ផល​ប៉ះពាល់​សុខភាព​ដោយ​ការ​បំផ្លាញ​កាក​សំណល់​ប្លាស្ទិក

ដោយ ខែ សុណង
2017.01.19
ដុត សំរាម ៨៥៥ ពលរដ្ឋ​ដុត​សំរាម​នៅ​ភូមិ​បឹងសាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៧។ RFA/Kher Sonorng
RFA/Kher Sonorng

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​សំរាម​ដែល​បាន​ធ្វើ​សកម្មភាព​ប្រមូល​សំរាម​តាម​ទីផ្សារ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្នុង​ទីប្រជុំជន។ ចំណែក​នៅ​តាម​ភូមិ​ឋាន​នានា ដូចជា​ស្រុក​ស្រែ​ចម្ការ ចុងកាត់មាត់ញក ផ្ទះ​អ្នក​ដែល​មាន​ដី​ធំៗ នៅ​តាម​តំបន់​មួយ​ចំនួន​នោះ ប្រជាពលរដ្ឋ​នៅ​មាន​ទម្លាប់​ដុត​កម្ទេច​សំរាម​ចោល​ដដែល។ បញ្ហា​នេះ គ្រូពេទ្យ​បាន​អះអាង​ថា ការ​ដុត​សំរាម និង​កាកសំណល់​គ្រប់​ប្រភេទ​គឺ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​មនុស្ស។

អ្នក​ឯកទេស​ផ្នែក​សុខភាព​អះអាង​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​មិន​បាន​ចាប់​អារម្មណ៍​ចំពោះ​ឥទ្ធិពល​នៃ​ផល​ប៉ះពាល់​ដល់​សុខភាព​ពី​ផ្សែង​ភ្លើង​ដែល​គេ​ដុត​កាក​សំណល់​សំរាម ពិសេស​ប្លាស្ទិក​នោះ​ទេ។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា និង​ជា​គ្រូពេទ្យ​ជំនាញ​ផ្នែក​រូបភាព​វេជ្ជសាស្ត្រ នៃ​មន្ទីរពេទ្យ​ព្រះកេតុមាលា លោក​វេជ្ជបណ្ឌិត អ៊ូច វុទ្ធី មាន​ប្រសាសន៍​ថា មាន​ផល​ប៉ះពាល់​ជា​ច្រើន​ចំពោះ​បញ្ហា​សុខភាព​ដោយ​ឥទ្ធិពល​នៃ​ផ្សែង​ភ្លើង​ដែល​គេ​ដុត​កាក​សំណល់ ពិសេស​ជ័រ​ប្លាស្ទិក ដែល​វា​បាន​បំប្លែង​ទៅ​ជា​ឧស្ម័នកាបូនិច (CO2) ដែល​មាន​ជាតិ​ពុល​នៅ​ក្នុង​ផ្សែង​ដែល​ប្រជាពលរដ្ឋ​មិន​បាន​ដឹង​នោះ​ទេ។ បញ្ហា​នេះ វា​បាន​បង្ក​ឲ្យ​អ្នក​ស្រូប​ក្លិន និង​ផ្សែង​នេះ មាន​ជំងឺ​សួត​រ៉ាំរ៉ៃ ជំងឺ​របេង រលាក​បំពង់​ក ក្ដៅ​ខ្លួន និង​ជំងឺ​ផ្ដាសាយ​ជា​ដើម៖ «ក្នុង​ការ​ដុត​សំរាម​ដុត​អី​គាត់​អត់​ពិគ្រោះ​ជាមួយ​អ្នក​មាន​ការ​ចេះ​ដឹង​វា​មាន​ផល​ប៉ះពាល់​ច្រើន​វា​បម្លែង​ទៅ​ជា CO2 វា​មាន​ជាតិ​ពុល​ពេញ​អាកាស​ទាំង​អស់ វា​អាច​សាយភាយ​ទៅ​អ្នក​ជិត​នៅ​ក្បែរ​ខ្លួន​គាត់។ ឲ្យ​គំរូ​អាក្រក់​ដដែលៗ​ទៅ​ដល់​ពួកគាត់»

លោក​បន្ត​ថា ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ​គឺ ផ្សែង​ដែល​សាយភាយ​ទៅ​ក្នុង​បរិយាកាស​ដែល​បាន​បំពុល​ដល់​សារពាង្គកាយ​មនុស្ស​ឲ្យ​កើត​ជំងឺ​របេង ចំណែក​អ្នក​ដែល​មាន​ជំងឺ​របេង​ហើយ​ងាយ​នឹង​រង​ឥទ្ធិពល​ជំងឺ​ម៉្យាង​ទៀត ដែល​គេ​ហៅ​ថា ជំងឺ​របេង​គីមី។ ប៉ុន្តែ​ជំងឺ​របេង​គីមី​នេះ អាច​ព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​របេង​បាន​ក្នុង​រយៈពេល​ពី ៦​ខែ ទៅ ៨​ខែ។

លោក​វេជ្ជបណ្ឌិត​បន្ត​ថា ជំងឺ​របេង​គីមី​នេះ បើ​សិន​ជា​អ្នក​ជំងឺ​ក្អក​លើស​ពី ២​សប្ដាហ៍ ដល់ ២​ខែ​នោះ អ្នក​ជំងឺ​អាច​ប្រឈម​គ្រោះថ្នាក់ ហើយ​ប្រសិន​ជា​ទៅ​រក​ការ​ព្យាបាល​មិន​បាន​ទាន់​ពេលវេលា​នោះ​ទេ អាច​បង្ក​ឲ្យ​អ្នក​ជំងឺ​ស្លាប់​បាន៖ «ហើយ​របេង​ដែល​ប៉ះពាល់​ជាតិ​ផ្សែង និង​ជាតិ​ស្អុយ​ហ្នឹង គេ​ហៅ​ថា របេង​គីមី។ អា​ផ្សែង​ហ្នឹង​វា​បង្ក​ឲ្យ​មាន​ជាតិ​គីមី​ទៀត។ ខុស​ពី​របេង​ធម្មតា ក្លិន​សាំង​ក្រអូប​ក៏​អាច​ប៉ះពាល់​ជាង​បាញ់​ថ្នាំ​ឡាន ប៉ះពាល់​ខ្លាំង​ណាស់ ពេល​ណា​មក​គាត់​ថត​សួត​នោះ ឃើញ​សួត​គាត់​ដូច​សំបុក​ឃ្មុំ​អុចៗ​តូចៗ ថត​សួត​មើល​ភាគ​ច្រើន​ឃើញ​គាត់​កើត​ជំងឺ​របេង ផ្សំ​នឹង​មេរោគ​ហ្នឹង​ចូល​ទៀត​លឿន​ហ្មង។ ពេល​គាត់​សួត​គាត់​២​ខែ​អី​ស៊ី​អស់​ហើយ មួយ​ចំហៀង​សួត​អ៊ីចឹង​ទៅ ពាក់​កណ្ដាល​អា​ក្រោម​សល់​បន្តិច​​ទៅ​ណា»

មួយ​វិញ​ទៀត លោក​វេជ្ជបណ្ឌិត​ឲ្យ​ដឹង​ថា ការ​សាយភាយ​ផ្សែង​ពី​ភ្នក់​ភ្លើង​ក៏​មាន​ឥទ្ធិពល​ដែល​ធ្វើ​ឲ្យ​ផល​ប៉ះពាល់​ភ្លាមៗ ដល់​ខួរ​ក្បាល​របស់​មនុស្ស​ផង​ដែរ៖ «ព្រោះ​ខួរ​ក្បាល​មនុស្ស​យើង​ត្រូវ​ការ​ជាតិ​អុកស៊ីហ្សែន គ្រប់គ្រាន់ ពេល​ណា​ឧស្ម័នកាបូនិច វា​បុក​មក​ចូល​ខ្លាំង​ទៅ​ដង្ហើម​យើង ដក​អត់​បាន​គ្រប់​គ្រាន់ ជាតិ​ពុល​មក​ថប់​ពេញ​អស់ ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ខួរ​ក្បាល ធ្វើ​ឲ្យ​មនុស្ស​សន្លប់ មនុស្ស​ខ្យល់គរ ដោយសារ​ផ្សែង​ទាំង​អស់​នេះ​ដែរ។ អ្នក​ខ្លះ​ដើរៗ​ក្នុង​ផ្សារ​អី គាត់​ខ្យល់​គ​ដួល​មួយ​រំពេច អា​ហ្នឹង​ហើយ​ដោយសារ​តែ​គាត់​ខ្វះ​អុកស៊ីហ្សែន ទៅ​ចិញ្ចឹម​ខួរ​ក្បាល​គាត់»

ដើម្បី​បង្ការ និង​ការពារ​ផល​ប៉ះពាល់​សុខភាព​ពី​ការ​ដុត​កាក​សំណល់ សំរាម និង​ប្លាស្ទិក​នេះ គ្រូពេទ្យ​ជំនាញ​ផ្នែក​រូបភាព​វេជ្ជសាស្ត្រ​នៃ​មន្ទីរពេទ្យ​ព្រះកេតុមាលា លោក​វេជ្ជ​បណ្ឌិត អ៊ូច វុទ្ធី មាន​ប្រសាសន៍​ថា អ្នក​ជំងឺ​អាច​ដឹង​ខ្លួន​នៅ​ពេល​អ្នក​ជំងឺ​មាន​អាការៈ​គួរ​ឲ្យ​កត់សម្គាល់​ដូច​ជា មាន​ក្អក ក្ដៅ​ខ្លួន រលាក​បំពង់​ក និង​ជំងឺ​ផ្ដាសាយ ជា​ដើម។

លោក​ថា កុំ​ទុក​ឲ្យ​ជំងឺ​នេះ​លើស​ពី​មួយ​សប្ដាហ៍ បើ​សង្ស័យ​ក្រុម​គ្រួសារ​គប្បី​ត្រូវ​បញ្ជូន​អ្នក​ជំងឺ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ផ្នែក​ផ្លូវ​ដង្ហើម របេង​ជា​បន្ទាន់ និង​រៀបរាប់​ប្រាប់​គ្រូពេទ្យ​ពី​ជីវិត​រស់នៅ​និង​បរិស្ថាន​ជុំវិញ​ខ្លួន៖ «គាត់​ឧស្សាហ៍​ធុំ​ក្លិន​ផ្សែង​នេះ ញឹកញាប់​ពេក​យូរៗ​វា​មិន​អាច​ដាក់​ថ្នាំ​ត្រូវ ត្រូវ​ឲ្យ​គាត់​ជួប​គ្រូ​ពេទ្យ​ជំនាញ​ផ្លូវ​ដង្ហើម ឲ្យ​ពិនិត្យ​មើល​សួត​គាត់​យ៉ាង​ម៉េច បំពង់​ក​គាត់​យ៉ាង​ម៉េច សរសៃ​ប្រសាទ​គាត់​យ៉ាង​ម៉េច​ហ្នឹង​គេ​រក​តាម​ហ្នឹង។ ភាគ​ច្រើន​ខ្ញុំ​នៅ​ផ្នែក​ខាង​ហ្នឹង ខ្ញុំ​ពិនិត្យ​មើល​ភាគ​ច្រើន​អ្នក​ដែល​នៅ​ជិត​ផ្សែង ក្លិន​ស្អុយ​ភាគ​ច្រើន គាត់​កើត​ជំងឺ​របេង​សួត។ មួយ​ទៀត​ប្រឈម​ខ្លាំង​ជាង​បាញ់​ថ្នាំ​ផ្ទះ​បាញ់​ថ្នាំ​ឡាន គាត់​ធុំក្លិន​សាំង​ក្រអូប គាត់​ឆ្ងុយ​ណាស់ គាត់​ហិត​រាល់​ថ្ងៃ ដល់​ពេល​គាត់​ធ្លាក់​ស្គម​រ៉ាំរ៉ៃ គាត់​ទៅ​មើល​សួត គាត់​មាន​របេង​ដោយ​ជាតិ​គីមី»

ជា​ដំណោះស្រាយ​ពី​ការ​ជះ​ឥទ្ធិពល​ដោយ​ការ​បំពុល​បរិស្ថាន​ផ្សែង​ភ្លើង​នេះ លោក​ស្នើ​ឲ្យ​ក្រសួង​បរិស្ថាន ក្រសួង​សុខាភិបាល បង្កើត​ឲ្យ​មាន​ឡ​សម្រាប់​ដុត​សំរាម។ អប់រំ​ឲ្យ​ពលរដ្ឋ​យល់​ដឹង​អំពី​ការ​បែងចែក ញែក និង​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​វេជ្ជបណ្ឌិត​បាន​ផ្ដល់​ទូន្មាន​ថា លោក​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់ មាន​អនាម័យ​ល្អ​ក្នុង​ការ​រស់នៅ និង​សំអាត​អនាម័យ​បរិស្ថាន​ជុំវិញ​ផ្ទះ​ឲ្យ​ល្អ ដែល​មាន​ទ្រឹស្ដី​ចម្បង​របស់​គ្រូពេទ្យ ស្អាត​ទាំង​៥ គឺ​រស់​នៅ​ស្អាត ផឹក​ស្អាត ហូប​ស្អាត រៀបចំ​ខ្លួន​ស្អាត និង​អនាម័យ​ខ្លួន​ស្អាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។