តើ​នគរបាល​យុត្តិធម៌​អាច​ឃាត់​ខ្លួន​ជន​សង្ស័យ​នៅ​ក្នុង​ប៉ុស្តិ៍​រយៈពេល​យូរ​ប៉ុណ្ណា?

ដោយ ជីវិតា
2015-08-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
យុវជន​ដែល​ស្លៀកពាក់​ខោ​អាវ​អ្នក​ទោស និង​ដាក់​ច្រវាក់​ខ្លួន​ឯង ដើម្បី​សម្ដែង​មតិ​តវ៉ា​ប្រឆាំង​នឹង​ការ​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​មុខ​រដ្ឋសភា ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៥។
យុវជន​ដែល​ស្លៀកពាក់​ខោ​អាវ​អ្នក​ទោស និង​ដាក់​ច្រវាក់​ខ្លួន​ឯង ដើម្បី​សម្ដែង​មតិ​តវ៉ា​ប្រឆាំង​នឹង​ការ​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​មុខ​រដ្ឋសភា ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev

នគរបាល​យុត្តិធម៌ មាន​តួនាទី​សំខាន់​ក្នុង​ការ​រក្សា​សន្តិសុខ​សង្គម​ជូន​ប្រជារាស្ត្រ។ ដើម្បី​សម្រេច​គោល​បំណង​នេះ មុខ​ងារ​មួយ​ក្នុង​ចំណោម​មុខ​ងារ​ដទៃ​ទៀត​របស់​នគរបាល គឺ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ដែល​ល្មើស​ច្បាប់ ដើម្បី​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។

តើ​ថិរវេលា​យូរ​ប៉ុណ្ណា​ដែល​នគរបាល​អាច​ឃាត់​ខ្លួន​ជន​សង្ស័យ​នៅ​ក្នុង​ប៉ុស្តិ៍​របស់​ខ្លួន?

នគរបាល​យុត្តិធម៌ មាន​មុខ​ងារ​ស្រាវជ្រាវ​ឧក្រិដ្ឋកម្ម ប្រមូល​ភស្តុតាង ចាប់​អ្នក​ប្រព្រឹត្តិ​បទល្មើស​បញ្ជូន​ទៅ​តុលាការ ចាប់​ជនល្មើស​ក្នុង​ករណី​មាន​ការ​ប្រព្រឹត្ត​ជាក់ស្តែង និង​ចាប់​ជនល្មើស​តាម​អំណាច​ដីកា​ចាប់​ខ្លួន។ ក្នុង​ការ​អនុវត្ត​ភារកិច្ច​ទាំង​នេះ នគរបាល​យុត្តិធម៌​មាន​អំណាច​ឃាត់​ខ្លួន​ជន​សង្ស័យ ប៉ុន្តែ​អំណាច​នេះ​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់។ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​កំណត់​ថា នគរបាល​យុត្តិធម៌​មិន​អាច​ឃាត់​ខ្លួន​ជន​ណា​ម្នាក់​ឲ្យ​ហួស​ពី​រយៈពេល​ពី ២៤​ម៉ោង​ទៅ ៤៨​ម៉ោង​បាន​ទេ អាស្រ័យ​ទៅ​លើ​ប្រភេទ​នៃ​បទល្មើស ឧទាហរណ៍ បទមជ្ឈិម ឬ​បទឧក្រិដ្ឋ ហើយ​ជន​ដែល​ត្រូវ​ឃាត់​ខ្លួន​ជា​អនីតិជន ឬ​ជា​មនុស្ស​ពេញ​វ័យ។

ទោះ​ជា​យ៉ាង​ណា ផ្អែក​លើ​គោលការណ៍​មនុស្ស​ជាតិ ការ​ឃាត់​ខ្លួន​ជន​ណា​ម្នាក់​ពី​បទ​សង្ស័យ​អ្វី​មួយ មិន​មែន​ជា​ការ​ចាំបាច់​ត្រូវ​តែ​ធ្វើ​ឡើង​នោះ​ទេ។ ប៉ុន្តែ​លោក​មេធាវី សុក សំអឿន បញ្ជាក់​ថា គោល​បំណង​ច្បាប់ ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ណា​ម្នាក់ គឺ​ដើម្បី​ជៀសវាង​ការ​រត់​គេច​ខ្លួន​របស់​ជន​សង្ស័យ និង​ធានា​សុវត្ថិភាព​សង្គម ក្នុង​អំឡុង​ពេល​នគរបាល​យុត្តិធម៌​បន្ត​ស៊ើប​អង្កេត និង​កសាង​សំណុំ​រឿង​មុន​បញ្ជូន​ទៅ​តុលាការ ដើម្បី​ធ្វើ​ការ​កាត់​សេចក្តី៖ «ជា​គោលការណ៍ ត្រូវ​តែ​មាន​សេរីភាព។ ប៉ុន្តែ​ដើម្បី​ក្នុង​លក្ខខណ្ឌ​ពិសេស ដើម្បី​ការពារ​មិន​ឲ្យ​មាន​បទល្មើស ឬ​ហិង្សា​ត​ទៅ​ទៀត ការ​ឃាត់​ខ្លួន​អាច​ធ្វើ​ទៅ​បាន»

គោល​បំណង​សំខាន់​មួយ​ទៀត គឺ​ដើម្បី​ការពារ​សុវត្ថិភាព​សាក្សី៖ «ដើម្បី​ជៀស​មិន​ឲ្យ​ជនល្មើស​មាន​ឱកាស​គំរាម​កំហែង​សាក្សី ទើប​ឃាត់​ខ្លួន។ ប៉ុន្តែ​ពេល​អនុវត្ត​ជាក់ស្តែង ប៉ូលិស​ឲ្យ​តែ​ចោទ​បទល្មើស​ព្រហ្មទណ្ឌ តែង​តែ​ឃាត់​ខ្លួន»

នគរបាល​យុត្តិធម៌ អាច​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ក្នុង​ស្ថានភាព​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ និង​បទល្មើស​មជ្ឈិម​ជាក់ស្តែង និង​ក្នុង​អំឡុង​ពេល​ស៊ើប​អង្កេត​នៃ​បទល្មើស​ទាំង​ពីរ​នេះ។ លោក​មេធាវី សុក សំអឿន បញ្ជាក់​ថា នគរបាល​យុត្តិធម៌​អាច​ចាប់​ឃាត់​ខ្លួន​នៅ​ពេល​ប្រទះ​ឃើញ​បទល្មើស​ផ្ទាល់​ភ្នែក៖ «នគរបាល​អាច​ចាំ​បាន នៅ​ពេល​ឃើញ​បទល្មើស​ជាក់ស្តែង ដែល​ជន​សង្ស័យ​កំពុង​ប្រព្រឹត្ត»

ក្នុង​ករណី​ស៊ើប​អង្កេត​ដែល​មិន​មែន​ជា​បទល្មើស​ជាក់ស្តែង​នោះ ក៏​នគរបាល​យុត្តិធម៌​អាច​ចាប់​ឃាត់​ខ្លួន​បាន​ដែរ នៅ​ពេល​មាន​ភស្តុតាង​បញ្ជាក់​ថា ជន​ណា​ម្នាក់​ជាប់​សង្ស័យ​នឹង​បទល្មើស៖ «ក្នុង​ដំណាក់​ការ​ស៊ើប​អង្កេត បើ​សិន​ជា​មាន​ភស្តុតាង​ច្បាស់លាស់ នគរបាល​អាច​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ដែរ»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ថិរវេលា​អតិបរិមា​នៃ​ការ​ឃុំ​ខ្លួន​នេះ មិន​ឲ្យ​លើស​ពី ៤៨​ម៉ោង​ទេ។ ថិរវេលា​នេះ​ចាប់​គិត​ពី​ពេល​ដែល​បុគ្គល​នោះ​មក​ដល់​ប៉ុស្តិ៍​នគរបាល។ ចំពោះ​ករណី​បទឧក្រិដ្ឋ ថិរវេលា​នេះ​អាច​បន្ថែម​រយៈពេល ២៤​ម៉ោង​ទៀត ប៉ុន្តែ​ត្រូវ​មាន​ការ​យល់ព្រម​ពី​ព្រះរាជអាជ្ញា នៅ​ពេល​ណា​មាន​តម្រុយ​បង្ហាញ​ថា ជន​ដែល​ត្រូវ​ឃាត់​ខ្លួន​មាន​ពិរុទ្ធភាព ហើយ​ការ​បន្ត​ការ​ឃុំ​ខ្លួន​ពិត​ជា​ចាំបាច់ ដើម្បី​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញលេញ។

ចំពោះ​ថិរវេលា​នៃ​ការ​ឃាត់​ខ្លួន​អនីតិជន ឬ​កុមារ​វិញ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា ចែង​ថា សម្រាប់​កុមារ​ចាប់​ពី​អាយុ ១៤​ឆ្នាំ​ដល់ ១៦​ឆ្នាំ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ នគរបាល​អាច​ឃាត់​ខ្លួន​បាន ៣៦​ម៉ោង និង​សម្រាប់​បទមជ្ឈិម អាច​ឃាត់​ខ្លួន​បាន ២៤​ម៉ោង។ ចំពោះ​ថិរវេលា​នៃ​ការ​ឃាត់​ខ្លួន​អនីតិជន ឬ​កុមារ​ពី​អាយុ ១៦​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ នគរបាល​អាច​ឃាត់​ខ្លួន​បាន ៤៨​ម៉ោង និង​សម្រាប់​បទមជ្ឈិម អាច​ឃាត់​ខ្លួន​បាន ៣៦​ម៉ោង។

ថិរវេលា​កំណត់​សម្រាប់​អនីតិជន ឬ​កុមារ​នេះ មិន​អាច​ពន្យារ​បាន​ទេ ហើយ​កុមារ​អាយុ​ក្រោម ១៤​ឆ្នាំ មិន​អាច​ត្រូវ​ឃាត់​ខ្លួន​បាន​ឡើយ។

នៅ​ពេល​ឃាត់​ខ្លួន​ជន​ណា​ម្នាក់ នគរបាល​ត្រូវ​ធ្វើ​កំណត់​ហេតុ​នៃ​ការ​ឃាត់​ខ្លួន ហើយ​ព័ត៌មាន​ក្នុង​កំណត់​ហេតុ​នោះ ត្រូវ​មាន​ដូច​ត​ទៅ៖

  • ឈ្មោះ និង​ឋានៈ​របស់​មន្ត្រី​នគរបាល​យុត្តិធម៌
  • អត្តសញ្ញាណ​នៃ​បុគ្គល​ដែល​ត្រូវ​ឃាត់​ខ្លួន
  • មូលហេតុ​នៃ​ការ​ឃាត់​ខ្លួន
  • ថ្ងៃ ខែ ឆ្នាំ និង​ម៉ោង​ដែល​ផ្ដើម​ឃាត់​ខ្លួន
  • ការ​ឲ្យ​ដំណឹង​អំពី​សិទ្ធិ​ក្នុង​ការ​សន្ទនា​ជាមួយ​មេធាវី ឬ​បុគ្គល​ណា​ម្នាក់ បន្ទាប់​ពី​ស្ថិត​ក្រោម​ការ​ឃាត់​ខ្លួន​របស់​នគរបាល​រយៈពេល ២៤​ម៉ោង។

 

កំណត់​ហេតុ​នេះ ត្រូវ​ចុះ​ហត្ថលេខា ឬ​ផ្ដិត​ស្នាម​ម្រាម​ដៃ​របស់​ជន​ដែល​ត្រូវ​ឃាត់​ខ្លួន។ កំណត់​ហេតុ ត្រូវ​រក្សា​ទុក​ដើម្បី​ផ្តល់​ដល់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ និង​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​តុលាការ។ ទោះ​ជា​យ៉ាង​ណា យោង​តាម​គោលការណ៍​សិទ្ធិ​មនុស្ស មនុស្ស​គ្រប់​រូប​មាន​សេចក្តី​ថ្លៃថ្នូរ និង​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត​ពី​កំណើត ដែល​គ្មាន​នរណា​អាច​ដក​ហូត​បាន​ទេ។ ការ​ឃាត់​ខ្លួន​ជន​ណា​ម្នាក់ មិន​អាច​ចេះ​តែ​ធ្វើ​តាម​អំពើ​ចិត្ត​ដោយ​បំពាន​ច្បាប់​នោះ​ឡើយ។ បើ​មិន​ដូច្នេះ​ទេ ការ​គោរព​សិទ្ធិ​បុគ្គល សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស នឹង​ត្រូវ​ធ្លាក់​ចុះ ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច និង​អស្ថិរភាព​សង្គម។

យោង​តាម​ច្បាប់​កម្ពុជា និង​ច្បាប់​សកល​ស្ដីពី​សិទ្ធិ​មនុស្ស ដែល​កម្ពុជា ទទួល​យក​ជា​ច្បាប់​ជាតិ ការ​ឃាត់​ខ្លួន​ជន​ណា​ម្នាក់ អាច​ធ្វើ​ទៅ​បាន​លុះត្រា​តែ​ចាំបាច់​បំផុត ដោយ​អនុវត្ត​ឲ្យ​ស្រប​ទៅ​នឹង​នីតិវិធី​ជា​ធរមាន ដើម្បី​ជៀសវាង​ការ​ចាប់​ឃាត់​ខ្លួន​ច្រឡំ ឬ​ការ​ទម្លាក់​ទោស​ដោយ​ចេតនា​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល