ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​ថ្មី

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​សង្កេត​ឃើញ​ថា​ស្ថានភាព​ជំងឺ​គ្រុន​ផ្តាសាយ A(H1N1) កំពុង​តែ​មាន​ការ​រាលដាល​កាន់​តែ​រហ័ស​ឡើងៗ ជា​រៀង​រាល់​ថ្ងៃ ជា​ពិសេស​គឺ​ឆ្លង​តាម​អ្នក​ដំណើរ​ដែល​ចូល​ក្នុង​ប្រទេសថៃ ហើយ​ចំពោះ​អ្នក​ជំងឺ​ភាគច្រើន​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ស្រុក​ខ្មែរ​ថា​មាន​ឆ្លង​ជំងឺ​នេះ ភាគ​ច្រើន​គឺ​មក​ពី​បរទេស។

0:00 / 0:00

អង្គការ​សុខភាព​ពិភពលោក​មិន​ទាន់​មាន​ការ​ផ្លាស់​ប្តូរ​ថ្មី​អំពី​ការ​ណែនាំ​ក្នុង​ការ​រក្សា​ព្យាបាល​គ្រុន​ផ្តាសាយ A(H1N1) នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​មាន​ការ​ប្រកាស​អាសន្ន​ដំណាក់​កាល​ទី​៦ អំពី​ការ​រាតត្បាត​ជា​សកល ឬ​រាលដាល​ជា​អន្តរជាតិ ឬ​ឆ្លង​ទ្វីប ដោយ​មិន​ពាក់ព័ន្ធ​នឹង​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​នោះ​ក្តី។ ជាមួយ​នេះ ក្រសួង​សុខាភិបាល​កម្ពុជា ក៏​នៅ​រក្សា​អនុសាសន៍​អំពី​ការ​រក្សា​សុខភាព​សាធារណៈ ដើម្បី​បង្ការ​ការ​រាលដាល​នៃ​ជំងឺ​ផ្តាសាយ​ថ្មី A(H1N1) នោះ​ដែរ ជា​ពិសេស​គឺ​លើ​បញ្ហា​អនាម័យ​សាធារណៈ។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​ថា ៖ «ពេល​ដែល​យើង​ក្អក ឬ​កណ្តាស់ យើង​យក​ក្រដាស ឬ​មួយ​កន្សែង​ខ្ទប់​មាត់ គឺ​អាច​ចៀស​ផុត​ពី​ការ​សាយភាយ​នៃ​ទឹក​មាត់​ហ្នឹង​ទៅ​អ្នក​ដទៃ និង​អ្នក​ជិត​ខាង​ហ្នឹង។ ហើយ​ម្យ៉ាង​ទៀត​ដោយសារ​បច្ចុប្បន្ន​យើង​មិន​ដឹង​ថា​ជំងឺ​ផ្តាសាយ​ហ្នឹង​ជា​ផ្តាសាយ​ធម្មតា ឬ​មួយ​ក៏​ផ្តាសាយ A(H1N1) សូម​បង​ប្អូន​នៅ​ពេល​ដែល​ក្អក​ហ្នឹង រក​ក្រដាស ឬ​កន្សែង​បន្ទាន់​ហ្នឹង យើង​អាច​ក្អក កុំ​ដាក់​ដៃ គឺ​ដាក់​នៅ​លើ​កែង​ដៃ ឬ​លើ​ដើម​ដៃ។ ហើយ​កុំ​ក្អក​ដាក់​លើ​ដៃ ពីព្រោះ​ពេល​ដែល​ក្អក​ដាក់​លើ​ដៃ គឺ​អាច​ដៃ​របស់​យើង​អាច​ទៅ​ចាប់​ដៃ​ជាមួយ​អ្នក​ដទៃ អាច​ចម្លង​ទៅ​អ្នក​ដទៃ ឬ​មួយ​ក៏​ដៃ​យើង​ហ្នឹង​ទៅ​ប៉ះពាល់​នៅ​ផ្ទៃ​លើ​តុ ឬ​ក៏​លើ​សម្ភារៈ​ផ្សេងៗ​ហ្នឹង​អាច​អ្នក​ផ្សេង​មក​ប៉ះ​ហ្នឹង អាច​ចម្លង​ពេល​ដែល​អ្នក​ផ្សេង​យក​ប៉ះ​នឹង​ទឹក​ហ្នឹង ហើយ​យក​មក​ប៉ះ​នឹង​ភ្នែក ឬ​មួយ​ក៏​ញី​នឹង​ច្រមុះ​ហ្នឹង​យើង​អាច​ចម្លង»

មេរោគ​ជំងឺ​ផ្តាសាយ​ថ្មី​គឺ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ដែល​ឈឺ​ទៅ​មនុស្ស​ម្នាក់​ទៀត​ដែល​ជា ប៉ុន្តែ​បន្ទាប់​ពី​ឆ្លង​ហើយ​អ្នក​ជំងឺ​អាច​នឹង​មិន​ទាន់​ចេញ​រោគ​សញ្ញា​ភ្លាមៗ​នោះ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រសួង​សុខាភិបាល​ណែនាំ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ឧស្សាហ៍​លាង​ដៃ​នឹង​ទឹក និង​សាប៊ូ ពីព្រោះ​ជួនកាល​គាត់​អាច ចំពោះ​អ្នក​ឈឺ​ហ្នឹង ជួនកាល​គាត់​អាច​ច្រឡំ​ពេល​ក្អក គាត់​ក្អក​ដាក់​ដៃ ដូច្នេះ​គាត់​ទៅ​ចាប់​ដៃ​អ្នក​ដទៃ​អាច​ចម្លង។ អ៊ីចឹង​បើ​គាត់​ឧស្សាហ៍​លាង​ដៃ គាត់​អាច​ចៀស​វាង​ការ​ចម្លង​ទៅ​បង​ប្អូន​ខ្លួន​ឯង ឬ​មួយ​ក៏​ក្នុង​សហគមន៍​បាន។ គឺ​ថា បើ​យើង​លាង​ដៃ​នឹង​ទឹក​និង​សាប៊ូ។ ហើយ​ចំពោះ​អ្នក​ជា​វិញ អាច​ចៃដន្យ​ណា​មួយ បើ​សិន​ជា​យើង​ឧស្សាហ៍​លាង​ដៃ​វិញ ឬ​មួយ​ក៏​លាង​នឹង​អាល់កុល យើង​អាច​ជួនកាល​យើង​ទៅ​ប៉ះ​ផ្នែក​ណា​មួយ​ដោយ​ចៃដន្យ ដែល​មាន​ដំណក់​ទឹក​ដែល​មាន​ផ្ទុក​មេរោគ​ផ្តាសាយ​ហ្នឹង យើង​អាច​ឧស្សាហ៍​លាង អាច​បន្ថយ ឬ​មួយ​ក៏​គេច​ផុត​ពី​ការ​យើង​មក​ញី​ភ្នែក ដោយ​ទឹក​ដំណក់​ដែល​មាន​ផ្ទុក​មេរោគ​ហ្នឹង យក​មក​ញី​ភ្នែក ឬ​ញី​ច្រមុះ នេះ​ចំពោះ​ការ​ដែល​លាង​ដៃ​នឹង​ទឹក​និង​សាប៊ូ​ឲ្យ​បាន​ញឹកញាប់»

ដូច​លោក​អ្នក​នាង​បាន​ជ្រាប​ហើយ​ថា មាន​កត្តា​ជាច្រើន​ទាក់​ទង​នឹង​ការ​ឆ្លង​មេរោគ​ថ្មី​នេះ។ បើ​តាម​ក្រសួង​សុខាភិបាល គឺ​ប្រសិន​ណា​បើ​ដំណក់​តូចៗ​នៃ​សារធាតុ​រាវ​ដែល​ចេញ​ពី​កណ្តាស់ ការ​ក្អក ឬ​ការ​ខាក​ស្តោះ មាន​នៅ​លើ​ផ្ទៃ ដូច​ជា​តុ សម ស្លាបព្រា កាំបិត ដៃ​ទ្វារ ។ ល។ ហើយ​មនុស្ស​ម្នាក់​ទៀត​មក​ប៉ះ ហើយ​យក​ដៃ​មក​ប៉ះ​មាត់ ច្រមុះ នោះ​អាច​ឆ្លង​មេរោគ​នេះ​បាន។ ហើយ​មេរោគ​ផ្តាសាយ​ថ្មី​នេះ​ទៀត​សោត ក៏​អាច​មាន​ជីវិត​រស់នៅ​លើ​ផ្ទៃ​រឹង លើ​ក្រណាត់ លើ​ក្រដាស បាន​ជា​ច្រើន​ម៉ោង​ទៀត​ផង។ មិន​ត្រឹម​តែ​មាន​ការ​ណែនាំ​ឲ្យ​អនុវត្ត​អនាម័យ​ផ្ទាល់​ខ្លួន ដូច​មាន​ខាង​លើ​នេះ​ប៉ុណ្ណោះ​ទេ គឺ​ក្រសួង​សុខាភិបាល​បាន​ណែនាំ​ថា គប្បី​រក្សា​អនាម័យ​នៅ​តាម​ទីធ្លា​សាធារណៈ​ផង​ដែរ។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ឲ្យ​ដឹង​ដូច្នេះ​ទៀត​ថា ៖ «មួយ​ទៀត​គឺ​ចំណុច​ទី​៣ គឺ​សូម​កុំ​ខាក​ស្តោះ​ពាស​វាល​ពាស​កាល។ ការ​ដែល​ខាក​ស្តោះ​ពាស​វាល​ពាស​កាល អាច​បណ្តាល​ឲ្យ​ពេល​ដែល​យើង​ជ្រុះ​អ្វី​មួយ ឬ​មួយ​ក៏​កុមារា កុមារី គាត់​លេង អាច​ជា​បាល់​របស់​គាត់ ឬ​របស់​អ្វី​ម្យ៉ាង អាច​ទៅ​ជាន់​ពី​លើ ឬ​ក៏​ប៉ះ​ពី​លើ​កំហាក​នោះ ឬ​មួយ​ក៏​ដំណក់​ទឹក​ណា​មួយ​នោះ អាច​ចម្លង​រហ័ស​ទៅ​អ្នក​ដទៃ​ទៀត។ ដូច្នេះ​សូម​កុំ​ឲ្យ​មាន​ការ​ខាក​ស្តោះ​ផ្តេសផ្តាស គឺ​ពេល​ដែល​ខាក​ស្តោះ​ហ្នឹង គឺ​សូម​មេត្តា​ស្តោះ​ដាក់​ក្រដាស ឬ​មួយ​កន្សែង​ដៃ​ហ្នឹង ហើយ​យើង​យក​ក្រដាស​ហ្នឹង​គ្រវាត់​ចោល​ក្នុង​ធុង​សំរាម ឬ​មួយ​ក៏​លាង​កន្សែង​ដៃ​នោះ​ឲ្យ​បាន​ស្អាត​ដើម្បី​បង្ការ​ការ​ចម្លង​ហ្នឹង ហើយ​ណា​មួយ​គឺ​ថា វា​ជា​សីលធម៌​មួយ​ដ៏​ល្អ​ដែរ គឺ​ពេល​អនុវត្ត​អ៊ីចឹង​ទៅ​គឺ​ជា​ការ​ល្អ។ ខាក​ស្តោះ​ពាស​វាល​ពាស​កាល​ មើល​ទៅ​ដូច​ជា​មិន​ល្អ​មើល មិន​សម​រម្យ»

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា ចំពោះ​ចំណុច​ទាំង​៣ ខាង​លើ បើ​សិន​ជា​ខ្មែរ​ទូទាំង​ប្រទេស​អនុវត្ត​បាន នោះ​គឺ​អាច​កាត់​បន្ថយ ឬ​ក៏​ពន្យារ​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​នេះ​នៅ​ប្រទេស​កម្ពុជា​បាន។

លោក​បាន​រំឭក​ថា ចំណុច​មួយ​ទៀត​ដែល​ទាក់​ទង​នឹង​ទំនៀម​ទម្លាប់​ខ្មែរ ហើយ​ដែល​អាច​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ការ​រាតត្បាត​នោះ​ដែរ នោះ​គឺ​ការ​សម្ដែង​ការ​គួរ​សម ដោយ​ការ​លើក​ដៃ​សំពះ​គ្នា ៖ «ដោយសារ​យើង​មាន​ជំងឺ​ហ្នឹង​កើត​មាន​បច្ចុប្បន្ន គឺ​ថា​តាម​ពិត​ទំនៀម​ទម្លាប់​ខ្មែរ​យើង​ល្អ​ណាស់ គឺ​ថា​ការ​ជម្រាប​សួរ​គឺ​ល្អ​បំផុត យើង​ជម្រាប​សួរ​គ្នា កាត់​បន្ថយ​ការ​ចាប់​ដៃ​គ្នា​មួយ​រយៈ​សិន​ទៅ»

លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​បន្ត​ថា មក​ទល់​ពេល​នេះ ទោះ​មិន​ទាន់​មាន​វ៉ាក់សាំង​បង្ការ​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) នេះ​នៅ​ឡើយ​ក្តី ក៏​អាច​រក្សា​ព្យាបាល​អ្នក​ជំងឺ​ដោយ​ប្រើ​ថ្នាំ​ផ្តាសាយ​ធម្មតា​បាន​ដែរ។

យោង​តាម​អនុសាសន៍​របស់​ក្រុម​អ្នក​ឯកទេស​ផ្តល់​ការណែនាំ​ជា​យុទ្ធសាស្ត្រ​លើ​ការ​បណ្តុះ​ផ្សាំ​មេរោគ នៃ​អង្គការ​សុខភាព​ពិភពលោក​ចុះ​ថ្ងៃ ១៣ ខែ​កក្កដា ឆ្នាំ​២០០៩ គឺ​បន្ទាប់​ពី​មាន​ការ​ប្រជុំ​នៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស នា​ថ្ងៃ​នោះ​មក អ្នក​ឯកទេស​បាន​លើក​ឡើង​នូវ​បញ្ហា​ទាក់​ទង​នឹង​សមត្ថភាព​ផលិត​វ៉ាក់សាំង បង្ការ​គ្រុន​ផ្តាសាយ A(H1N1) ព្រមទាំង​ពិចារណា​អំពី​ជម្រើស​ចាំបាច់​ក្នុង​ការ​ប្រើ​វ៉ាក់សាំង​បង្ការ ។ ក្រុម​អ្នក​ឯកទេស​បាន​រក​ឃើញ​នូវ​ទិសដៅ​ចំនួន​៣ ដែល​ថា​ប្រទេស​នីមួយៗ​គប្បី​កំណត់​ធ្វើ​ជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ការ​រាតត្បាត​ឆ្លង​ទ្វីប​នេះ​នៅ​ក្នុង​ប្រទេស​ខ្លួន។

ឯកសារ​បន្ត​ថា ទិស​ដៅ​ទាំង​នោះ​គឺ​ការពារ​ភាព​សុចរិត​នៃ​ប្រព័ន្ធ​ថែ​រក្សា​សុខភាព ហើយ​និង​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​របស់​ប្រទេស​នីមួយៗ កាត់​បន្ថយ​ចំនួន​អ្នក​ជំងឺ និង​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់ ព្រមទាំង​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​គ្រុន​ផ្តាសាយ​ថ្មី​នេះ​នៅ​ក្នុង​សហគមន៍៕