មជ្ឈមណ្ឌលដើម្បីត្រួតពិនិត្យនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក CDC បានឲ្យដឹងថា បាក់តេរីរបេងអាចក្លាយទៅជាស៊ាំនឹងឱសថដែលគេធ្លាប់ប្រើសម្រាប់ព្យាបាលជំងឺរបេង គឺមានន័យថា ឱសថធ្លាប់ប្រើនោះអាចនឹងមិនធ្វើឲ្យបាក់តេរីរបេងស្លាប់បានទៀតទេ។ ឯកសារបានលើកឡើងថា ករណីស៊ាំនឹងថ្នាំអាចកើតឡើងបាន គឺនៅពេលណាដែលមានការប្រើថ្នាំនោះដោយមិនត្រឹមត្រូវ ឬដោយមិនមានការគ្រប់គ្រងត្រឹមត្រូវដូចជា អ្នកជំងឺមិនបានពិសាថ្នាំឲ្យបានគ្រប់ពេញលេញតាមការកំណត់របស់គ្រូពេទ្យ បញ្ហាគ្រូពេទ្យចេញវេជ្ជបញ្ជាសម្រាប់ព្យាបាលមិនបានត្រឹមត្រូវ មិនគ្រប់កម្រិតថ្នាំ ឬក៏មិនមានរយៈពេលត្រឹមត្រូវក្នុងការប្រើឱសថ ការផ្តល់ឱសថមិនទៀងទាត់ ដាច់ថ្នាំ ឬក៏ដោយសារបញ្ហាគុណភាពឱសថ ឱសថខ្វះគុណភាព។
មានករណីបាក់តេរីរបេងស៊ាំថ្នាំ២យ៉ាង។ ចំពោះករណីស៊ាំទី១ ដែលអង់គ្លេសហៅថា Multidrug-Resistant TB គឺបាក់តេរីរបេងស៊ាំយ៉ាងហោចនឹងថ្នាំរបេងសំខាន់២មុខ មាន Isoniazid និង Rifampin ដែលឱសថទាំង២មុខនេះ បានត្រូវគេយកទៅព្យាបាលអ្នកកើតរបេងជាទូទៅ។
ចំពោះករណីស៊ាំទី២ ដែលអង់គ្លេសហៅថា Extensively drug-resistant TB នោះ គឺបាក់តេរីស៊ាំនឹងថ្នាំព្យាបាលរបេង Isoniazid និង Rifampin ផង ថែមទាំងស៊ាំនឹងថ្នាំ Fluoroquinolone ផងហើយនិង ស៊ាំថ្នាំចាក់១ប្រភេទណាមួយក្នុងចំណោមថ្នាំរបេងសម្រាប់ចាក់ដូចជា Amikacin, Kanamycin, ឬ Capreomycin។
ក្នុងការព្យាបាលរបេងដែលស៊ាំថ្នាំនោះ គឺគេត្រូវប្រើថ្នាំច្រើនមុខលាយចម្រុះគ្នាយ៉ាងហោច៤មុខ ហើយការលាយចម្រុះនោះមានប្រសិទ្ធភាពជាងការប្រើថ្នាំតែ១មុខៗនោះ។ ការព្យាបាលនេះត្រូវប្រើរយៈពេល១៨ខែទៅ២ឆ្នាំ ឬក៏អាចយូរជាងនេះផងក៏មាន។
ចំពោះការព្យាបាលដោយប្រើថ្នាំចម្រុះនេះទៀត ឯកសារបានលើកឡើងថា មានករណីអ្នកជំងឺរបេងស៊ាំថ្នាំជាច្រើនអាចនឹងព្យាបាលមិនជាដែរ ហើយបើសិនជាមានករណីព្យាបាលសម្រេចបានជោគជ័យនោះទៀត ជួនកាលអ្នកនោះអាចត្រូវទទួលការវះកាត់ដើម្បីកាត់យកចេញផ្នែកដែលខូចរ៉ាំរ៉ៃ ឬក៏ជួសជុលកែកុនផ្នែកសួតដែលខូចនោះ។
នៅប្រទេសកម្ពុជាលោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយកមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេងនិងហង់សិននៃក្រសួងសុខាភិបាល មានប្រសាសន៍ថា ការព្យាបាលរបេងស៊ាំថ្នាំគឺប្រើរយៈពេលយូរ ហើយការចំណាយលុយក៏ច្រើនដែរ។
លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង មានប្រសាសន៍ដូច្នេះ ៖ «យើងកំពុងតែធ្វើការពង្រីកការព្យាបាលជំងឺរបេងដែលស៊ាំនឹងថ្នាំ គឺការព្យាបាលជំងឺរបេងដែលធម្មតាហ្នឹងស៊ីរយៈពេល៦ខែ។ ដោយឡែកការព្យាបាលជំងឺរបេងស៊ាំថ្នាំស៊ីរយៈពេលវែងណាស់ ពី១ឆ្នាំកន្លះទៅ២ឆ្នាំ ហើយថ្នាំទៀតសោតមានតម្លៃថ្លៃណាស់។ អ៊ីចឹងទេបានជាកម្មវិធីជាតិកម្ចាត់ជំងឺរបេងនៃក្រសួងសុខាភិបាលបច្ចុប្បន្នកំពុងតែធ្វើការពង្រីក។ រាល់ថ្ងៃយើងមានកន្លែងដែលពិនិត្យនិងព្យាបាលជំងឺរបេងស៊ាំថ្នាំចំនួន១២កន្លែងហើយ ហើយយើងនឹងធ្វើការពង្រីកជាបន្តបន្ទាប់នៅឆ្នាំក្រោយៗនេះ។ សូមបញ្ជាក់ផងដែរថា យើងមានថ្នាំគ្រប់គ្រាន់ទាក់ទិននឹងការប្រយុទ្ធជំងឺរបេងស៊ាំថ្នាំនេះ ទោះបីជាថ្នាំហ្នឹងមានតម្លៃថ្លៃក៏ដោយ។ ថ្នាំរបេងរាល់ថ្ងៃនេះ ចំពោះរបេងធម្មតាមានតម្លៃជាមធ្យម២៥ដុល្លារ ប៉ុណ្ណោះរយៈពេល៦ខែដែលព្យាបាលសរុបហ្នឹង។ ដោយឡែកតម្លៃថ្នាំដែលព្យាបាលជំងឺរបេងស៊ាំថ្នាំ មានតម្លៃថ្លៃជាច្រើនដង ប្រហែលជា១០០ដង។ តម្លៃវាប្រមាណជា២.០០០ទៅ៣.០០០ដុល្លារក្នុងមួយករណី។ ការផ្តល់ឱសថរបេងធម្មតានេះ មិនមានការបង់ប្រាក់ទេ។ ពាក់ព័ន្ធនឹងការព្យាបាលរបេងស៊ាំថ្នាំនេះ ទោះបីជាថ្លៃប៉ុន្មានក្នុង១ករណីៗហ្នឹង វា២-៣ពាន់ដុល្លារក្តី ក៏កម្មវិធីជាតិហ្នឹងមានលទ្ធភាពនឹងមានថ្នាំគ្រប់គ្រាន់ផ្តល់ឲ្យអ្នកជំងឺដោយពុំមានបង់អ្វីទេ»។
ទោះជាយ៉ាងណាក្តី លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង មានប្រសាសន៍ថា មានករណីស៊ាំថ្នាំរបេងតិចតួចណាស់នៅស្រុកខ្មែរ ៖ «កម្ពុជាយើងនេះ ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសបំផុតចាប់ពីពេលដែលកម្ពុជាបានអនុវត្តយុទ្ធសាស្ត្រព្យាបាលជំងឺរបេងដោយសារដូតស៍នេះ គឺថា យើងបានទទួលលទ្ធផលព្យាបាលបានល្អណាស់។ យើងបានលើសពីទិសដៅផែនការអង្គការសុខភាពពិភពលោក ក៏ដូចជាទិសដៅផែនការរបស់ប្រទេស។ ទិសដៅគេបានកំណត់ថា ធ្វើម៉េចឲ្យការព្យាបាលជំងឺរបេងនេះឲ្យបានអត្រាព្យាបាលសះស្បើយលើសពី៨៥%។ ១០ឆ្នាំជាងចុងក្រោយនេះ ចាប់តាំងពីឆ្នាំ១៩៩៥ មកដល់សព្វថ្ងៃនេះអត្រាជាសះស្បើយនៃការព្យាបាលជំងឺរបេងនៅកម្ពុជាមានអត្រាខ្ពស់ណាស់ លើសពី៨៥%។ ឆ្នាំទៅមិញយើងមានអត្រា៩០% ឆ្នាំទៅមួយយើងបាន៩០-៩១%ផងដែរ។ នេះជាហេតុធ្វើឲ្យកម្ពុជាមិនមានអត្រាមេរោគស៊ាំថ្នាំខ្ពស់ទេ យើងមានកម្រិតទាបណាស់ បើប្រៀបធៀបទៅប្រទេសផ្សេងៗ។ ខ្ញុំសូមបញ្ជាក់ថា នៅជុំវិញយើងនេះមានប្រទេសមួយចំនួនមានជំងឺរបេងស៊ាំថ្នាំខ្ពស់ណាស់ មានជាអាទិដូចជា នៅវៀតណាម គេខ្ពស់ជាងយើង នៅហ្វ៊ីលីពីន គេមានខ្ពស់ជាងយើង នៅចិន ក៏គេមានខ្ពស់ជាងយើងដែរ។ កម្ពុជាយើងជៀសវាងបាននូវការដែលមានភាពស៊ាំនឹងជំងឺរបេងខ្ពស់។ យើងមានតិចតួចដែរ មិនមែនថាមិនមានទេ យើងមានកម្រិតមួយដ៏ទាប»។
ឯកសារមូលនិធិ Mayo ដើម្បីការអប់រំនិងការស្រាវជ្រាវផ្នែកវិជ្ជាពេទ្យនៅសហរដ្ឋអាមេរិកបានណែនាំថា បញ្ហាការព្យាបាលឲ្យបានគ្រប់ពេញលេញ គឺជាកត្តាដ៏មានសារសំខាន់ ព្រោះថា បន្ទាប់ពីព្យាបាលបាន៣-៤សប្តាហ៍ អ្នកជំងឺនឹងចាប់ផ្តើមមានអារម្មណ៍ថា មានសុខភាពល្អគ្រាន់បើ។ ចំណុចនេះហាក់អាចបញ្ចុះបញ្ចូលចិត្តអ្នកជំងឺឲ្យឈប់ប្រើថ្នាំរបេង ក៏ប៉ុន្តែជាបញ្ហាស្លាប់រស់នោះគឺ អ្នកជំងឺត្រូវតែពិសាថ្នាំឲ្យគ្រប់ពេញលេញតាមវេជ្ជបញ្ជា ព្រោះថា ឆាប់លែងពិសាថ្នាំពេក ឬក៏លេបថ្នាំរំលងពេល អាចនឹងនាំឲ្យបាក់តេរីរបេងដែលកំពុងនៅរស់ ក្លាយជាស៊ាំនឹងថ្នាំកំពុងព្យាបាលនោះ ហើយនាំឈានដល់គ្រោះថ្នាក់ពិបាកព្យាបាលផង។
គួររំឭកថា នៅតំបន់អាស៊ីប៉ាស៊ីហ្វ៊ិកខាងលិច មានការប្រកាសភាពអាសន្ននៃជំងឺរបេងក្នុងឆ្នាំ១៩៩៩ គឺបន្ទាប់ពីសកលលោកបានប្រកាសភាពអាសន្ននៃជំងឺរបេងកាលពីឆ្នាំ១៩៩៣ ហើយក្នុងឆ្នាំដើមទសវត្សរ៍ឆ្នាំ២០០០ ទូទាំងសកលលោកបានដាក់ផែនការពង្រីកយុទ្ធសាស្ត្រដូតស៍ទៅដល់សេវាសុខាភិបាលដែលទាបបំផុតក្នុងប្រទេសនីមួយៗ។ ចំពោះនៅកម្ពុជា លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង មានប្រសាសន៍ថា សេវាសុខភាពទាបបំផុតគឺមណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាព ហើយចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៥ កម្ពុជាបានពង្រីកសេវាព្យាបាលតាមវិធីដូតស៍ដល់មណ្ឌលសុខភាពហើយ គឺឲ្យអ្នកជំងឺលេបថ្នាំនៅមុខគ្រូពេទ្យ៕
