ផល​ប៉ះពាល់​ពី​ជំងឺ​កញ្ជ្រឹល​ចំពោះ​សុខភាព​កុមារ

0:00 / 0:00

ការ​ផ្ទុះ​ឡើង​ជំងឺ​កញ្ជ្រឹល ១​ករណី​នៅ​ខេត្ត​កំពង់ស្ពឺ ថ្មីៗ​នេះ ជា​សញ្ញា​បង្ហាញ​ថា ក្រសួង​សុខាភិបាល និង​ប្រជាពលរដ្ឋ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​នេះ។ ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ ជា​មធ្យោបាយ​ប្រសើរ​បំផុត ដែល​អាច​ជួយ​កុមារ​គ្រប់​រូប​មិន​ឲ្យ​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​កញ្ជ្រឹល។

ជំងឺ​កញ្ជ្រឹល គឺ​ងាយ​កើត​ចំពោះ​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ កុមារ​ដែល​កើត​ជំងឺ​របេង កុមារ​ដែល​មិន​បាន​បៅ​ទឹក​ដោះ​ដំបូង​របស់​ម្តាយ​គ្រប់គ្រាន់ និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ខ្វះ​អនាម័យ។

ប្រធាន​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ នៃ​មជ្ឈមណ្ឌល​គាំពារ​មាតា និង​ទារក លោក​វេជ្ជបណ្ឌិត ឱក វិជិត ពន្យល់​ថា ជំងឺ​កញ្ជ្រឹល គឺ​ងាយ​កើត​ចំពោះ​កុមារ​ដែល​មាន​អាយុ​ចាប់​ពី ៩​ខែ​រហូត​ដល់ ១៥​ឆ្នាំ។ កុមារ​ងាយ​កើត​ជំងឺ​កញ្ជ្រឹល ព្រោះ​កុមារ​មាន​ប្រព័ន្ធ​ភាព​សុំា​នៃ​រាង​កាយ​ខ្សោយ ម្ល៉ោះ​ហើយ​ជា​ហេតុ​បណ្ដាល​ឲ្យ​កុមារ​ងាយ​ប្រឈម​នឹង​ការ​កើត​ជំងឺ​ឆ្លង​ផ្សេងៗ ដែល​បណ្ដាល​មក​ពី​បាក់តេរី និង​មេរោគ។ ការ​ផ្តល់​អាហារូបត្ថម្ភ ការ​រស់នៅ​មាន​អនាម័យ​ល្អ និង​ការ​បំបៅ​ដោះ​ទារក​ដែល​ទើប​នឹង​កើត​ឲ្យ​បាន​យ៉ាង​តិច ៦​ខែ គឺ​ជា​មធ្យោបាយ​ល្អ ដើម្បី​ជួយ​ការពារ​កុមារ​មិន​ឲ្យ​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​កញ្ជ្រឹល៖ « អាហារូបត្ថម្ភ​ធ្វើ​ឲ្យ​កុមារ​សុខភាព​ល្អ ហើយ​ធ្វើ​ឲ្យ​មាន​សុខភាព​មាំទាំ។ អ៊ីចឹង​កុមារ​ដែល​មាន​គីឡូ​ក្រោម​ស្តង់ដារ​ហ្នឹង គឺ​មិន​មាន​សុខភាព​ល្អ​ដូច​ក្មេង​ធម្មតា »

ជំងឺ​កញ្ជ្រឹល បង្ក​មក​ពី​មេរោគ​មួយ​ប្រភេទ​មាន​ឈ្មោះ​ថា វឺរាយសេឡា សុះស្ទឺ វីរុស (Varicella Zoster Virus) ជា​ប្រភេទ​មេរោគ​ដែល​ងាយ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ផ្សេង​ទៀត តាម​រយៈ​ការ​ក្អក កណ្ដាស់ និង​ការ​ប៉ះពាល់​ទឹក​រងៃ​ដំបៅ​របស់​អ្នក​ជំងឺ។

តើ​ជំងឺ​កញ្ជ្រឹល​អាច​ស្ដែង​ចេញ​ជា​រោគ​សញ្ញា​អ្វី​ខ្លះ?

លោក​វេជ្ជបណ្ឌិត ឱក វិជិត មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​កុមារ​ឆ្លង​ជំងឺ​កញ្ជ្រឹល កុមារ​នោះ​នឹង​ស្ដែង​ចេញ​ជា​រោគ​សញ្ញា​ស្រដៀង​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ដែរ គឺ​រោគ​សញ្ញា​គ្រុន​ក្តៅ ហៀរ​សំបោរ ឈឺ​ភ្នែក ក្អក និង​ស្ដែង​ចេញ​ជា​កន្ទួល​ក្រហម​លើ​ស្បែក​របស់​កុមារ។ បន្ថែម​ពី​លើ​នេះ កុមារ​អាច​នឹង​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង ហើយ​មាត់​របស់​កុមារ​មាន​អាការៈ​ឈឺ​ចាប់ និង​អាច​ស្ដែង​ចេញ​ជា​រោគ​សញ្ញា​រាក​រូស។

សៀវភៅ​ទីណា​គ្មាន​វេជ្ជបញ្ជា សរសេរ​ថា ២ ឬ ៣​ថ្ងៃ​បន្ទាប់​ពី​កើត​ជំងឺ​កញ្ជ្រឹល កុមារ​នឹង​ស្ដែង​ចេញ​ចំណុច​តូចៗ​ខ្លះ មាន​ពណ៌​ស ដូច​គ្រាប់​អំបិល​ចេញ​នៅ​ក្នុង​មាត់ ហើយ ១ ឬ ២​ថ្ងៃ​ក្រោយ​មក​ទៀត នឹង​ស្ដែង​ជា​រោគ​សញ្ញា​កន្ទួល​ក្រហម​លើ​ស្បែក។ រោគ​សញ្ញា​កន្ទួល​ក្រហម​នេះ ដំបូង​ស្ដែង​ចេញ​នៅ​ខាង​ក្រោយ​ត្រចៀក និង​នៅ​ក បន្ទាប់​មក​នៅ​លើ​មុខ និង​ដង​ខ្លួន ហើយ​រោគ​សញ្ញា​នៃ​កន្ទួល​ក្រហម​ចុង​ក្រោយ គឺ​ស្ដែង​ចេញ​នៅ​លើ​ដៃ និង​ជើង។ ជា​ការ​កត់​សម្គាល់ រោគ​សញ្ញា​កន្ទួល​ក្រហម​នេះ​អាច​បន្ត​ស្ថិត​នៅ​លើ​ដង​ខ្លួន​កុមារ​ប្រហែល ៥​ថ្ងៃ​បន្ត​ទៀត។

លោក​វេជ្ជបណ្ឌិត ឱក វិជិត ពន្យល់​ថា ជំងឺ​កញ្ជ្រឹល​នេះ​បន្ទាប់​ពី​មាន​ចេញ​រោគ​សញ្ញា​កន្ទួល​ក្រហម​ហើយ តាម​ធម្មតា កុមារ​ក៏​ចាប់​ផ្ដើម​មាន​ភាព​ធូរ​ស្រាល​ដែរ។ ជំងឺ​កញ្ជ្រឹល​នេះ​មិន​មែន​ជា​ប្រភេទ​ជំងឺ​កាច​សាហាវ​នោះ​ទេ ព្រោះ​ថា ជំងឺ​កញ្ជ្រឹល​អាច​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង។ ប៉ុន្តែ​កុមារ​ដែល​កើត​ជំងឺ​នេះ គឺ​មាន​ប្រព័ន្ធ​ភាព​សុំា​នៃ​រាង​កាយ​ចុះ​ខ្សោយ។ ដូច​នេះ ជា​ហេតុ​បណ្ដាល​ឲ្យ​កុមារ​ងាយ​ប្រឈម​មុខ​នឹង​កើត​ជំងឺ​រលាក​ទង​សួត ផ្លូវ​ដង្ហើម​ស្រួចស្រាល់ អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល និង​ជំងឺ​ដទៃ​ផ្សេង​ទៀត​ដែល​បណ្ដាល​មក​ពី​មេរោគ និង​បាក់តេរី៖ « ប្រសិន​បើ​យើង​ធ្វេសប្រហែស កុមារ​នោះ​នឹង​រឹត​តែ​ធ្ងន់ធ្ងរ។ ឧទាហរណ៍ ក្មេង​ដែល​កើត​ជំងឺ​កញ្ជ្រឹល គឺ​ហូប​បាយ​មិន​សូវ​បាន​ទេ។ កុមារ​ខ្វះ​ជីវជាតិ ពិសេស​ខ្វះ​ជីវជាតិ អា (A) មាន​ការ​ធ្លាក់​ចុះ​ខ្លាំង ឬ​ក្មេង​ពិការ។ នៅ​ពេល​មាន​ជំងឺ​កញ្ជ្រឹល ប្រព័ន្ធ​ភាព​សុំា​ចុះ​ខ្សោយ អាច​មាន​មេរោគ​ឆ្លៀត​ចូល ពិសេស​បាក់តេរី បង្ក​ឲ្យ​រលាក​សួត បង្ក​ឲ្យ​រលាក​ស្រោម​ខួរ​ក្បាល »

នៅ​ពេល​កុមារ​កើត​ជំងឺ​កញ្ជ្រឹល អាណាព្យាបាល​គ្រប់​រូប​មិន​ត្រូវ​ឲ្យ​កុមារ​ងូត​ទឹក​ដែល​ត្រាំ​ដោយ​ដើម​ជ្រៃក្រឹម ធាង​ត្នោត ស្លឹក​កន្ទួត ស្លឹក​ចេក ឬ​រុក្ខជាតិ​ដទៃ​ផ្សេង​ទៀត​ជា​ដាច់​ខាត។

មន្ត្រី​ជំនាញ​ផ្នែក​សុខភាព អះអាង​ថា ជំងឺ​កញ្ជ្រឹល​មិន​អាច​ជា​សះ​ស្បើយ​ដោយ​ការ​ងូត​ទឹក​កខ្វក់​នោះ​ទេ។ តាម​ទ្រឹស្ដី​ពេទ្យ ទឹក​កខ្វក់ គឺ​ជា​ប្រភព​នៃ​មេរោគ បាក់តេរី ប៉ារ៉ាស៊ីត និង​ផ្សិត ម្ល៉ោះ​ហើយ​គ្មាន​ភស្តុតាង​ណា​មួយ​ជាក់លាក់​ដែល​បញ្ជាក់​ថា ការ​ងូត​ទឹក​ដែល​ត្រាំ​ដោយ​រុក្ខជាតិ​អាច​ព្យាបាល​ជំងឺ​កញ្ជ្រឹល​ជា​សះ​ស្បើយ​នោះ​ទេ៖ « មិន​ត្រឹម​តែ​ប៉ុណ្ណឹង អ្នក​ខ្លះ​ឲ្យ​ក្មេង​ផឹក​ទឹក​ដូង ទឹក​កក​ដាក់​ជន្លេន និង​អាចម៍​ក្រៀម ដើម្បី​ឲ្យ​ក្មេង​ផឹក​ដើម្បី​ព្យាបាល​ជំងឺ​កញ្ជ្រឹល។ ការ​ធ្វើ​បែប​នេះ គឺ​មិន​ត្រឹមត្រូវ​ទេ និង​ធ្វើ​ឲ្យ​កុមារ​រឹត​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ជាច្រើន​ដទៃ​ផ្សេង​ទៀត »

តើ​ជំងឺ​កញ្ជ្រឹល​អាច​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ចំពោះ​កុមារ?

កុមារ​ដែល​កើត​ជំងឺ​កញ្ជ្រឹល អាច​បណ្ដាល​ឲ្យ​ខូច​ប្រព័ន្ធ​ប្រសាទ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​កុមារ​ឈឺ​ក សតិ​បញ្ញា​មិន​ល្អ ការ​ចងចាំ​ចុះ​ខ្សោយ ហើយ​ការ​លូតលាស់​មាន​សភាព​យឺតយ៉ាវ​ខុស​ធម្មតា។ ជា​ការ​កត់​សម្គាល់​លើ​កុមារ​ដែល​កើត​ជំងឺ​កញ្ជ្រឹល គឺ​ប្រឈម​មុខ​នឹង​ការ​មាន​ស្លាកស្នាម ពិសេស​មនុស្ស​ពេញ​វ័យ។

របៀប​នៃ​ការ​ព្យាបាល​ជំងឺ​កញ្ជ្រឹល

មន្ត្រី​ជំនាញ​ផ្នែក​សុខភាព​ពន្យល់​ថា កុមារ​ដែល​កើត​ជំងឺ​កញ្ជ្រឹល គួរ​សម្រាក​ឲ្យ​បាន​ច្រើន និង​ត្រូវ​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​ផ្តល់​ជាតិ​ទឹក​ដល់​កុមារ ព្រោះ​ថា កុមារ​ដែល​កើត​ជំងឺ​កញ្ជ្រឹល គឺ​មាន​សភាព​ក្តៅ​ខ្លួន​ខុស​ធម្មតា។

កុមារ​ត្រូវ​ទទួល​អាហារូបត្ថម្ភ​ឲ្យ​ច្រើន មាន​ដូចជា ស្លឹក​បាស ននោង ត្រកួន ស្ពៃ ការ៉ុត ផ្ទី បន្លែ​ពណ៌​បៃតង ត្រី សាច់ ស្ករ ជាដើម។ ទន្ទឹម​នឹង​ដែរ ស្ត្រី​ជា​ម្តាយ​គ្រប់​រូប​អាច​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​ទារក ឬ​កុមារ​ទទួល​ទាន​បន្ទាប់​ពី​បាន​បៅ​ដោះ​ម្តាយ​បាន ៦​ខែ។ ការ​ទទួល​ទាន​បបរ​ខាប់​គ្រប់​គ្រឿង អាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​ទឹក​ដោះ​គោ ហើយ​អាច​ជួយ​ឲ្យ​កុមារ​មាន​សុខភាព​ល្អ និង​មាន​ប្រព័ន្ធ​សុំា​រាង​កាយ​ល្អ​ប្រសើរ។ ម្យ៉ាង​វិញ​ទៀត បបរ​ខាប់​គ្រប់​គ្រឿង ជា​មធ្យោបាយ​ថ្មី​មួយ​ទៀត​ដែល​ក្រសួង​សុខាភិបាល លើក​ទឹក​ចិត្ត​ឲ្យ​ម្តាយ​គ្រប់​រូប ធ្វើ​ឲ្យ​កូន​តូច​ទទួល​ទាន។

ការ​ការពារ​កុំ​ឲ្យ​កើត​ជំងឺ​កញ្ជ្រឹល

បច្ចុប្បន្ន​នៅ​កម្ពុជា មាន​វ៉ាក់សាំង​ចាក់​ការពារ​ជំងឺ​កញ្ជ្រឹល ស្អូច ហើយ​ការ​ចាក់​វ៉ាក់សាំង​នោះ​ទៀត​សោត ប្រជាពលរដ្ឋ​មិន​ចាំបាច់​ចំណាយ​លុយ​នោះ​ទេ។

ប្រធាន​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ នៃ​មជ្ឈមណ្ឌល​គាំពារ​មាតា និង​ទារក លោក​វេជ្ជបណ្ឌិត ឱក វិជិត មាន​វេជ្ជបញ្ជា​បន្ត​ថា អាណាព្យាបាល​ត្រូវ​តែ​នាំ​កុមារ​ដែល​មាន​អាយុ​ចាប់​ពី​អាយុ ៩ ដល់ ១៨​ខែ និង​ចាប់​ពី​អាយុ ១៨​ខែ ដល់ ២៨​ខែ ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល៖ « ចាក់​វ៉ាក់សាំង​ហ្នឹង​យើង​មាន​កម្មវិធី​ពីរ ដែល​មណ្ឌល​សុខភាព​ចុះ​ទៅ​ចាក់​ហ្នឹង គឺ​មាន​ពីរ​ដូស។ ដូស​ទី​១ អាយុ ៩ ដល់ ១៨ និង​ដូស​ទី​២ គឺ​១៨ ដល់ ២៣​ខែ។ ដើម្បី​បន្ថែម​ភាព​សុំា​លើ​កុមារ​ទៀត​នោះ គឺ​១៨ ដល់ ២៣​ខែ។ វ៉ាក់សាំង​ដែល​យើ​ចាក់​ឲ្យ​នោះ គឺ​ការពារ​ជំងឺ​កញ្ជ្រឹល និង​ស្អូច។ ការ​ចាក់​វ៉ាក់សាំង​ពី ៩ ដល់ ១៥​ឆ្នាំ​ដល់​កុមារ គឺ​ដើម្បី​ឲ្យ​ការ​មាន​ប្រព័ន្ធ​ភាព​សុំា​រាង​កាយ​ល្អ​ប្រសើរ »

អ្នក​ជំនាញ​ផ្នែក​សុខភាព ណែនាំ​ថា ជា​ប្រការ​ល្អ​ប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ នៅ​ពេល​សង្ស័យ​ថា​កុមារ​កើត​ជំងឺ​កញ្ជ្រឹល សូម​ជៀស​ជំនឿ​មិន​សម​ហេតុផល​មួយ​ចំនួន ដូចជា ការ​បន់​ស្រន់​ម្ចាស់​ទឹក​ម្ចាស់​ដី​ព្រៃ​ព្រឹក្សា ការ​ស្ដោះ​របស់​គ្រូ​ខ្មែរ​បុរាណ​ដែល​មាន​លាយ​ជាមួយ​ទឹក​ម្លូ និង​មិន​ត្រូវ​ផ្សំ​ថ្នាំ​ឲ្យ​កុមារ​លេប​ផ្ដេសផ្ដាស ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ជា​ដាច់​ខាត។ ភាព​យឺតយ៉ាវ​ក្នុង​ការ​នាំ​កុមារ​ដែល​មាន​សភាព​ជំងឺ​កញ្ជ្រឹល​កម្រិត​ធ្ងន់​ទៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ គឺ​អាច​បណ្ដាល​ឲ្យ​កុមារ​បាត់បង់​អាយុ​ជីវិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។