វិធី​ទិញ​អាហារ​វេច​ខ្ចប់​បរិភោគ​ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​សុខភាព

ដោយ ខែ សុណង
2017-03-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផ្ទាំង​អប់រំ​ផ្សព្វផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​កម្ពុជា ត្រួត​ពិនិត្យ​ទំនិញ នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែង​បន្លំ​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម។ រូបថត​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
ផ្ទាំង​អប់រំ​ផ្សព្វផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​កម្ពុជា ត្រួត​ពិនិត្យ​ទំនិញ នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែង​បន្លំ​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម។ រូបថត​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
RFA/Kher Sonorng

ការ​បរិភោគ​ចំណី​អាហារ​ខូច​គុណភាព​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ បាន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព។ បញ្ហា​នេះ បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ដែល​គេ​អាច​ឃើញ​ភ្លាមៗ​ដូចជា មាន​ជំងឺ​ចុក​ពោះ រាក ក្អួត ឈឺ​ក្បាល និង​ឈាន​ទៅ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត។

តើ​លោក​អ្នក​គួរ​មាន​ភាព​ឆ្លាត​វៃ​យ៉ាង​ដូចម្តេច​ខ្លះ ក្នុង​ការ​ទិញ​អាហារ​វេច​ខ្ចប់​មក​ទទួល​ទាន ដើម្បី​ជៀសវាង​ពី​ផល​ប៉ះពាល់​ដល់​សុខភាព?

ចា៎! លោក​អ្នក​ជា​ទី​មេត្រី! សូម​លោក​អ្នក​ពិចារណា​មុន​នឹង​ជ្រើសរើស​ផលិតផល និង​ចំណី​អាហារ​ណា​មួយ​ដែល​លោក​អ្នក​ទិញ​យក​ទៅ​បរិភោគ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព និង​គុណភាព។

អ្នក​ជំនាញ​ផ្នែក​ត្រួត​ពិនិត្យ​ផលិតផល បាន​ផ្ដល់​មតិ​ថា មាន​ចំណុច​ដែល​គួរ​ឲ្យ​កត់​សម្គាល់​តែ​ប៉ុន្មាន​ចំណុច​ប៉ុណ្ណោះ ដែល​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន។

អគ្គនាយក​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចាន់ បូរិន្ទ បាន​ពន្យល់​ថា ដើម្បី​ឲ្យ​ចំណី​អាហារ និង​ភេសជ្ជ​នានា​ដែល​លោក​អ្នក​ទិញ​មក​ទទួល​ទាន​ប្រកប​ដោយ​សុវត្ថិភាព និង​ផ្ដល់​សុខភាព​ដល់​រាងកាយ សូម​លោក​អ្នក​នាង​កុំ​ភ្លេច​ឲ្យ​សោះ​ក្នុង​ការ​ពិនិត្យ​មើល​ផលិតផល​ទាំងនោះ​ថា តើ​បាន​ទទួល​ការ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​អ្វី​ខ្លះ? ចំណុច​សំខាន់ គឺ​លោក​អ្នក​នាង​ត្រូវ​រក​មើល​សញ្ញា​ចុះ​បញ្ជី​ដែល​មាន​នៅ​ក្នុង​រង្វង់​មូល ដែល​សរសេរ​អក្សរ​កាត់​ថា ច..ផ ដែល​មាន​ន័យ​ថា ចុះ​បញ្ជី​ផលិតផល ទោះ​បី​ជា​ផលិតផល​នាំ​ចេញ ឬ​ជា​ផលិតផល​ក្នុង​ស្រុក​ក្ដី ពុំ​ដូច្នោះ​ទេ គេ​អាច​ចោទ​ថា ផលិតផល​នោះ​ជា​ផលិតផល​ក្លែងក្លាយ ឬ​ផលិតផល​ក្លែង​បន្លំ​បាន។

ជាង​នេះ​ទៅ​ទៀត ផលិតផល​ដែល​បាន​ចុះ​បញ្ជី គឺ​មាន​ដាក់​កាលបរិច្ឆេទ​នៃ​ការ​ផលិត និង​ថ្ងៃ​ផុត​កំណត់​ច្បាស់លាស់។ លោក​អ្នក​អាច​មើល​ក្រោម​បាត​ដប លើ​ដប ឬ​កំប៉ុង ពី​ថ្ងៃ​ផលិត និង​ថ្ងៃ​ផុត​កំណត់។ លោក​បន្ត​ថា ផលិតផល​ដែល​បាន​ឆ្លង​កាត់​ការ​ចុះ​បញ្ជី គឺ​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ទាំង​ផ្នែក​អនាម័យ ខ្សែ​សង្វាក់​ផលិតកម្ម ប្រព័ន្ធ​គ្រប់គ្រង​នៅ​ក្នុង​រោងចក្រ​អនាម័យ​កម្មករ​បុគ្គលិក​ត្រឹមត្រូវ​ល្អ រួម​ទាំង​គុណភាព​ផលិតផល​ផង។ មួយ​វិញ​ទៀត សូម​លោក​អ្នក​ពិនិត្យ​មើល​សញ្ញា​ស្តង់ដារ​ដែល​មាន​សរសេរ​អក្សរ​កាត់​ជា​ភាសា​អង់គ្លេស អាយ.អេស.អូ (ISO) ក៏​អាច​បញ្ជាក់​អំពី​សុវត្ថិភាព​ផលិតផល​ដែរ៖ «មើល​នៅ​ក្នុង​កំប៉ុង​ទឹកក្រូច​អី ភាគច្រើន​មាន ច..ស្រាបៀ​ខ្លះ​នាំ​ចូល​ខ្លះ​បន្លប់​មិន​ដឹង​មក​ពីណា តែ​ភាគច្រើន​មាន​សញ្ញា ច..ផ ហើយ​ទឹក​បរិសុទ្ធ​មាន​សញ្ញា​ស្តង់ដារ គឺ​មាន​សញ្ញា​របស់​គេ»

ងាក​មក​និយាយ​ពី​ចំណី​អាហារ​វេច​ខ្ចប់​វិញ លោក ចាន់ បូរិន្ទ បាន​ផ្ដល់​គន្លឹះ​ងាយ​ស្រួល​ឲ្យ​លោក​អ្នក​ចំណាំ​ពីរ​ចំណុច គឺ​អាហារ​វេច​ខ្ចប់​មួយ​មាន​បញ្ចូល​ឧស្ម័ន ឬ​ខ្យល់​នៅ​ក្នុង​កញ្ចប់ មាន​ន័យ​ថា ធ្វើ​ឲ្យ​កញ្ចប់​ប៉ោង និង​មួយ​ទៀត​គេ​បឺត​យក​ឧស្ម័ន​ចេញ​ពី​កញ្ចប់ ដោយ​ការ​វេច​ខ្ចប់​នោះ​គឺ​មិន​ទៀងទាត់​នោះ​ទេ ដោយ​អាស្រ័យ​ទៅ​លើ​ចំណី​អាហារ​នោះ។ លោក​បញ្ជាក់​ថា ដើម្បី​រក្សា​ទុក​បាន​យូរ​សម្រាប់​ប្រភេទ​អាហារ​សាច់ ដូចជា​សាច់​ក្រក សាច់​ជ្រូក សាច់​គោ​ងៀត ជាដើម អ្នក​ផលិត​គេ​ត្រូវ​ដក​ឧស្ម័ន ឬ​ខ្យល់​ចេញ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ប្រភេទ​អាហារ​វេច​ខ្ចប់​ខ្លះ​ដូចជា នំ ឬ​គ្រាប់​ធញ្ញជាតិ អ្នក​ផលិត​ត្រូវ​បញ្ចូល​ខ្យល់​ឲ្យ​កញ្ចប់​មាន​សភាព​ប៉ោង។ ដូច្នេះ សូម​លោក​អ្នក​កត់​សម្គាល់​បញ្ហា​នេះ។ លោក​ពន្យល់​អំពី​មូលហេតុ​នេះ​បន្ថែម៖ «ដើម្បី​រក្សា​ទុក​ឲ្យ​បាន​យូរ គេ​អត់​ឲ្យ​ឧស្ម័ន​អុកស៊ីហ្សែន​ក្នុង​ហ្នឹង​ទេ កាលណា​មាន​អុកស៊ីហ្សែន វា​ប៉ះ​ជាមួយ​បាក់តេរី​ក្នុង​ម្ហូប​អាហារ​ហ្នឹង វា​រស់​វា​អាច​បន្ត​ពូជ​បាន គេ​បឺត​អុកស៊ីហ្សែន​ចេញ គេ​បឺត​ឲ្យ​ក្រពឹត ដក​អស់​ខ្យល់ ផលិតផល​ខ្លះ​គេ​បញ្ចូល​អាសូត​ចូល​ក្នុង​ហ្នឹង ដើម្បី​ឲ្យ​វា​កាត់​អុកស៊ីហ្សែន​ក្នុង​ហ្នឹង​ឲ្យ​អស់ អា​ហ្នឹង​វា​ប៉ោង​វិញ អ៊ីចឹង​វា​អត់​ទៀង​ទេ»

មាន​សំណួរ​ថា ចុះ​តើ​កំប៉ុង ឬ​ដប​ដែល​មាន​ស្ថានភាព​ក្រពឹត​ក្រប៉ែត តើ​លោក​អ្នក​គួរ​ជៀសវាង​ទិញ​យក​មក​បរិភោគ​ដែរ​ឬ​ទេ?

អគ្គនាយក​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា លោក ចាន់ បូរិន្ទ ថ្លែង​ថា ស្ថានភាព​កំប៉ុង ឬ​ដប​ក្រពឹត​ក្រប៉ែត​នេះ មិន​មែន​សុទ្ធតែ​ជា​ផលិតផល​ខូច​គុណភាព​ទាំងអស់​នោះ​ទេ។ លោក​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​នេះ អាច​ដោយសារ​ការ​ដឹក​ជញ្ជូន​ការ​លើក​ដាក់​ក៏​មាន អ្វី​ដែល​ត្រូវ​កត់​សម្គាល់​បំផុត​នោះ គឺ​ត្រូវ​មើល​កុំ​ឲ្យ​ហួស​កាលបរិច្ឆេទ កុំ​ឲ្យ​តែ​ដប ឬ​កំប៉ុង​នោះ​មាន​សភាព​ប៉ោង បែក ប្រេះ ច្រែះ​ស៊ី និង​មាន​សភាព​ធ្លុះធ្លាយ។ លោក​ថា បញ្ហា​នេះ​ជា​ភារកិច្ច​របស់​អ្នក​លក់ និង​ម្ចាស់​ផលិតផល​ត្រូវ​ប្រមូល​នៅ​តាម​ទីផ្សារ និង​សាខា​ចែកចាយ​ត្រឡប់​ទៅ​វិញ«កាលណា​ផលិតផល​គេ​ដឹក​ជញ្ជូន​គេ​អាច​សង្កត់​ទៅ​វា​ក្រពឹត តែ​វា​អត់​ខូច​គុណភាព​ទេ។ ខូច​គុណភាព គឺ​របស់​នោះ​ហួស​កាល​កំណត់ បាក់តេរី​ក្នុង​នោះ​វា​ចេញ​ហ្គាស៍​មក ធ្វើ​ឲ្យ​កំប៉ុង​នោះ​ប៉ោង។ ក្រពឹត​ដោយ​ការ​លើក​ដាក់​ការ​ដឹក​ជញ្ជូន​អត់​អី​ទេ»

ផ្ទាំង​អប់រំ​ផ្សព្វផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​កម្ពុជា ត្រួត​ពិនិត្យ​ទំនិញ នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែង​បន្លំ​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ផ្សព្វផ្សាយ​ថា ដើម្បី​សុខភាព ផលិតផល​ម្ហូប​អាហារ​វេច​ខ្ចប់​ស្រាប់​មាន​លក្ខខណ្ឌ​តម្រូវ​ជា​ធរមាន​ជាអាទិ៍ ឈ្មោះ​មុខ​ទំនិញ ឈ្មោះ​អាសយដ្ឋាន​អ្នក​ទទួល​ខុស​ត្រូវ​លើ​ផលិតផល​ផលិត ប្រភព បរិមាណ ទម្ងន់ ចំណុះ លេខ​ឡូត៍ ថ្ងៃ​ផុត​កំណត់​នៃ​ការ​ប្រើប្រាស់ ថ្ងៃ​ផលិត គ្រឿង​ផ្សំ អត្រា​អាល់កុល វិធី​ប្រើប្រាស់ ប្រសិន​ជា​ចាំបាច់ លិខិត​អនុញ្ញាត​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​មុន​ដាក់​ឲ្យ​ចរាចរណ៍ បើ​មាន​លក្ខខណ្ឌ​តម្រូវ និង​ចំពោះ​ផលិតផល​ដែល​ផលិត​ក្នុង​ស្រុក ស្លាក​សញ្ញា​សុវត្ថិភាព ឬ​ស្លាក​សញ្ញា​ស្តង់ដារ​ផ្សេងៗ លក្ខខណ្ឌ​អនាម័យ​នៃ​ការ​ដាក់​តាំង​លក់។

គ្រាប់​ឈូក ២០១៧ ១៤៤០
គ្រាប់​ឈូក​ខ្ចប់​ដែល​គ្មាន​កាលបរិច្ឆេទ​ផលិត និង​ស្លាក​សញ្ញា​ពាណិជ្ជកម្ម។ រូបថត​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Kher Sonorng

លោក ចាន់ បូរិន្ទ មាន​ប្រសាសន៍​ថា ការ​បរិភោគ​ចំណី​អាហារ​ខូច​គុណភាព គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ បាន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព៖ «ផលិតផល​នោះ​អាជ្ញាធរ​អត់​មាន​បាន​ត្រួត​ពិនិត្យ ហើយ​កាលណា​មាន​អី​ត្រួត​ពិនិត្យ យើង​មាន​យោង​ស្អី​សម្រាប់​វាស់​កម្រិត​គុណភាព​វា គឺ​មាន​ស្តង់ដារ មាន​បាក់តេរី មាន​មេរោគ មាន​សារធាតុ​លោហៈ​នៅ​ក្នុង​ហ្នឹង បើ​យើង​អត់​បាន​ត្រួត​ពិនិត្យ អត់​បាន​វាយ​តម្លៃ​វា​ថា​ត្រូវ​ស្តង់ដារ ឬ​អត់? ដូច្នេះ​កម្រិត​ជាតិ​ពុល​នៅ​ក្នុង​ផលិតផល យើង​អត់​ដឹង​ទេ ហើយ​អ្នក​យក​ទៅ​ប្រើប្រាស់​កើត​ជា​ជំងឺ​ចេញ​ទៅ​ដោយសារ​សារធាតុ​ក្នុង​ផលិតផល​មាន​ច្រើន​មុខ ខ្លះ​ពុល​ភ្លាមៗ ខ្លះ​នៅ​ក្នុង​ហ្នឹង​យើង​អត់​ដឹង​ទេ ខ្លះ​ទៅ​ជា​កើត​មហារីក ទៅ​ជា​ជំងឺ​អី​គ្រប់​សព្វ​ទាំងអស់»

ទន្ទឹម​នឹង​ការ​យល់​ដឹង​នេះ សូម​លោក​អ្នក​ប្រុង​ប្រយ័ត្ន និង​ជៀសវាង​នូវ​ការ​ជ្រើសរើស​ផលិតផល​មួយ​ចំនួន​ដូចជា ចំណី​អាហារ ការ​ដាក់​តាំង​លក់​គ្មាន​អនាម័យ ដោយ​មាន​រុយ​រោម ហុយ​ធូលី​ដី និង​កាក​សំណល់​ផ្សេងៗ ចំណី​អាហារ​ដែល​មាន​សត្វ​ល្អិត​ចម្លង​មេរោគ ដូចជា​របស់​ផ្អាប់ ការ​ដាក់​តាំង​លក់​ក្បែរ​ផលិតផល​គីមី សាប៊ូ ជី​កសិកម្ម ថ្នាំ​សម្លាប់​សត្វ​ល្អិត ការ​ដាក់​តាំង​លក់​ផ្ទាល់​ដី ទីតាំង​ជិត​លូ​ទឹក​ស្អុយ កន្លែង​ដែល​មាន​ភក់​ជ្រាំ។ល។ ស្រប​គ្នា​នេះ សូម​លោក​អ្នក​ប្រុង​ប្រយ័ត្ន​ចំពោះ​ផលិតផល​ការ​ប្រើប្រាស់​ជាតិ​គីមី​ហាមឃាត់​សម្រាប់​ធ្វើ​ឲ្យ​មាន​ពណ៌​ស ស្រស់ ការ​ប្រើប្រាស់​ជាតិ​គីមី​ធ្វើ​ឲ្យ​ស្វិត​ស្រស់​ទុក​បាន​យូរ ទាក់​ភ្នែក និង​អំបិល​ដែល​គ្មាន​ជាតិ​អ៊ីយ៉ូដ​បណ្ដាល​ឲ្យ​មាន​ជំងឺ​ផ្សេងៗ។ ចំណែក​អ្នក​លក់​ដូរ​វិញ គួរ​តែ​មាន​អនាម័យ និង​កុំ​ឲ្យ​មាន​ជំងឺ​ប្រចាំ​កាយ​ផង​ដែរ។

ដោយ​ក្ដី​ព្រួយ​បារម្ភ​អំពី​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ មន្ត្រី​ជំនាញ​​ក៏​កំពុង​ចុះ​ត្រួត​ពិនិត្យ​ផលិតផល​ដែល​កំពុង​ចរាចរណ៍​នៅ​លើ​ទីផ្សារ ដោយ​ប្រើ​មន្ទីរ​ពិសោធន៍​ចល័ត​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល ទៅ​ពិសោធ​គ្រឿង​សមុទ្រ ឬ​ម្ហូប​សមុទ្រ​ស្រស់ៗ ដោយ​បាន​រក​ឃើញ​ថា បង្គា និង​មឹក​ស្រស់ ព្រម​ទាំង​ស្ពៃ​ជ្រក់​មួយ​ចំនួន រក​ឃើញ​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ទៅ​លើ​ចំណី​អាហារ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល