ក្នុងបំណងបន្តរក្សានូវផលប្រយោជន៍របស់ខ្លួននៅដែនដីកម្ពុជាក្រោម និងដើម្បីបំពេញចិត្តយួនសេរីឲ្យសប្បាយចិត្ត ដើម្បីប្រឆាំងទប់ទល់នឹងយួនកុម្មុយនីស្តរបស់ លោក ហូជីមិញ រដ្ឋាភិបាលបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ទៅឲ្យស្ដេចយួន។
ពិសេសជាងនេះ បារាំង មិនបានផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយឲ្យព្រះមហាក្សត្រខ្មែរ សម្ដេចព្រះនរោត្តម សីហនុ បានដឹងពីបំណងរបស់ពួកគេ ក្នុងការភ្ជាប់ទឹកដីខ្មែរទៅឲ្យយួន ឡើយ។ ទោះជាយ៉ាងណា សម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គបានខិតខំគ្រប់បែបយ៉ាង ដើម្បីទាមទារឲ្យបារាំង គោរពផលប្រយោជន៍របស់កម្ពុជា នៅលើទឹកដីកម្ពុជាក្រោម។
តើព្រះមហាក្សត្រខ្មែរបានធ្វើអន្តរាគមន៍អ្វីខ្លះ នៅពេលបារាំង កាត់ទឹកដីកម្ពុជាក្រោម ទៅឲ្យស្ដេចយួន?
ចាប់តាំងពីបារាំង ចូលកាន់កាប់ដែនដីកម្ពុជាក្រោម ពីឆ្នាំ១៨៥៩ រហូតដល់ពេលពួកគេប្រគល់ទឹកដីនេះទៅឲ្យស្ដេចយួន នៅឆ្នាំ១៩៤៩ ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ចាប់តាំងពីព្រះបាទអង្គឌួង រហូតដល់ព្រះបាទនរោត្តម និងបន្តដល់សម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គតែងតែខ្វល់ខ្វាយពីការបាត់បង់ទឹកដីកម្ពុជា ទៅក្នុងកណ្ដាប់ដៃរបស់ប្រទេសជិតខាង ហើយក៏បារម្ភផងដែរអំពីជោគវាសនាអនាគតពលរដ្ឋខ្មែរក្រោម ដែលជាជនរួមឈាមរបស់ព្រះអង្គ នៅពេលទឹកដីសណ្ដទន្លេមេគង្គមួយនេះ ធ្លាក់ក្នុងការត្រួតត្រារបស់យួន។
មិនខុសពីអតីតព្រះមហាក្សត្រខ្មែរមុនៗ សម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គក៏បានធ្វើអន្តរាគមន៍ការពារទឹកដីកម្ពុជាក្រោម ជាហូរហែមកដែរ។ ជាការពិតណាស់ បន្ទាប់ពីព្រះអង្គទទួលបានដំណឹងថា បារាំង លួចចរចាជាមួយស្ដេច បាវ ដាយ នៅចុងឆ្នាំ១៩៤៧ សម្ដេចព្រះនរោត្តម សីហនុ នៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៤៨ ព្រះអង្គបានផ្ញើព្រះរាជសារមួយច្បាប់ ទៅឲ្យលោកស្នងការជាន់ខ្ពស់បារាំង នៅឥណ្ឌូចិន គឺលោក បូឡាអែរត៍ (Bolaert) ដើម្បីទទូចឲ្យស្នងការរូបនេះ ផ្តល់ព័ត៌មានទាំងអស់ដែលចរចាជាមួយស្ដេច បាវ ដាយ អំពីកម្ពុជាក្រោម ឲ្យព្រះមហាក្សត្រខ្មែរបានជ្រាប។
សម្ដេចព្រះនរោត្តម សីហនុ បានលើកឡើងក្នុងព្រះរាជសាររបស់ព្រះអង្គថា ប្រសិនបើព្រះអង្គមិនអើពើចំពោះព្រឹត្តិការណ៍ទាំងឡាយ ដែលបានប្រព្រឹត្តទៅនៅក្នុងរដ្ឋជិតខាងនៅក្នុងពេលបច្ចុប្បន្ន និងជាពិសេស នៅដែនដីកូសាំងស៊ីន ដែលមានប្រជារាស្ត្រខ្មែរមួយភាគធំរស់នៅតាំងពីយូរយារណាស់មកហើយនោះ វាអាចនឹងមានផលអាក្រក់ដែលមិនអាចចៀសរួច ចំពោះវាសនាអនាគតរបស់ពលរដ្ឋខ្មែរទាំងនោះ។ ព្រះអង្គលើកឡើងបន្តថា ដោយព្រះអង្គដឹងច្បាស់អំពីផលវិបាកនៃនយោបាយដែលកំពុងកើតឡើងក្នុងប្រទេសជិតខាង ព្រះអង្គត្រូវតែធ្វើលក្ខខណ្ឌចំពោះការវិវឌ្ឍនយោបាយ នៅតាមបណ្ដាខេត្តនៅកូសាំងស៊ីន ឬយ៉ាងហោចណាស់ ព្រះអង្គក៏ត្រូវតែដឹងនូវអ្វីដែលនឹងកើតឡើងក្នុងពេលខាងមុខ។
សម្ដេចព្រះនរោត្តម សីហនុ ក៏បានចាត់ទុកប្រទេសបារាំង ថាជាអ្នកអាណាព្យាបាលលើប្រទេសកម្ពុជា ទាំងមូល ដោយរួមទាំងទឹកដីកូសាំងស៊ីន ដែលបារាំង ត្រូវមានកាតព្វកិច្ចការពារប្រជារាស្ត្រខ្មែរ និងផលប្រយោជន៍របស់ពួកគេនៅទីនោះ។ ព្រះអង្គក៏បានទួលអះអាងដែរថា ចំពោះបញ្ហានេះ ព្រះអង្គធ្លាប់ឈ្វេងយល់ថា ព្រះអង្គមិនត្រូវធ្វើអន្តរាគមន៍នោះទេ គឺបន្តទុកឲ្យបារាំង បន្តតួនាទីរបស់ខ្លួនជាអ្នកអាណាព្យាបាលចុះ។ ប៉ុន្តែ ព្រះអង្គថា ប្រការនេះមិនមែនមានន័យថា ជាការបោះបង់ការទាមទាររបស់ព្រះអង្គឡើយ។
ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៤៨ សេចក្តីថ្លែងការណ៍រួមមួយដែលបានធ្វើឡើងរវាងស្នងការជាន់ខ្ពស់បារាំង នៅឥណ្ឌូចិន លោក បូឡាអែរត៍ និងស្ដេច បាវ ដាយ កាលពីចុងឆ្នាំ១៩៤៧ ត្រូវបានប្រកាសជាផ្លូវការ។ សេចក្តីថ្លែងការណ៍នោះមានន័យថា បារាំង ទទួលស្គាល់ឯករាជ្យរបស់រដ្ឋវៀតណាម តែចំណែកខាងវៀតណាម វិញ ត្រូវសន្យាថា គោរពសិទ្ធិ និងផលប្រយោជន៍ប្រជាជនបារាំង ហើយត្រូវធានាដោយគ្មានលក្ខខណ្ឌដល់ការគោរពគោលការណ៍ប្រជាធិបតេយ្យ និងអំពាវនាវដល់ទីប្រឹក្សា និងអ្នកបច្ចេកទេសបារាំង តាមត្រូវការ ក្នុងការរៀបចំអង្គការផ្ទៃក្នុង និងសេដ្ឋកិច្ច ជាដើម។
ជាថ្មីម្តងទៀត ក្រោយពីសេចក្តីថ្លែងការណ៍រួមនេះត្រូវបានប្រកាសជាផ្លូវការ ព្រះមហាក្សត្រខ្មែរសម្ដេចព្រះនរោត្តម សីហនុ បានធ្វើការតវ៉ាតាមរយៈព្រះរាជសាររបស់ព្រះអង្គមួយ ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៤៨ អំពីការដែលបារាំង មានបំណងភ្ជាប់ដែនដីកម្ពុជាក្រោម ទៅក្នុងរដ្ឋវៀតណាម តែមួយនេះ។ គោលបំណងនៃព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរ គឺចាត់ទុកសេចក្តីថ្លែងការណ៍រួមនោះជាមោឃៈតែម្តង។
ក្រោយមកទៀត ពោលគឺនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៤៩ ព្រះអង្គក៏បានបញ្ជូនគណៈប្រតិភូខ្មែរមួយក្រុម ឲ្យទៅតាមដានសង្កេតមើលចំពោះការពិភាក្សាដេញដោលរបស់សភាបារាំង ស្តីអំពីច្បាប់ទាក់ទងនឹងការកែប្រែលក្ខន្តិកៈកូសាំងស៊ីន និងដើម្បីតវ៉ាប្រឆាំងការបញ្ចូលទឹកដីកម្ពុជាក្រោម ទៅឲ្យស្ដេចយួន បាវ ដាយ។ គណៈប្រតិភូខ្មែរកាលណោះ រួមមាន ព្រះអង្គម្ចាស់ក្សត្រីយ៍ ពីង ពាង លោក សុខ ឆុង លោក ស៊ិមវ៉ា និងលោក ថុន អ៊ុក។
គម្រោងច្បាប់ភ្ជាប់ដែនដីកម្ពុជាក្រោម ទៅវៀតណាម ដែលនាយករដ្ឋមន្ត្រីបារាំង លោក ហង់រីកឺយ (Henri Queuille) ដាក់ជូនរដ្ឋសភាបារាំង ដើម្បីពិភាក្សាអនុម័តនោះ មានទាំងអស់ ៣មាត្រា ដែលមាត្រា២ចែងថា ដែនដីកូសាំងស៊ីន ត្រូវភ្ជាប់ទៅនឹងរដ្ឋសមាគមវៀតណាម។ ដូចនេះ ដែនដីកូសាំងស៊ីន អស់មានលក្ខន្តិកៈជាដែនដីរបស់បារាំង នៅឯនាយសមុទ្រទៀតហើយ។ គម្រោងច្បាប់នេះ ត្រូវឆ្លងកាត់ការពិភាក្សារបស់រដ្ឋសភាបារាំង ដែលរួមមាន សភាសហភាពបារាំង (French Union Assembly) រដ្ឋសភា (National Assembly) និងក្រុមប្រឹក្សាសាធារណរដ្ឋ (Council of the Republic)។ តែបើតាមនីតិវិធីពេលនោះ រដ្ឋសភាជាអ្នកមានសិទ្ធិសម្រេចចុងក្រោយបង្អស់។
បើតាមសាស្ត្រាចារ្យ ត្រាំងឆាត ប៊ុត ក្នុងសៀវភៅរបស់លោក កម្ពុជាក្រោម អំណាចគ្មានខ្មែរក្រោម លោកបានលើកឡើងថា នៅពេលដែលគម្រោងច្បាប់កំពុងស្ថិតក្នុងដៃរបស់សភាសហភាពបារាំង សភានេះអនុម័តបានចំនួន២មាត្រាក្នុងចំណោម៣មាត្រា គឺមាត្រា១ និងមាត្រា២។ ចំណែកមាត្រា៣ ត្រូវបានកែប្រែទាំងស្រុង បន្ទាប់ពីមានការខិតខំប្រឹងប្រែងរបស់គណៈប្រតិភូខ្មែរ ដែលនៅពេលនោះ បានទាមទារឲ្យមានការគោរពសិទ្ធិសេរីភាពរបស់ខ្មែរក្រោម ការកែទម្រង់ព្រំដែនកម្ពុជាវៀតណាម និងសិទ្ធិរបស់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់ទន្លេមេគង្គ និងកំពង់ផែព្រៃនគរ។ ប៉ុន្តែនៅពេលដែលគម្រោងច្បាប់នេះរុញដល់ដៃរដ្ឋសភា រដ្ឋសភាបានច្រានចោលចំពោះការកែប្រែមាត្រា៣នេះ ហើយក៏សម្រេចអនុម័តគម្រោងច្បាប់ទាំងស្រុងរបស់រដ្ឋាភិបាល ដោយគ្មានការកែប្រែអ្វីទាំងអស់។
ទោះជាយ៉ាងណា សំណើរបស់គណៈប្រតិភូខ្មែរត្រូវបានក្រុមប្រឹក្សាសាធារណរដ្ឋ យកមកពិចារណាឡើងវិញ បន្ទាប់ពីគម្រោងច្បាប់នេះធ្លាក់ក្នុងដៃរបស់ពួកគេ ដែលនៅពេលនោះ ក្រុមប្រឹក្សាសាធារណរដ្ឋបានសម្រេចបន្ថែមក្នុងមាត្រាទី២ចំនួន ៣មាត្រាទៀត ដែលក្នុងនោះមានមាត្រាមួយចែងថា កម្ពុជា មានសេរីភាពក្នុងការប្រើប្រាស់ទន្លេមេគង្គ និងកំពង់ផែព្រៃនគរ សេរីភាពការពារជនជាតិភាគតិចខ្មែរក្រោម និងការកែតម្រូវព្រំដែនកម្ពុជាវៀតណាម ឡើងវិញ។ ប៉ុន្តែនៅពេលគម្រោងច្បាប់នេះត្រូវបានរុញត្រឡប់មកឲ្យរដ្ឋសភាពិភាក្សា និងធ្វើការសម្រេចជាចុងក្រោយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៩៤៩ រដ្ឋសភាស្រាប់តែបានលុបចោលទាំងអស់នូវមាត្រាទាំងឡាយ ដែលបន្ថែមដោយក្រុមប្រឹក្សាសាធារណរដ្ឋ។ នៅទីបំផុត រដ្ឋសភាបានសម្រេចអនុម័តជាចុងក្រោយនូវច្បាប់ដែលដាក់ជូនដោយរដ្ឋាភិបាលរបស់ លោក ហង់រីកឺយ ដោយគ្មានការកែប្រែអ្វីទាំងអស់ ដោយមានសំឡេងគាំទ្រចំនួន៣៦៧ និងសំឡេងប្រឆាំងចំនួន២២១។
ទោះជាយ៉ាងណាក៏ដោយ មានការលើកឡើងថា ក្នុងពេលដែលក្រុមប្រឹក្សាសាធារណរដ្ឋកំពុងតែពិភាក្សាយ៉ាងផុសផុល អំពីគម្រោងច្បាប់នេះ ស្រាប់តែរដ្ឋមន្ត្រីក្រសួងនាយសមុទ្របារាំង លោក ប៉ូល កូស្ត ផ្លូរេត៍ (Paul Coste Floret) ដែលទៅការពារច្បាប់នេះ បានអានសារមួយមកពីភ្នំពេញថា ការចរចារវាងខ្មែរបារាំង បានចាប់ផ្តើមឡើងវិញ ហើយសន្ធិសញ្ញាខ្មែរបារាំង កំពុងតែរៀបចំចុះហត្ថលេខាដោយភាគីទាំងពីរ។ ប្រការនេះ បានធ្វើឲ្យគណៈប្រតិភូខ្មែរ ដែលចូលរួមនៅពេលនោះ ស្រងាកចិត្តជាខ្លាំង។
ទាក់ទងនឹងបញ្ហានេះដែរ បើតាមសៀវភៅក្រុងភ្នំពេញមុនឆ្នាំ១៩៥៤ របស់អ្នកនិពន្ធ កែវ ប៊ុនធឿន បានឲ្យដឹងថា មកដល់ឆ្នាំ១៩៤៩ បារាំង បានយល់ព្រមឲ្យខ្មែរបង្កើតគណៈកម្មការមួយ ដើម្បីចូលចរចាជាមួយបារាំង នៅភ្នំពេញ ក្នុងបំណងបញ្ចប់អាណត្តិសន្ធិសញ្ញា ម៉ូឌុស វីវ៉ង់ឌី និងប្រែក្លាយវាមកជាកិច្ចព្រមព្រៀងរៀបចំទំនាក់ទំនងបារាំងខ្មែរ ឲ្យបានច្បាស់លាស់ជាងពេលមុន។ ស្របពេលដែលក្រុមចរចាជាមួយបារាំង នៅភ្នំពេញកំពុងប្រព្រឹត្តទៅ ការសន្យាកាត់ដីកម្ពុជាក្រោម ទៅឲ្យស្ដេច បាវ ដាយ បានលេចឮឡើង ទើបរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ជូនគណៈប្រតិភូខ្មែរទៅចរចារឿងដីកម្ពុជាក្រោម ជាមួយរដ្ឋាភិបាលបារាំង នៅទីក្រុងប៉ារីស។ ប្រតិភូខ្មែរនេះ ប្រុងប្រៀបទាមទារចំពោះមុខប្រធានាធិបតីបារាំង លោក ហ្វ្រង់ស្វ័រ អូរីយ៉ូល ដែលគាំទ្រយួន និងមេបក្សប្រឆាំង លោក ស្សាល ដឺហ្គោល ដែលមានទំនោរគាំទ្រការទាមទាររបស់កម្ពុជា។
បើតាមអ្នកនិពន្ធរូបនេះ ប្រតិភូខ្មែរនៅពេលនោះទាមទារឲ្យបារាំង ធានាបញ្ហាចំនួនបីចំណុច។ ទី១ សុំឲ្យខ្មែរក្រោមដែលរស់នៅលើទឹកដីកូសាំងស៊ីន មានសិទ្ធិរក្សាសញ្ជាតិរបស់ខ្លួនជាខ្មែរជនជាតិភាគតិច មានសិទ្ធិរក្សាភាសាខ្មែរជាភាសារបស់ខ្លួន និងរក្សាវប្បធម៌ប្រពៃណីរបស់ខ្លួនជាខ្មែរ។ ទី២ សុំឲ្យពន្យារការប្រគល់ទឹកដីកូសាំងស៊ីន ទាំងមូលសិន។ សុំធ្វើការកែប្រែព្រំដែនខ្មែរឲ្យសមស្របតាមភូមិសាស្ត្រធម្មជាតិ គឺយកព្រែកជីកវិញតេជាព្រំដែនដើម ដោយពុំមែនគូសព្រំដែនខ្មែរនៅចម្ងាយ ៣គីឡូម៉ែត្រពីព្រែកជីក ដោយមិនឲ្យខ្មែរចុះដងទឹកបានក្នុងព្រែកដែលខ្លួនបានជីកនោះទេ និងទី៣ សុំឲ្យទុកទន្លេមេគង្គជាផ្លូវទឹកអន្តរជាតិសម្រាប់ចុះទៅសមុទ្រ។
សៀវភៅដដែលបន្តថា ពេលគណៈប្រតិភូកំពុងពិភាក្សាគ្នាយ៉ាងផុសផុល ក្រោមការរង់ចាំជួយគាំទ្ររបស់ លោក ស្សាល ដឺហ្គោល ស្រាប់តែមានសារទូរលេខរបស់រ៉េស៊ីដង់ ស៊ុប៉េរីយ័រ មួយមកពីភ្នំពេញ។ ពេលនោះ រដ្ឋមន្ត្រីក្រសួងនាយសមុទ្របារាំង លោក ប៉ូល កូស្ត ផ្លូរេត៍ (Paul Coste Floret) ក៏បានសុំផ្អាកសម័យប្រជុំ ដើម្បីប្រកាសប្រាប់អំពីខ្លឹមសារក្នុងសារទូរលេខនោះ។ លោករ៉េស៊ីដង់ ស៊ុប៉េរីយ័រ បានផ្តល់ដំណឹងថា គណៈប្រតិភូខ្មែរដែលនៅក្នុងសាលនេះ ពុំមែនជាតំណាងរបស់ខ្មែរទេ ពួកគេតំណាងឲ្យតែខ្លួនឯងប៉ុណ្ណោះ ហើយថា នៅភ្នំពេញមានការព្រមព្រៀងគ្នាអស់ហើយលើខ្លឹមសារនៃកិច្ចព្រមព្រៀងខ្មែរបារាំង អំពីគម្រោងដាក់ជំនួសម៉ូឌុស វីវង់ឌី។ ពេលនោះ បានធ្វើឲ្យក្រុមបារាំង ដែលចង់ជួយគណៈប្រតិភូខ្មែរ ប្រែជាស្រឡាំងកាំងជាខ្លាំង។
ត្រង់ចំណុចនេះដែរ បើតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់សាស្ត្រាចារ្យ វង់ សុធារ៉ា និងសាស្ត្រាចារ្យ ណុប សុខា ដែលលោកទាំង២ក៏បានដកស្រង់ខ្លឹមសារពីសៀវភៅ កម្ពុជា និងសហព័ន្ធឥណ្ឌូចិន របស់ លោក ចាន់ ដារ៉ា បានលើកឡើងថា នៅពេលនោះ អគ្គទេសាភិបាលបារាំង ប្រចាំឥណ្ឌូចិន បានធ្វើទស្សនកិច្ចនៅភ្នំពេញ ហើយបានលើកបញ្ហា២ឲ្យព្រះមហាក្សត្រខ្មែរ សម្ដេចព្រះនរោត្តម សីហនុ ជ្រើសរើសយកតែមួយប៉ុណ្ណោះ នោះ គឺជម្រើសរវាងទឹកដីកម្ពុជាក្រោម និងឯករាជ្យរបស់កម្ពុជា។ បើចង់បានទឹកដីកម្ពុជាក្រោម បារាំង នឹងមិនទាន់ប្រគល់ឯករាជ្យឲ្យខ្មែរទេ។ ផ្ទុយទៅវិញ បើចង់បានឯករាជ្យនោះ ត្រូវតែបាត់បង់ទឹកដីកម្ពុជាក្រោម។ ចម្លើយរបស់ព្រះមហាក្សត្រខ្មែរនៅពេលនោះ គឺព្រះអង្គចង់បានឯករាជ្យភាពជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។