យុទ្ធសាស្ត្រ​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន

ដោយ ខែ សុណង
2017.02.16
ជំងឺ​មហា​រីក​មាត់​ស្បូន ៦២០ ផ្ទាំង​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហា​រីក​មាត់​ស្បូន​លើក​ទី​៥ ដើម្បី​អបអរ​ទិវា​អន្តរជាតិ​នារី លើក​ទី​១០៤ របស់​មន្ទីរពេទ្យ​កាល់ម៉ែត ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៥។
Photo courtesy of Calmette Hospital

មន្ទីរពេទ្យ​កាល់ម៉ែត បាន​បើក​យុទ្ធនាការ​លើក​ទី​៨ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​មាត់​ស្បូន។ យុទ្ធនាការ​នេះ បាន​ចាប់​ផ្ដើម​បើក​ឲ្យ​ពលរដ្ឋ​ចុះ​ឈ្មោះ​ពិនិត្យ​និង​ធ្វើតេស្ត​ដោយ​ឥត​គិត​ថ្លៃ​រយៈពេល ១​ខែ ចាប់​ពី​ថ្ងៃ​ទី​៨ កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​មីនា។

តើ​អ្វី​ទៅ​ជា​ជំងឺ​មហារីក​មាត់​ស្បូន? តើ​មាន​យុទ្ធសាស្ត្រ​អ្វី​ខ្លះ​ដើម្បី​បង្ការ​ជំងឺ​នេះ?

នៅ​ប្រទេស​កម្ពុជា អត្រា​កើត និង​អត្រា​មរណភាព​ដោយ​ជំងឺ​មហារីក​មាត់​ស្បូន​កំពុង​មាន​អត្រា​ខ្ពស់​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

របាយការណ៍​ចុង​ក្រោយ​បំផុត​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ស្ដី​អំពី​ជំងឺ​មហារីក​មាត់​ស្បូន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា មាន​អត្រា​កើត និង​អត្រា​មរណភាព​ដោយសារ​ជំងឺ​នេះ​ខ្ពស់​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង ១០​ប្រទេស ក្នុង​នោះ​ស្ត្រី​ប្រហែល ១.៥០០​នាក់ ក្នុង​មួយ​ឆ្នាំៗ​កើត​ជំងឺ​មហារីក​មាត់​ស្បូន ហើយ​ស្ត្រី​ប្រហែល​ជាង ៦០% បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​នេះ។ ពោល​គឺ​ជំងឺ​មហារីក​មាត់​ស្បូន គឺ​ជា​ជំងឺ​មហារីក​ទី​១ ដែល​សម្លាប់​ស្ត្រី​ច្រើន​ជាង​គេ​បំផុត​ក្នុង​ចំណោម​ជំងឺ​មហារីក​ទាំង​អស់។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ មន្ទីរពេទ្យ​កាល់ម៉ែត បាន​ផ្ដល់​ការ​អប់រំ​ដល់​ពលរដ្ឋ​អំពី​ការ​បង្ការ​ជំងឺ​នេះ តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​គេហទំព័រ​មន្ទីរពេទ្យ ដោយ​មាន​ការ​ពន្យល់​ពី​វេជ្ជបណ្ឌិត​ឯកទេស កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ។

តើ​អ្វី​ទៅ​ជា​មាត់​ស្បូន?

ប្រធាន​ផ្នែក​វិភាគ​កោសិកា​មហារីក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត អ្នកស្រី​វេជ្ជបណ្ឌិត ហាវ មនីរត្ន បាន​ពន្យល់​ថា ស្បូន​ទាំង​មូល​គឺ​ចែក​ចេញ​ជា ២​ផ្នែក គឺ​តួ​ស្បូន​ផ្នែក​ខាង​លើ និង​មាត់​ស្បូន ឬ​ក​ស្បូន​ផ្នែក​ខាង​ក្រោម។ មាត់​ស្បូន ឬ​ក​ស្បូន​គឺ​ជា​ផ្នែក​មួយ​ពី​ទ្វារ​មាស​ស្ត្រី​ទៅ​តួ​ស្បូន​ខាង​ក្នុង។ ចំណែក​មាត់​ស្បូន គឺ​ជា​កន្លែង​ដែល​រង​ការ​ប៉ះទង្គិច​នូវ​ការ​ឆ្លង​មេរោគ​ជា​ច្រើន​នៅ​ពេល​មាន​សកម្មភាព​រួម​ភេទ ពេល​នោះ​ហើយ​គឺ​មាន​មេរោគ​ម្យ៉ាង​ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក៖ «នៅ​ពេល​ដែល​ស្ត្រី​ចាប់​ផ្ដើម​សកម្មភាព​ផ្លូវ​ភេទ មាន​ការ​ឆ្លង​មេរោគ​ជា​ច្រើន​ក្នុង​នោះ​មាន​ដូច​ជា មេរោគ​ជា​ច្រើន​ដែល​នៅ​ក្នុង​នោះ​មាន​មេរោគ ដែល​គេ​ហៅ​កាត់​ថា HPV ដែល​បង្កើត​ឲ្យ​ទៅ​ជា​ជំងឺ​មហារីក​មាត់​ស្បូន។ នៅ​ពេល​ដែល​ស្ត្រី​ឆ្លង​មេរោគ​នេះ រយៈពេល​ច្រើន​ខែ​ច្រើន​ឆ្នាំ​ទៅ កោសិកា​នៅ​លើ​មាត់​ស្បូន​ស្ត្រី​នឹង​មាន​បម្រែបម្រួល​ខុស​ពី​ធម្មតា ហើយ​នឹង​អាច​កើត​ទៅ​ជា​ដុំ​មហារីក​ដែល​យើង​ហៅ​ថា​ដំបៅ​មហារីក​នេះ​ឯង»

គ្រូពេទ្យ​ដដែល​បាន​ប្រាប់​ទៀត​ថា មេរោគ​ប្រភេទ​អេច្ឆ.ភី.វី (HPV) ដែល​ជា​ប្រភេទ​មេរោគ​ម្យ៉ាង​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​មាត់​ស្បូន មាន​ការ​បែងចែក​ជា ២​ក្រុម​ធំៗ គឺ​ក្រុម​ស្លូត និង​ក្រុម​កាច ហើយ​ស្ត្រី​អាច​កត់សម្គាល់​រោគ​សញ្ញា​នៅ​លើ​អវយវៈ​ភេទ៖ «ក្រុម​ស្លូត​ហៅ​ថា lowrise HPV ហើយ​ក្រុម​កាច Highrise HPV។ មេរោគ HPV ប្រភេទ​ស្លូត មិន​បង្ក​ឲ្យ​ទៅ​ជា​មហារីក​មាត់​ស្បូន​ទេ ផ្ទុយ​ទៅ​វិញ​វា​បង្ក​ឲ្យ​កើត​កន្ទួល​នៅ​លើ​ប្រដាប់​ភេទ​ខាង​ក្រៅ ឬ​មួយ​ប្រដាប់​ភេទ​ខាង​ក្នុង ដែល​ភាសា​ខ្មែរ​គេ​ហៅ​សាមញ្ញ​ថា សិរមាន់ វា​មាន​រាង​រីក​ស្គុសស្គាយ​ដូច​សិរមាន់​អ៊ីចឹង។ ផ្ទុយ​ទៅ​វិញ​មេរោគ HPV ប្រភេទ Highrise នឹង​នាំ​ឲ្យ​ស្ត្រី​កើត​ទៅ​ជា​កោសិកា​ធម្មតា​នៅ​លើ​មាត់​ស្បូន ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​នឹង​អាច​នាំ​ឲ្យ​ស្ត្រី​កើត​ជា​មហារីក​មាត់​ស្បូន​បាន»

ដើម្បី​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន គ្រូពេទ្យ​បាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន។

អ្នកស្រី​វេជ្ជបណ្ឌិត ហាវ មនីរត្ន បាន​បែងចែក​វិធី​បង្ការ​ជា ៣​វិធីសាស្ត្រ​ធំៗ​គឺ សម្រាប់​កុមារី​ដែល​មិន​ទាន់​ឆ្លងកាត់​សកម្មភាព​ផ្លូវ​ភេទ មាន​អាយុ​ចាប់​ពី ៩​ឆ្នាំ​ឡើង គឺ​ត្រូវ​ចាក់​ថ្នាំ​បង្ការ ឬ​វ៉ាក់សាំង​ប្រឆាំង​មេរោគ អេច្ឆ.ភី.វី ដែល​ថ្នាំ​នេះ មាន​នៅ​លើ​ទីផ្សារ​សព្វ​ថ្ងៃ​ចំនួន ២​ប្រភេទ។ វ៉ាក់សាំង​ទី​១ មាន​ឈ្មោះ សេវវ័រីច (Cervarix) និង​វ៉ាក់សាំង​ទី​២ មាន​ឈ្មោះ ហ្គាដាស៊ីល (Gardasil)។

ក្រៅ​អំពី​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន​នេះ វិធីសាស្ត្រ​ទី​២ គឺ​ការ​ពិនិត្យ​មាត់​ស្បូន​ឲ្យ​បាន​ទៀងទាត់។ រី​ឯ​ទី​៣ ចំពោះ​ស្ត្រី​ដែល​មាន​ដៃគូ​រួម​ភេទ​ហើយ គួរ​តែ​ទៅ​ពិនិត្យ​មាត់​ស្បូន ជា​រៀងរាល់ ២ ឬ ៣​ឆ្នាំ​ម្ដង។ រី​ឯ​ការ​ធ្វើតេស្ត​នេះ​ឯង បើ​សិន​ជា​រក​ឃើញ​សញ្ញា​អវិជ្ជមាន មាន​ន័យ​ថា ស្ត្រី​មិន​មាន​ផ្ទុក​មេរោគ អេច្ឆ.ភី.វី កាច​សាហាវ​នោះ​ទេ ស្ត្រី​គួរ​តែ​ទៅ​តាមដាន​មាត់​ស្បូន​ជា​រៀងរាល់ ៣​ឆ្នាំ ទៅ ៥​ឆ្នាំ​ម្ដង។ ចំណែក​ការ​ធ្វើតេស្ត​នេះ គឺ​មាន​ភាព​ងាយស្រួល​ដោយ​គ្រូពេទ្យ​ឯកទេស​គ្រាន់​តែ​ចំណាយ​ពេល​ប្រមាណ ១០​នាទី ក្នុង​ការ​ពិនិត្យ​មាត់​ស្បូន និង​បៀក​យក​កោសិកា​មាត់​ស្បូន ដើម្បី​ស្វែង​រក​ថា តើ​កោសិកា​មាត់​ស្បូន​ស្ត្រី​មាន​ផ្ទុក​មេរោគ អេច្ឆ.ភី.វី កាច​សាហាវ​ដែរ​ឬ​ទេ។

សូម​លោក​នាង​ស្ដាប់​ការ​ពន្យល់​របស់​គ្រូពេទ្យ​ដូច្នេះ៖ «ប្រសិន​បើ​លទ្ធផល​នៃ​តេស្ត HPV នេះ គឺ​ជា​លទ្ធផល​វិជ្ជមាន​មាន​ន័យ​ថា ស្ត្រី​ផ្ទុក​មេរោគ HPV កាច​សាហាវ​ហើយ ដូច្នេះ​គាត់​មាន​ហានិភ័យ​ក្នុង​ការ​កើត​មហារីក​មាត់​ស្បូន​នៅ​ថ្ងៃ​ក្រោយ។ ដូច្នេះ​គ្រូពេទ្យ​ចង់​ដឹង​ថា កោសិកា​មាត់​ស្បូន​របស់​គាត់​បម្រែបម្រួល ឬ​មិន​ប្រក្រតី​ហើយ​ឬ​នៅ? ដូច្នេះ​ការ​ធ្វើ ផេបស្មៀ អាច​ឲ្យ​គ្រូពេទ្យ​ចាប់​បាន​កោសិកា​ដែល​មាន​បម្រែបម្រួល​ខុស​ប្រក្រតី​ដំណាក់កាល​ដំបូងៗ ដែល​មិន​ទាន់​កើត​ជា​កោសិកា​មហារីក​ដែល​យើង​ហៅ​ថា ដំបៅ​ត្រៀម​មហារីក​នោះ​ការ​ព្យាបាល​មាន​ប្រសិទ្ធភាព​បំផុត គឺ​ច្រឹប​មាត់​ស្បូន​កន្លែង​ដំបៅ​នោះ​ចេញ ធ្វើ​ការ​បង្ការ​មិន​ឲ្យ​កន្លែង​ដំបៅ​នោះ​ក្លាយ​ជា​ដំបៅ​មហារីក​ទេ»

ការ​ចាក់​ថ្នាំ​បង្ការ​គឺ​ស្ត្រី​នឹង​រង​ផល​ប៉ះពាល់​បន្តិចបន្តួច​ក្រោយ​ការ​ចាក់​នោះ ដូចជា អ្នក​ចាក់​អាច​ឈឺ​ត្រង់​សាច់ដុំ​ដៃ ២​ថ្ងៃ ទៅ ៣​ថ្ងៃ ឬ​ដល់​១​សប្ដាហ៍ អាច​មាន​អាការៈ​ក្ដៅ​ខ្លួន រមាស់ និង​អាច​វិល​មុខ​ជា​ដើម ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​បញ្ហា​អ្វី​ជា​ធំ​ដុំ​នោះ​ទេ។

ប្រធាន​ផ្នែក​វិភាគ​កោសិកា​មហារីក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត អ្នកស្រី​វេជ្ជបណ្ឌិត ហាវ មនីរត្ន ថ្លែង​ថា ការ​ចាក់​ថ្នាំ​ប្រឆាំង​មេរោគ​មហារីក​មាត់​ស្បូន​នេះ សម្រាប់​កុមារី​ដែល​មាន​អាយុ​ពី ៩​ឆ្នាំ ទៅ ១៤​ឆ្នាំ គឺ​ចាក់​ចំនួន ២​ដង មិន​មាន​ការ​ចាក់​រំលឹក​ឡើង​វិញ​ទេ ហើយ​ស្ត្រី​ត្រូវ​ចាក់ ៣​ដង តាម​កំណត់​របស់​គ្រូពេទ្យ។

អ្វី​ដែល​សំខាន់​នោះ គ្រូពេទ្យ​ជំនាញ​មិន​តម្រូវ​ឲ្យ​ស្ត្រី​ចាក់​ថ្នាំ​ប្រឆាំង​មេរោគ​មហារីក​នេះ នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​នោះ​ទេ ប៉ុន្តែ​បើ​សិន​ជា​ស្ត្រី​ដល់​ពេល​ណាត់​ជួប​គ្រូពេទ្យ​ដើម្បី​ចាក់ ហើយ​គាត់​មាន​ផ្ទៃពោះ​នោះ ស្ត្រី​អាច​ពន្យារ​ការ​ចាក់​រហូត​ដល់​សម្រាល​បុត្រ​រួច រី​ឯ​ប្រសិទ្ធភាព​ថ្នាំ​នៅ​រក្សា​បាន​ដូច​ដើម។

តើ​ការ​ឆ្លង​មេរោគ អេច្ឆ.ភី.វី  នេះ មាន​រោគ​សញ្ញា​អ្វី​ខ្លះ?

ជា​ចម្លើយ​របស់​គ្រូពេទ្យ​គឺ ការ​ផ្ទុក​មេរោគ អេច្ឆ.ភី.វី  នៅ​នឹង​មាត់​ស្បូន ហើយ​មេរោគ អេច្ឆ.ភី.វី  ធ្វើ​ឲ្យ​ស្ត្រី​កើត​ដំបៅ​ត្រៀម​មហារីក​មាត់​ស្បូន​ក៏​ដោយ ក៏​ស្ត្រី​គ្មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់។ ប៉ុន្តែ​រោគ​សញ្ញា​ធ្លាក់​ឈាម​នឹង​កើត​មាន​ឡើង​នៅ​ពេល​ដែល​ស្ត្រី​ចាប់​ផ្ដើម​មាន​ជំងឺ​មហារីក​ហើយ ដូច្នេះ​បើ​សិន​ជា​ទុក​រហូត​ដល់​ស្ត្រី​មាន​រោគ​សញ្ញា​គឺ​ជា​ដំណាក់កាល​យឺត​ពេល។

គ្រូពេទ្យ​បញ្ជាក់​ថា ការ​ចាក់​ថ្នាំ​បង្ការ​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន គឺ​អ្នក​ចាក់​មិន​អាច​ការពារ​ជំងឺ​មហារីក​នៅ​កន្លែង​ផ្សេងៗ​នៃ​រាងកាយ​បាន​ទេ។

ទោះ​ជា​យ៉ាង​ណា ស្ត្រី​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ ទាំង​មុន​ពេល​និង​ក្រោយ​ពេល​មាន​សកម្មភាព​ផ្លូវ​ភេទ​ក៏​ដោយ វ៉ាក់សាំង​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន​នេះ គឺ​ពុំ​មាន​ប្រសិទ្ធភាព​មិន​ដល់​១០០% ទេ ដូច្នេះ​គ្រប់​ស្ត្រី​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ​នៅ​ពេល​ដែល​គាត់​មាន​ដៃគូ​រួម​ភេទ​ដាច់​ខាត​ត្រូវ​តែ​ពិនិត្យ​មាត់​ស្បូន​ជា​ប្រចាំ។ និយាយ​ឲ្យ​ខ្លី ការ​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​ឲ្យ​មាន​ប្រសិទ្ធភាព ១០០% បាន​នោះ គឺ​ចាំបាច់​ត្រូវ​គួប​ការ​ចាក់​វ៉ាក់សាំង និង​ការ​ពិនិត្យ​មាត់​ស្បូន​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។