ការ​ថែទាំ​សុខភាព​មនុស្ស​ចាស់​នៅ​ក្នុង​គ្រួសារ

ដោយ ខែ សុណង
2017.04.27
ទិវា​មនុស្ស​ចាស់ បាត់ដំបង ៨៥៥ ២០១៦ ពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់​អង្គុយ​រង់ចាំ​អោយ​គេ​មុជ​ទឹក​អោយ​ក្នុង​ពិធី​ចាស់​ជរា​នៅ​វត្ត​ចកធំ ឃុំកកោះ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៦ មេសា ឆ្នាំ​២០១៦។
RFA/Hum Chamroeun

អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​កំណត់​និយមន័យ​ថា មនុស្ស​ចាស់​គឺ​ជា​មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី ៦៥​ឆ្នាំ​ឡើង​ទៅ។ ក្នុង​វ័យ​នេះ ទាំង​បុរស និង​ស្ត្រី បាន​ទទួល​ការវិវឌ្ឍន៍​សុខភាព​ជា​ច្រើន​ដែល​អាច​ឲ្យ​ពួកគាត់​ងាយ​ប្រឈម​ជំងឺ​ផ្សេងៗ ឬ​អាច​មាន​គ្រោះថ្នាក់​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ដោយ​យថាហេតុ។

តើ​លោក​អ្នក​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ថែទាំ​សុខភាព​មនុស្ស​ចាស់​ដែល​ជា​សមាជិក​នៅ​ក្នុង​ក្រុម​គ្រួសារ?

នៅ​តាម​គ្រួសារ​ភាគ​ច្រើន គឺ​មាន​មនុស្ស​ចាស់​រស់​នៅ​ជាមួយ អាច​ជា​ឪពុកម្ដាយ ជីដូនជីតា​ជាដើម ដូច្នេះ​ការ​ថែទាំ​ពួកគាត់​គឺ​ពាក់ព័ន្ធ​ជាមួយ​នឹង​មេ​គ្រួសារ និង​សមាជិក​នៃ​គ្រួសារ​នីមួយៗ ត្រូវ​ចាត់ចែង​អោយ​បាន​ត្រឹមត្រូវ។

ប៉ុន្តែ​មុន​នឹង​ឈាន​ដល់​ការ​ថែទាំ​មនុស្ស​សូម​លោក​អ្នក​នាង ជ្រាប​ខ្លះៗ​ពី​ការវិវឌ្ឍន៍​នៃ​សុខភាព​រាងកាយ​របស់​មនុស្ស​ចាស់​ជា​មុន​សិន។

នៅ​ពេល​មនុស្ស​មាន​វ័យ​កាន់​តែ​ចាស់​ទៅ សរីរាង្គ​មាន​ការ​ផ្លាស់ប្ដូរ ពោល​គឺ​មាន​ការ​ផ្លាស់ប្ដូរ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។

ឯកសារ​សរសេរ​ដោយ​គ្លីនិក​វឌ្ឍនៈ​វិជ្ជា បាន​បង្ហាញ​ថា វ័យ​ដែល​គេ​ចាត់​ចូល​មនុស្ស​ចាស់ គឺ​មាន​អាយុ​ចាប់​ពី ៦៥​ឆ្នាំ​ឡើង​ទៅ។

ការវិវឌ្ឍន៍​ផ្នែក​រាងកាយ​មាន​ដូចជា ផ្នែក​ឆ្អឹង និង​សន្លាក់​បាន​ចាប់ផ្ដើម​បាត់បង់​ភាព​ហាប់​ណែន​ធ្វើ​ឲ្យ​ឆ្អឹង​ចាប់ផ្ដើម​ខ្សោយ​និង​ងាយ​បាក់។ ចំពោះ​ស្ត្រី​វ័យ​ចំណាស់​បន្ទាប់​ពី​អស់​រដូវ កំហាប់​របស់​ឆ្អឹង​ងាយ​បាត់បង់ ងាយ​បាក់ ជា​ពិសេស​ឆ្អឹង​បាត់បង់​ភាព​ហាប់​ណែន ដោយសារ​ការ​ខ្វះ​ជាតិ​កាល់ស្យូម ដែល​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ។ ចំណែក​ចំនួន​ជាតិ​កាល់ស្យូម​ក៏​ថយ​ចុះ​ដោយសារ​រាងកាយ​បឺតស្រូប​បាន​តិចតួច​ពី​ចំណី​អាហារ។ លើស​ពី​នេះ​ទៀត​វីតាមីន​ដេ (D) មាន​សារសំខាន់​ណាស់ ​ព្រោះ​វា​ជួយ​ឲ្យ​រាងកាយ​បឺត​ស្រូប​ជាតិ​កាល់ស្យូម​បាន​ល្អ។

ឆ្អឹង​ដែល​ងាយ​ប៉ះពាល់​ជាង​គេ​ភាគ​ច្រើន​គឺ​ឆ្អឹង​ត្រគាក ឆ្អឹង​ដៃ ឆ្អឹង​ខ្នង។ ឆ្អឹង​ខ្នង​ចាប់​ផ្ដើម​បាត់បង់​ភាព​ណែន និង​ធ្វើ​ឲ្យ​មាន​ការ​បាត់បង់​ជាតិ​ទឹក និង​ចាប់​ផ្ដើម​ស្ដើង ដែល​ធ្វើ​ឲ្យ​ឆ្អឹង​ខ្នង​ខ្លី​ជាង​មុន ដូច្នេះ​បាន​មនុស្ស​ចាស់​ភាគ​ច្រើន​កម្ពស់​គាត់​ចុះ​ទាប។ សរសៃ​ពួរ​ដែល​ភ្ជាប់​ទៅ​ឆ្អឹង​សន្លាក់ និង​សាច់​ដុំ​ចាប់​ផ្ដើម​បាត់បង់​ភាព​យឺត​ធ្វើ​ឲ្យ​សន្លាក់​តឹង និង​រឹង​ដែល​ធ្វើ​ឲ្យ​មាន​ការ​ឈឺចាប់។

ទាក់ទង​នឹង​សាច់ដុំ​វិញ កោសិកា​សាច់​ដុំ និង​ភាព​ខ្លាំង​គឺ​ថយ​ចុះ ដោយសារ​ការ​ថយ​ចុះ​អ័រម៉ូន​សម្រាប់​ធ្វើ​ឲ្យ​លូតលាស់ ហើយ​សាច់ដុំ​មិន​អាច​កន្ត្រាក់​បាន​លឿន​នោះ​ទេ។ ភ្នែក ក៏​ចាប់​ផ្ដើម​ស្រវាំង ឬ​ព្រិល មើល​ជិត​មិន​ច្បាស់ ត្រូវ​ការ​ពន្លឺ​ខ្លាំង​ដើម្បី​ជំនួយ​ភ្នែក​ស្ងួត ដោយសារ​កោសិកា​ដែល​ផលិត​ទឹក​រំអិល​ភ្នែក​ថយ​ចុះ ទឹក​ភ្នែក​ថយ​ចុះ ត្របក​ភ្នែក​ធ្លាក់ ត្រចៀក​ត្រូវ​ការ​ទទួល​សំឡេង​ខ្លាំងៗ​ទើប​ស្ដាប់​បាន​ច្បាស់ ឬ​ហៅ​ថា ថ្លង់។

រី​ឯ​មាត់ និង​ច្រមុះ ការ​ស្រង់​យក​រស​ជាតិ និង​ក្លិន​ក៏​ចាប់​ផ្ដើម​ថយ​ចុះ ច្រមុះ​ស្ងួត មាត់​ស្ងួត​ដោយសារ​ខ្វះ​ការ​ផលិត​ទឹក មាត់ ធ្មេញ និង​អញ្ចាញ​ធ្មេញ​ងាយ​នឹង​មាន​មេរោគ ធ្មេញ​ងាយ​ពុក និង​បាក់។ ស្បែក​ចាប់​ផ្ដើម​ស្ដើង បាត់បង់​ភាព​យឺត ស្ងួត និង​ជ្រួញ ដោយ​ការ​ប្រឈម​នឹង​កម្ដៅ​ថ្ងៃ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ធ្វើ​ឲ្យ​ស្បែក​ចេញ​អុច​ខ្មៅៗ និង​គ្រើមៗ ស្បែក​បាត់បង់​ជាតិ​កូឡាជែន (Collagen)។ ឯ​ក្រពេញ​ញើស និង​សរសៃ​ឈាម​នៅ​ស្បែក​ថយ​ចុះ ពេល​នោះ​រាងកាយ​មិន​អាច​ទាញ​កម្ដៅ​ពី​ក្នុង​ខ្លួន​បាន​ល្អ ស្បែក​មិន​អាច​ទាញ​យក​វីតាមីន ដេ ពី​ព្រះអាទិត្យ​បាន ដូច​នេះ​ងាយ​ខ្វះ​វីតាមីន​ដេ សម្រាប់​សំយោគ​ជាតិ​កាល់ស្យូម។

ទាក់ទង​នឹង​ប្រព័ន្ធ​ខួរក្បាល​វិញ​ម្ដង កោសិកា​ខួរក្បាល​ចាប់​ផ្ដើម​ចុះ​ខ្សោយ មាន​អាការៈ​វង្វេងវង្វាន់ ភ្លេចភ្លាំង​ច្រើន និង​ងាយ​កើត​រោគ​បាក់​ទឹក​ចិត្ត។

ការវិវឌ្ឍន៍​ផ្សេង​ទៀត​របស់​មនុស្ស​ចាស់ គឺ​សរសៃ​ឈាម​បេះដូង សរសៃ​ឈាម​ឡើង​រឹង ដែល​មិន​អាច​រីក ដើម្បី​ទទួល​ឈាម​បាន​ស្រួល​ពេល​មាន​ឈាម​ច្របាច់​ចូល​ម្ដងៗ។ បញ្ហា​នេះ ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង ហើយ​ការ​បំពេញ​ឈាម​ទៅ​បេះដូង​យឺត​ជាង​មុន។

សាច់ដុំ​ដក​ដង្ហើម​ថយ​ចុះ ចំនួន​ថង់​ខ្យល់ និង​សរសៃ​ឈាម​ក្នុង​សួត​ក៏​ថយ​ចុះ ដែល​ធ្វើ​ឲ្យ​ការ​បឺត​ស្រូប​អុកស៊ីហ្សែន ពី​បរិយាកាស​មិន​បាន​ល្អ ហើយ​សួត​បាត់បង់​ភាព​ការពារ​ប្រឆាំង​នឹង​មេរោគ។ រី​ឯ​ប្រព័ន្ធ​រំលាយ​អាហារ ដំណើរ​ការ​បឺត​ស្រូប និង​រំលាយ​អាហារ​យឺត ក្រពះ​មិន​អាច​ទទួល​យក​អាហារ​ច្រើន ដោយសារ​ក្រពះ​បាត់បង់​ភាព​យឺត។ ចលនា​ក្រពះ​ពោះវៀន​ថយ​ចុះ​ធ្វើ​ឲ្យ​គាត់​ងាយ​ទល់​លាមក។ មួយ​វិញ​ទៀត ប្រព័ន្ធ​បន្ត​ពូជ អ័រម៉ូន​ភេទ​ក៏​ថយ​ចុះ។

ដោយសារ​ភាព​ចុះ​ខ្សោយ​នៅ​ក្នុង​ប្រព័ន្ធ​រាងកាយ​របស់​មនុស្ស​ចាស់ តើ​លោក​អ្នក​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ថែទាំ​សុខភាព​របស់​ពួកគាត់​ឲ្យ​បាន​ល្អ?

លោក​វេជ្ជ​បណ្ឌិត ភៀវ សូរ៉ែន ជា​នាយក​គ្លីនិក​វឌ្ឍនៈ​វិជ្ជា ដែល​បាន​ផ្ដល់​សម្ភាសន៍​ឲ្យ​អាស៊ីសេរី តាម​រយៈ​សារ​ជា​អក្សរ បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ថា តើ​កូន​ចៅ​គួរ​ធ្វើ​យ៉ាង​ម៉េច​ក្នុង​ការ​ថែទាំ និង​យក​ចិត្ត​ទុក​ដាក់​មនុស្ស​ចាស់​នៅ​ក្នុង​ផ្ទះ?

លោក​វេជ្ជបណ្ឌិត​បាន​ផ្ដល់​ឱវាទ​ថា ត្រូវ​រៀបចំ​សម្ភារៈ​ក្នុង​ផ្ទះ និង​របស់​ប្រើប្រាស់​សម្រាប់​ពួកគាត់​អោយ​បាន​ត្រឹមត្រូវ។ លោក​ថា ត្រូវ​ប្រយ័ត្ន និង​យក​ចេញ​នូវ​សម្ភារៈ​ណា​ដែល​ញ័រ​ខ្លាំង ឬ​ពន្លឺ​ខ្លាំង​ដែល​អាច​រំខាន​ពួកគាត់​ក្នុង​ការ​ទទួលទាន​ដំណេក។ ចំណែក​ខ្សែ​ភ្លើង ឬ​ខ្សែ​កាប និង​វត្ថុ​តាំង​ធំៗ​ក្នុង​ផ្ទះ​ត្រូវ​រៀបចំ​ដាក់​ឲ្យ​បាន​សមរម្យ និង​សុវត្ថិភាព ជៀសវាង​ទាក់​ជើង​ដួល ភ្លើង​បន្ទប់​ទឹក​ត្រូវ​ឲ្យ​មាន​ពន្លឺ​គ្រប់គ្រាន់ ដើម្បី​អោយ​គាត់​រក​ផ្លូវ​ចូល​បន្ទប់​ទឹក​បាន​ស្រួល រីឯ​ឥដ្ឋ​ការ៉ូ​ក្នុង​បន្ទប់​ទឹក ត្រូវ​ដុស​សម្អាត​ជៀសវាង​មាន​ស្លែ​កាន់​ដែល​អាច​ឲ្យ​គាត់​រអិល​ដួល ដែល​នាំ​ឲ្យ​គាត់​ស្លាប់​មួយ​ចំហៀង​ខ្លួន និង​ពិការ។

ទន្ទឹម​នឹង​គ្នា​នេះ លោក​វេជ្ជ​បណ្ឌិត​ក៏​បាន​ផ្ដល់​គំនិត​ដែរ​ថា ការ​គិតគូរ​ពី​ការ​ចំណាយ​សម្រាប់​ពួកគាត់​គឺ​ជា​រឿង​ចាំបាច់​បំផុត។ ការ​ចំណាយ​សំខាន់​បំផុត​គឺ​លើ​ថ្លៃ​ពិនិត្យ​សុខភាព ការ​ហូបចុក​ប្រចាំ​ថ្ងៃ និង​សម្រាប់​ទិញ​របស់​បន្តិចបន្តួច​ដែល​គាត់​ចង់​បាន។ ការ​ផ្គត់ផ្គង់​អាហារ​ប្រចាំ​ថ្ងៃ​នេះ​ទៀត​សោត គឺ​មាន​​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ចាស់ បើ​គាត់​ទទួល​ទាន​មិន​បាន​គ្រប់គ្រាន់​ទេ គឺ​សុខភាព​គាត់​នឹង​ងាយ​ទ្រុឌទ្រោម។ ដូច្នេះ​ត្រូវ​រៀបចំ​អាហារ​ឲ្យ​គាត់​អោយ​បាន​ល្អ ព្រោះ​មនុស្ស​ចាស់​ពិបាក​ក្នុង​ការ​រៀបចំ​អាហារ​ដោយ​ខ្លួន​ឯង ឬ​គាត់​បាត់​ចំណង់​ក្នុង​ការ​ចម្អិន​អាហារ។

ត្រូវ​តាមដាន​សុខភាព​ជា​ប្រចាំ និង​ទៅ​ជួប​វេជ្ជបណ្ឌិត​ឲ្យ​បាន​ទៀងទាត់​តាម​ការ​ណាត់។ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ប្រើប្រាស់​ឱសថ រៀបចំ​ថ្នាំ​សង្កូវ​ឲ្យ​គាត់​ងាយ​ស្រួល​គាត់​ចាំ ឬ​ងាយ​ស្រួល​គាត់​យក​ទទួលទាន និង​ពន្យល់​គាត់​អោយ​បាន​ច្បាស់លាស់​ពី​ប្រភេទ​ថ្នាំ​នីមួយៗ សម្រាប់​ជំងឺ​របស់​គាត់ ប្រសិន​បើ​គាត់​ពិសា​ច្រឡំ​នោះ​នឹង​បង្ក​ឲ្យ​មាន​ផលវិបាក ឬ​ប្រតិកម្ម ពីព្រោះ​ពួកគាត់​ងាយ​ភ្លេច និង​អន់​ភ្នែក។

តើ​លោក​អ្នក​គួរ​មាន​ភាព​ឆ្លាតវៃ​យ៉ាង​ដូច​ម្ដេច​ក្នុង​ការ​ថែទាំ​មនុស្ស​ចាស់​ជរា​ពិការ ឬ​មាន​ដំបៅ​នៅ​លើ​រាងកាយ​ដោយសារ​ការ​សម្រាក​លើ​គ្រែ​រ៉ាំរ៉ៃ?

លោក​វេជ្ជ​បណ្ឌិត​បាន​តប​វិញ​ថា ការ​ថែទាំ​មនុស្ស​ចាស់​ដើរ​មិន​រួច ឬ​សម្រាក​លើ​គ្រែ​ជា​ប្រចាំ​នោះ កូនចៅ ឬ​អ្នក​មើល​ថែ ត្រូវ​រៀបចំ​ស្ថានភាព​របស់​គាត់​អោយ​បាន​ត្រឹមត្រូវ ជៀសវាង​ផលវិបាក​ទៅ​លើ​រាងកាយ​របស់​គាត់​ជាពិសេស ដែល​អាច​បង្ក​ឲ្យ​មាន​ដំបៅ​លើ​រាងកាយ​ដែល​គេ​ហៅ​ថា ដំបៅ​គ្រែ ឬ​ឆ្លង​មេរោគ​ផ្សេងៗ​ដោយសារ​កង្វះ​អនាម័យ។ ត្រូវ​ឧស្សាហ៍​លើក​គាត់​ធ្វើ​ចលនា ២​ម៉ោង​ម្ដង ដើម្បី​អោយ​ចរន្ត​ឈាម​រត់​បាន​ស្រួល​កុំ​ឲ្យ​សាច់ដុំ​កាន់​តែ​ស្វិត​ទៅៗ។

ងូត​ទឹក សំអាត​រាងកាយ​គាត់​អោយ​ស្អាត ជូត​ឲ្យ​ស្ងួត ផ្លាស់ប្ដូរ​សំលៀកបំពាក់ កម្រាល​ពូក និង​ភួយ ខ្នើយ អោយ​បាន​ញឹកញាប់ ពូក​ដែល​គាត់​សម្រាក​គួរ​តែ​ប្រើ​ប្រភេទ​ពូក​ទឹក​វា​អាច​ជួយ​ការពារ​ដំបៅ​លើ​រាងកាយ​ដោយសារ​ការ​សម្រាក​លើ​គ្រែ​យូរ​បាន។

ជា​ការ​ពិត​មនុស្ស​ចាស់​ងាយ​មាន​អារម្មណ៍​ឯកោ និង​គិត​ច្រើន ឆាប់​តូច​ចិត្ត បើ​កាល​ណា​ពុំ​បាន​យក​ចិត្ត​ទុកដាក់​ពី​សំណាក់​កូនចៅ​នោះ​ទេ។

ក្នុង​សម័យ​បច្ចុប្បន្ន កូន​ចៅ​ភាគ​ច្រើន​រវល់​នឹង​ចេញ​ទៅ​ប្រកប​របរ និង​ធ្វើ​ការងារ​ផ្សេងៗ សឹង​អស់​ពី​ផ្ទះ ដែល​នេះ​គឺ​ជា​បញ្ហា។ គាត់​ងាយ​មាន​អារម្មណ៍​ឯកោ ឬ​អាច​ធ្វើ​ឲ្យ​គាត់​កាន់​តែ​មាន​ស្ត្រេស (Stress) ឬ​ភាព​តប់​ប្រមល់​បង្ក​ឲ្យ​មាន​ជំងឺ​ផ្លូវ​ចិត្ត និង​អាច​ប៉ះពាល់​ដល់​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន ដូចជា វិបត្តិ​នៃ​ការ​ទទួលទាន​ដំណេក លើស​សម្ពាធ​ឈាម ឈឺ​ក្រពះ បេះដូង​លោត​ខុស​ចង្វាក់ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ជាដើម។

ជុំវិញ​បញ្ហា​ខាង​លើ​នេះ លោក​វេជ្ជបណ្ឌិត​ផ្ដល់​ដំណោះស្រាយ​ថា កូនចៅ ឬ​សមាជិក​ក្នុង​គ្រួសារ​ត្រូវ​រៀបចំ​ពេល​វេលា​អោយ​បាន​គ្រប់គ្រាន់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ នៅ​ក្បែរ​គាត់​កុំ​ទុក​ពួកគាត់​ចោល ឬ​ទៅ​លេង​សួរ​សុខទុក្ខ​ពួកគាត់​អោយ​បាន​ញឹកញាប់ ព្រោះ​នេះ​ជា​ចំណូល​ចិត្ត​ដែល​គាត់​ចង់​ជួប​មុខ​កូនចៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។