ទស្សនៈ​ពលរដ្ឋ​ចំពោះ​ក្រុម​បាតុករ​ខ្មែរ​ក្រោម​អំពាវនាវ​ឲ្យ​ឈប់​ប្រើ​ទំនិញ​វៀតណាម

0:00 / 0:00

នេះ​ជា​លើក​ទី​៤​ហើយ​ដែល​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រជាពលរដ្ឋ និង​យុវជន នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំ​ទោស និង​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម។

ដូច​ក្នុង​ពេល​បាតុកម្ម​មុនៗ​ដែរ បាតុករ​បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឈប់​ប្រើប្រាស់​ទំនិញ និង​សេវាកម្ម​វៀតណាម ប៉ុន្តែ​យុទ្ធនាការ​ពេល​នេះ គឺ​ពួក​គេ​បាន​បោះពុម្ព​ស្ទីកឃ័រ​តូចៗ ចែក​ចាយ​ឲ្យ​ពលរដ្ឋ និង​បិទ​តាម​ដើម​ឈើ ឬ​ទី​សាធារណៈ​តែ​ម្តង។

តើ​ការ​ប្រកាស​ឲ្យ​ខ្មែរ​ឈប់​ប្រើ​ទំនិញ​វៀតណាម ដើម្បី​ឲ្យ​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ខ្មែរ ជា​មធ្យោបាយ​មួយ​មាន​ប្រសិទ្ធភាព​ឬ​ទេ? តើ​ពលរដ្ឋ​ខ្មែរ​យល់​យ៉ាង​ម៉េច​ដែរ ចំពោះ​ការ​អំពាវនាវ​នេះ?

“យួន ជា​ចោរ​ឈ្លាន​ពាន យួន ជា​ចោរ​លួច​ទឹក​ដី​ខ្មែរ យួន ជា​ចោរ​សមុទ្រ យួន ជា​ពួក​ពពុះ​ទឹក ខ្មែរ​រួម​គ្នា​តែ​មួយ ខ្មែរ​លើ ខ្មែរ​កណ្ដាល ខ្មែរ​ក្រោម ជា​ខ្មែរ​តែ​មួយ យើង​ត្រូវ​ឈប់​ប្រើប្រាស់​ទំនិញ​យួន យើង​ត្រូវ​ឈប់​ប្រើប្រាស់​សេវាកម្ម​របស់​យួន” ទាំង​នេះ​សុទ្ធសឹងតែ​ជា​ពាក្យ​សម្ដី​មួយ​ចំនួន​ដែល​បាតុករ​ស្រែក​បន្លឺ​ឡើង ក្នុង​ពេល​បាតុកម្ម​ទាមទារ​រយៈពេល ៥​ថ្ងៃ​ជាប់​គ្នា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ចំពោះ​ការ​ថ្លែង​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​មន្ត្រី​ស្ថានទូត​វៀតណាម។

បាតុករ​ដែល​ខឹង​សម្បា​នឹង​រដ្ឋាភិបាល​វៀតណាម ដែល​ពួក​គេ​គិត​ថា មិន​អើពើ ឬ​ធ្វើ​មិន​ដឹង​មិន​ឮ ចំពោះ​ការ​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ​នោះ បាន​ប្រែ​ក្លាយ​ការ​អំពាវនាវ​របស់​ពួក​គេ​ពី​ការ​ស្រែក​តាម​ឧបករណ៍​បំពង​សំឡេង ឲ្យ​ពលរដ្ឋ​ខ្មែរ​ឈប់​ប្រើប្រាស់​ទំនិញ​វៀតណាម ទៅ​ជា​ការ​ស្រែក​ផង និង​បោះពុម្ព​ស្ទីកឃ័រ​ចែក​ចាយ​ឲ្យ​បាតុករ ឬ​ពលរដ្ឋ បិទ​តាម​ម៉ូតូ បិទ​លើ​អាវ លើ​មួក បិទ​លើ​ស្បែក​ជើង លើ​បាត​ជើង បិទ​តាម​ដើម​ឈើ ឬ​តាម​ទី​សាធារណៈ​ថែម​ទៀត។ លើស​ពី​នេះ ពួក​គេ​ថា ពលរដ្ឋ​ខ្មែរ​ដែល​បន្ត​ប្រើប្រាស់​ទំនិញ​វៀតណាម ក្នុង​ពេល​ដែល​រដ្ឋាភិបាល​វៀតណាម បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​នោះ មិន​ខុស​អី​ពី​មនុស្ស​ក្បត់​ជាតិ​ខ្លួន​ឯង​នោះ​ឡើយ៖ «សំឡេង»។

ការ​ប្រកាស​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឈប់​ប្រើប្រាស់​ទំនិញ​របស់​វៀតណាម នៅ​ពេល​នេះ ដោយសារ​បាតុករ​ដឹង​យ៉ាង​ច្បាស់​ថា ទំនិញ​វៀតណាម កំពុង​ចរាចរណ៍​ព្រោងព្រាត​ស្ទើរ​តែ​គ្រប់​ច្រកល្ហក​នៅ​លើ​ទីផ្សារ​កម្ពុជា មិន​ថា​នៅ​តាម​ទីក្រុង ទីប្រជុំជន ឬ​ជនបទ​ឡើយ។ ក្រៅ​ពី​ទំនិញ​ប្រើប្រាស់ ក្រុមហ៊ុន​វៀតណាម ក៏​មាន​ច្រើន​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​ផ្តល់​សេវាកម្ម​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​នោះ​ក៏​មាន​វិស័យ​ទូរគមនាគមន៍ ដែល​ជា​សេវា​មួយ​ដែល​បាតុករ​ស្នើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឈប់​ប្រើប្រាស់ ហើយ​ងាក​មក​ប្រើ​សេវា​ទូរគមនាគមន៍​របស់​ក្រុមហ៊ុន​ខ្មែរ​វិញ។

បុរស​ម្នាក់​ឈ្មោះ អន ម៉ុន ចេញ​ឈរ​មើល​ក្បួន​ដង្ហែ​របស់​បាតុករ​ខ្មែរ​ក្រោម និង​យុវជន ពេល​ក្បួន​ធ្វើ​ដំណើរ​ទៅ​ដល់​វត្តភ្នំ នៅ​ព្រឹក​ថ្ងៃ​ទី​៨ តុលា។ លោក​មាន​ប្រសាសន៍​នៅ​ពេល​នោះ​ថា លោក​គាំទ្រ​ចំពោះ​ការ​ទាមទារ​របស់​បាតុករ​ដែល​ទាមទារ​ឲ្យ​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ខ្មែរ ហើយ​ក៏​គាំទ្រ​ផង​ដែរ​ចំពោះ​ការ​អំពាវនាវ​ឲ្យ​ឈប់​ប្រើប្រាស់​ទំនិញ​វៀតណាម នៅ​ពេល​នេះ។

លោក អន ម៉ុន៖ «កាល​កន្លង​មក យើង​ទាំងអស់​គ្នា​ក៏​យើង​យល់​ដែរ មិន​មែន​តែ​ខ្ញុំ​ទេ ទូទាំង​ប្រទេស ហើយ​ដែល​គេ​យល់​ឃើញ​ថា វៀតណាម គេ​ឈ្លាន​ពាន​ខ្មែរ​យើង​តែ​រហូត​ហ្នឹង វា​មិន​ដែល​ឲ្យ​យើង​បាន​សុខ​ទេ សូម្បី​តែ​អ្វីៗ​ដែល​វា​នាំ​ចូល​មក​ខ្មែរ​យើង សុទ្ធតែ​បំផ្លាញ​សុខភាព​ខ្មែរ​យើង​ដែរ​ហ្នឹង វា​មិន​ដែល​ចង់​ឲ្យ​យើង​ល្អ វា​ចង់​ឲ្យ​តែ​យើង​វិនាស បើ​និយាយ​តាម​ការ​ជាក់ស្តែង មិន​មែន​ចេះ​ថា​មិន​ដឹង​រាល់​ថ្ងៃ ឃើញ​អ៊ីចឹង​អរ​ដែរ​ក្នុង​ចិត្ត តែ​គ្រាន់​តែ​ខ្ញុំ​មិន​អាច​ជួយ​បាន​ជ្រៅ​ជាង​ហ្នឹង គ្រាន់​តែ​ជួយ​បាន​ម៉ា​គិត បាន​ចូលរួម​ខ្លះៗ​ចឹង»

បុរស​ដែល​មាន​មុខ​របរ​ជា​ជាង​ដែក និង​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​ព្រៃវែង ដែល​ជា​ខេត្ត​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម រូប​នេះ មិន​ញញើត​នឹង​អះអាង​ថា សព្វថ្ងៃ​លោក​មិន​សូវ​ប្រើប្រាស់​ទំនិញ​របស់​វៀតណាម នោះ​ឡើយ ដែល​សូម្បី​តែ​គ្រឿង​ហូប​ចុក​ក៏ដោយ​ចុះ។ បើ​និយាយ​ពី​មុខ​របរ​ផ្សារ​ដែក​វិញ លោក​ថា លោក​មិន​ដែល​ទិញ​ធូប​ផ្សារ​ដែក​ដែល​ផលិត​ដោយ​ប្រទេស​វៀតណាម នោះ​ទេ។ លោក អន ម៉ុន ថា ពលរដ្ឋ​ខ្មែរ​មាន​ជម្រើស ប៉ុន្តែ​អ្វីៗ​វា​អាស្រ័យ​លើ​ចំណង់​ចំណូល​ចិត្ត​របស់​ពលរដ្ឋ​រៀងៗ​ខ្លួន​ដែល​ជា​អ្នក​ប្រើប្រាស់។

លោក អន ម៉ុន៖ «ជម្រើស​មាន​គ្រប់ៗ​គ្នា ប៉ុន្តែ​គ្រាន់​តែ​គេ​មិន​ធ្វើ​តាម​បុគ្គល​ម្នាក់ៗ​អ៊ីចឹង ចំណង់​ចំណូល​ចិត្ត​ខុសៗ​គ្នា បើ​ចំពោះ​ខ្ញុំ ខ្ញុំ​ក៏​គិត​ឃើញ​ដែរ​ថា​មិន​ប្រើ ខ្ញុំ​អាច​មិន​ប្រើ​បាន ទំនិញ​វៀតណាម ព្រោះ​ខ្ញុំ​អត់​ដែល​ប្រើ​អី​ខាង​វៀតណាម ហ្នឹង​ទេ។ និយាយ​ទៅ ទោះ​បី​ឥវ៉ាន់​ប្រើ​ក៏​ខ្ញុំ​ទិញ​ខាង​របស់​ចិន គឺ​ខ្ញុំ​ទិញ​មែន សឹង​ថា​គ្រប់​ប្រទេស​ហើយ​នាំ​ចូល​ខ្មែរ​យើង»

ទំហំ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម បន្ត​កើន​ឡើង​ជា​បន្តបន្ទាប់។ ក្នុង​ឆ្នាំ​២០១៤ នេះ ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ បើ​គិត​ជា​ទឹក​ប្រាក់​មាន​ប្រមាណ​ជា ៣.៥០០​លាន​ដុល្លារ​អាមេរិក។ យ៉ាង​ណា​ក៏ដោយ ក្នុង​ទំហំ​ទឹក​ប្រាក់ ៣.៥០០​លាន​ដុល្លារ​នេះ កម្ពុជា នាំ​ទំនិញ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម បាន​ប្រមាណ​តែ ៥០០​លាន​ដុល្លារ​ប៉ុណ្ណោះ ចំណែក​វៀតណាម វិញ មាន​រហូត​ដល់ ៣​ពាន់​លាន​ដុល្លារ​ឯណោះ។

ទំនិញ​ដែល​វៀតណាម នាំ​ចូល​មក​កម្ពុជា មាន​ស្ទើរ​សព្វ​បែប​យ៉ាង មិន​ថា​គ្រឿង​ឧបភោគ​បរិភោគ ឬ​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នោះ​ទេ សូម្បី​តែ​របស់​របរ​កំប៉ិកកំប៉ុក ដូចជា ឈើ​ចាក់​ធ្មេញ ចង្កឹះ​ឫស្សី ឬ​ចាន​ជ័រ។ល។ ក៏​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម ដែរ។

ពលរដ្ឋ​ម្នាក់​ឈ្មោះ ង៉ែត យ៉ាន សព្វថ្ងៃ​ប្រកប​របរ​ជា​អ្នក​លក់​នំ​បញ្ចុក​ទឹក​សម្ល​ខ្មែរ។ អ្នកស្រី​បាន​ថ្លែង​ក្នុង​ពេល​ដែល​រែក​នំ​បញ្ចុក​មក​លក់​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ពេល​ព្រះសង្ឃ ពលរដ្ឋ និង​យុវជន​ប្រមូល​ផ្តុំ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ តុលា ថា អ្នកស្រី​គាំទ្រ​បាតុកម្ម​ប្រឆាំង​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​វៀតណាម។ ចំពោះ​ការ​អំពាវនាវ​ឲ្យ​ឈប់​ប្រើប្រាស់​ទំនិញ​វៀតណាម វិញ អ្នកស្រី​ថា អ្នកស្រី​គាំទ្រ​ដែរ ប៉ុន្តែ​ថា វា​មើល​ទៅ​ហាក់​ពិបាក​នឹង​ធ្វើ​តាម​បន្តិច ព្រោះ​ថា បើ​មិន​ប្រើ​របស់​វៀតណាម ទេ មិន​ដឹង​ថា​ទៅ​ប្រើ​របស់​អ្នក​ណា​ឡើយ បើ​ខ្មែរ​មិន​បាន​ផលិត​ខ្លួន​ឯង​ផង​នោះ។

អ្នកស្រី ង៉ែត យ៉ាន៖ «តែ​ខ្ទឹម​តែ​អ៊ីចឹង ប្រើ​តែ​ខ្ទឹម​ប៊ីចេង​តែ​អ៊ីចឹង​របស់​វៀតណាម ហើយ​ក្រៅ​ពី​ហ្នឹង​ប្រើ​របស់​ខ្មែរ​យើង​ទាំងអស់។ ចង្កឹះ​របស់​វៀតណាម ដែរ ចាន​របស់​វៀតណាម ដែរ ចាន​ស្នោ ចង្កឹះ​អី​ហ្នឹង តែ​យើង​មិន​ប្រើ​ចាន​ស្នោ​ទេ គេ​អត់​ហូប​ឥឡូវ ហើយ​ដល់​ចាន​នេះ​ធម្មតា​គេ​មិន​សូវ​ហូប​ទេ ប្រើប្រាស់ ប៉ុន្តែ​របស់​ខ្មែរ​យើង​អត់​ផលិត​អា​ហ្នឹង បើ​របស់​ខ្មែរ​យើង​ផលិត​អា​ហ្នឹង ខ្ញុំ​ប្រើ​របស់​ខ្មែរ លែង​ប្រើ​របស់​យួន​ហើយ ព្រោះ​ឥឡូវ​យួន​វា​នៅ​លើ​ទឹក​ដី​យើង​ច្រើន​ពេក របស់​ណា​ថា​ជៀស​បាន​ជៀស បើ​ជៀស​មិន​បាន មិន​ដឹង​ថា​ម៉េច ចេះ​តែ​ប្រើ​សិន​ទៅ បណ្ដោះអាសន្ន​សិន»

បើ​ទោះ​ជា​ទីផ្សារ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន ហាក់​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​ជម្រើស​ច្រើន​ជាង​មុន​ក្នុង​ការ​ជ្រើស​រើស​ផលិតផល​មក​ប្រើប្រាស់​តាម​តម្រូវ​ការ ដោយសារ​ទីផ្សារ​កម្ពុជា បើក​ចំហ និង​មាន​ទំនិញ​នាំ​ចូល​ច្រើន​ពី​ប្រទេស​ផ្សេងៗ ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា ប៉ុន្តែ​បញ្ហា​ប្រាក់​ចំណូល​ទាប​របស់​ពលរដ្ឋ​ខ្មែរ គឺ​ជា​កត្តា​សំខាន់​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្មាន​ជម្រើស​ច្រើន ហើយ​ត្រូវ​បង្ខំ​ចិត្ត​ជ្រើស​រើស​ប្រើប្រាស់​ទំនិញ​វៀតណាម ដែល​ពួក​គេ​គិត​ថា​មាន​តម្លៃ​ថោក​ជាង​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ផ្សេង​ទៀត បើ​ទោះ​ជា​ពួក​គេ​មិន​ចូល​ចិត្ត​ប្រទេស​វៀតណាម ក៏ដោយ។

របាយការណ៍​សិក្សា​របស់​ធនាគារ​ពិភពលោក (World Bank) ឆ្នាំ​២០១៤ បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ៩​លាន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​សរុប​ជាង ១៥​លាន​នាក់ មិន​អាច​រក​ប្រាក់​ចំណូល​បាន ៥​ពាន់​រៀល​ឡើយ​ក្នុង​មួយ​ថ្ងៃ។

បុរស​ឈ្មោះ ជឹម រតនៈ ដែល​កំពុង​ឆា​មី​លក់​ក្បែរ​ការ​ប្រមូល​ផ្តុំ​របស់​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែរ​នោះ កត់​សម្គាល់​ថា លោក​យល់​ពី​ការ​អំពាវនាវ​របស់​ពលរដ្ឋ​ខ្មែរ​នា​ពេល​នេះ ហើយ​លោក​ក៏​គាំទ្រ ប៉ុន្តែ​លោក​ថា បើ​លោក​មិន​យក​ផលិតផល​វៀតណាម ឧទាហរណ៍​ដូចជា មី​កញ្ចប់​ជាដើម​មក​លក់​នោះ​ទេ តម្លៃ​មីឆា​របស់​លោក​នឹង​ឡើង​ថ្លៃ ហើយ​ពេល​នោះ លោក​នឹង​លក់​មិន​សូវ​ដាច់​ទៅ​វិញ៖ «យក​មី​សៀម​លក់​ថ្លៃ ដល់​ថ្លៃ​យើង​លក់​ថ្លៃ​ដែរ បង​ប្អូន​ថា​ថ្លៃ​មិន​ហ៊ាន​ហូប ដល់​អ៊ីចឹង ខ្ញុំ​លក់​អត់​ដាច់ ដឹក​ទៅ​ដឹក​មក អា​នេះ​បើ​យើង​បំបិទ​បាន​ទៅ ខ្ញុំ​ក៏​ឈប់​លក់​ដែរ ប៉ុន្តែ​ឥឡូវ​យើង​កំពុង​តែ​ត្រៀម​រៀបចំ​សព្វថ្ងៃ​នេះ ចង់​ឲ្យ​បញ្ចប់​របស់​យួន ហ្នឹង​ណា បើ​យើង​បញ្ចប់​ទៅ យក​របស់​សៀម របស់​ថៃ មក​លក់​អ៊ីចឹង​ដែរ»

លោក ជឹម រតនៈ អ្នក​លក់​មីឆា​នៅ​ក្បែរ​ការ​ប្រមូល​ផ្តុំ​របស់​បាតុករ​ខ្មែរ​ក្រោម និង​យុវជន នា​ទីលាន​ប្រជាធិបតេយ្យ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ពី​ទស្សនៈ​ឈប់​ប្រើប្រាស់​ផលិតផល​វៀតណាម កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៤។
លោក ជឹម រតនៈ អ្នក​លក់​មីឆា​នៅ​ក្បែរ​ការ​ប្រមូល​ផ្តុំ​របស់​បាតុករ​ខ្មែរ​ក្រោម និង​យុវជន នា​ទីលាន​ប្រជាធិបតេយ្យ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ពី​ទស្សនៈ​ឈប់​ប្រើប្រាស់​ផលិតផល​វៀតណាម កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៤។ (RFA/Yeang Socheametta)

នៅ​ពេល​សួរ​ថា តើ​ការ​អំពាវនាវ​របស់​បាតុករ​អាច​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ? លោក ជឹម រតនៈ គិត​ថា អាច​មាន​ប្រសិទ្ធភាព​ខ្លះ​ដែរ។ លោក​ថា វា​ប្រសើរ​ជាង​មិន​អំពាវនាវ​សោះ។ ចំណែក​ការ​ធ្វើ​បាតុកម្ម​ទៀត​សោត លោក រតនៈ ថា វា​ក៏​បាន​បង្ហាញ​ពី​កម្លាំង​សាមគ្គីភាព​របស់​ពលរដ្ឋ​ខ្មែរ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។