នៅពេលនិយាយអំពីបញ្ហាសត្វពស់ខាំ ឬចឹកសម្រាប់អ្នកនៅភ្នំពេញហាក់មិនសូវចាប់អារម្មណ៍ដូចពលរដ្ឋរស់នៅតំបន់ព្រៃភ្នំ តំបន់ទឹក ស្រុកស្រែចម្ការ ឬអ្នកនៅចុងកាត់មាត់ញកនោះទេ។ នៅតាមបណ្ដាខេត្តនានា អ្នកជំងឺដោយពស់ខាំ ឬចឹក ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យស្ទើរជារៀងរាល់ថ្ងៃ។
តើមានសញ្ញាអ្វីខ្លះដើម្បីសម្គាល់ថា អ្នកជំងឺត្រូវរងគ្រោះដោយសត្វពស់ចឹក ឬខាំ? តើមានវិធីណាអាចជួយសង្គ្រោះជនរងគ្រោះដោយពស់ចឹក ឬខាំ មុនបញ្ជូនទៅកាន់មន្ទីរពេទ្យ?
គ្រូពេទ្យបានណែនាំថា សត្វពស់ដែលបានចឹកមនុស្ស គឺមានលក្ខណៈខុសៗគ្នា ដោយខ្លះវាមានពិសខ្លាំង និងខ្លះទៀតមានពិសខ្សោយ ប៉ុន្តែចាំបាច់ត្រូវតែបញ្ជូនជនរងគ្រោះទៅដល់មន្ទីរពេទ្យឲ្យបានទាន់ពេល ដើម្បីជួយសង្គ្រោះជីវិត។
អនុប្រធានមន្ទីរពេទ្យខេត្តឧត្ដរមានជ័យ លោកវេជ្ជបណ្ឌិត កែវ ស្ដើង មានប្រសាសន៍ថា នៅមន្ទីរពេទ្យរបស់លោកយ៉ាងហោចណាស់ក្នុងមួយខែ មានអ្នកពស់ចឹកពី ៥ ទៅ ១០នាក់ដែរ។ លោកបានផ្ដល់ឱវាទថា ជនរងគ្រោះបើដឹងខ្លួនថាត្រូវពស់ចឹក សូមប្រញាប់ឲ្យដំណឹងអ្នកនៅក្បែរខ្លួនភ្លាម ឬបើនៅម្នាក់ឯង ត្រូវរកវិធីប្រាប់ដំណឹងឲ្យគេមកជួយ ដើម្បីឆាប់បានទៅដល់មន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ការសង្គ្រោះបឋមដែលត្រឹមត្រូវនោះ ត្រូវប្រើឈើអបរួចរុំថ្នមៗ ល្មមៗ កុំរឹតតឹងពេក ឯការអបនោះជារបៀបដូចអបជើង ឬដៃបាក់ឆ្អឹងដូច្នោះដែរ ហើយជៀសវាងកុំឲ្យរងគ្រោះធ្វើចលនាច្រើន ដើម្បីកុំឲ្យពិសនោះរត់ឡើងលឿនទៅតាមក្រពេញទឹករងៃ៖ «តាមរបៀបរបបថ្មីដែលមានការណែនាំ ជាមគ្គុទ្ទេសក៍ថ្មី វិធីសាស្ត្រថ្មីដែលក្រសួងសុខាភិបាល បានរៀបចំគឺការជួយសង្គ្រោះបឋមនោះ គឺអាចថា យកឈើអប មួយល្មមកុំឲ្យតឹងពេកគ្រាន់តែរុញអបកុំឲ្យគាត់កម្រើកជើងខ្លាំង ព្រោះថា គេគិតថា ពស់ចឹកពិសវាទៅតាមឈាមទេ វាទៅតាមក្រពេញទឹករងៃវាទៅយឺតៗទេ វាមិនឡើងលឿនដូចពស់ផ្កាចារ ពស់ពព្លាក់ អ៊ីចឹងវាឡើងយឺតៗ ប៉ុន្តែមិនបានរុំអបក៏ហ្អីទៅ សំខាន់ឲ្យគាត់បានមកដល់ពេទ្យឲ្យបានលឿន»។
លោកបន្តថា ប្រសិនជាតំបន់ដែលជនរងគ្រោះនៅឆ្ងាយពេក បច្ចុប្បន្ននៅតាមមន្ទីរពេទ្យរដ្ឋមួយចំនួនក៏មានរថយន្តសង្គ្រោះបន្ទាន់ ដូច្នេះអាចហៅទៅមន្ទីរពេទ្យដើម្បីដឹកជញ្ជូនឲ្យអ្នកជំងឺឲ្យបានទៅដល់មន្ទីរពេទ្យឆាប់រហ័ស។
ជួនកាល ពលរដ្ឋដែលគាត់ធ្វើការប្រកបរបររកម្ហូបក្នុងព្រៃក្នុងស្រែ គាត់មិនបានដឹងថា ខ្លួនត្រូវពស់ចឹក ឬខាំនោះទេ។ ជាសញ្ញាសម្គាល់ស្នាមពស់ដែលមានពិសចឹក គ្រូពេទ្យបានប្រាប់ថា វាបានបង្កើតជាចំណុចសម្គាល់តូចៗពីរដែលនៅឆ្ងាយពីគ្នាប្រមាណជា ២មិល្លីម៉ែត្រទៅ ១០មិល្លីម៉ែត្រ។ ពេលខ្លះ ពស់ដែលចឹកនោះមិនបានបញ្ចេញជាតិពិសរបស់វាទេ ដោយគ្រាន់តែបន្សល់ស្នាមចឹករបស់វា។ ចំណែករោគសញ្ញាពស់មានពិសចឹកវិញមានដូចជា ហើម ស្ពឹក ឈឺ និងក្រហមនៅនឹងកន្លែង និងធ្វើឲ្យងងុយដេកក៏មាន ប៉ុន្តែរោគសញ្ញានេះអាចនឹងប្រែប្រួលដែរអាស្រ័យទៅលើសុខភាពរបស់ជនរងគ្រោះ។
តាមបទពិសោធន៍ លោកវេជ្ជបណ្ឌិតកត់សម្គាល់ថា មានប្រភេទពស់ខ្លះចឹកអ្នករងគ្រោះ ហើយមិនអាចមកដល់មន្ទីរពេទ្យបានទេ គឺអាចស្លាប់នៅនឹងព្រៃតែម្ដង ដូចជាប្រភេទពស់វែករនាម ពស់វែកក្របី ជាដើម។ លោកវេជ្ជបណ្ឌិត កែវ ស្ដើង បានអះអាងថា នៅពេលមកដល់មន្ទីរពេទ្យទាន់ពេល គ្រូពេទ្យមានថ្នាំបន្សាប ឬថ្នាំសម្រាប់ព្យាបាលអ្នកជំងឺភាគច្រើនអាចមានសង្ឃឹម៖ «ឥឡូវមន្ទីរពេទ្យយើងមានសម្រាប់ថ្នាំពស់ចឹក ហូរឈាម និងពស់មួយចឹកមិនបង្កឲ្យហូរឈាមទេ វាទៅជាងងុយដេក អត់ដកដង្ហើមអត់អ៊ីចឹងពស់វាខុសគ្នា អ៊ីចឹងថ្នាំមាន ២មុខ។ មកដល់មន្ទីរពេទ្យធម្មតា ត្រូវសាកសួរអ្នកជំងឺ ឬអាចអ្នកនាំមកអាចដឹងថា ពស់ដែលខាំនោះប្រភេទពស់អីដែលចឹកគាត់ ប្រសិនជាដឹងវាងាយនឹងប្រើថ្នាំ បានជោគជ័យ។ បើអត់ដឹងពេលខ្លះយើងប្រើថ្នាំទាំងពីរព្រោះអីវាមិនអាចថាអត់ប្រើទេ បើសិនជាសង្ស័យថា ជាពស់វែកដំបូក ឬមួយក៏ពស់ផ្កាចារ។ ពិបាកពេលយប់ចឹកមើលមិនឃើញអ៊ីចឹង វិធីសាស្ត្ររបស់មន្ទីរពេទ្យប្រើថ្នាំទាំងពីរ»។
អនុប្រធានមន្ទីរពេទ្យខេត្តឧត្ដរមានជ័យ លោកវេជ្ជបណ្ឌិត កែវ ស្ដើង មានប្រសាសន៍ទៀតថា ឥរិយាបថ ឬទម្លាប់ដែលតែងតែធ្វើខុសឆ្គង និងមិនគួរគប្បីកន្លងមក លោកមើលឃើញថា ពលរដ្ឋមួយចំនួននៅខ្វះការយល់ដឹង និងតែងតែធ្វើអ្វីតាមជំនឿតៗគ្នា ដូចជាប្រជាពលរដ្ឋតាមទម្លាប់អ្នកស្រុកតែងចងរឹតឃាត់ពិស ឬអាចធ្វើពិធីផ្សេងៗទៀត ជាដើម៖ «កន្លងមកពីបុរាណយើងតែងតែលឺថា មានពស់ចឹក អ៊ីចឹងគេវះអាមុខពស់ចឹកនោះដើម្បីបឺតឈាមបឺតអី តែឥឡូវការធ្វើបែបនេះ គឺមិនឲ្យធ្វើទៀតទេ ព្រោះការវះបឺតឈាមភ្លាមៗ វាធ្វើឲ្យពិសពស់អាចចូលទៅក្នុងមាត់អ្នកបឺតឈាម ហើយទី២ អាចធ្វើឲ្យហូរឈាមនៅត្រង់កន្លែងចឹក ព្រោះពស់ខ្លះវា ការចឹកនោះហូរឈាម។ តែប្រជាជនយើងគាត់មិនសូវដឹងទេ គាត់ច្រើនតែចង ពស់ចឹកកជើងគាត់ច្រើនយកខ្សែក្រវាត់ ឬកន្សែងមករឹតភ្លៅ ឬកំភួនជើង។ តាមការគិតរបស់ខ្ញុំគឺថា ការចងស្លាក់បែបនេះ គឺកុំឲ្យពិសវាឡើងលឿនមកតាមឈាម ប៉ុន្តែការជួយសង្គ្រោះបែបនោះ វាខុសខាងផ្នែកវិទ្យាសាស្ត្រគេមិនឲ្យចងទេ ព្រោះកាលណាចងវាស្លាក់ឈាមបើកាលណាចងរហូតដល់លើស ៣០នាទី ធ្វើឲ្យអុកស៊ីហ្សែន មិនអាចមកចិញ្ចឹមកោសិកាផ្នែកខាងក្រោមការចងនោះធ្វើឲ្យខូច អាចគ្រោះថ្នាក់ដល់កាត់ជើង»។
ទន្ទឹមនឹងគ្នានេះ លោកក៏មិនហ៊ានបដិសេធថា គ្រូខ្មែរមិនអាចជួយសង្គ្រោះជីវិតអ្នកត្រូវពស់ចឹកបាននោះទេ ប៉ុន្តែលោកសង្កេតឃើញថា ពេលខ្លះបើអ្នកជំងឺរវល់ ឬជាប់ព្យាបាលជាមួយគ្រូខ្មែរ ដោយប្រើថ្នាំបុរាណនោះ ភាគច្រើនតែងហួសពេលជួយសង្គ្រោះ ដោយសារមុខរបួសក៏ឡើងហើមខ្លាំង និងមានពងបែក មានហូរឈាម ឬរលួយសាច់ក៏មាន ក្រៅពីនោះពិសអាចជ្រាបសព្វអស់ទៅហើយក្រៅអំពីការចងស្លាក់៖ «យើងធ្លាប់ឃើញគាត់ស្ដោះ ព្រោះហើយគាត់បិទ អ្នកខ្លះគាត់យកអាចម៍ក្របីមកបិទ រុំអ៊ីចឹងធ្វើឲ្យវាស្លោកពងបែកនៅលើស្បែកវាបង្កកាន់តែក្លាយ»។
ទាក់ទងនឹងការព្យាបាលពស់ចឹកបែបបុរាណ លោក ជ័យ ស៊ួន វ័យ ៨១ឆ្នាំ ជាចាស់ទុំមួយរូបរស់នៅភូមិត្រពាំងក្រាញ់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្លែងថា លោកធ្លាប់ព្យាបាលអ្នកភូមិដែលមានពស់ចឹកមិនតិចជាង ១០០នាក់នោះទេ ការព្យាបាលនៅដៃលោកមិនងាយនឹងរបូតឡើយ។ លោកថា លោកបានព្យាបាលដោយប្រើថ្នាំបុរាណឫសឈើ ដើមឈើ និងវល្លិនៅក្នុងព្រៃ ដោយបិតផង និងត្រាំទឹកផង និងការព្យាបាលដោយប្រើមន្តអាគមផ្សំផង។ ប៉ុន្តែបច្ចុប្បន្ន លោករាងធូរបន្តិចដោយសារមានមន្ទីរពេទ្យច្រើន ដូច្នេះអ្នកភូមិគាត់យកទៅមន្ទីរពេទ្យព្យាបាលតែម្ដង៖ «គេមិនព្រមទៅគេខ្លាចអស់លុយច្រើនទៅ បង្ខំអង្វរខ្ញុំទៅក៏ខ្ញុំចេះតែទទួលទៅ តែបានឥឡូវគេ អត់ត្រូវការខ្ញុំអរទៅហើយ ព្រោះខ្លួនចាស់ផង។ ពីដើមអត់មានពេទ្យមានអីក្រមនុស្សចេះដឹងបាន អង្វរប្រកែកយ៉ាងម៉េចក៏មិនឈ្នះគេដែរ គេសុខចិត្តទុកនៅហ្នឹង សុខចិត្តថា ស្លាប់ក៏ស្លាប់លើដៃតា ឬក៏ស្លាប់លើដៃបងអ៊ីចឹងទៅចុះពីដើមក្រពេទ្យ បានកបអ៊ីចឹងទៅ»។
ដើម្បីបង្ការ និងបញ្ចៀសពស់ចឹក លោកវេជ្ជបណ្ឌិតបានផ្ដល់ឱវាទជាពិសេសដល់ប្រជាពលរដ្ឋដែលដើររកម្ហូបអាហារនៅពេលយប់ និងពេលមានភ្លៀងធ្លាក់ ដូចជាដើរឆ្លុះកង្កែប បរបាញ់សត្វ ជាដើម ឲ្យមានការប្រុងប្រយ័ត្នពាក់ស្បែកជើងកវែង។ ចំណែកនៅរដូវច្រូតកាត់ រដូវទឹកជំនន់ ក៏ជាពេលវេលាមួយគួរប្រុងប្រយ័ត្នខ្ពស់ដែរ។
លោកវេជ្ជបណ្ឌិតបានតំណាលថា ពាក្យចាស់ទុំនៅតំបន់គាត់តែងពោលថា ពស់វែកដំបូក ចឹករត់បានពីរបីស្រែ ពស់វែកស្រងែ រត់រួចពីរបីព្យាម ឯពស់វែករនាម ចឹកភ្លាមស្លាប់បាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
