ក្រុមគ្រូពេទ្យដែលជំនាញខាងផ្នែកថែទាំសុខភាព និយាយថា ការហាត់ប្រាណ ការទទួលទាន ដំណេក និងរបបអាហារ គឺជាកត្តាសំខាន់សម្រាប់ធ្វើឲ្យយើងមានតុល្យភាពរវាងផ្លូវកាយ និងផ្លូវចិត្ត។
នៅពេលណាបាត់បង់តុល្យភាពរបបអាហារ មិនត្រឹមតែផ្ដល់ផលប៉ះពាល់ដល់សុខភាពផ្លូវកាយប៉ុណ្ណោះទេ គឺនឹងប៉ះពាល់សុខភាពផ្លូវចិត្តដែរ។
ក្នុងនាទីសុខភាពនៅពេលនេះ លោក ឡេង ម៉ាលី មានសេចក្ដីរាយការណ៍មួយទាក់ទងនឹងការទទួលទានចំណីអាហារដើម្បីសុខភាព ដែលមានសារដូចតទៅ៖
សុខភាពល្អ គឺជាកត្តាដែលមនុស្សគ្រប់រូបតែងប្រាថ្នាចង់បាន ប៉ុន្តែផ្ទុយទៅវិញ មនុស្សគ្រប់រូបសុទ្ធតែមានជំងឺបៀតបៀន។ ជំងឺជាច្រើនបណ្ដាលមកពីមេរោគ ដែលធ្វើឲ្យមានផលប៉ះពាល់ទាំងផ្លូវកាយ និងផ្លូវចិត្ត។
ទោះជាដូច្នេះក្ដី គ្រូពេទ្យនៃមន្ទីរពេទ្យគីតាហារ៉ា ជប៉ុន ថ្លែងថា ក៏មានជំងឺខ្លះមិនបណ្ដាលមកពីមេរោគទេ គឺបណ្ដាលមកពីការទទួលទានរបបអាហារមិនត្រឹមត្រូវ។ ជំងឺទាំងនេះមានដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម និងជំងឺមហារីក ជាដើម។
គិលានុបដ្ឋាយិកានៃមន្ទីរពេទ្យគីតាហារ៉ា ជប៉ុន ប្រចាំនៅភ្នំពេញ គឺកញ្ញា អាគីមិ នីស្យុកាក់ (Akemi Nishioka) ហៅជំងឺទាំងនេះថាជាជំងឺទាក់ទងខ្លាំងនឹងរបៀបរបបរស់នៅប្រចាំថ្ងៃរបស់យើង៖ «ការលើសសម្ពាធឈាម ការលើសសារជាតិខ្លាញ់ ភាពធាត់ និងជំងឺទឹកនោមផ្អែម គឺជាជំងឺដែលយើងតែងតែជួបប្រទះក្នុងជីវភាពយើងប្រចាំថ្ងៃ។ ជំងឺទាំង៤ នេះ យើងហៅជាភាសាអង់គ្លេសថា Deadly Quartet។ ប៉ុន្តែខ្ញុំសម្រួលឲ្យស្រួលស្ដាប់ គឺកត្តាទាំង៤ ដែលធ្វើឲ្យអ្នកទាំងអស់គ្នាប្រឈមនឹងសេចក្ដីស្លាប់។ បើសិនជាអ្នកទាំងអស់គ្នាមានជំងឺមួយក្នុងចំណោមជំងឺទាំងបួននេះ នឹងវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរ។ ប៉ុន្តែផ្ទុយមកវិញ បើសិនជាអ្នកមានជំងឺលើសពី ២ ឡើងទៅក្នុងចំណោមជំងឺទាំង៤ ហ្នឹង ធ្វើឲ្យយើងប្រឈមនឹងភាពស្លាប់ភ្លាមៗតែម្ដង»។
កញ្ញា អាគីមិ នីស្យុកាក់ មានប្រសាសន៍បន្ថែមថា កត្តាទាំងនេះក៏ជាកត្តាពាក់ព័ន្ធនឹងការធ្វើឲ្យរាងកាយយើងចាប់ផ្ដើមមានជំងឺផង និងជាកត្តាធ្វើឲ្យជំងឺវិវឌ្ឍទៅមុខផង។ កញ្ញាឲ្យដឹងថា នៅលើពិភពលោកបច្ចុប្បន្ននេះ ស្ថានភាពជំងឺមិនឆ្លងដែលបណ្ដាលមកពីកត្តាទទួលទានរបបអាហារមិនត្រឹមត្រូវ ដូចជាជំងឺលើសសម្ពាធឈាម ការលើសសារជាតិខ្លាញ់ ភាពធាត់ និងជំងឺទឹកនោមផ្អែម មានសភាពកើនឡើងខ្ពស់ជាងជំងឺឆ្លងដែលបណ្ដាលមកពីមេរោគ។
តើធ្វើដូចម្ដេចដើម្បីកាត់បន្ថយជំងឺទាំងនេះ?
កញ្ញា អាគីមិ នីស្យុកាក់ គិលានុបដ្ឋាយិកានៃមន្ទីរពេទ្យគីតាហារ៉ា ជប៉ុន មានប្រសាសន៍ថា កត្តាដែលអាចកាត់បន្ថយជំងឺទាំងនេះបាន គឺមានមានវិធី ៤យ៉ាង៖ «ទីមួយរបបអាហារសុំឲ្យមានតុល្យភាព។ ទីពីរ គឺការហាត់ប្រាណក្នុងកម្រិតមធ្យម។ ទីបី គឺកុំជក់បារី។ ទីបួន គឺកុំបរិភោគមានជាតិស្រវឹង ដូចជា ប៊ីយ៉ែរ ឬក៏ស្រា។ ក្នុងន័យនេះ សង្កត់ធ្ងន់ថា ភេសជ្ជៈណាដែលមានអាល់កុលច្រើន»។
ដើម្បីឲ្យមានសុខភាពល្អបរិបូណ៌មួយ ប្រការសំខាន់ គឺយើងត្រូវផ្ដោតទៅលើការទទួលទានអាហារប្រចាំថ្ងៃរបស់យើង៖ «អាហារដែលមានរសជាតិប្រៃខ្លាំង មានសារជាតិខ្លាញ់ ជាមូលហេតុចម្បងដែលទាក់ទងទៅនឹង Life-style related dieases នោះ។ គាត់ខ្មែររបស់យើង គឺវាឆ្ងាញ់ចំពោះគាត់ ក៏ដូចជាជនជាតិជប៉ុន ផ្សេងៗដែរ។ ប៉ុន្តែគាត់គិតថា ម្ហូបខ្មែរយើងមានរសជាតិប្រៃ និងសម្បូរដោយខ្លាញ់ ហើយភេសជ្ជៈក៏ផ្អែមខ្លាំងពេកដែរ»។
កញ្ញា អាគីមិ នីស្យុកាក់ ណែនាំឲ្យយើងទទួលទានអាហារឲ្យមានតុល្យភាព ឬលំនឹងសមស្រប ដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយចាំបាច់សម្រាប់ផ្គត់ផ្គង់ និងទ្រទ្រង់រាងកាយរបស់យើង៖ «សូមឲ្យលោកអ្នកទាំងអស់គ្នាបរិភោគមធ្យម បានន័យថា កុំឲ្យបរិភោគឆ្អែតខ្លាំងពេក។ បរិភោគបន្លែឲ្យបានច្រើន។ សារាយ សណ្ដែក ហើយនិងរបស់របរដែលធ្វើពីសណ្ដែក។ បើសិនជាចង់ពិសារសាច់ សូមជ្រើសរើសយកសាច់ត្រី។ កាត់បន្ថយក្នុងការប្រើប្រាស់ដូចជា អំបិល ស្ករ ហើយនិងខ្លាញ់»។
តើយើងគួរទទួលអាហារប៉ុណ្ណា ដើម្បីឲ្យមានសុខភាពល្អ?
កញ្ញា អាគីមិ នីស្យុកាក់ បានប្រសាសន៍ថា ដើម្បីឲ្យមានសុខភាពល្អ បរិមាណចំណីអាហារដែលយើងគួរទទួលទាន គឺអាស្រ័យដោយមាឌរបស់មនុស្សធំ ឬតូច។ កញ្ញាណែនាំតាមគោលការណ៍រង្វាស់រង្វាល់សាមញ្ញមួយដោយប្រើបាតដៃ។ អាហារម្សៅដែលមានជាតិស្ករ មនុស្សម្នាក់គប្បីទទួលទានបាយ ១ដុំទំហំប៉ុនកណ្ដាប់ដៃស្ដាំរបស់ខ្លួនក្នុងមួយពេល។ បើសិនជាសរសៃមី ឬគុយទាវដែលឆ្អិនហើយ ឬនំបញ្ចុក គឺឲ្យទទួលទានត្រឹមបរិមាណនំបញ្ចុកមួយចង្វាយប៉ុណ្ណោះ។ ចំពោះសាច់វិញ ជាពិសេសសាច់ត្រី គឺប៉ុនទំហំប្រអប់បាតដៃ ដែលមិនរាប់ទាំងម្រាមទេ ហើយមានកម្រាស់ប៉ុន ២ធ្នាប់ដៃ។ រីឯអាហារពួកវីតាមីន គឺបន្លែ ប្រសិនបើជាបន្លែស្រស់ចំនួនមួយកម្បង់។ បើជាបន្លែឆ្អិន គឺមួយទូកដៃក្នុងមួយពេល។
ជាទូទៅ បរិមាណក្នុងមួយថ្ងៃ គឺបន្លែទម្ងន់ ៣៥០ក្រាមក្នុងមួយថ្ងៃ។ ដោយឡែកអំបិល និងស្ករ គឺត្រូវកាត់បន្ថយដែរ៖ «ចំពោះអំបិលវិញ គឺយើងប្រើតែ ៥មិល្លីក្រាមក្នុងមួយថ្ងៃ។ បើសិនជាយើងអត់មានជញ្ជីង ឬក៏ដោយខ្លី គឺយើងដាក់តែមួយស្លាបព្រាកាហ្វេមក។ ជាកម្រិតដែលយើងប្រើប្រាស់ក្នុងមួយថ្ងៃ អំពីអំបិល។ ចំពោះសារជាតិខ្លាញ់វិញ ដូចជាប្រេងឆា ឬមួយប្រេងផ្សេងៗ ប្រេងសណ្ដែកប្រេងអីហ្នឹង យើងអាចប្រើ ១៥មិល្លីក្រាមក្នុងមួយថ្ងៃ ដែលយើងយកស្លាបព្រាបាយវិញ។ ចំពោះស្ករ យើងយកមួយស្លាបព្រាកាហ្វេ ដល់ពេលខ្លាញ់យើងយកមួយស្លាបព្រាបាយសម្រាប់ប្រើប្រាស់ទៀត»។
ការចាប់ផ្ដើមសាកល្បងបន្ថយបរិមាណសារជាតិទាំងនេះដំបូង អាចធ្វើឲ្យអណ្ដាតរបស់យើងបាត់បង់រសជាតិ។ ក្នុងករណីនេះ កញ្ញា អាគីមិ នីស្យុកាក់ ណែនាំឲ្យខាកស្ដោះទឹកមាត់ឲ្យបានច្រើនដង មុនពេលទទួលទាន ហើយកុំប្រើទឹកជ្រលក់ច្រើនពេក ជាពិសេសទឹកម្ជូរ ឬក្រូចឆ្មារ ជាដើម៖ «អណ្ដាតរបស់យើងហ្នឹងវាមានជាតិជូរស្រាប់ហើយ។ អ៊ីចឹងដល់ពេលមានជាតិជូរទៅ ដូចយើងញ៉ាំអាហារមួយដែលមានជាតិប្រៃល្មមៗ យើងអត់ដឹងទេ ព្រោះសារជាតិជូរហ្នឹងវាបានកាត់បន្ថយជាតិប្រៃហ្នឹង វាធ្វើឲ្យយើងញ៉ាំទៅរាងសាប។ អ៊ីចឹងទៅយើងចង់ដាក់អំបិលថែម។ ប៉ុន្តែមិនបាច់ដាក់ថែមទេ គឺយើងខាកស្ដោះចេញទៅ។ បើសិនជាច្របាច់ក្រូចឆ្មារវិញ វាអាចដឹងរសជាតិហ្នឹងខ្លាំង ព្រោះអណ្ដាតវាមានរសជាតិហ្នឹងស្រាប់ហើយ»។
ចំពោះទឹកវិញ កញ្ញាថ្លែងថា តាមគោលការណ៍នៅប្រទេសជប៉ុន ពលរដ្ឋម្នាក់ៗត្រូវបានណែនាំឲ្យទទួលទឹកឲ្យបាន ២លីត្រក្នុងមួយថ្ងៃ។ ក៏ប៉ុន្តែលើកលែងចំពោះអ្នកមានជំងឺបេះដូង ហើយត្រូវពិគ្រោះជាមួយគ្រូពេទ្យអំពីការទទួលទានទឹកប្រចាំថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
