល់ និង​ប្រយោល៖ «ជំងឺ​ឫស​ដូង​បាត គឺ​ជា​ជំងឺ​ស្លូត​តែ​រ៉ាំរ៉ៃ ហើយ​ធ្ងន់ធ្ងរ ព្រោះ​វា​ជា​មេរោគ​ជា​ប្រភព​បង្ក​ឱ្យ​មាន​ជំងឺ​ផ្សេងៗ​ទៀត​ជាច្រើន ដែល​ពិបាក​រក​រោគ​វិនិច្ឆ័យ និង​ខ្លួន​ឯង​នឹក​ស្មាន​មិន​ដល់ ដូចជា ជំងឺ​ក្រពះ​ពោះវៀន​រ៉ាំរ៉ៃ​ព្យាបាល​ពុំ​ជា ជំងឺ​ថ្លើម ទាច​ទឹក ជំងឺ​បេះដូង​សួត ជំងឺ​ក្នុង​ក្បាល ខួរ​ក្បាល​សរសៃ​ប្រសាទ និង​ការ​ចងចាំ ជំងឺ​ឈឺ​ចាប់​សាច់​ដុំ ចុក​រោយ​សាច់​ដុំ និង​ជំងឺ​សើ​ស្បែក។ ជំងឺ​ឫស​ដូង​បាត​ជា​ឃាតក​ដ៏​សាហាវ ព្រោះ​វា​សម្លាប់​មនុស្ស​ដោយ​ផ្ទាល់ វា​ជា​ឃាតក​ចេញ​មុខ និង​សម្លាប់​មនុស្ស​ដោយ​ប្រយោល ជា​ឃាតក​ឥត​ស្រមោល»

វេជ្ជបណ្ឌិត តូច យ៉ាន ពន្យល់​ថា ជំងឺ​ឫស​ដូង​បាត​មាន​សណ្ឋាន​ប្លែកៗ​គ្នា។ លោក​ថា ជា​ទូទៅ​ជំងឺ​ឫស​ដូង​បាត ត្រូវ​បាន​បែង​ចែក​ជា ៤​ប្រភេទ​ខុសៗ​គ្នា៖ «ប្រភេទ​ទី​១ គឺ​ឫស​ដូង​បាត​ខាង​ក្រៅ ដែល​ពាក្យ​ខ្មែរ​ហៅ​ថា មាត់​ខ្យង កង​ជុំ ក្ដាប់​ចង្អេរ កញ្ចុំ​ជើង​ឆ្កែ ឬ​ដុំ​ជើង​ក្រាន​ជាដើម ភាសា​បរទេស​ហៅ​ថា External Hemorrhoids។ ប្រភេទ​ទី​២ ឫស​ដូង​បាត​ខាង​ក្នុង ពាក្យ​ខ្មែរ​ហៅ​ថា នាង​ពួន ភាសា​បរទេស​ហៅ​ថា Internal Hemorrhoids។ ប្រភេទ​ទី​៣ គឺ​ឫស​ដូង​បាត​មាន​ទាំង​ខាង​ក្នុង​ផង និង​ខាង​ក្រៅ​ផង ពាក្យ​ខ្មែរ​ហៅ​ថា ឫស​ដូង​បាត​ភ្លោះ ឬ​ក៏​កូន​ភ្លោះ។ ភាសា​បរទេស​ហៅ​ថា Bi-hemorrhoids។ ប្រភេទ​ទី​៤ គឺ​ឫស​ដូង​ដុះ​ជាប់​គ្នា​ពី​ខាង​ក្រៅ​ជាប់​គ្នា​រហូត​ដល់​ខាង​ក្នុង ពាក្យ​ខ្មែរ​ហៅ​ថា ឫស​ដូង​បាត​ស្ពាន ឬ​មួយ​ក៏​ភាសា​បរទេស​ហៅ​ថា Mixed Hemorrhoids»

មូលហេតុ៖

លោក​វេជ្ជបណ្ឌិត តូច យ៉ាន ឱ្យ​ដឹង​ថា កត្តា​ដែល​ជា​មូលហេតុ​បង្ក​ឱ្យ​កើត​ជំងឺ​ឫស​ដូង​បាត គឺ​អ្នក​ធ្វើ​ការងារ​ដែល​អង្គុយ​ច្រើន ដូច​ជា ជាង​ដេរ ជាង​វិទ្យុ​ម៉ាញ៉េ អ្នក​បើកបរ​រថយន្ត អ្នក​ធ្វើ​ការងារ​ការិយាល័យ។ អ្នក​ញ៉ាំ​ច្រើន ដេក​ច្រើន ញ៉ាំ​សាច់​ច្រើន ខ្វះ​បន្លែ​ផ្លែ​ឈើ បន្លែ​ស្រស់ បន្លែ​មាន​ជាតិ​សរសៃ និង​អ្នក​ញ៉ាំ​ទឹក​តិច។ អ្នក​ដែល​ធាត់ អ្នក​ចូល​ចិត្ត​ញ៉ាំ​ផ្លែ​ឈើ​លេប​គ្រាប់ ដូច​ជា គ្រាប់​ត្របែក គ្រាប់​ព្រីង។ល។ ដែល​ក្រពះ​ពោះវៀន​ពុំ​អាច​រំលាយ​បាន។ អ្នក​ធ្វើ​ការ​លើក​ដាក់​លី​សែង​ធ្ងន់ អ្នក​ឡើង​ដើម​ឈើ។ អ្នក​រួម​ភេទ​ខុស​ធម្មជាតិ (រួម​ភេទ​តាម​រន្ធ​គូទ)។ ស្ត្រី​មាន​ករណី​កើត​ជំងឺ​ឫស​ដូង​ច្រើន​ជាង​បុរស ដោយសារ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ឆ្លង​ទន្លេ​តាម​ធម្មជាតិ៖ «មាន​ករណី​ពិសេស គឺ​សម្រាល​កូន។ ករណី​សម្រាល​កូន និង​ព​ពោះ ព្រោះ​កាល​ណា​សម្រាល​កូន​តាម​ទ្វារ​ក្រោម គាត់​ត្រូវ​ការ​ប្រឹង។ ប្រឹង​ខ្លាំង​អ៊ីចឹង​ទៅ សរសៃ​ឈាម​នៅ​គូថ​ហ្នឹង គឺ​សរសៃ​វ៉ែន​នៅ​គូថ​ហ្នឹង​វា​រីក​ប៉ោង​ឡើង ហើយ​វា​អត់​ស្វិត​ទៅ​វិញ។ វា​រីក​ហួស​មាឌ វា​បង្ក​ឱ្យ​ជា​ជំងឺ​ឫស​ដូង​បាត​តែ​ម្ដង ហើយ​មួយ​ទៀត កាល​ណា​គាត់​មាន​ផ្ទៃ​ពោះ គឺ​គាត់​ព​ពោះ​ហ្នឹង កូន​សង្កត់​លើ​ក្រពះ​ពោះវៀន ហើយ​យើង​មិន​ងាយ​បត់​ជើង​ច្រើន​ទល់​លាមក។ កាល​ណា​ទល់​លាមក វា​ធ្វើ​ឱ្យ​លាមក​ហ្នឹង​ក្ដៀន កកិត​នឹង​សរសៃ​ឈាម និង​សរសៃ​ឈាម​យើង​ហ្នឹង​វា​ប៉ោង​ដាក់​ស្បែក​ការពារ​វា​ហ្នឹង វា​អាច​វិវឌ្ឍ​ទៅ​ជា​ជំងឺ​ឫស​ដូង​បាត​ប៉ោង​ឡើង​ធំ។ តាម​ពិត​វា​ជា​សរសៃ​ឈាម​ទេ ឫស​ដូង​បាត​ហ្នឹង»

មាន​កត្តា​ជំងឺ​ផ្សេងៗ​ទៀត​ដែរ ដែល​ជា​មូលហេតុ​បង្ក​ឱ្យ​កើត​ជំងឺ​ឫស​ដូង​បាត ដូចជា ជំងឺ​ថ្លើម ស្ទះ​សរសៃ​ឈាម​ក្នុង​ថ្លើម ថ្លើម​ក្រិន ទាច​ទឹក ក្អក​រ៉ាំរ៉ៃ និង​អ្នក​មាន​ជំងឺ​រាក ឬ​ទល់​លាមក​រ៉ាំរ៉ៃ។ ក្រៅ​ពី​នេះ គឺ​កត្តា​ពូជ ដែល​ឪពុក​ម្ដាយ​បន្ត​មក​កូន​តាំង​ពី​នៅ​ក្នុង​ផ្ទៃ។

រោគសញ្ញា៖

រីឯ​រោគ​សញ្ញា និង​អាការៈ​នៃ​ជំងឺ​ឫស​ដូង​បាត​វិញ លោក​វេជ្ជបណ្ឌិត តូច យ៉ាន ឱ្យ​ដឹង​ថា គឺ​មាន​ធ្ងន់​ស្រាល​តាម​ដំណាក់​កាល​លូតលាស់​ដែល​មាន ៤​ដំណាក់​កាល។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ឫស​ដូង​បាត​ដែល​កើត​នៅ​ក្នុង​ដំណាក់​កាល​ទី​១ ដែល​ជា​ដំណាក់​កាល​ដំបូង ឬ​ហៅ​ថា ឫស​ដូង​ខ្ចី មិន​មាន​រោគ​សញ្ញា​អ្វី​ធ្ងន់ធ្ងរ​ឱ្យ​ដឹង​ទេ គ្រាន់​តែ​ពិបាក​បត់​ជើង​ធំ​ម្ដង​ម្កាល គឺ​ពុំ​ទាន់​មាន​ការ​ឈឺ​ចាប់ ឬ​ធ្លាក់​ឈាម​ទេ។ ប៉ុន្តែ ចាប់​ពី​ដំណាក់​កាល​ទី​២ ទៅ គឺ​ចាប់​ផ្ដើម​មាន​អាការៈ​ធ្ងន់ធ្ងរ៖ «ដំណាក់​កាល​ទី​២ គឺ​ជំងឺ​ឫស​ដូង​បាត​កាន់​តែ​ធំ​ធាត់ ផល​លំបាក​កាន់​តែ​ធ្ងន់ធ្ងរ មាន​ការ​ឈឺ​ចាប់ និង​រមាស់​ក្រហាយ​នៅ​ទ្វារ​លាមក និង​ឫស​ដូង​បាត។ ពេល​ខ្លះ​មាន​ធ្លាក់​ឈាម​ទៀត​ផង។ រាល់​ពេល​បត់​ជើង​ធំ ឫស​ដូង​បាត​វា​លូន​ចេញ​មក​ក្រៅ ហើយ​បត់​ជើង​ធំ​រួច វា​លូន​ចូល​វិញ​ដោយ​ខ្លួន​ឯង។ នៅ​ដំណាក់​កាល​ទី​៣ ជំងឺ​ឫស​ដូង​បាត​ឈាន​ទៅ​ដល់​ដំណាក់​កាល​ស្រគាល។ ឫស​ដូង​បាត​កាន់​តែ​ធំ ផល​លំបាក​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​មាន​ការ​ឈឺ​ចាប់​រមាស់​ក្រហាយ ពិបាក​បត់​ជើង​ធំ ជួន​ទល់ ជួន​រាក ជួន​ធ្លាក់​ឈាម បត់​ជើង​មិន​ចេះ​អស់»

លោក​ថ្លែង​ថា នៅ​ក្នុង​ដំណាក់​កាល​ទី​៣ នេះ ពេល​បត់​ជើង​ធំ​រួច​ហើយ ឫស​ដូង​បាត​មិន​លូន​ចូល​ដោយ​ខ្លួន​ឯង​វិញ​ទេ លុះត្រា​តែ​យើង​រុញ​បញ្ចូល។ ចំពោះ​ដំណាក់​កាល​ទី​៤ វិញ រឹត​តែ​មាន​អាការៈ​ធ្ងន់ធ្ងរ​ថែម​ទៀត៖ «ដំណាក់​កាល​ទី​៤ ជា​ដំណាក់​កាល​នៃ​ឫស​ដូង​ទុំ។ ឫស​ដូង​បាត​កាន់​តែ​ធំ​ធាត់ មិន​នៅ​ខាង​ក្នុង​បាន វា​ត្រូវ​លូន​ចេញ​មក​ខាង​ក្រៅ​ពេល​បត់​ជើង​ធំ ឬ​មួយ​វា​ចេញ​មក​ដោយ​ឯងៗ ហើយ​ពុំ​អាច​ចូល​វិញ​បាន​ទេ។ នៅ​ក្នុង​ដំណាក់​កាល​នេះ មាន​ការ​ឈឺ​ចាប់​ធ្ងន់ធ្ងរ និង​មាន​ការ​ហូរ​ឈាម ត្រូវ​ព្យាបាល​ជា​បន្ទាន់»

ការ​ព្យាបាល៖

ទាក់ទង​នឹង​របៀប​ព្យាបាល​វិញ លោក​ថា​មាន​ពីរ​ប្រភេទ គឺ​តាម​បែប​បុរាណ ដូច​ជា ដាំ​ថ្នាំ​ផឹក ថ្នាំ​លាប​បង្កាត់ ឬ​ថ្នាំ​ឆ្ពុង​ចំហុយ ឬ​ស្អំ និង​ថ្នាំ​ចិន​សែ​ជាដើម៖ «ទី​២ វិធីសាស្ត្រ​បែប​សម័យ គឺ​ការ​ព្យាបាល​ដោយ​លេប និង​លាប ការ​ព្យាបាល​ដោយ​វះ​កាត់ ការ​ព្យាបាល​ដោយ​បាញ់​កាំ​រស្មី ការ​ព្យាបាល​ដោយ​ចង​កៅស៊ូ និង​ការ​ព្យាបាល​ដោយ​ចាក់ និង​លេប​ថ្នាំ​ពេទ្យ​សម័យ។ ដោយ​ឡែក​វិធីសាស្ត្រ​ទាំងអស់​នេះ រូប​ខ្ញុំ​វេជ្ជបណ្ឌិត តូច យ៉ាន គឺ​ទទួល​យក​បច្ចេកទេស​វិទ្យាសាស្ត្រ​មួយ គឺ​ចាក់ និង​លេប​ថ្នាំ​ពេទ្យ​សម័យ។ មិន​បាច់​វះ​កាត់ មិន​បាច់​សម្រាក​ពេទ្យ ព្យាបាល​អស់​ឫស​អស់​គល់​មិន​ដុះ​ឡើង​វិញ»

ផល​ប៉ះពាល់៖

ចំពោះ​ផល​វិបាក​វិញ លោក​វេជ្ជបណ្ឌិត តូច យ៉ាន ពន្យល់​ថា ឫស​ដូង​បាត​ធ្វើ​តឹង ឬ​ចង្អៀត​ទ្វារ​លាមក ដែល​បន្សល់​ឧស្ម័ន និង​កាក​សំណល់​ពុល​ច្រើន​នៅ​ក្នុង​ខ្លួន។ ផល​វិបាក​ទី​១ គឺ​ពិបាក​បត់​ជើង​ធំ ហើយ​ឫស​ដូង​បាត់​ខ្លះ​ធ្វើ​ឱ្យ​ពិបាក​បត់​ជើង​តូច​ទៀត​ផង៖ «ទី​២ ធ្វើ​ឱ្យ​ហើម​ពោះ ឆ្អល់​ពោះ ហើយ​ពោះវៀន​ក្រពះ​ជា​ប្រចាំ ហើយ​ផ្ទុក​ផោម និង​លាមក ដែល​ជា​ឧស្ម័ន​ពុល និង​កាក​សំណល់​ពុល និង​មាន​មេរោគ បង្ក​ឱ្យ​ពោះវៀន​ក្រពះ​មាន​ជំងឺ​រ៉ាំរ៉ៃ ហើយ​ព្យាបាល​ពុំ​ជា បើ​ពុំ​បាន​ព្យាបាល​ឫស​ដូង​បាត​ឱ្យ​ជា​ជា​មុន​សិន​ទេ​នោះ។ ទី​៣ ធ្វើ​ឱ្យ​ឈឺ​ចង្កេះ​ខ្នង ចុក​រោយ​ដៃ​ជើង រសេះរសោះ​អស់​កម្លាំង ដេក​ពុំ​បាន​ស្រួល ហូប​ចុក​ពុំ​ដឹង​រសជាតិ អាការៈ​ដូច​ចង់​ខ្យល់​រាល់​ថ្ងៃ។ ហើយ​បាត់​បង់ និង​ចុះ​ខ្សោយ​ចំណង់​ផ្លូវ​ភេទ។ ទី​៤ ដោយសារ​ផោម និង​លាមក​នៅ​រលួយ​ស្អុយ​ពេញ​ក្រពះ​ពោះវៀន ផ្ទុក​មេរោគ និង​ជាតិ​ពុល ធ្វើ​ឱ្យ​ឈាម​ពុល ថ្លើម​ពុល ថ្លើម​បំពេញ​មុខ​ងារ​ច្រើន ថ្លើម​មាន​ជំងឺ ថ្លើម​ចុះ​ខ្សោយ មិន​ជួយ​សម្អាត​ឈាម មិន​ជួយ​រំលាយ​អាហារ ឆាប់​ពុល ឆាប់​ស្រវឹង»

លោក​ថ្លែង​ថា ផល​វិបាក​ទី​៥ គឺ​ធ្វើ​ឱ្យ​បេះដូង សួត ដំណើរ​ការ​ពុំ​បាន​ល្អ។ ចលនា​ឈាម​រត់​ជួន​លើស​ជួន​ខ្វះ ជួន​ស្ទះ​ដោយសារ​កំណក​ឈាម​កក​នៅ​ក្នុង​ឫស​ដូង​បាត ធ្វើ​ឱ្យ​បេះដូង សួត ប្រឹង​ច្របាច់ និង​ចុះ​ខ្សោយ ធ្វើ​ឱ្យ​ឆាប់​ភ័យ ឆាប់​តក់ស្លុត ឆាប់​ខឹង ឆាប់​រំជួល​ចិត្ត ពិបាក​ដក​ដង្ហើម តឹង​ទ្រូង ហើយ​ថប់ៗ​ដង្ហើម។ ផល​វិបាក​ទី​៦ ឫស​ដូង​បាត​ធ្វើ​ឱ្យ​ឧស្សាហ៍​ឈឺ​ក្បាល វិល​មុខ ងងឹត សក់​ឆាប់​ស្កូវ ភ្នែក​ឆាប់​ស្រវាំង ងងឹត ខួរ​ក្បាល​ប្រាជ្ញា​ស្មារតី​បាត់​បង់​ការ​ចងចាំ មាន​អាការៈ​ធុញ​ទ្រាន់ និង​មួម៉ៅ​ច្រើន។ ទី​៧ បង្ក​ឱ្យ​មាន​ជំងឺ​សើ​ស្បែក កន្ទួល​រមាស់ កន្ទាលត្រអាក។ ស្បែក​ឆាប់​ជ្រីវជ្រួញ ឆាប់​ចាស់ ឆាប់​ស្លាប់​មុន​អាយុ។ ទី​៨ ឫស​ដូង​បាត​ចេះ​តែ​ធំ​ធាត់​លូតលាស់​រាល់​ថ្ងៃ រហូត​ទុំ​បែក​មាន​ហូរ​ឈាម​ច្រើន អាច​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ស្លាប់ បើ​ពុំ​បាន​ព្យាបាល​ទាន់​ពេល​វេលា។

ការ​ណែនាំ​របស់​គ្រូពេទ្យ៖

លោក​វេជ្ជបណ្ឌិត តូច យ៉ាន ណែនាំ​ថា ប្រសិន​បើ​លោក​អ្នក​មាន​ការ​សង្ស័យ​ថា​មាន​ជំងឺ​ឫស​ដូង​បាត សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ព្យាបាល​ជំងឺ​ឫស​ដូង​បាត​ឱ្យ​បាន​ឆាប់៖ «ដើម្បី​កុំ​ឱ្យ​ចិញ្ចឹម​ជំងឺ ហើយ​បង្ក​ឱ្យ​មាន​ជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត ដូច​ជា ជំងឺ​ក្រពះ​ពោះវៀន​រ៉ាំរ៉ៃ ហើយ​ព្យាបាល​ពុំ​ជា។ ជំងឺ​ថ្លើម អា. បេ. សេ (A B C) ឬ​ក៏​ទាច​ទឹក​ជាដើម។ ជាក់ស្ដែង​កន្លង​មក គឺ​មាន​អ្នក​ជំងឺ​ភាគ​ច្រើន​មិន​ចាប់​អារម្មណ៍​ពី​ជំងឺ​ឫស​ដូង​បាត​ទេ។ គាត់​អារម្មណ៍​ព្យាបាល​តែ​មែក​ធាង​ជំងឺ​ដូច​ជា ព្យាបាល​ក្រពះ​ពោះវៀន ព្យាបាល​ថ្លើម​ជា​ដើម។ កាល​ណា​មាន​ឫស​ដូង​បាត វា​បន្សល់​ផោម បន្សល់​លាមក​នៅ​វ៉ល់វ៉ក់​ពេញ​ពោះវៀន​ក្រពះ ហើយ​យើង​ព្យាបាល​ពោះវៀន​ក្រពះ​អត់​ជា​ទេ។ គឺ​ដាច់​ខាត​មិន​ជា។ យើង​ត្រូវ​តែ​ព្យាបាល​ដល់​ឫស​គល់​របស់​វា គឺ​ឫស​ដូង​បាត។ យក​ឫស​ដូង​បាត​ចេញ​សិន បាន​ក្រពះ​ពោះវៀន​វា​ដំណើរ​ការ​បាន​ល្អ»

ជាទូទៅ គ្រូពេទ្យ​ណែនាំ​ឱ្យ​អ្នក​ជំងឺ​ឫស​ដូង​បាត ឆាប់​ទៅ​រក​ការ​ពិនិត្យ និង​ព្យាបាល​ជា​បន្ទាន់ នៅ​ពេល​ណា​បត់​ជើង​ធំ​មាន​ហូរ​ឈាម​ច្រើន ស្រាល​ក្បាល និង​ងងឹត​មុខ។ គប្បី​ទទួល​ទាន​របប​អាហារ​ណា​ដែល​អាច​បន្ទន់​លាមក គឺ​អាហារ​មាន​ជាតិ​សរសៃ (Fiber) ច្រើន ដូច​ជា បន្លែ និង​ផ្លែ​ឈើ គួរ​ទទួល​ទាន​ទឹក​ឱ្យ​បាន ៦ ទៅ ៨​កែវ​ក្នុង​មួយ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។