ក្នុងនាទីអប់រំសុខភាពពេលនេះ លោក ឃឹម សារ៉ង លើកយកការបកស្រាយភាគទី២ របស់លោកស្រីវេជ្ជបណ្ឌិត អាំង សូឌី ឯកទេសវិកលវិទ្យា តបនឹងសំណួរនោះ។
មានជំងឺច្រើនប្រភេទណាស់ដែលគ្រូពេទ្យនិយាយថាអាចពាក់ព័ន្ធនឹងតំណពូជ។ បើជំងឺផ្លូវចិត្តវិញ តើជាជំងឺតពូជដែរ ឫទេ?
លោកស្រីវេជ្ជបណ្ឌិត អាំង សូឌី គ្រូពេទ្យឯកទេសវិកលវិទ្យានិងជាអ្នកអភិបាលកិច្ចផ្នែកគ្លីនិច នៃអង្គការចិត្តសង្គមអន្តរវប្បធម៌បានមានប្រសាសន៍ថា ៖ «ជំងឺផ្លូវចិត្តនេះវាអាចជាជំងឺតពូជ ប៉ុន្តែមិនមែនដល់ទៅ ១០០% នោះទេ។ ប្រសិនបើក្នុងគ្រួសារដែលធ្លាប់មានសមាជិកកើតមានជំងឺផ្លូវចិត្តហ្នឹង កូនចៅ ឬក៏បងប្អូនផ្សេងៗទៀត ក្រោយមកទៀតហ្នឹងវាអាចគ្រាន់តែវាងាយទទួលរងនូវការកើតជំងឺហ្នឹងតែប៉ុណ្ណោះទេ។ មិនមែនប្រាកដដូចថា ឪពុកម្តាយជីដូនមានជំងឺហ្នឹង កូនត្រូវតែមានជំងឺហ្នឹងនោះទេ»។
ចំពោះករណីដែលថា បើសិនជាសិស្ស ឬនិស្សិតម្នាក់មានជំងឺផ្លូវចិត្ត តើការសម្រាកនិងការព្យាបាលមានការពាក់ព័ន្ធគ្នាយ៉ាងម៉េច? បើគេដឹងថាមានជំងឺនេះហើយ ហើយគេនៅតែបន្តការខិតខំប្រឹងប្រែងដើម្បីសម្រេចការរៀនសូត្ររបស់គេ តើមានឥទ្ធិពលមិនល្អដល់គេដែរ ឫទេ? ឬមួយក៏គេត្រូវផ្អាកការរៀនសូត្រមួយរយៈសិនក្នុងអំឡុងពេលព្យាបាល?
លោកស្រីវេជ្ជបណ្ឌិត អាំង សូឌី មានប្រសាសន៍ថា ៖ «ក្នុងករណីនេះ គឺវាអាចនឹងប៉ះពាល់ដល់ការរៀនសូត្ររបស់គាត់ ហើយនៅក្នុងរយៈពេលព្យាបាលហ្នឹងបើអាចយកល្អ គឺគួរតែសម្រាកមួយរយៈពេលសិនទៅ ពីព្រោះយើងដឹងហើយថា ហេតុបណ្តាលមកពីអ្វី អ្នកដែលកើតជំងឺផ្លូវចិត្តហ្នឹង គឺមកពីការមានបញ្ហា ឬក៏ការដែលទទួលនូវ Stress ច្រើនពេកទៅហ្នឹង ដែលអាចខ្លួនគាត់ហ្នឹង មិនអាចទទួលយកបាន ពេលហ្នឹងហើយដែលវាបង្កើតឲ្យទៅជាមានជំងឺហ្នឹង។ ដូច្នេះហើយបើសិនណាជាគាត់បានធ្វើការសម្រាកបានច្រើនក៏ងាយឲ្យគាត់ឆាប់ជា។ ដូច្នេះនៅក្នុងហ្នឹង រយៈពេលនៃការព្យាបាល គឺថាត្រូវទាមទាររយៈពេលយូរ។ ហើយបើប្រសិនណាជាការព្យាបាលនោះមិនបានសមស្របទេ គឺវាអាចនឹងធ្វើឲ្យអ្នកហ្នឹងឯងមានទៅដល់ភាពរ៉ាំរ៉ៃទៅទៀត» ។
តើមានប៉ះពាល់ដល់ភាពវៃឆ្លាតរបស់សិស្ស ឬ និស្សិតដែលមានជំងឺផ្លូវចិត្តនោះដែរ ឫទេ?
លោកស្រីវេជ្ជបណ្ឌិត អាំង សូឌី មានប្រសាសន៍ថា ៖ «វាអាចនឹងប៉ះពាល់។ ប៉ះពាល់យ៉ាងម៉េច? គឺប៉ះពាល់តាមប្រភេទនៃជំងឺ។ បើសិនណាជាគាត់ចូលជាជំងឺចិត្តវិកលហ្នឹងតែម្តង ដែលភាសាអង់គ្លេសហៅថា Psychosis (ដំណើរខ្វល់ចិត្ត) ហ្នឹងគឺមានការពិបាក ពីព្រោះរាល់អ្វីៗដែលការចងចាំរបស់គាត់មានភាពចុះខ្សោយ នៅពេលនោះឯងដែលប៉ះពាល់ដល់ការសិក្សារបស់គាត់»។
លោកស្រីវេជ្ជបណ្ឌិត អាំង សូឌី មានប្រសាសន៍ថា ក្នុងការរៀនសូត្រ គឺគួរតែមានការបែងចែកឲ្យមានការសម្រាកផងដែរ ដើម្បីអាចចៀសវាងជំងឺផ្លូវចិត្ត ៖ «នៅក្នុងសំណួរនេះ ខ្ញុំគ្រាន់តែចង់ផ្តាំផ្ញើទៅប្អូនៗនិស្សិត ឬក៏សិស្សទាំងអស់ ដែលកំពុងនៅវ័យសិក្សា សូមធ្វើយ៉ាងដូចម្តេចរៀបចំកម្មវិធីនៃការសិក្សារបស់ខ្លួន ជាពិសេសគឺពេលវេលាឲ្យបានមានពេលសម្រាកខ្លះ មានពេលប្រឹងប្រែងរៀនខ្លះ ហើយឲ្យមានពេលសម្រាក។ ការសម្រាកហ្នឹងហើយ គឺដើម្បីកុំឲ្យខួរក្បាលវាដំណើរការខ្លាំងពេក បើមួយថ្ងៃៗគិតតែពីប្រឹងៗ ជាប់រហូតហ្នឹងគឺថ្ងៃណាមួយវានឹងអាចធ្លាក់ចូលទៅក្នុងបញ្ហាជំងឺហ្នឹងហើយ។ ដូច្នេះការរៀនត្រូវឲ្យមានកម្រិត ហើយមានរយៈពេលទៀងទាត់ ហើយឲ្យមានការសម្រាកនៅក្នុងហ្នឹងផង»។
មានសំណួរថាការខ្វះភាពក្លាហានដូចជាការប្រឈមមុខជាសាធារណៈ ការធ្វើសេចក្តីថ្លែងការណ៍ ការឡើងធ្វើបទបង្ហាញជននេះ បង្ហាញលក្ខណៈរេរា ទឹកមុខស្លេកស្លាំង ញ័រមាត់ ញ័រដៃជើង តើវាជាសញ្ញានៃជំងឺសរសៃប្រសាទ ឬក៏ជាធម្មជាតិរបស់មនុស្សខ្លះដែលមានការអៀនប្រៀន និងខ្វះភាពលត់ដំ?
លោកស្រីវេជ្ជបណ្ឌិត អាំង សូឌី មានប្រសាសន៍ថា ៖ «បញ្ហាហ្នឹងវាមិនមែនគ្រាន់តែដូចថា ការបង្ហាញនូវលក្ខណៈរេរា ទឹកមុខស្លេកស្លាំង ញ័រមាត់ ញ័រដៃញ័រជើង ហ្នឹងវាមិនមែនជាសញ្ញានៃជំងឺសរសៃប្រសាទទេ ហ្នឹងគឺជាសភាពធម្មជាតិរបស់មនុស្សទេ។ ដូចជាមនុស្សខ្លះគេអាចទ្រាំបាន ដូច្នេះការភ័យខ្លាចវាមានមួយភ្លែតនៅពេលគាត់ឡើងនោះទេ រួចក៏វាបាត់ទៅវិញទៅ ហ្នឹងមិនមែនចាត់ទុកជាសញ្ញា ឬជាជំងឺសរសៃប្រសាទទេ។ បើប្រសិនណាជា ដែលគេហៅថាជំងឺសរសៃប្រសាទហ្នឹង ឬក៏ការថប់អារម្មណ៍ហ្នឹង វាកើតមានឡើងនៅពេល ជួនកាលមានជាប់ជាប្រចាំ ដោយមិនចំពោះថាពេលវេលាណា នៅពេលឡើងនៅមុខសាធារណៈទេ រោគសញ្ញាហ្នឹងវាមានជាប់ជាប្រចាំរហូតដែរ ហ្នឹងបានជារោគសញ្ញានៃជំងឺសរសៃប្រសាទ បើគ្រាន់តែឡើងអ៊ីចឹង គឺជាភាពធម្មតាជាធម្មជាតិរបស់មនុស្សទេ»៕
