តើ​គួរ​ត្រៀម​ទុក​សម្ភារៈ​និង​ថ្នាំ​ពេទ្យ​អ្វី​ខ្លះ​នៅ​ពេល​មាន​ទឹក​ជំនន់?

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

តំបន់​មួយ​ចំនួន​នៅ​តាម​បណ្ដា​ដង​ទន្លេ​មេគង្គ និង​ទន្លេសាប ជាទូទៅ​តែង​តែ​រង​នូវ​គ្រោះ​ទឹក​ជំនន់​ជា​ញឹកញាប់។ ទឹក​ជំនន់ អាច​មាន​ពីរ​ប្រភេទ គឺ​ទឹក​ជំនន់​រហ័ស ជា​ជំនន់​នៅ​តំបន់​ភ្នំ និង​ទឹក​ជំនន់​នឹង ជាំ​ទឹក​ជំនន់​នៅ​តាម​តំបន់​ទំនាប។ ការ​ត្រៀម​ទុក​នូវ​សម្ភារៈ ថ្នាំ​ពេទ្យ​នៅ​ពេល​មាន​ទឹក​ជំនន់​កើត​ឡើង គឺ​ជា​វិធី​ល្អ​ដើម្បី​អាច​ការពារ​ការ​ប្រឈម​មុខ​នឹង​ជំងឺ​តម្កាត់​ផ្សេងៗ សត្វ​ដែល​មាន​ពិស និង​ការ​ជន់​ទឹក​ជា​គំហុក។

តើ​លោក​អ្នក​នាង​គួរ​ត្រៀម​ទុក​សម្ភារៈ និង​ថ្នាំ​ពេទ្យ​អ្វី​ខ្លះ​នៅ​ពេល​មាន​ទឹក​ជំនន់?

ការ​ប្រែប្រួល​អាកាសធាតុ​កាន់​តែ​គំរាម​កំហែង​ខ្លាំង​ចំពោះ​ប្រទេស​កម្ពុជា ដែល​មិន​ទាន់​មាន​ប្រព័ន្ធ​ឧតុនិយម​ទំនើប​គ្រប់គ្រាន់ សម្រាប់​ព្យាករ​ធាតុ​អាកាស​អាក្រក់ៗ ជាអាទិ៍​ភាព​រាំង​ស្ងួត និង​ទឹក​ជំនន់​ដែល​តែង​តែ​កើត​មាន​ឡើង​ជា​ប្រចាំ​នៅ​កម្ពុជា។

ស្ថានភាព​ធាតុ​អាកាស​នៅ​កម្ពុជា សេចក្តី​ប្រកាស​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អាច​នឹង​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់។ ខេត្ត​មួយ​ចំនួន​ដែល​នៅ​ខ្ពង់រាប​ភាគ​ឦសាន​រួម​មាន ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង​ខ្ពង់រាប​ភាគ​ខាង​ជើង រួម​មាន​ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និង​ខេត្ត​កំពង់ធំ ជាដើម អាច​រង​ជំនន់​ទឹក​ភ្លៀង។

អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា និយាយ​ថា ខេត្ត​កំពង់ធំ គឺ​ជា​ខេត្ត​មួយ​ដែល​អាច​ប្រឈម​នឹង​ទឹក​ជំនន់ ព្រោះ​ស្ទឹងសែន​នឹង​អាច​ទទួល​យក​នូវ​ចំនួន​ទឹក​យ៉ាង​ច្រើន ដែល​ហូរ​មក​ពី​ផ្នែក​ខាង​លើ ហើយ​រុញ​មក​ចាល់​ត្រឹម​ខេត្ត​មួយ​នេះ។

តើ​លោក​អ្នក​នាង​កញ្ញា ត្រូវ​ត្រៀម​អ្វី​ខ្លះ បើ​កម្ពុជា មាន​ទឹក​ជំនន់?

លោក​អ្នក​នាង​កញ្ញា​ជា​ទី​មេត្រី! ការ​តាម​ដាន​ស្តាប់​ព័ត៌មាន​ជា​ប្រចាំ​ដូចជា ការ​ស្តាប់​វិទ្យុ​ជា​ប្រចាំ ជា​ជម្រើស​ល្អ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​តាម​ដាន​ព័ត៌មាន​ស្ដីពី​ទឹក​ជំនន់ ព្រោះ​ថា ការ​ប៉ាន់​ប្រមាណ​ទំហំ​ទឹក​ជំនន់ គឺ​ជា​ការ​លំបាក​ខ្លាំង។ ជា​ប្រការ​ល្អ លោក​អ្នក​នាង​ត្រូវ​មាន​វិធានការ​ការពារ​ដោយ​អាច​ប្រើ​ឡាំង ថង់ ឬ​កាបូប​សម្រាប់​ត្រៀម​ទុក​ដាក់​សម្ភារៈ​ផ្សេងៗ មាន​ដូចជា សម្លៀកបំពាក់ ថ្នាំ​ពេទ្យ អាច​ជា​ថ្នាំ​ប៉ារ៉ាសេធមល (Paracetamol) ប្រេង​កូឡា ប្រេង​ខ្យល់ ទឹក​អាកុល ប៉េតាឌីន​សម្រាប់​លាង​របួស​ពេល​មុត ឬ​ប៉ះ​ទង្គិច​នឹង​វត្ថុ​អ្វី​មួយ​ដែល​បណ្ដាល​ឲ្យ​មុត​សាច់។ លោក​អ្នក​អាច​ត្រៀម​ទុក​នូវ​ទឹក​ដោះ​គោ​ក្មេង កំប៉ុង​ទឹក​ដោះ​គោ​កូន​ក្មេង និង​រទេះ​សម្រាប់​កុមារ​តូចៗ។

លោក​អ្នក​នាង​កញ្ញា អាច​លើក​វត្ថុ សម្ភារៈ ឧបករណ៍ និង​គ្រឿង​សង្ហារិម​ទាំងឡាយ​ដែល​នៅ​ផ្ទាល់​នឹង​ដី​ដាក់​លើ​ទីតាំង​ខ្ពស់។ ទន្ទឹម​នឹង​នេះ​ដែរ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សារធាតុ​ពុល ឬ​បំពុល​ដូចជា​ថ្នាំ​សម្លាប់​សត្វ​ល្អិត ប្រេង​ឥន្ធនៈ (ប្រេង​កាត ប្រេង​សាំង ប្រេង​ម៉ាស៊ីន) ថ្នាំ​ដាក់​រុក្ខជាតិ​ដំណាំ​នានា និង​គ្រឿង​ឆេះ​នានា ដាក់​នៅ​កន្លែង​សុវត្ថិភាព​មួយ។ លោក​អ្នក​នាង​ប្រិយមិត្ត អាច​ត្រៀម​ការ​ទប់ស្កាត់​ការ​ជ្រាប​ចូល​នៃ​ទឹក​ទៅ​ក្នុង​ផ្ទះ តាម​រយៈ​ការ​ទប់​ដោយ​បាវ​ដី ឬ​វិធី​ប្រសិទ្ធភាព​នានា។

សម្រាប់​បញ្ហា​អគ្គិសនី​ក្នុង​ផ្ទះ​វិញ ជាង​ភ្លើង​ម្នាក់ លោក សេគ សុគន្ធា និយាយ​ថា លោក​អ្នក​នាង​គួរ​ប្រើ​ខ្សែ​ភ្លើង​ដែល​មាន​គុណភាព​ល្អ ប្រើ​ប៉ារ៉ែត និង​ប្រើ​ឌីសង់ទ័រ ដើម្បី​អាច​ការពារ​ការ​ទ្សុសេ​ខ្សែ​ភ្លើង និង​ការ​ឆ្លង​ចរន្ត​អគ្គិសនី។ នៅ​ពេល​មាន​ទឹក​ជំនន់ លោក​អ្នក​នាង​មិន​គួរ​ប្រើប្រាស់​ភ្លើង​នោះ​ទេ ព្រោះ​ថា​វា​ងាយ​ឆ្លង​ចរន្ត​អគ្គិសនី​ណាស់។ ជា​មធ្យោបាយ​ល្អ លោក​អ្នក​នាង​ត្រូវ​តែ​បិទ​ប៉ារ៉ែត និង​ឌីសង់ទ័រ ដោយ​ផ្អាក​ប្រើ​ភ្លើង​មួយ​រយៈ ដើម្បី​ការពារ​គ្រោះថ្នាក់​ដែល​បណ្ដាល​មក​ពី​អគ្គិសនី៖ «»។

ប្រិយមិត្ត​អ្នក​ស្តាប់ ត្រូវ​តែ​ទៅ​រក​ទីតាំង​សុវត្ថិភាព ឬ​លំនៅឋាន​បណ្ដោះអាសន្ន​ដែល​មិន​មាន​ទឹក​លិច។ លោក​អ្នក​អាច​ត្រៀម​ទូក​សម្រាប់​ដឹក​ជញ្ជូន និង​ការ​ចំណាយ​នានា​ដែល​អាច​កើត​មាន​ទុក​ជា​មុន​ផង​ដែរ។ រីឯ​ការ​ទទួល​ទាន​ទឹក​វិញ សូម​ហូប​ទឹក​ដាំ និង​ជៀសវាង​ការ​ទទួល​ទាន​ទឹក​មិន​មាន​អនាម័យ ព្រោះ​ងាយ​ប្រឈម​មុខ​នឹង​ជំងឺ​ផ្សេងៗ មាន​ជាអាទិ៍ គ្រុន​ពោះវៀន រាករូស អាសន្នរោគ ព្រូន និង​ផ្ដាសាយ​ធំ ជាដើម។

ឯកសារ​ផែនការ​យុទ្ធសាស្ត្រ​ប្រែប្រួល​អាកាសធាតុ​សម្រាប់​វិស័យ​ធនធាន​ទឹក នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បញ្ជាក់​ថា គុណភាព​ទឹក​ត្រូវ​កំណត់​ដោយ​ដំណើរ​ប្រព្រឹត្ត​ទៅ​របស់​ធម្មជាតិ ពិសេស​ដោយ​ល្បឿន​ទឹក​ហូរ ហើយ​អាស្រ័យ​យ៉ាង​សំខាន់​ទៅ​នឹង​បរិមាណ​ទឹក​ភ្លៀង​នៅ​រដូវ​វស្សា។ កាល​ណា​ល្បឿន​ទឹក​ហូរ​យឺត នោះ​វា​បង្ក​ឲ្យ​មាន​កម្រិត​បាក់តេរី និង​សមាស​ធាតុ​គីមី​ខ្ពស់​នៅ​ក្នុង​ទឹក បើ​ទោះ​ជា​កករ​បាន​រង​ចុះ​ទៅ​បាត​ដី​ក៏ដោយ ប៉ុន្តែ​គុណភាព​ទឹក​កាន់​តែ​អាក្រក់​ឡើងៗ ព្រោះ​ថា សារធាតុ​ពុល​កាន់​តែ​បម្លែង​ខ្លួន​តូច​ទៅៗ​នៅ​ក្នុង​ទឹក។

លោក​វេជ្ជបណ្ឌិត លាន សុភ័ក្រ ឯកទេស​ថ្លើម ក្រពះ ពោះវៀន និង​ឫសដូង​បាត បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​បារាំង និង​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ពន្យល់​ថា ទឹក​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ទ្រទ្រង់​សុខភាព​មនុស្ស​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ ប៉ុន្តែ​ទឹក​ក៏​ជា​ប្រភព​នៃ​មេ​រោគ​ដែរ បើ​សិន​ទឹក​នោះ​មិន​ស្អាត និង​គ្មាន​សុវត្ថិភាព។ លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា នៅ​ពេល​ទឹក​ឡើង​វា​នឹង​មាន​សំរាម កម្ទេចកម្ទី បាក់តេរី​ជាច្រើន ហើយ​បើ​ទឹក​នោះ​មាន​លាមក​សត្វ និង​មនុស្ស​ទៀត វា​គឺ​ជា​ប្រភព​នៃ​ប៉ារ៉ាស៊ីត និង​មេ​រោគ​ឆ្លង​ផ្សេងៗ៖ «ទឹក​មាន​មេ​រោគ មេ​រោគ​វា​ចូល​ទៅ​ក្នុង​ខ្លួន​យើង ចូល​ទៅ​ក្នុង​ឈាម​យើង ហើយ​ចូល​ទៅ​ផ្លូវ​រំលាយ​អាហារ​យើង វា​បង្ក​ឲ្យ​មាន​ជំងឺ​រាករូស​ទី​១។ ទី​២ ធម្មតា​លាមក​មនុស្ស​យើង និង​សំរាម វា​មាន​ផ្ទុក​ទៅ​ដោយ​មេ​រោគ និង​ប៉ារ៉ាស៊ីត និង​សត្វ​ល្អិត ហើយ​សត្វ​ល្អិត​ហ្នឹង​វា​បង្ក​បញ្ហា​ច្រើន​ដល់​សុខភាព។ យើង​មាន​មេ​រោគ​ក្រពះ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ប្រមាណ ៦០% ទៅ ៧០% ជាពិសេស​នៅ​ប្រទេស​កម្ពុជា ហើយ​មេ​រោគ​ក្រពះ​វា​ឆ្លង​តាម​រយៈ​មិន​ស្អាត​ហ្នឹង​ឯង»

លោក​វេជ្ជបណ្ឌិត​បន្ត​ថា លោក​អ្នក​នាង​កញ្ញា​គួរ​តែ​ទទួល​ទាន​ចំណី​អាហារ​ដែល​មាន​អនាម័យ គ្មាន​ជាតិ​ពុល គ្មាន​មេ​រោគ តាម​រយៈ​វិធី​ចម្អិន និង​ដាក់​ហាល​ថ្ងៃ​ដើម្បី​សម្លាប់​មេ​រោគ។ លោក​អ្នក​នាង​អាច​ស្តាប់​តាម​សេចក្ដី​ណែនាំ​របស់​សាលា​ឃុំ សាលា​ស្រុក ខេត្ត និង​ក្រសួង​ពាក់ព័ន្ធ និង​ការ​សង្គ្រោះ​អ្នក​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ជាអាទិ៍ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ជាដើម។

លោក​អ្នក​នាង​កញ្ញា​ជា​ទី​មេត្រី! នៅ​ពេល​ទឹក​ស្រក​វិញ លោក​អ្នក​ទៅ​លំនៅឋាន​ដោយ​ប្រុង​ប្រយ័ត្ន ករណី​ចាំបាច់ ត្រូវ​ស្នើសុំ​ការ​ផ្ដល់​យោបល់ ឬ​ប្រឹក្សា​អំពី​អ្នក​ជំនាញ​នានា ដូចជា​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​តាម​ភូមិ ឬ​អ្នក​សង្គ្រោះ​បឋម​កាកបាទ​ក្រហម​កម្ពុជា ជាដើម។

លោក​អ្នក​អាច​បន្ត​ស្ដាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​បាន​ជា​ប្រចាំ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ជួប​គ្រោះ​ទឹក​ជំនន់ ព្រោះ​អាច​ទទួល​បាន​ព័ត៌មាន និង​ចំណេះ​ដឹង​នានា​ស្ដីពី​ការ​ថែទាំ​សុខភាព សន្តិសុខ សុវត្ថិភាព។ល។

លោក​អ្នក​នាង​កញ្ញា អាច​បោះ​បង់​ចោល​នូវ​ចំណី​អាហារ​ដែល​នៅ​សេសសល់​ក្នុង​ផ្ទះ ព្រោះ​បើ​លោក​អ្នក​ទទួល​ទាន អាច​ឆ្លង​មេ​រោគ នាំ​ឲ្យ​បង្ក​ជំងឺ​តម្កាត់​នានា។ ចំពោះ​គុណ​វិបត្តិ​នៃ​ទឹក​ជំនន់ គឺ​អាច​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ កាត់​ផ្តាច់​ចរាចរណ៍​សេដ្ឋកិច្ច​ជាតិ សម្លាប់​ជីវិត​មនុស្ស និង​សត្វ ព្រម​ទាំង​ផលិតផល​កសិកម្ម​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។