ប្រជាពលរដ្ឋមួយចំនួនដែលមានកសិផលលក់ តែងតែលក់ជឿ ឬឲ្យអ្នកទិញជំពាក់សិន ហើយមិនមានសំបុត្រស្នាមជាលិខិតលាយលក្ខណ៍អក្សរអ្វីឡើយចំពោះការលក់ដូរកសិផលនោះ។ ប៉ុន្តែ នៅពេលទារប្រាក់ជំពាក់មិនបាន ទើបបានគិតថា តើមានមធ្យោបាយយ៉ាងណា ដើម្បីទារប្រាក់ជំពាក់នោះឲ្យបានមកគ្រប់ចំនួន?
កសិករមួយរូបនៅខេត្តបាត់ដំបង ឈ្មោះ ស៊ីណន បានរៀបរាប់រឿងក្នុងគ្រួសាររបស់គាត់ឲ្យដឹងថា គាត់បានលក់ពោតជាច្រើនតោនទៅឲ្យឈ្មួញជាអ្នកដើរប្រមូលទិញ។ ក្រោយពីទិញបានហើយ ឈ្មួញនោះមិនបានប្រគល់ប្រាក់ថ្លៃពោតឲ្យគ្រប់ចំនួនឡើយ។ ឈ្មួញទិញពោតនោះបានកក់ប្រាក់ចំនួន ១ពាន់ដុល្លារ ហើយចំនួនប្រាក់នៅសល់ប្រមាណជិត ២ពាន់ដុល្លារទៀត គាត់មិនទាន់ប្រគល់ទៅឲ្យម្ចាស់ពោតឡើយ។
កសិករឈ្មោះ ស៊ីណន បានឲ្យដឹងថា គាត់បានទៅទារប្រាក់ជាច្រើនលើកពីឈ្មួញទិញពោតនោះ ប៉ុន្តែឈ្មួញទិញពោតនោះចេះតែឆ្លើយថា ថ្ងៃនេះ ឬថ្ងៃនោះ ដោយមិនព្រមប្រគល់ប្រាក់ដែលនៅជំពាក់នោះមកឲ្យឡើយ។
លោក ស៊ីណន បានឲ្យដឹងថា ជាទម្លាប់ កសិករនៅប្រទេសកម្ពុជា មួយភាគធំ ច្រើនលក់ដូរកសិផលទៅឲ្យឈ្មួញដែលធ្លាប់ចូលមកភូមិ ដោយមិនមានក្រដាសស្នាមជាលាយលក្ខណ៍អក្សរ ថាឲ្យប្រាក់មុនប៉ុន្មាន នៅសល់ប៉ុន្មាន ហើយសន្យាសងវិញថ្ងៃណានោះឡើយ។ មួយវិញទៀត កសិករខ្លះមិនគ្រាន់តែលក់ដូរ ហើយឲ្យឈ្មួញជំពាក់ប្រាក់ដោយមិនមានក្រដាសស្នាមប៉ុណ្ណោះទេ ប៉ុន្តែជួនកាលមិនមានសាក្សីដឹងឮថាលក់ចំនួនប៉ុន្មាន ឲ្យលុយមុនប៉ុន្មាន នៅជំពាក់ប៉ុន្មានទៅទៀត ពីព្រោះការលក់ដូរបានប្រាក់ច្រើននេះ បើគេដឹងឮច្រើនពេក អាចមានគ្រោះថ្នាក់ត្រូវចោរមកប្លន់យកប្រាក់ទៀតផង។
លោក ស៊ីណន បានឲ្យដឹងថា គ្រួសារគាត់ក៏ដូចកសិករភាគច្រើនដែរ គឺលក់ពោតនោះឲ្យឈ្មួញជំពាក់ប្រាក់មួយចំនួន ហើយថែមទាំងមិនមានសាក្សីដឹងឮទៀតផង។ គាត់បានសាកសួរថា តើគាត់ត្រូវធ្វើដូចម្តេច ដើម្បីឲ្យឈ្មួញនោះសងប្រាក់មកឲ្យបានមកគ្រប់ចំនួន? ក្នុងករណីដែលឈ្មួញទិញពោតនោះមិនសង តើគាត់អាចប្ដឹងបានឬទេ?
ឆ្លើយតបចំពោះចម្ងល់កសិករ ស៊ីណន នេះ លោកមេធាវី ហុង គឹមសួន ដែលមានមុខងារជាប្រធានក្រុមមេធាវីនៅក្នុងអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានពន្យល់ឲ្យដឹងថា ការទារបំណុលរបៀបនេះ ជាដំបូងគេត្រូវទារតាមមធ្យោបាយត្រជាក់ ដើម្បីឲ្យឈ្មួញសងប្រាក់មកវិញ ពីព្រោះឈ្មួញនោះ គឺមានទំនាក់ទំនងចេញចូលស្រុកភូមិជាច្រើនលើកមកហើយ។
ក្នុងករណីមិនអាចទារប្រាក់តាមរបៀបត្រជាក់បានទេ លោកមេធាវី ហុង គឹមសួន បានពន្យល់ថា មានតែការប្ដឹងទៅតុលាការនៅតំបន់កើតហេតុប៉ុណ្ណោះ។ ប៉ុន្តែមុនពេលប្ដឹង កសិករជាម្ចាស់កសិផលត្រូវតែរកលិខិតជំពាក់ ឬសាក្សីដែលបានដឹងឮការលក់ដូរជំពាក់នោះ ដើម្បីឡើងទៅឆ្លើយបំភ្លឺចៅក្រមអំពីការជំពាក់ប្រាក់នោះ ដើម្បីឲ្យចៅក្រមកាត់សេចក្តីឲ្យឈ្នះ ដើម្បីបានទទួលប្រាក់ដែលឈ្មួញជំពាក់។
ប៉ុន្តែ បើសិនជាមិនមានលិខិតជំពាក់ និងសាក្សីដើម្បីសម្អាងចោទប្រកាន់ទេ លោកមេធាវី ហុង គឹមសួន បានពន្យល់ថា រឿងក្តីបែបនេះប្រហែលជាមិនបានទទួលជោគជ័យឡើយ។ ប៉ុន្តែក្នុងករណីដែលមានលិខិតជំពាក់ មានសាក្សី ហើយចៅក្រមរកទៅឃើញថា ឈ្មួញទិញពោតនោះមានគំនិតបោកប្រាស់មិនសងបំណុលមែននោះ លោក ហុង គឹមសួន បានឲ្យដឹងថា ឈ្មួញទិញពោតនោះមុខជាមានទោសជាមិនខាន។
ការឆបោក និងការរំលោភលើទំនុកចិត្ត គឺជាបទល្មើសព្រហ្មទណ្ឌដែលត្រូវផ្ដន្ទាទោសតាមក្រមព្រហ្មទណ្ឌឆ្នាំ២០០៩។
មាត្រា៣៧៧ នៃក្រមព្រហ្មទណ្ឌ ចែងអំពីនិយមន័យនៃការឆបោកថា អំពើឆបោក គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុគ្គលនេះដែលនាំឲ្យខូចប្រយោជន៍របស់បុគ្គលនេះ ឬរបស់តតិយជននូវ ទី១ ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។ ទី២ ការផ្គត់ផ្គង់សេវា។ ទី៣ ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពីកាតព្វកិច្ច។
មាត្រា៣៧៨ បានចែងថា អំពើឆបោកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៦លានរៀល។
ចំពោះការរំលោភលើទំនុកចិត្តវិញ មាត្រា៣៩១ បានចែងនិយមន័យថា គឺជាអំពើបំបាត់មូលនិធិ ឬទ្រព្យសម្បត្តិអ្វីមួយ នាំឲ្យខូចប្រយោជន៍អ្នកដទៃ ប្រព្រឹត្តដោយបុគ្គលណាម្នាក់ដែលគេបានប្រគល់ឲ្យបុគ្គលនោះ បានយល់ព្រមដោយមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះទៅធ្វើការប្រើប្រាស់ជាកំណត់។ ចំណែកទោសវិញ មាត្រា៣៩២ ចែងថា អំពើរំលោភលើទំនុកចិត្ត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៦លានរៀល។
បើលោកអ្នកមានចម្ងល់ផ្សេងៗទាក់ទងច្បាប់ លោកអ្នកអាចទូរស័ព្ទមកសាកសួរតាមលេខ ០១៦ ២៦១ ២៧៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
