តួនាទី​រដ្ឋសភា​ក្នុង​ការ​ធ្វើ​ឲ្យ​សង្គម​ជាតិ​គ្មាន​អំពើ​ពុក​រលួយ​និង​គោរព​ច្បាប់

0:00 / 0:00

ក្នុង​ប្រទេស​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ រដ្ឋសភា​ដែល​ជា​អង្គ​នីតិប្បញ្ញត្តិ ឬ​ជា​ស្ថាប័ន​តាក់តែង​ច្បាប់ មាន​តួនាទី​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ជួយ​ធ្វើ​អោយ​សង្គម​ជាតិ​ស្អាតស្អំ គ្មាន​អំពើ​ពុក​រលួយ និង​លើក​ស្ទួយ​ការ​គោរព​ច្បាប់។

រដ្ឋសភា​អាច​សម្រេច​គោលដៅ​ទាំង​នេះ​បាន តាម​រយៈ​ការ​ធ្វើ​ច្បាប់​ល្អ តាម​ដាន​សកម្មភាព​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល និង​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​មក​ឆ្លើយ​បំភ្លឺ ជាដើម។ ប៉ុន្តែ បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​រយៈពេល​កន្លង​មក​នេះ ជា​ឧបសគ្គ​រារាំង​មិន​អោយ​មាន​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ពេញ​លេញ​ឡើយ។

រដ្ឋសភា ជា​ស្ថាប័ន​ជាតិ​កំពូល​មួយ​ក្នុង​ចំណោម​ស្ថាប័ន​កំពូល​ទាំង​បី។ ស្ថាប័ន​កំពូល​ពីរ​ទៀត មាន​រាជ​រដ្ឋាភិបាល និង​តុលាការ។ រដ្ឋធម្មនុញ្ញ​កម្ពុជា កំណត់​អោយ​ស្ថាប័ន​ទាំង​បី​នេះ បែង​ចែក​អំណាច​ដាច់​ពី​គ្នា និង​ប្រកាន់​យក​ប្រព័ន្ធ​នយោបាយ​សភា​និយម ដែល​រដ្ឋសភា​មាន​តួនាទី និង​អំណាច​ធំ​សម្បើម។ អំណាច​ទាំង​នោះ​រួម​មាន ត្រួត​ពិនិត្យ​សកម្មភាព​របស់​រដ្ឋាភិបាល រហូត​ដល់​អាច​ទម្លាក់​សមាជិក​គណៈរដ្ឋមន្ត្រី ឬ​ទម្លាក់​រាជ​រដ្ឋាភិបាល​ទាំង​មូល​ទៀត​ផង។

ប៉ុន្តែ រហូត​មក​ដល់​ចុង​អាណត្តិ​ទី​៤ សហគមន៍​ជាតិ និង​អន្តរជាតិ មើល​ឃើញ​ថា រដ្ឋសភា​កម្ពុជា មិន​ត្រឹម​តែ​មិន​បាន​ប្រើប្រាស់​អំណាច​របស់​ខ្លួន​អោយ​សម​តាម​គន្លង​ប្រជាធិបតេយ្យ ដែល​រដ្ឋធម្មនុញ្ញ​បាន​ប្រគល់​អំណាច​អោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ក្លាយ​ជា​ស្ថាប័ន​ចាំ​តែ​ប្រថាប់​ត្រា ឬ​សម្រួល​កិច្ចការ​ជា​ប្រយោជន៍​នយោបាយ ជូន​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ទៀត​ផង។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ដែល​បាន​ឃ្លាំ​មើល​កិច្ចការ​រដ្ឋសភា​ជា​យូរ​មក​ហើយ​នោះ និយាយ​ថា រដ្ឋសភា​កម្ពុជា មិន​បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​អត្ថន័យ​ឡើយ ក្នុង​នោះ​មាន កិច្ចការ​តាម​ដាន​ត្រួត​ពិនិត្យ​សកម្មភាព​ការងារ​របស់​រាជ​រដ្ឋាភិបាល ជាដើម។ លោក​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា ផ្តល់​អំណាច​យ៉ាង​ទូលំទូលាយ​ដល់​រដ្ឋសភា និង​អ្នក​តំណាង​រាស្ត្រ។ ប៉ុន្តែ បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ទៅ​វិញ​ទេ ដែល​ជា​ចំណែក​មួយ​នៃ​បញ្ហា​រារាំង​តំណាង​រាស្ត្រ មិន​អោយ​បំពេញ​ការងារ​ពេញ​លេញ​តាម​លំនាំ​សង្គម​ប្រជាធិបតេយ្យ​ឡើយ។ ឧទាហរណ៍ បទបញ្ជា​ផ្ទៃ​ក្នុង​បាន​ផ្តល់​អំណាច​ច្រើន​ហួស​ដល់​ប្រធាន​រដ្ឋសភា រហូត​មាន​ឆន្ទានុសិទ្ធិ​ហាម​ប្រាម​មិន​អោយ​តំណាង​រាស្ត្រ​សួរ​ដេញដោល​មន្ត្រី​រដ្ឋាភិបាល នៅ​ពេល​ពួក​គេ​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​រដ្ឋសភា អំពី​បញ្ហា​ជាតិ​ម្តងៗ៖ «សំឡេង»។

ប្រការ​៣២ នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​បច្ចុប្បន្ន ចែង​ថា ប្រធាន​រដ្ឋសភា​អាច​អនុញ្ញាត ឬ​មិន​អនុញ្ញាត​អោយ​មាន​ការ​សួរ​ដេញ​ដោល​ទេ។ ប្រសិន​បើ​មិន​អនុញ្ញាត​ទេ​នោះ ចម្លើយ​របស់​នាយក​រដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី គឺ​ជា​ការ​បិទ​បញ្ចប់​នៃ​សវនាការ​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​រដ្ឋសភា។

ទោះ​ជា​យ៉ាង​ណា ទាក់ទង​នឹង​បញ្ហា​នេះ ក្រុម​ការងារ​កំណែ​ទម្រង់​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ចប់​កិច្ច​ពិភាក្សា​គ្នា​ក្នុង​ដំណាក់​ការ​ទី​១​ហើយ ដោយ​មិន​បាន​ជជែក​គ្នា​អំពី​លទ្ធភាព​លុប​ចោល​ចំណុច​នេះ​ឡើយ។

លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​ក្រុម​ការងារ​កែ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ក្រុម​ការងារ​របស់​លោក​បាន​លើក​យក​ចំណុច​នេះ​ដាក់​អង្គ​ប្រជុំ​ដែរ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្នើ​អោយ​ទុក​រឿង​នេះ​យក​ទៅ​ជជែក​គ្នា​នៅ​ពេល​ក្រោយ៖ «សំឡេង»។

ទាក់ទង​នឹង​ដំណើរ​ការ​ធ្វើ​ច្បាប់​អោយ​សមស្រប​តាម​សង្គម​ប្រជាធិបតេយ្យ​វិញ លោក គល់ បញ្ញា អោយ​ដឹង​ថា រដ្ឋសភា​គប្បី​អនុញ្ញាត​អោយ​ប្រជាពលរដ្ឋ និង​ក្រុម​មនុស្ស​ពាក់ព័ន្ធ​ទាំង​ឡាយ ចូលរួម​ផ្តល់​មតិ​យោបល់ ដើម្បី​ជួយ​កែលំអ។ លោក​ថា ច្បាប់​ខ្លះ​មាន​ការ​ពាក់ព័ន្ធ ឬ​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ជីវភាព​រស់នៅ ឬ​មុខ​របរ​រក​ស៊ី​របស់​ពួក​គេ។ ដូច្នេះ បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា គប្បី​ត្រូវ​បញ្ចូល​ចំណុច​នេះ ដោយ​កំណត់​ថា នៅ​ពេល​ណា​រដ្ឋសភា​ទទួល​បាន​សេចក្តី​ព្រាង​ច្បាប់​ណា​មួយ​ពី​រដ្ឋាភិបាល រដ្ឋសភា​ត្រូវ​ប្រកាស​ជា​សាធារណៈ និង​ផ្តល់​ឱសានវាទ​សម្រាប់​ផ្តល់​មតិ​យោបល់​ដល់​សាធារណជន៖ «សំឡេង»។

លោក គល់ បញ្ញា ជំរុញ​អោយ​ក្រុម​ការងារ​នៃ​កំណែ​ទម្រង់​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ លុប​ចោល​នូវ​ប្រការ​ដែល​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​ដាក់​បញ្ចូល​ចំណុច​សំខាន់ៗ​មក​វិញ ដើម្បី​អោយ​សមាជិក​រដ្ឋសភា​បំពេញ​កិច្ចការ​របស់​ខ្លួន​សមស្រប​ជា​តំណាង​រាស្ត្រ​របស់​រាស្ត្រ​ពិត​ប្រាកដ មិន​មែន​តំណាង​បក្ស​នយោបាយ។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ក៏​បាន​ស្នើ​អោយ​កម្ពុជា ធ្វើ​កំណែ​ទម្រង់​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ផង​ដែរ ដើម្បី​ស្ថាប័ន​ដែល​ចាំ​តែ​ប្រថាប់​ត្រា​មួយ​នេះ ក្លាយ​ទៅ​ជា​រដ្ឋសភា​ដែល​មាន​អត្ថន័យ​ពេញ​លេញ បាន​ជា​ប្រយោជន៍​ពេញ​លេញ​ដល់​ប្រជាជាតិ​កម្ពុជា ទាំង​មូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។