តើជំងឺផ្តាសាយថ្មីឈ្មោះជាភាសាអង់គ្លេសហៅថា A(H1N1) បានឆ្លងចូលប្រទេសណាខ្លះហើយ?
នៅក្នុងកិច្ចប្រជុំនៃប្រទេសចំនួន១៣ នៅអាស៊ី ដែលមានកម្ពុជា ចូលរួមផងដែរ នាក្រុងបាងកក ពីថ្ងៃទី៧ ខែឧសភា ២០០៩ លោក កេជី ហ្វូគូដា (Keiji Fukuda) ឧបការីស្តីទីអគ្គនាយករបស់អង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា បើមើលទៅដល់ការឆ្លងរោគរាលដាលឆ្លងទ្វីបពីអតីតកាលនោះ គឺសមហេតុផលហើយ ដែលប៉ាន់ប្រមាណថា ១ ភាគ ៣ នៃប្រជាជនសកលលោក អាចនឹងមានឆ្លងមេរោគផ្តាសាយម្យ៉ាងឈ្មោះថា A(H1N1) ប្រសិនណារោគផ្តាសាយប្រភេទថ្មីនេះ អាចរាលឆ្លងទ្វីបនោះ។
លោកបន្តថា ពេលដែលកំពុងពិចារណាថាតើត្រូវដោះស្រាយយ៉ាងណាចំពោះបញ្ហាដែលកើតមានបែបនេះ នោះអង្គការសុខភាពពិភពលោកត្រូវតែយកមកគិតនូវហេតុការណ៍ដែលកើតមានឡើងជាទ្រង់ទ្រាយធំតែម្តង ទោះបីជាមានចំនួនភាគរយដ៏តូចតែប៉ុណ្ណោះ កើតធ្ងន់ធ្ងរ ឬ ស្លាប់ដោយជំងឺនេះក៏ដោយ គឺមនុស្សមួយចំនួនធំអាចនឹងឆ្លងជំងឺនេះ។
យោងតាមទីភ្នាក់ងារព័ត៌មានបារាំង ថ្ងៃ៧ ឧសភា លោក កេជី ហ្វូគូដា បញ្ជាក់ថា ស្ថានការណ៍កំពុងតែវិវត្តនៅឡើយ។
សូមបញ្ជាក់ថា ជំងឺផ្តាសាយប្រភេទ A(H1N1) មានកើតដំបូងនៅក្រុងម៉ិចស៊ិកូ ប្រទេសម៉ិចស៊ិកូ កាលពីចុងខែមេសា កន្លងទៅ។
មកទល់នឹងថ្ងៃ៧ ខែឧសភា ២០០៩ អង្គការសុខភាពពិភពលោកបានឲ្យដឹងថា នៅប្រទេសចំនួន ២៣ មានឆ្លងជំងឺផ្តាសាយប្រភេទ A(H1N1) ចំនួន ២.០៩៩ ករណី ក្នុងនេះមាន ៤៤នាក់ស្លាប់។ក្នុងចំណោមអ្នកស្លាប់នេះសោត ៤២នាក់ស្លាប់នៅក្នុងប្រទេសម៉ិចស៊ិកូ ហើយ ២នាក់ទៀតស្លាប់ គឺម្នាក់ជាស្ត្រីស្លាប់នៅក្នុងមន្ទីរពេទ្យតិចសាស់ និងម្នាក់ទៀតជាកុមារជនជាតិម៉ិចស៊ិកូ ដែលទៅលេងបងប្អូននៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក នោះដែរ។
ក៏ប៉ុន្តែនៅប្រទេសកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍កាលពីចុងខែមេសា ថា មិនឲ្យព្រួយពីរឿងផ្តាសាយខាងលើនេះទេ។ លោកនាយករដ្ឋមន្ត្រីបន្តថា ការឆ្លងជំងឺនេះ គឺមិនមែនមកពីការទទួលទានសាច់ជ្រូកនោះឡើយ។
លោកវេជ្ជបណ្ឌិត សុខ ទូច ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ដូច្នេះ ៖ "បច្ចុប្បន្ននេះ យើងមិនទាន់មានករណីសង្ស័យជំងឺនេះនៅឡើយទេ"។
តើប្រជាពលរដ្ឋគប្បីស្គាល់ជំងឺផ្តាសាយប្រភេទ A(H1N1) នេះយ៉ាងណា?
ចំពោះរោគសញ្ញានៃជំងឺផ្តាសាយថ្មីនេះ លោកវេជ្ជបណ្ឌិត លី សុវណ្ណ អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលមានប្រសាសន៍ថា ៖ «ចំពោះជំងឺផ្តាសាយឆ្លងពីមនុស្សទៅមនុស្សហ្នឹង គឺមានលក្ខណៈពិសេសត្រង់ថា មេរោគនេះជាមេរោគថ្មី ការដែលវាអាចកើតឡើងនោះ គឺមានរោគសញ្ញាខ្លាំងជាងជំងឺផ្តាសាយធម្មតា ហៅថាផ្តាសាយប្រចាំរដូវ។ ជំងឺនេះចាប់ផ្តើមឡើងដោយគ្រុនក្តៅលើសពី ៣៨អង្សា គ្រុនក្តៅ គួបផ្សំនឹងសញ្ញាដទៃទៀតដូចជា ក្អក ឈឺក មានហៀរសំបោរច្រើន ហើយនិងមានចង្អោរ ឬមួយក៏ក្អួត ហើយនិងជួនកាលមានរាកជាមួយផង ហើយមានបូកនឹងសញ្ញាដទៃទៀតដូចជា ល្ហិតល្ហៃខ្លាំង ហើយឈឺក្បាលខ្លាំង»។
ជាមួយនេះដែរ លោកវេជ្ជបណ្ឌិត សុខ ទូច បានបញ្ជាក់បន្ថែមថា ៖ «បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោកកំពុងតែរាយការណ៍ប្រាប់អំពីរោគសញ្ញាហ្នឹង ប៉ុន្តែអ្វីដែលយើងមានបច្ចុប្បន្ននេះ គឺរាល់ករណីដែលមានជំងឺផ្ដាសាយ ចាប់ពីផ្ដាសាយធម្មតា រហូតដល់មានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរហ្នឹងគឺថា ហ្នឹងគឺមានក្ដៅខ្លួន និងមានសញ្ញាផ្លូវដង្ហើម។ នេះជាសញ្ញាទី១ ហើយនិងមានបូកនឹងសញ្ញាមួយក្នុងចំណោម ៤ទៀត គឺបានន័យថា យើងមានប៉ះពាល់ជាមួយអ្នកជំងឺណាដែលបញ្ជាក់ថាមានជំងឺហ្នឹង ដូចជាអ្នកមកពីម៉ិចស៊ិកូ ឬ មកពីអាមេរិក»។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានសូមឲ្យពលរដ្ឋខ្មែរចៀសវាងការយល់ច្រឡំអំពីការប្រើឈ្មោះទាក់ទងនឹងផ្តាសាយប្រភេទថ្មីនេះ ៖ «មុននឹងចូលនេះ ខ្ញុំចង់យកឱកាសបកស្រាយ ដើម្បីកុំឲ្យមានការយល់ច្រឡំពីប្រជាពលរដ្ឋមួយចំនួន ដែលទាក់ទងទៅនឹងជំងឺផ្តាសាយជ្រូក ដែលយើងបានប្រើប្រាស់ពាក្យនេះ កាលពី១អាទិត្យដំបូងមុននេះ ហើយបច្ចុប្បន្ននេះ យើងប្តូរទៅជាពាក្យថា ជំងឺផ្តាសាយ H1N1ជំងឺផ្តាសាយថ្មី»។
តើដោយសារហេតុផលអ្វីបានជាមានការប្តូរឈ្មោះ?
លោក លី សុវណ្ណ បានឲ្យដឹងដូច្នេះ ៖ «ពីដំបូង មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង របស់សហរដ្ឋអាមេរិក គឺគាត់បានយកវីរុស យកទៅពិនិត្យមើល ហើយគាត់សង្កេតឃើញថា នៅក្នុងវីរុសនោះ មានGenetic មាន Gene (ហ្សែន) ដែលមកពីមេរោគរបស់ផ្តាសាយជ្រូក។ ដូច្នេះពេលនោះគឺបានធ្វើការសន្និដ្ឋានជាដំបូងថា ប្រើពាក្យថា ជំងឺផ្តាសាយជ្រូក។ ប៉ុន្តែរហូតដល់ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០០៩ គឺអង្គការ FAO មានន័យថា អង្គការចំណីអាហារនិងកសិកម្ម ជាមួយនឹងអង្គការ O.I.E គឺអង្គការដែលទាក់ទងនឹងសុខភាពសត្វ និងអង្គការសុខភាពពិភពលោក បានរួមគ្នាចេញនូវសេចក្តីប្រកាសមួយថា យើងពុំគួរប្រើពាក្យផ្តាសាយជ្រូកទេ គួរតែប្រើពាក្យថា ជំងឺផ្តាសាយថ្មី H1N1 ដែលរាតត្បាតជាសាកល។ ពីព្រោះរហូតមកដល់ម៉ោងដែលខ្ញុំនិយាយនេះ គឺយើងពុំទាន់មានភស្តុតាងជាក់លាក់ណាមួយ ដែលបង្ហាញថា ការឆ្លងរាតត្បាតពីមនុស្សទៅមនុស្សបច្ចុប្បន្ននេះ មានប្រភពមកពីសត្វជ្រូកនោះទេ ទោះបីជានៅប្រទេសម៉ិចស៊ិកូ ឬមួយក៏នៅសហរដ្ឋអាមេរិកក៏ដោយ»។
ទោះជាយ៉ាងណាក្តី លោក កេជី ហ្វូគូដា នៃអង្គការសុខភាពពិភពលោក បានមានប្រសាសន៍នៅក្រុងបាងកក ប្រទេសថៃ ថា ប្រជាជាតិទាំងឡាយមិនត្រូវធ្វេសប្រហែសនឹងជំងឺនេះឡើយ ថ្វីបើបច្ចុប្បន្នជំងឺផ្តាសាយប្រភេទថ្មី A(H1N1) ហាក់ដូចជានៅពុំទាន់ធ្ងន់ធ្ងរដូចករណីជំងឺដែលរាតត្បាតមុនៗ ដូចជាជំងឺផ្តាសាយស្ប៉ានីស (Spanish flu) ដែលកើតក្នុងឆ្នាំ ១៩១៨ នោះ ក៏ដោយ៕
